ព័ត៌មានជាតិ

គណៈមេធាវី​ចោទ​មន្ត្រី​សិទ្ធិមនុស្ស​ល្បីឈ្មោះ​មួយរូប​ថា​រំលោភ​វិជ្ជាជីវៈ​មេធាវី​​


គណៈមេធាវី​លើកឡើងថា ករណី​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ល្បី​ឈ្មោះ​មួយ​រូប​ ស្នើ​ឲ្យ​មេធាវី​ប្រគល់​សំណុំរឿង​ទាំងអស់​មក​ខ្លួន ដើម្បី​ពិនិត្យ​រក​កំហុស​ក្នុង​នីតិវីធី​នៃ​សំណុំរឿង គឺ​រំលោភ​លើ​វិជ្ជាជីវៈ​មេធាវី​។​

លិខិត​របស់​ប្រធាន​គណៈមេធាវី​កម្ពុជា ដែល​ VOD​ ទទួលបាន​នៅ​ថ្ងៃទី​២៩ ខែកក្កដា​នេះ មាន​ខ្លឹមសារ​ថា ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា បាន​បង្គាប់​ឲ្យ​មេធាវី​ដែល​ធ្វើការ​នៅ​សមាគម​អាដហុក​ ប្រគល់​សំណុំរឿង​ទាំងអស់​ឲ្យ​លោក ដើម្បី​ធ្វើ​ការត្រួតពិនិត្យ​រក​កំហុស​នីតិវិធី​ក្នុង​សំណុំរឿង​។ គណៈមេធាវី​កម្ពុជា​បាន​ចោទ​ថា ការស្នើ​នេះ​មាន​លក្ខណៈ​បង្គាប់បញ្ជា​ គឺជា​ការរំលោភ​បំពាន​លើ​ឯករាជ្យ​នៃ​វិជ្ជាជីវៈ​មេធាវី និង​ការបង្ខំ​ឲ្យ​មេធាវី​បំពារបំពាន​លើ​ការសម្ងាត់​នៃ​វិជ្ជាជីវៈ​របស់​ ខ្លួន​។​

គណៈមេធាវី​បាន​លើកយក មាត្រា​៥៨ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី និង​មាត្រា​១៩ នៃ​ក្រម​សីលធម៌​មេធាវី ដែល​ចែង​ថា “ ​មេធាវី​ត្រូវ​រក្សា​ការសម្ងាត់​ជាដាច់ខាត ហើយ​មេធាវី​ពុំ​អាច​បំពារបំពាន​លើ​ការសម្ងាត់​នៃ​វិជ្ជាជីវៈ​បានឡើយ ហើយក៏​មិន​អាច​ត្រូវបាន​បង្ខំ​ឲ្យ​បំពារបំពាន​លើ​ការសម្ងាត់​របស់ខ្លួន ទោះបី​នៅ​មុខ​តុលាការ​ក៏​ដោយ​”​ ។​

