សុខ ប៊ុន សុំទោសកញ្ញាសាសា លាឈប់ពីគម្រោងវិនិយោគនិងបោះបង់ងារឧកញ៉ា
ឧកញ៉ា សុខ ប៊ុន ដែលជាប់ពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាលើអតីតពិធីការិនីទូរទស្សន៍ កញ្ញាសាសា បានចេញលិខិតបំភ្លឺជាសាធារណៈមួយ ដោយសុំការអធ្យាស្រ័យពីក្រុមគ្រួសារកញ្ញាសាសា និងបានប្រកាសលាឈប់ពីតំណែងក្រុមហ៊ុនដែលលោកគ្រប់គ្រង ព្រមទាំងងារឧកញ៉ាដែលលោកបានទទួល។
លិខិតបំភ្លឺរបស់ឧកញ៉ា សុខ ប៊ុន ចេញផ្សាយនៅថ្ងៃអង្គារនេះឲ្យដឹងថាលោកសោកស្តាយចំពោះជម្លោះរវាង រូបលោកនិងញ្ញាសាសាដែលបានកើតឡើងកាលពីថ្ងៃទី០២ ខែកក្កដា និងបានបង្កឲ្យមានរបួសទាំងសងខាង។ លោកបន្តថាជម្លោះនោះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កញ្ញាសាសា និងរូបលោកផ្ទាល់។ ក្នុងលិខិតនោះ លោក សុខ ប៊ុន បានប្រកាសជាសាធារណៈថាលោកសុំលាឈប់ពីប្រធានសមាគមវាយតម្លៃ អចលនវត្ថុ និងផ្ទេរសិទ្ធិទាំងស្រុកទៅឲ្យក្រុមប្រឹក្សាភិបាលវិញ។ លោក សុខ ប៊ុន ក៏បានប្រកាសលាឈប់ពីនាយកក្រុមហ៊ុនTEHO-SBG Development Co.,Ltd. ផងដែរ។ លោកក៏បានប្រកាសសុំលាឈប់ពីងារឧកញ៉ាផងដែរ។
យោងតាមលិខិតដដែល លោក សុខ ប៊ុន បានស្នើសុំចូលរួមជាវិភាគទានជួយព្យាបាលដល់កញ្ញាសាសាចំនួន១សែន ដុល្លារ និងបានស្នើសុំការយោគយល់ឈប់ប្រកាន់ និងមិនសងសឹកពីក្រុមគ្រួសាររបស់កញ្ញាសាសា។ លោកក៏បានប្រកាសសុំអធ្យាស្រ័យពីស្ថាប័នតុលាការ ដើម្បីទុកពេលឲ្យលោកព្យាបាលជំងឺស្ត្រេស ដែលលោអះអាងថាលោកមានជំងឺនេះធ្ងន់ធ្ងរ និងទុករាល់ការងារនីតិវិធីច្បាប់ជូនមេធាវីរបស់លោក។
មេធាវីរបស់ឧកញ៉ា សុខ ប៊ុន លោក យិន សុភី ប្រាប់VODថាលោកមិនទាន់បានទទួលការពឹងពាក់ដោយផ្ទាល់ពីឧកញ៉ា សុខ ប៊ុន នៅឡើយទេ ក្រៅតែពីក្រុមគ្រួសារឧកញ៉ា។ លោកក៏មិនទាន់អាចបញ្ជាក់បានថាតើពេលណាលោក សុខ ប៊ុន នឹងវិលត្រឡប់មកកម្ពុជាវិញ ដើម្បីដោះស្រាយបញ្ហានេះតាមផ្លូវច្បាប់។
VODមិនអាចទាក់ទងប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ លោក សុខ ខេមរិន្ទ ដើម្បីសុំការអត្ថាធិប្បាយលើបញ្ហានេះបាននៅឡើយទេ។
អតីតពិធីការិនីCTN នាង ឯក សុជាតា ហៅសាសា បានត្រឡប់មកពីពិនិត្យភ្នែក និងមើលស្នាមរបួសពីប្រទេសថៃវិញហើយ កាលពីថ្ងៃទី១៣ កក្កដា។ កញ្ញាបានប្រកាសថាចង់បានសំណងជំងឺចិត្តរហូតដល់៥លាន ដុល្លារ និងបានប្រកាសថាបើទោះជាខាងតុលាការសម្រេចនាងបានសំណង ប៉ុន្មានក៏ដោយ ក៏នឹងប្រគល់៥០ភាគរយដាច់ខាត ជួយដល់សង្គម និងមូលនិធិស្រ្តីរងគ្រោះ។ កញ្ញាបញ្ជាក់បន្ថែមថាមិត្តភ័ក្រ្តរបស់នាង គឺនារីជាជនជាតិជប៉ុន ដែលត្រូវលោកឧកញ៉ាបង្ខំឲ្យចេញទៅក្រៅជាមួយខ្លួនបានដាក់ ពាក្យប្ដឹងទៅលើឧកញ៉ារូបនេះពីបទរំលោភសេពសន្ធវៈ បន្ថែមលើពាក្យបណ្ដឹងរបស់នាងផងដែរ។
ការប្រើហិង្សាមកលើកញ្ញាសាសាបានកើតឡើងតាំងពីយប់ថ្ងៃ១ឈាន ចូលព្រឹកថ្ងៃទី២ ខែកក្កដា ប៉ុន្តែសាសាអះអះអាងមកពីការដាក់ពាក្យបណ្ដឹងមិនទទួលបាន ប្រតិកម្មតបតាមការចង់បាន ទើបនាំឲ្យមានការបង្ហោះជាវីដេអូឃ្លីបធ្វើឲ្យមានការភ្ញាក់ផ្អើល តែម្ដង។
គួរបញ្ជាក់ផងដែរ ឧកញ៉ា សុខ ប៊ុន គឺជាប្រធានក្រុមហ៊ុនTEHO Development និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលត្រូវគេស្គាល់ថាជាម្ចាស់សណ្ឋាគារមួយកន្លែងចំណាយទុនអស់ កន្លះលានដុល្លារ និងបានបណ្តាក់ទុន៥០០លានដុល្លារ លើគម្រោងសាងសង់ក្រុងរណបនៅជ្រោយចង្វា។ លោកក៏គេស្គាល់ថាជាដៃមុខជំនួញធំដុំជាមួយក្រុមហ៊ុន ធំៗនៅក្នុងប្រទេសសិង្ហបុរីផងដែរ។
ប្រភព៖ VOD
សរសេរមកកាន់លោក ទូច សុខា តាមរយៈsokha@vodhotnews.com
0 comments:
Post a Comment