ព័ត៌មានជាតិ

តំណាងរាស្ត្រ​​បក្ស​ប្រឆាំង​គ្រោង​ដាក់​លិខិត​ទៅ​សភា​ទាមទារ​ឲ្យ​លោក ឈាង វុន សុំទោស

តំណាងរាស្ត្រ ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន (ឆ្វេង) និង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នា​វិមាន​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន គ្រោង​ដាក់​លិខិត​ទៅ​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន នៅ​សប្ដាហ៍​ក្រោយ សុំ​ឲ្យ​ព្រមាន​លោក ឈាង វុន អ្នក​នាំ​ពាក្យ​រដ្ឋ​សភា និង​ទាមទារ​ឲ្យ​សុំទោស​ជា​សាធារណៈ។

​លោក អ៊ុំ សំអាន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា ថា លិខិត​ដែល​លោក​នឹង​ដាក់​ជូន​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន គឺ​ជុំវិញ​ទង្វើ​របស់​លោក ឈាង វុន បាន​បណ្ដេញ​លោក​មិន​ឲ្យ​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ក្នុង​បរិវេណ​មន្ទីរ​រដ្ឋសភា និង​ហៅ​សន្តិសុខ​ឲ្យ​នាំ​ខ្លួន​អ្នក​សារព័ត៌មាន​ចេញ​ពី​មន្ទីរ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា កន្លង​ទៅ។

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ ចាត់​ទុក​ទង្វើ​របស់​លោក ឈាង វុន ថា ជា​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​ការងារ​របស់​តំណាងរាស្ត្រ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ទៅ​ពលរដ្ឋ និង​អ្នក​សារព័ត៌មាន​ដែល​លោក​បាន​បណ្ដេញ​ចេញ​ផង​ដែរ។

លោក​សង្ឃឹម​ថា លោក ឈាង វុន នឹង​មាន​ភាព​ក្លាហាន​ហ៊ាន​សុំទោស​លោក និង​អ្នក​សារព័ត៌មាន​ជា​សាធារណៈ៖ «រឿង​នេះ លោក ឈាង វុន ត្រូវ​តែ​ហ៊ាន​សុំទោស​ខ្ញុំ និង​អ្នក​សារព័ត៌មាន​ជា​សាធារណៈ ព្រោះ​ទង្វើ​របស់​គាត់​មិន​ត្រឹមត្រូវ ហើយ​ខ្ញុំ​ចង់​ឲ្យ​ប្រធាន​សភា ដាក់​ទោស ធ្វើ​ឲ្យ​លោក ឈាង វុន រាងចាល ដើម្បី​ជា​ការ​ព្រមាន​ដល់​មន្ត្រី​រដ្ឋាភិបាល​ដទៃ​ទៀត ឲ្យ​ចេះ​គោរព​សិទ្ធិ»។

​ជុំវិញ​បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា កន្លង​ទៅ ក្រោយ​មាន​ហេតុការណ៍​នេះ​ភ្លាមៗ គេ​បាន​ឃើញ​លោក ឈាង វុន ក៏​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា ថា​ការ​ដែល​លោក អ៊ុំ សំអាន ចចេស​ចង់​ផ្ដល់​បទសម្ភាសន៍​នោះ ជា​ឥរិយាបថ​រឹងរូស​ចង់​រក​រឿង ធ្វើ​ឲ្យ​មាន​បញ្ហា​លើ​ការ​អនុវត្ត​ច្បាប់ និង​សន្តិសុខ​ផ្ទៃក្នុង​រដ្ឋ​សភា។

​ចំណែក​ឯ​ក្លឹប​អ្នក​កាសែត​កម្ពុជា ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដោយ​ចាត់​ទុក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ដែល​បាន​បណ្ដេញ​អ្នក​កាសែត​ដែល​កំពុង​បំពេញ​តួនាទី​តាម​វិជ្ជាជីវៈ​នោះ គឺ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព​របស់​អ្នក​កាសែត ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

ប្រភព៖ ដោយ អ៊ុំ រង្សី 2015-07-04
RFA

0 comments:

Post a Comment

Powered by Blogger.