ឆ្លើយតប​នឹង​ករណី​នេះ ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​លោក នី ចរិយា បដិសេធថា សមាគម​អាដហុក​មិន​បាន​រំលោភ​វិជ្ជាជីវៈ​មេធាវី​នោះទេ ដោយ​លោក​លើកឡើង​ថា ស្ថាប័ន​នេះ​គ្រាន់តែ​ស្នើ​ទៅ​មេធាវី​៦​រូប​ដែលបម្រើការ​ឲ្យ​អាដហុក ត្រូវ​ផ្តល់​របាយការណ៍ និង​ឯកសារ​នៃ​សំណុំរឿង​មួយចំនួនដូចជា ការរំលោភ​សិទ្ធិមនុស្ស ដីធ្លី ជាដើម​។​ លោក​បន្តថា មេធាវី​ទាំងនោះ​បាន​ការពារ​ក្តី​ឲ្យ​ជនរងគ្រោះ ហើយ​សមាគម​ចង់​តាមដាន​ពី​ដំណើរការឡើង​សវនាការ និង​ផ្តល់​ថវិកា​សម្រាប់​ការពារ​ក្តី​ឲ្យ​ជនរងគ្រោះ​។​ លោក​បញ្ជាក់​ថា៖ "នេះ ​ជា​ឯកសារ​របស់​អាដហុក អ៊ីចឹង​ត្រូវ​មក​តម្កល់​ទុក​ក្នុង​សមាគម​អាដហុក​ ព្រោះសមាគមអាដហុក​ជាអ្នក​ទទួល​ខុសត្រូវ​ ទៅលើ​ការ​បាត់​បង់​ឯកសារ​របស់​ជន​រងគ្រោះទាំងអស់ហ្នឹង ក៏ប៉ុន្តែ​សមាគម​អាដហុក​មិនមែន​មាន​តួនាទីទៅឆែក​សំណុំ​រឿង​ ដែល​មេធាវីបាន​ការពារក្តីទេ ព្រោះយើង​មើល​តែ​របាយ​ការណ៍​សកម្មភាពមេធាវី ថាតើ​បាន​ទៅ​ការពារ​ក្តី​ប៉ុន្មាន​ថ្ងៃ​ ចំណាយ​ប៉ុន្មាន​ ដើម្បី​យើងសង​ទូទាត់​លុយ​ឲ្យ​គេ​វិញ អាហ្នឹងរឿង​ធម្មតា។ ហើយ​រឿង​ទាក់​ទង​សំណុំ​រឿង​ដែល​ Copy(ចំលង​)នៅក្នុងតុលាការ អាហ្នឹង​យើង​មិនដែរ​ទៅ​លូក​លាន់ទេ​​"

លោក នី ចរិយា បញ្ជាក់ថា លោក​សោកស្តាយ​ចំពោះ​គណៈមេធាវី​ដែល​ធ្វើ​ការផ្សព្វផ្សាយ​ព័ត៌មាននេះ ​ដោយ​មិន​បាន​សួរ​យោបល់​ឲ្យបាន​ច្បាស់លាស់​ពី​សមាគម​អាដហុក​។ យ៉ាងណាក៏ដោយ លោក​ថា នៅថ្ងៃនេះសមាគម​អា​ហុក​នេះ ធ្វើលិខិត​មួយ​ផ្ញើ​ទៅ​គណៈមេធាវី ដើម្បី​បកស្រាយ​លើ​បញ្ហា​នេះ​។​

VOD មិនអាច​សុំ​ការបំភ្លឺ​បន្ថែម​ពី​ប្រធាន​គណៈមេធាវីនៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ប៊ុន ហុន បាន​ទេ​នៅ​ថ្ងៃនេះ ដោយ​ទូរស័ព្ទ​ចូល​ច្រើនដង​មិន​មាន​អ្នកទទួល​។​

មាត្រា​៨៣ និង​១២១ នៃ​ក្រម​នី​វិធី​ព្រហ្មទណ្ឌ មាន​ខ្លឹមសារ​ថា ជា​កាតព្វកិច្ច​ចំពោះ​បុគ្គល​ទាំងឡាយ​ដែល​ចូលរួម​ក្នុង​ការស៊ើបអង្កេត និង​ការ​ស៊ើបសួរ ហើយ​ក្នុងនោះ​មាន​មេធាវី​ដែរ ត្រូវ​រក្សា​ការសម្ងាត់​នៃ​វិជ្ជាជីវៈ ប៉ុន្តែ​រាល់​ការ​បំពារបំពាន​លើ​ការសម្ងាត់​នៃ​វិជ្ជាជីវៈ​ខាង​លើ ​នឹង​ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា​៣១៤​នៃ​ក្រម​ព្រហ្មទណ្ឌ ដាក់​ពន្ធនាគារ​ពី​១​ខែ​ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១០​ម៉ឺន​រៀល ទៅ​២​លាន​រៀល​៕



ប្រភព៖ VOD
សូមសរសេរមកលោក ណាត សុភាព​ តាមរយៈ sopheap@vodhotnews.com

0 comments:

Post a Comment

Powered by Blogger.