ព័ត៌មានជាតិ

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថា ពលរដ្ឋ​ខ្មែរ​អាច​ចូល​ធ្វើ​ចម្ការ​វិញ​នៅ​តំបន់​ជម្លោះ​ព្រំដែន​​


​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពុធ​ថ្ងៃនេះ ចុះ​ជួប​ពលរដ្ឋ និង​អាជ្ញាធរ​នៅ​ខេត្ត​ស្វាយរៀង ដើម្បី​ផ្សព្វផ្សាយ​លិខិត​របស់​លោក វ៉ា គឹមហុង ដែល​មាន​ខ្លឹ​សារថា ពលរដ្ឋ​នៅ​តែ​មាន​សិទ្ធិ​ធ្វើ​ស្រែចម្ការ​នៅតាម​ព្រំដែន បន្ទាប់​ពី​វៀតណាម​រារាំង​ពលរដ្ឋ​ខ្មែរ​មិនឲ្យ​ចូល​តំបន់​នោះ​។​

​ការចុះ​ជួប​នេះ បន្ទាប់​ពី​តំណាងរាស្ត្រ​គណបក្សប្រឆាំង​លោក អ៊ូ ច័ន្ទ​ឫទ្ធិ បានទទួល​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា វៀតណាម​បោះតម្រុយ​បង្គោល​ព្រំដែន​ចូល​ទឹកដី​កម្ពុជា ធ្វើឲ្យ​ប៉ះពាល់​ដីចម្ការ​ប្រជាពលរដ្ឋ​ចំនួន​៣០​ហិកតា ស្ថិតនៅ​ភូមិ​ធ្នង់ ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង ដោយ​មាន​ផ្នូរ​ដូនតា​បាន​បន្សល់ទុក​តាំងពី​ឆ្នាំ​១៩៥៩​។

លោក អ៊ូ ច័ន្ទ​ឫទ្ធិ ប្រាប់ VOD ថា ក្រោយពី​ទទួល​ពាក្យបណ្តឹង​នេះ លោក​បាន​ស្នើ​ទៅ​ប្រធានសភា​ឲ្យ​ពិនិត្យ និង​សើរើ​ការ​បោះតម្រុយ​ព្រំដែន​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៤៧-១៤៨ ដែល​ពលរដ្ឋ អះអាងថា វៀតណាម​រំលោភ​យក​ដី​ខ្មែរ​។ តែ​លោក​ថា ក្នុង​លិខិត​ដែល​លោក​បាន​ដាក់​ទៅ​សភា​នោះ ត្រូវបាន​លោក វ៉ា គឹមហុង ប្រាប់​ប្រធានរដ្ឋសភា​ថា ជា​រឿង​មិន​ពិត ហើយ​បញ្ជាក់ថា​ដី​ប្រមាណ​៣០​ហិកតា​នោះ មិន​បាន​បាត់បង់​ទៅ​វៀតណាម​នោះទេ​។ លោក​ថា​៖ «​ក្នុង​លិខិត​លោក វ៉ា គឹមហុង បាន​អះអាង​ថា ការលើកឡើង​របស់​ពួក​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង គឺជា​រឿង​មិន​ពិត ហើយ​បាន​បញ្ជាក់ថា ដី ប្រមាណ​ជា​៣០​ហិកតា នៅក្នុង​ភូមិ​ធ្នង់ ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង មិនមាន​ការប៉ះពាល់ មិន​មាន​ការរារាំង​ពី​អាជ្ញាធរ​វៀតណាម​ទេ មានន័យថា​ប្រជាពលរដ្ឋ​អាច​បង្កបង្កើនផល អាច​កាន់កាប់​បន្តទៀត​ខុសពី​ការលើកឡើង​របស់​ប្រជាពលរដ្ឋ ដែល​ខ្ញុំ​បាន​ជួប ហើយ​ខ្ញុំ​ក៏​បាន​ចុះ​ទៅ​ក៏​មាន​ការរារាំង​ផងដែរ​។ អ៊ីចឹង​ថ្ងៃនេះ ខ្ញុំ​មក​ដើម្បី​យក​លិខិត​របស់​លោក វ៉ា គឹមហុង ដើម្បី​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ឲ្យបាន​ ជ្រាប​»​។​

