![]() |
លោក ផៃ ស៊ីផាន(ឆ្វេង) អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ |
អ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃចន្ទនេះបានទាមទារឲ្យប្រធានគណបក្សសង្គ្រោះជាតិបង្ហាញផែនទីដែលបានទិញពីប្រទេសបារាំងក្នុងតម្លៃ១៦៨ដុល្លារជាសាធារណៈ ដើម្បីបញ្ជាក់ពីសេចក្តីក្លាហាននិងសុចរិតភាព។
ការទាមទារនេះធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ថាគណបក្សសង្គ្រោះជាតិបានទិញផែនទីរបស់កម្ពុជាទាំង២៦ផ្ទាំងយកមកបង្ហាញប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានសរសេរលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃចន្ទនេះថា៖“ឯកឧត្តម សម រង្ស៊ី ត្រូវតែមានសេចក្តីក្លាហាននិងសុចរិត”។ លោកបន្តថាការដែលលោក សម រង្ស៊ី បង្ហាញផែនទីដែលលោកបានទិញពីប្រទេសបារាំងនៅលើទំព័រហ្វេសប៊ុកបានធ្វើឲ្យសាធារណជនមានមន្ទិលនិងចោទប្រកាន់រាជរដ្ឋាភិបាលថាបានប្រើប្រាស់ផែនទីមិនត្រឹមត្រូវឬក្លែងក្លាយ។
លោក ផៃ ស៊ីផាន ដាក់ជាសំណួរថាតើផែនទីក្នុងដៃរបស់លោក សម រង្ស៊ី ជាផែនទីក្លែងក្លាយឬយ៉ាងណា។ លោកលើកឡើងថាកន្លងមក លោក សម រង្ស៊ី ធ្លាប់បង្ហាញឯកសារក្លែងក្លាយទាក់ទងនឹងផែនទីរបស់កម្ពុជាម្តងរួចមកហើយ។ លោកបន្តថានៅពេលនោះតុលាការក៏បានចោទប្រកាន់លោក សម រង្ស៊ី ពីការប្រើប្រាស់ឯកសារក្លែងក្លាយផងដែរ។ លោក ផៃ ស៊ីផាន បញ្ជាក់ថា៖“សូមឯកឧត្តមមេត្តាបង្ហាញផែនទីជាសាធារណៈមក!”។
វីអូឌី(VOD)មិនទាន់អាចសុំការឆ្លើយតបពីប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បាននៅឡើយទេ ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។ វីអូឌីក៏មិនទាន់អាចទាក់ទងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បាននៅឡើយ ដោយទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។
ទោះយ៉ាងណា លោក សម រង្ស៊ី បានប្រាប់ថាការទិញផែនទីតម្លៃ១៦៨ដុល្លារគឺជាការបង្ហាញព័ត៌មាន មិនមែនជាការប្រមាថទេ។ លោកអះអាងថាវិទ្យាស្ថានជាតិភូមិសាស្រ្តបារាំងនោះបានដាក់លក់ផែនទីប្រទេសដទៃទៀតជាច្រើន មិនមែនតែផែនទីរបស់ប្រទេសកម្ពុជានោះទេ។ លោកថាអ្នកណាក៏អាចបញ្ជាទិញផែនទីនេះពីវិទ្យាស្ថាននោះបានដែរ។ លោកបន្តថាអ្នកចង់មើលផែនទីដែលគណបក្សសង្គ្រោះជាតិទិញពីប្រទេសបារាំងនេះអាចទៅកាន់ទីស្នាក់ការរបស់គណបក្សសង្គ្រោះជាតិ ដើម្បីពិនិត្យមើលបាន។ លោកថា គណបក្សសង្គ្រោះជាតិបើកឲ្យមានការចូលពិនិត្យជាសាធារណៈ។
លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៦ ខែកក្កដា ថា៖ “ផែនទីបារាំងមុនឆ្នាំ១៩៥៣ ខ្នាត ១/១០០ ០០០ បង្ហាញពីព្រំដែនកម្ពុជា-វៀតណាម ទាំង២៦ផ្ទាំង ដែលទាំងអស់គ្នាចង់បានពេលនេះមានដាក់លក់នៅប្រទេសបារាំង ក្នុងតម្លៃ១៥៣,៩១Euros(អឺរ៉ូ) ស្មើនឹង១៦៨ដុល្លារអាមេរិក”។ លោកសរសេរបន្តទៀតថាច្បាប់ដើមនៃផែនទីនេះមានតែមួយច្បាប់គត់ដែលតម្កល់ទុកនៅប្រទេសបារាំង។ លោកអះអាងថាអ្វីដែលគេដាក់លក់នោះគឺជាច្បាប់ចម្លងតាមប្រព័ន្ធអេឡិចត្រូនិកដែលដាក់បញ្ចូលក្នុងឌីវីឌី(DVD)។
គួររំឭកថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ ទីស្តីការណៈរដ្ឋមន្ត្រីបានផ្សាយសេចក្តីថ្លែងការណ៍មួយដោយចាត់ទុកថាការលើកឡើងរបស់លោក សម រង្ស៊ី ជាចេតនាអាក្រក់ក្នុងការបន្ទាបបន្ថោក បន្តុះបង្អាប់នូវតម្លៃការងាររបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដែលបានប្រសូត្រចេញពីការបោះឆ្នោត៕
ប្រភព៖ VOD
0 comments:
Post a Comment