ព័ត៌មានជាតិ

CNRP​ ថា​មិន​ចូលរួម​អនុម័ត​ច្បាប់​NGO​ជាមួយ ​CPP ​ទេ​​

លោក ញ៉ែម បុញ្ញា​ឫទ្ធិ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ (រូបថត៖ ទេព សូនី)

គណបក្ស​សង្គ្រោះ​ជាតិ​ថា នឹង​មិន​ចូលរួម​អនុម័ត​ច្បាប់ NGO ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ខាង​មុខ​នេះ​ទេ ដោយ​អះអាង​ថា ច្បាប់​នេះ​គណបក្សកាន់អំណាច​បង្កើត​ឡើង​ដោយ​តក់ក្រហល់ និង​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​។​

ការប្រកាស​ជំហរ​របស់​បក្ស​ប្រឆាំង ធ្វើឡើង​ខណៈ​រដ្ឋសភា​គ្រោង​បើក​កិច្ចប្រជុំ​អនុម័ត​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៥​នេះ​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉ែម បុញ្ញា​ឫទ្ធិ ប្រាប់ VOD នៅ​ថ្ងៃ​ពុធ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ចង់ឲ្យ​រដ្ឋាភិបាល និង​រដ្ឋសភា​ពន្យារ​នៃ​ការអនុម័ត​សេចក្តីព្រាងច្បាប់ NGO ដោយសារ​ច្បាប់​នេះ បង្កើតឡើង​ដោយ​មិនមាន​ការឯកភាព​ពី​ភាគី​ពាក់ព័ន្ធ​។ លោក​ថា បើ​សភា​នៅតែ​រឹងទទឹង​អនុម័ត​ច្បាប់​នេះ​ទៀត នោះ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ​។ លោក​ថា​៖ "យើង​ជា​គណបក្ស​ប្រជាធិបតេយ្យ យើង​ថា​គោលការណ៍​គណបក្ស​យល់ឃើញថា ច្បាប់​នេះ​មាន​ផលប៉ះពាល់ បន្ទាប់មកទៀត​មិន​មាន​ការពិភាក្សាឲ្យ​បានទូលំ​ទូលាយ​។ ដូច្នេះ​យើង​យើង​មិន​ចូលរួម​"​។​

ទោះបីជា​យ៉ាងណា លោក ញ៉ែម បុញ្ញា​ឫទ្ធិ ថា​តាម​គោលការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​បិទ​សិទ្ធិសេរីភាព​តំណាងរាស្ត្រ​របស់​ខ្លួន មិនឲ្យ​ចូល​ប្រជុំ​នោះ​ទេ តែបើ​តំណាងរាស្ត្រ​រូប​ណា​ចង់​ចូលរួម​អនុម័ត​ច្បាប់​នោះ គឺជា​សិទ្ធិ​សម្រេច​របស់​បុគ្គល​នោះ​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផល​វរុណ មានប្រសាសន៍ថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​ខ្វល់​នឹង​ការលើកឡើង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ទេ នោះ​ជា​សិទ្ធិ​សម្រេច​របស់​គណបក្ស មួយ​ដែល​ទំនោរ​ទៅរក​សង្គម​ស៊ីវិល​។ ប៉ុន្តែ​លោក​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​បន្ត​អនុម័ត​ច្បាប់​នេះ ដើម្បី​ឲ្យស្រប​តាម​គោលការណ៍​ប្រជាធិបតេ​យ្យ​។ លោក​ថា​៖ "គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ដឹកនាំ​ប្រទេស ធានា​នូវ​នីតិរដ្ឋ សណ្តាប់ធ្នាប់ ធានា​នូវ​សេរីភាព ប្រជាធិបតេយ្យ​ដើម្បី​ប្រជាពលរដ្ឋ​គ្រន់​និន្នាការ​ចូលរួម​ក្នុង​ការកសាង​ប្រទេស ដោយ​យើង​មិន​យកចិត្តទុកដាក់​ចំពោះ​ក្រុម​មនុស្ស​ដែល​ខិតខំ​ធ្វើ​ការរារាំង​មិន​ឲ្យ​ច្បាប់​កើតមាន ដែល​យក​មូលហេតុ​បម្រើ​ផលប្រយោជន៍​របស់​ខ្លួន​ឯង​ពីរ​បី​នាក់ ហ្នឹង​យើង​អត់​ត្រូវការ​ទេ​"​។
មន្ត្រី​សង្គម​ស៊ីវិល​បញ្ជាក់ថា មាត្រា​៥ មាត្រា​១០ មាត្រា​១៥ មាត្រា​២២ មាត្រា​៣០ និង​មាត្រា​៣២ សុទ្ធតែ​ជា​ការបារម្ភ​ខ្លាំង ដែល​មាត្រា​៣២​នេះ បាន​ចែង​ពី​ការផាកពិន័យ​ធ្ងន់ធ្ងរ​ដល់​អង្គការ ឬ​សមាគម​ណា​ដែល​មិន​បាន​បំពេញ​លក្ខខណ្ឌ​តាម​ច្បាប់​នោះ ហើយ​ឈាន​ទៅ​លុបឈ្មោះ​អង្គភាព​នោះ​ចោល​។​

មន្ត្រី​សិទ្ធិមនុស្ស​អះអាងថា នៅពេល​ច្បាប់​នេះ​ចេញ​នឹង​ធ្វើ​ឲ្យ​សមាគម​តូចៗ និង​សកម្មភាព​ការងារ​ស្ម័គ្រចិត្ត​របស់​យុវជន និង​សកម្មជន​តាម​មូលដ្ឋាន នឹងត្រូវ​បញ្ចប់​ព្រោះតែ​ពួកគេ​មិន​អាច​បំពេញ​លក្ខខណ្ឌ​តាម​អ្វី​ដែល រដ្ឋាភិបាល​បាន​កំណត់​ក្នុង​ច្បាប់​នោះ​៕

ប្រភព៖ VOD
សូម​សរសេរ​មក​លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

0 comments:

Post a Comment

Powered by Blogger.