ព័ត៌មានជាតិ

តំណាងរាស្រ្តបក្សប្រឆាំង​ថាមិន​បាន​ដើរជាន់ផែនទី តែ​មន្រ្តីរដ្ឋាភិបាលថា​មានចេតនាដើរជាន់

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន បាន​បដិសេធថា​លោក​មិន​បាន​ដើរជាន់​ផែន​ទីនៅទីស្តីការគណៈរដ្ឋមន្រ្តី ដូច​ការ​ចោទប្រកាន់ និង​ការ​ចុះផ្សាយ​នៅលើ​សារព័ត៌មានក្នុងស្រុកនោះទេ។

លោក អ៊ុំ សំអាន នៅ​ថ្ងៃ​​សុក្រនេះ​ បានផ្ញើលិខិត​ពីរច្បាប់ទៅ​កាសែត​រស្មីកម្ពុជា និ​ង​វេបសាយCEN ដោយ​​ស្នើ​ឲ្យ​និពន្ធនាយក​សារព័ត៌មានទាំងពីរ​​កែតម្រូវ​អត្ថបទ​ដែល​ថា​តំណាងរាស្រ្តគណបក្ស​ប្រឆាំង​យក​ជើង​ជាន់​ផែនទី។

លោក អ៊ុំ សំអាន ​បញ្ជាក់ក្នុង​លិខិត​នោះ​​ថា«ខ្ញុំ​មិន​បាន​យក​ជើង​ជាន់ផែន​ទី​ដែល​ដាក់​បង្ហាញ​នៅទីស្តីការ​គណៈរដ្ឋមន្រ្តី​កាលពីម្សិលមិញ​ ដូច​ការ​ចុះ​ផ្សាយ​របស់សារព័ត៌មាន​រស្មីកម្ពុជា​នោះទេ»។ លោក​បន្ត​ថា​លោក​បាន​ចូល​រួម​សង្កេត​មើ​ល​ការ​បង្ហាញ​ផែន​ទី​របស់​ប្រធានគណៈកម្មាធិការកិច្ច​ការព្រំដែន លោក វ៉ា គឹមហុង ដោយ​គ្រានោះ លោក វ៉ា គឹមហុង ​បាន​ប្រកាស​តាមមេក្រូ​ដោយ​មិន​សំដៅ​ចំពោះនរណា​ម្នាក់​នោះទេថា​«ប្រយ័ត្ន​ជាន់ផែន​ទី​ ព្រោះ​ផែន​ទី​មានតែមួយសន្លឹកនេះ​ទេ»។

នៅថ្ងៃនេះ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បាន​សម្តែង​ការ​សោកស្ដាយចំពោះ លោក អ៊ុំ សំអាន។ លោក​បាន​សរសេរនៅលើហ្វេសប៊ុករបស់ខ្លួន​ថា​«ខ្ញុំ ផៃ ស៊ីផាន សូមសម្ដែងនូវការសោក​ស្ដាយចំពោះឥរិយាបថប្រកបដោយភាពមិនសមរម្យរបស់អ្នកតំណាងរាស្រ្ត អ៊ុំ សំអាន មណ្ឌលសៀមរាបរបស់គណបក្សសង្រ្គោះជាតិ បានយកជើងជាន់ដោយចេតនាលើផែនទីផ្លូវការដែលជាមរតករបស់ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ ជាមួយនិងក្ដីប្រកាសមិនទទួលស្គាល់ផែនទីផ្លូវការ ដែលបានតម្កល់នៅអង្គការសហប្រជាជាតិ ដោយអះអាងបន្ថែមថាផែនទីជាផ្លូវការនេះ គូសដោយភាគីវៀតណាម»។

គួរបញ្ជាក់​ថា​ កាលពីថ្ងៃ​ព្រហស្បតិ៍ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បាន​រៀប​ចំ​​សន្និសីទ​សារព័ត៌មាន​មួយ​តាម​បញ្ជា​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ ដើម្បី​បង្ហាញ​ផែនទី​កំណត់​បង្គោល​ព្រំដែន ដែល​បក្ស​ប្រឆាំង​ចោទថារដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែងក្លាយ៕


ប្រភព៖ ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃសុក្រ ទី3 កក្កដា 2015 http://vodhotnews.com

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

0 comments:

Post a Comment

Powered by Blogger.