អាជ្ញាធរខេត្តស្វាយរៀងអនុញ្ញាតឲ្យទៅពិនិត្យបង្គោលព្រំដែន តែដាក់កំហិតមួយចំនួន
អាជ្ញាធរខេត្តស្វាយរៀង នៅថ្ងៃពុធនេះ បានសម្រេចឲ្យប្រជាពលរដ្ឋតែ១០០នាក់ប៉ុណ្ណោះក្នុងចំណោម២០០០នាក់ ចូលទៅដល់បង្គោលព្រំដែនលេខ២០២ និង២០៣ ក្នុងខេត្តស្វាយរៀង ប៉ុន្តែបានដាក់កំហិតមួយចំនួន ដើម្បីបញ្ចៀសហិង្សាដែលអាចកើតឡើង។
បើតាមការគ្រោងទុក លោក រៀល ខេមរិន្ទ្រ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនឹងដឹកនាំប្រជាពលរដ្ឋប្រមាណ២០០០នាក់ ទៅពិនិត្យមើលបង្គោលព្រំដែនលេខ២០២ និង២០៣ ក្នុងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែកក្កដា ខាងមុខនេះ។
នៅព្រឹកថ្ងៃពុធនេះ លោក សុភ័ណ្ឌ ឡារី ដែលជាតំណាងឲ្យអ្នកតំណាងរាស្រ្តលោករៀល ខេមរិន្រ្ទ បានជួបប្រជុំជាមួយអភិបាលរងខេត្តស្វាយរៀង លោក ហ៊ូ វតនៈ។ កំណត់ហេតុនៃកិច្ចប្រជុំឲ្យដឹងថាអាជ្ញាធរខេត្តបានសម្រេចឲ្យ ប្រជាពលរដ្ឋតែ១០០នាក់ប៉ុណ្ណោះចូលទៅដល់បង្គោលព្រំដែន និងសល់ប៉ុន្មានត្រូវឈប់នៅត្រង់ចំណុចសមត្ថកិច្ចបានគូសទីតាំងឲ្យឈរជើង ដែលមានចម្ងាយពីបង្គោលព្រំដែនប្រមាណ៥០០ម៉ែត្រ។ កំណត់ហេតុបន្តថាភាគីក្រុមការងារចង់បានចំនួនប្រជាពលរដ្ឋចំនួន៥០០នាក់ទៅ ពិនិត្យផ្ទាល់នៅចំណុចបង្គោលព្រំដែន ហើយចំណុចនេះនៅមិនទាន់ឯកភាពគ្នានៅឡើយ។
បើតាមកំណត់ហេតុ អាជ្ញាធរហាមមិនឲ្យទៅពិនិត្យមើលកន្លែងផ្សេងទៀតឡើយ នៅពេលទៅមើលបង្គោលព្រំដែន ហាមដាច់ខាតឡើងឈរលើបង្គោលព្រំដែន និងធ្វើឲ្យប៉ះពាល់ខូចខាតបង្គោលព្រំដែន ផលដំណាំកសិកម្ម ទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិផ្សេងៗរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។ កំណត់ហេតុបន្តថាប្រជាពលរដ្ឋមិនត្រូវយកទៅជាមួយអាវុធ ដំបង និងឧបករណ៍ផ្សេងៗទៀតដែលអាចបង្កគ្រោះថ្នាក់ មិនត្រូវប្រើពាក្យសម្តីអសុរោះ ស្រែកឡូឡា ជេរប្រមាថា មើលងាយមើលថោក រើសអើងជាតិសាសន៍។ កំណត់ហេតុបន្ថែមថាក្រុមការងារត្រូវស្តាប់ការណែនាំរបស់សមត្ថកិច្ច ឈរជើងនៅព្រំដែន ជាពិសេសមិនត្រូវឆ្លងចូលដីវៀតណាមជាដាច់ខាត។
លិខិតបញ្ជាក់ថា«បើគ្មានការអនុញ្ញាតពីសមត្ថកិច្ច ការពារព្រំដែនទាំងពីរ(កម្ពុជា និងវៀតណាម) ក្នុងករណីនៅតែមានះឆ្លងចូលទៅខាងទឹកដីវៀតណាម មានបញ្ហាអ្វីកើតឡើងត្រូវទទួលខុសត្រូវដោយខ្លួនឯង អាជ្ញាធរ និងសមត្ថកិច្ចពុំទទួលខុសត្រូវឡើយ»។
កំណត់ហេតុបញ្ជាក់បន្ថែមថាការហាមឃាត់នេះដោយសារអាជ្ញាធរចង់ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបង្កលក្ខណៈងាយស្រួលដល់ដំណើរការពិនិត្យបង្គោលព្រំដែន ប្រព្រឹត្តទៅដោយរលូននិង បញ្ចៀសនូវអំពើហិង្សា។
លោក សុភ័ណ្ឌ ឡារី ដែលចូលរួមកិច្ចប្រជុំមានប្រសាសន៍ថា«ថ្ងៃ១៩ ហ្នឹងគឺយើងនៅត្រូវតែទៅ យើងទៅមើលបង្គោលព្រំដេន យើហមិនមែនទៅដីយូនទេ យើងនៅដីយើងដដែល។ ប៉ុនពេលហ្នឹងមានបញ្ហាអីយើងទង់ដឹងទេ ព្រោះយើងបានជូនដំណឹងដល់អាជ្ញាធរដែនដីហើយ ហើយជួយការពារសិទ្ធិសេរីភាពរបស់យើង ព្រោះយើងជាប្រជាពលរដ្ឋ អញ្ចឹងគាត់ជាអ្នកមានសមត្ថកិច្ច គាត់ត្រូវតែការពារ»។
កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២១០៥ តំណាងរាស្ត្របក្សសង្គ្រោះជាតិបានដឹកនាំប្រជាពលរដ្ឋ ចុះពិនិត្យព្រំដែនក្នុងខេត្តស្វាយរៀង ប៉ុន្តែការចុះត្រួតពិនិត្យនេះបណ្តាលឲ្យមានហិង្សា ហើយប្រជាពលរដ្ឋទាំងសងខាងរងរបួស។ សាលាខេត្តស្វាយរៀងបានប្រកាសមិនទទួលខុសត្រូវតាមផ្លូវច្បាប់លើការ ប៉ះទង្គិចនេះ ដោយអះអាងថាក្រុមប្រជាពលរដ្ឋចុះពិនិត្យព្រំដែនមិនបានជូនដំណឹង អាជ្ញាធរខេត្តជាមុន។
រដ្ឋាភិបាលកម្ពុជា និងវៀតណាមបានឯកភាពក្នុងការបង្កើតក្រុមការងារចម្រុះមួយ ដើម្បីពិនិត្យមើលហិង្សាដែលបានកើតឡើងនៅតាមព្រំដែនក្នុងខេត្ត ស្វាយរៀង៕
ប្រភព៖ VOD
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com និងលោក ឆុង ស៊ីណាន តាមរយៈchhong.sinan@yahoo.com
0 comments:
Post a Comment