​លោក អ៊ូ ច័ន្ទ​ឫទ្ធិ ឲ្យដឹង​ដែរថា បន្ទាប់ពី​ទទួលបាន​លិខិត​របស់​លោក វ៉ា គឹមហុង លោក​ក៏​បាន​យក​លិខិត​នោះ​ទៅ​ផ្សព្វផ្សាយ​ជូន​ពលរដ្ឋ​រស់នៅ​តំបន់​នោះ ឲ្យ​ពួកគាត់​ចូល​ធ្វើ​ដំណាំ​ឡើងវិញ ហើយ​ប្រាប់​អាជ្ញាធរ​ឲ្យជួយ​ការពារ​ពលរដ្ឋ​ខ្មែរ​នៅ​ពេល​វៀតណាម​មក​រារាំង​ ។

ពលរដ្ឋ​ម្នាក់​រស់នៅ​តំបន់​នោះ​មាន​ដី​ទំហំ​២​ហិកតា លោក ញ៉ិន ឡ​ន អាយុ​៥៧​ឆ្នាំ ថ្លែងថា​គាត់​បាន​ធ្វើស្រែ​ចំការ​នោះ​តំបន់​ដែល​មាន​ជម្លោះ​នោះ​តាំងពី​ យូរណាស់​មកហើយ ទើបតែ​ពេល​ថ្មីៗ​នេះ​វៀតណាម​បាន​បោះតម្រុយ​បង្គោល​ព្រំដែន​ចូល​ក្នុង​ទឹក​ ខ្មែរ ធ្វើឲ្យ​ប៉ះពាល់​ស្រែចំ​ការពួកគាត់​។ លោក​បន្តថា កន្លង​ទៅ​ពលរដ្ឋ​បាន​ចេញ​តវ៉ា​ដែរ​នៅ​ពេល​វៀតណាម​ចូល​បោះតម្រុយ​នោះ តែ​វៀតណាម​មិន​ស្តាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឡើយ​។ លោក​ថា​៖ «​កាល​មុន​នោះ ​អត់​ឲ្យដាំ​មែន ដេញ​ខ្ញុំ​តាំងពី​១៩៨៥ ដោយសារ​វៀតណាម​ទុក​ដី​នោះ​ជា​តំបន់ស ដោយ​រាជរដ្ឋាភិបាល​មិន​ដោះស្រាយ បាន​ខ្ញុំ​មិន​រស់​នៅលើ​ដី​ហ្នឹង ដល់​អត់​នៅ​យូរៗ​ទៅ បោះបង្គោល​តម្រុយ បោះ​មក​លើ​ទឹកដី​ខ្មែរ ខ្ញុំ​ថា​បោះ​អ៊ីចឹង​អត់​ត្រឹមត្រូវ​ទេ​បង អត់​យុត្តិធម៌​»​។​

​អធិការ​នគ​បាល​ស្រុក​រំដួល លោក ឆោម សំអាត សុំ​មិន​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ ដោយ​ស្នើឲ្យ​ទៅ​សម្ភាសន៍​សមត្ថកិច្ច​ខាង​ព្រំដែន​។ VOD មិនទាន់​សុំ​ការ​អត្ថាធិប្បាយ​ពី​សមត្ថកិច្ច​ព្រំដែន​ខេត្តស្វាយរៀង​បាន​ នៅឡើយ​ទេ​។​

លិខិត​ជំនួយ​ស្មារតី​របស់​ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ជម្រាប​ជូន​ទៅ​លោក ហេង សំរិន ប្រធានរដ្ឋសភា​កន្លង​ទៅ មាន​ខ្លឹមសារ​ថា អ្វី​ដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លើកឡើង​ថា​បង្គោល​លេខ​១៤៧-១៤៨ ដែល​ថា​វៀតណាម​បោះ​ចូល​ទឹកដី​កម្ពុជា មិន​ពិត​ទេ​។ លោក វ៉ា គឹមហុង អះអាងថា បើ​យោង​តាម​ផែនទី Bonne ខ្នាត​១/១០០០០០ ប្រជា​ពលរដ្ឋ​ខ្មែរ​នៅតែ​អាច​បង្កបង្កើនផល​លើដី​៣០​ហិកតា​បាន​ដូច​មុន ដោយ​យោង​លើ​អនុស្សារណៈ​យោគយល់​គ្នា កាលពី​ថ្ងៃ​២៣ ខែ​មេសា ឆ្នាំ​២០១១ ស្តីពី​ការកែសម្រួល​ខ្សែ​ព្រំដែន​គោក​នៅ​តំបន់​នោះ ដែល​បាន​រក្សា​ដី​ចម្ការ​ស្វាយចន្ទី​ទាំងមូល និង​ផ្នូរ​ដូនតា​របស់​ខ្មែរ​ឲ្យនៅ​ដដែល៕

​សូម​សរសេរ​មក​លោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com

0 comments:

Post a Comment

Powered by Blogger.