![]() |
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន កាលពីកន្លងទៅ |
មន្ត្រីរដ្ឋាភិបាល និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានហៅការ ចុះពិនិត្យព្រំដែនដែលដឹកនាំដោយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាចលនាបះបោរ និងជ្រុលនិយម ។
ការបញ្ចេញប្រតិកម្មនេះ ធ្វើឡើងស្របពេលដែលតំណាងរាស្ត្របក្សប្រឆាំងពីររូបគឺលោក រៀល ខេមរិន្ទ្រ និងលោក អ៊ុំ សំអាន បានដឹកនាំពលរដ្ឋខ្មែរជាង ២០០០នាក់ ចុះពិនិត្យព្រំដែនកម្ពុជា វៀតណាមត្រង់បង្គោល ២០២ និង ២០៣នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋមកថា វៀតណាមបានរំលោភទឹកដីខ្មែរ ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា ការចុះពិនិត្យព្រំដែនដែលដឹកនាំដោយតំណាងរាស្ត្រនោះ ជាចលនាបះបោរ។ លោកបន្តថា លោក រៀល ខេមរិន្ទ្រ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលស្វាយរៀង ដែលមិនសាកសមធ្វើជាតំណាងរាស្ត្រ។ លោក សមនឹងធ្វើជាមេដឹកនាំបះបោរ អនាធិបតេយ្យ និងក្រុមចលនាជ្រុលនិយម ។
VOD មិនទាន់អាចសុំការឆ្លើយតបលើបញ្ហានេះ ពីលោក រៀល ខេមរិន្ទ្របាននៅឡើយទេ រសៀលនេះ ព្រោះទូរស័ព្ទ មិនអាចហៅចូលបាន។ ប៉ុន្តែកន្លងមកលោក រៀល ខេមរិន្ទ្រ ធ្លាប់អះអាងថា ការទៅពិនិត្យព្រំដែននេះ ដើម្បីឲ្យមានការដឹងឮពីប្រជាពលរដ្ឋទូទៅពីការឈ្លានពានរបស់វៀតណាមចូលទឹកដីខ្មែរ ។
គួរបញ្ជាក់ថាផងដែរ ប្រជាពលរដ្ឋខ្មែរជាង ២០០០នាក់ ដែលបានចេញពីដំណើរពីភ្នំពេញ ឆ្ពោះទៅពិនិត្យព្រំដែនកម្ពុជា វៀតណាមនោះ បានទៅដល់គោលដៅនៅវេលាម៉ោងប្រមាណជា ៤រសៀល។ យ៉ាងណាក៏ដោយ នៅពេលពលរដ្ឋខ្មែរព្យាយាមចូលទៅជិតដើម្បីពិនិត្យត្រង់បង្គោល ២០២ និង២០៣ ដែលសល់ចម្ងាយប្រមាណ២០០ ម៉ែត្រពីទឹកដីខ្មែរនោះ ត្រូវបានអាជ្ញាធរ និងពលរដ្ឋវៀតណាមិនអនុញ្ញតឲ្យចូលតំបន់នោះទេ ៕
ប្រភព៖ VOD
0 comments:
Post a Comment