![]() |
លោក John Kerry រដ្ឋមន្ត្រីការបរទេសអាមេរិក (រូបថត៖ conservativepapers.com) |
ការរិយាល័យអ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិកប្រកាសថា លោករដ្ឋមន្ត្រីការបរទេស John Kerry នឹងមកធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមនៅខែក្រោយនេះ ដើម្បីចូលរួមអបអរសាទរនៃការរំឭកខួប២០ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ការរិយាល័យអ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក John Kerry នឹងធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម ពីថ្ងៃទី ៦ ដល់ថ្ងៃទី៨ ខែសីហា បន្ទាប់ពីមកចូលរួមវេទិកាតំបន់នៃសន្និសីទ ថ្នាក់រដ្ឋមន្ត្រីបរទេសអាមេរិក-អាស៊ីខាងកើត និងអាមេរិក-អាស៊ីអាគ្នេយ៌ នៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី៤ដល់ទី៦ ខែសីហា។
សេចក្ដីប្រកាសព័ត៌មានបន្តថា នៅទីក្រុងហាណូយ លោក John Kerry នឹងជួបពិភាក្សាជាមួយសមភាគីវៀតណាម លោក Pham Binh Minh ដែលផ្ដោតលើបញ្ហា ទ្វេភាគីនិងតំបន់ ហើយក្នុងឱកាសនោះ លោកនឹងចូលរួមព្រឹត្តិការណ៍រំឭកខួប២០ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ។
តែអ្នកសង្កេតការណ៍មើលឃើញថា លោក John Kerry ដែលមកកាន់ក្រុងហាណូយនៅដើមខែសីហាខាងមុខនេះ គឺធ្វើឡើងបន្ទាប់ពីអគ្គលេខាធិការនៃគណបក្ស កុម្មុយនីស្តវៀតណាម បានទៅជួបលោកប្រធានាធិបតី អូបាម៉ា នៅសេតវិមាន កាលពីថ្ងៃទី១០ ខែកក្ដដា។ ក្នុងជំនួបនោះ មេដឹកនាំទាំងពីរបានដោះដូរទស្សនៈជាមួយគ្នា ជុំវិញការពង្រឹងចំណងទាក់ទងការទូតទ្វេភាគី ការបង្កើនទំហំវិនិយោគទុន និងបញ្ហាជម្លោះសមុទ្រចិនភាគខាងត្បូង។
ប្រទេសទាំងពីរធ្លាប់ធ្វើសង្គ្រាមប្រយុទ្ធគ្នា កាលពីសម័យសង្គ្រាមត្រជាក់ ទសវត្ស ១៩៥០ ១៩៦០ និង ១៩៧០ ហើយបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា ឡើងវិញនៅឆ្នាំ១៩៩៥ ខណៈប្រទេសវៀតណាមទម្លាក់របបទីផ្សារកុម្មុយនីស្ត ហើយចាប់យកទីផ្សារសេរីឡើងវិញ និងសន្យាគោរពសិទ្ធិមនុស្ស៕
0 comments:
Post a Comment