ព័ត៌មានជាតិ

តុលាការ​សម្រេច​បញ្ជូន​ឧ​កញ៉ា សុខ ប៊ុន ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​

តុលាការ​សម្រេច​បញ្ជូន​ឧ​កញ៉ា សុខ ប៊ុន ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​

តុលាការ​សម្រេច​បញ្ជូន​ឧ​កញ៉ា សុខ ប៊ុន ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើ​ហិង្សាលើ​អតីត​ពិធី​ការិនី​ទូរ​ទ្សន៍ CTN កាលពីដើម​ខែកក្កដា ឆ្នាំ២០១៥​នេះ​។​

​គួរបញ្ជាក់​ថា​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ប៉ូលិស​អន្តរជាតិ (​ប៉ូលិស​អាំងទែរ​ប៉ូល​) បាន​នាំ​ខ្លួន​លោក​ឧកញ៉ា សុខ ប៊ុន មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ភ្លាម ក៏​បញ្ជូនទៅ​សាកសួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។ បន្ទាប់​ពី​ការសាកសួរ​រយៈពេល​ជាង៤ម៉ោង នៅ​ថ្ងៃ​ទី១៨ ខែកក្កដា​នេះ តុលាការ​សម្រេច​បញ្ជូន​ឧ​កញ៉ា សុខ ប៊ុន ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​នៅ​រសៀល​ម៉ោង១និង២០នាទី ដោយ​ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។

​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​លោក សុខ ខេមរិន្ទ ប្រាប់ VOD ថា លោក សុខ ប៊ុន ត្រូវបាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​បណ្តោះអាសន្ន​សិន តែ​តុលាការ​មិន​ទាន់​សម្រេច​ផ្តន្ទាទោស​នៅ​ឡើយ​ទេ​។​

​ចំណាត់ការ​នេះ ធ្វើឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃលោក ស ខេង និង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​ឧកញ៉ា សុខ ប៊ុន ដោយ​ចាត់ទុក​ករណី​វាយ​លើ​ស្ត្រី​នេះ​បាន​ជះឥទ្ធិពល​ខ្លាំង​ដល់​សង្គម​ខ្មែរ និង​ប៉ះពាល់​ដល់​រដ្ឋាភិបាល ប្រសិនបើ​មិន​មាន​ការចាប់ខ្លួន​ ។ ​

​កាលពី​ថ្ងៃ​សប្តាហ៍​មុន លោក សុខ ប៊ុន បាន​ចេញ​លិខិត​បំភ្លឺ​ជា​សាធារណៈ​មួយ ដោយ​សុំ​ការ​អធ្យាស្រ័យ​ពី​ក្រុម​គ្រួសារ​កញ្ញា​សា​សា និង​បាន​ប្រកាស​លាឈប់​ពី​តំណែង​ក្រុមហ៊ុន​ដែល​លោក​គ្រប់គ្រង ព្រមទាំង​ងារ​ឧកញ៉ា​ដែល​លោក​បាន​ទទួល ​។ លិខិ​តឲ្យដឹងថា​ លោក​សោកស្តាយ​ចំពោះ​ជម្លោះ​រវាង​រូប​លោក​និង​កញ្ញា​សាសា​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០២ ខែកក្កដា និង​បាន​បង្ក​ឲ្យមាន​របួស​ទាំងសងខាង​ ។ លោក​បន្ត​ថា​ ជម្លោះ​នោះ​បាន​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស​របស់ក​ញ្ញា​សា​សា និង​រូបលោក​ផ្ទាល់​ ។ ក្នុង​លិខិត​នោះ លោក សុខ ប៊ុន បាន​ប្រកាស​ជា​សាធារណៈ​ថា ​លោក​សុំ​លាឈប់​ពី​ប្រធាន​សមាគម​វាយតម្លៃ​អចលនវត្ថុ និង​ផ្ទេរសិទ្ធិ​ទាំងស្រុង​ទៅឲ្យ​ក្រុមប្រឹក្សាភិបាល​វិញ​ ។ លោក សុខ ប៊ុន ក៏​បាន​ប្រកាស​លាឈប់​ពី​នាយក​ក្រុមហ៊ុន​TEHO-SBG Development Co.,Ltd. និង​ប្រកាស​សុំ​លាឈប់​ពី​ងារ​ឧកញ៉ា​ផងដែរ​ ។​

​យោងតាម​លិខិត​ដដែល លោក សុខ ប៊ុន បាន​ស្នើសុំ​ចូលរួម​ជា​វិភាគទាន​ជួយ​ព្យាបាល​ដល់​កញ្ញា​សា​សា​ចំនួន​១​សែន​ដុល្លារ និង​បាន​ស្នើសុំ​ការយោគយល់​ឈប់​ប្រកាន់ និង​មិន​សងសឹក​ពី​ក្រុមគ្រួសារ​របស់​កញ្ញា​សា​សា​ ។

​គួរបញ្ជាក់​ថា​លោក សុខ ប៊ុន ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើ​ហិង្សា​មក​លើ​កញ្ញា​សា​សា កាលពី​យប់​ថ្ងៃ​១​ឈាន​ចូល​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៥​។ ក្រោយ​ពី​ហិង្សា​កើតឡើង​មាន​ការ​បង្ហោះ​ជា​វីដេអូ​ឃ្លីប​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ជា​បន្តបន្ទាប់​៕

ប្រភព៖ VOD
សូម​សរសេរ​មក​លោក ឡាយ សា​មាន តាមរយៈ samean@vodhotnwes.com

0 comments:

Post a Comment

Powered by Blogger.