ព័ត៌មានជាតិ

លោក សុខ ប៊ុន ប្រកាស​សងជំងឺចិត្ត​កញ្ញាសាសាចំនួន​១០ម៉ឺនដុល្លារ​​


ឧកញ៉ា សុខ ប៊ុន ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ប្រើ​អំពើ​ហិង្សាលើអតីតពិធីការិនីទូរទស្សន៍ កញ្ញាសាសា បាន​ចេញ​លិខិតបំភ្លឺ​ជាសាធារណៈ​មួយ ដោយ​​សុំ​ការ​អធ្យា​ស្រ័យ​ពី​ក្រុម​គ្រួសារ​​កញ្ញាសាសា និងបាន​ប្រកាស​​សងជំងឺចិត្ត​១០ម៉ឺនដុល្លារ​។

សេចក្តីបំភ្លឺមួយ​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារនេះ​ឲ្យ​ដឹង​ថា​​លោក​​សោក​ ស្តាយ​ចំពោះ​ជម្លោះ​​រវាង​រូប​លោ​កនិង​ញ្ញាសាសា​ដែល​បាន​កើត​ឡើង​កាលពី​ ថ្ងៃទី​០២ ខែ​កក្កដា និង​​បាន​បង្កឲ្យ​មាន​របួស​ទាំង​សង​ខាង​។ លោក​បន្ត​ថា​ជម្លោះ​នោះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិ​យស​របស់​កញ្ញាសាសា និង​រូប​​លោក​ផ្ទាល់​។ ក្នុង​លិខិត​នោះ លោក​ សុខ​ ប៊ុន បាន​ប្រ​កាស​​ជា​សាធារណៈ​ថាលោកសុំ​លាឈប់​ពី​ប្រ​ធាន​សមាគម​វាយ​តម្លៃ​ អចលនវត្ថុ និង​ផ្ទេរ​សិទ្ធិ​ទាំ​ង​​ស្រុងទៅ​ឲ្យ​ក្រុម​ប្រឹក្សា​ភិ​បាលវិញ។ លោក សុខ ប៊ុន ក៏​បាន​ប្រ​កាស​លាឈប់​ពី​នាយក​​ក្រុម​ហ៊ុន​TEHO-SBG Development Co.,Ltd. ផង​ដែរ។ លោក​ក៏​បា​នប្រ​កាស​សុំ​លា​​ឈប់​ពី​ងារ​ឧកញ៉ា​ផង​ដែរ។

យោង​តាម​លិខិត​ដដែល លោក​ សុខ ប៊ុន បាន​ស្នើ​សុំចូល​រួម​ជា​វិភាគ​ទានជួយ​ព្យា​បាល​ដល់​​កញ្ញាសាសា​​ចំនួន​១​ ០ម៉ឺន​​ដុល្លារ​ និង​បាន​ស្នើ​សុំ​ការ​យោគ​យល់​ឈប់​ប្រ​កាន់ និង​មិន​ស​ងសឹកពីក្រុម​គ្រួសារ​របស់​កញ្ញា​​សាសា​។ លិខិត​បញ្ជាក់​ថា​៖«ខ្ញុំ ​បាទ​សូម​ចូលរួមវិភាគទាន​ដើម្បីព្យាបាល​សុខភាព និង​ដោះស្រាយ​ជីវភាព​ ​ចំនួន​១០ម៉ឺនដុល្លារ​អាមេរិក​ជូន​ចំពោះ​កញ្ញា​សាសា ទោះ​បី​ច្បាប់កំណត់​ត្រឹម​៦លាន​ទៅ​១០លាន​រៀល​ក្តី។ ខ្ញុំសូម​ការ​យោគ​យល់​ ការ​ឈប់​ចោទប្រកាន់​គ្នា និង​ការ​មិន​សង​សឹក​គ្នា​ពីកញ្ញា​សាសា និង​ក្រុមគ្រួសារ»។

លោក​ សុខ ប៊ុន ​ក៏​បាន​ប្រ​កាស​សុំ​អធ្យា​ស្រ័យ​ពី​ស្ថាប័ន​តុលា​ការ ​ដើម្បី​ទុក​​ពេល​ឲ្យ​លោក​ព្យាបាល​ជំងឺ​​ស្ត្រេស ដែល​លោ​អះអាង​ថាលោកមាន​​ជំងឺ​នេះធ្ងន់​ធ្ងរ និង​ទុករាល់​ការងារ​នីតិវិធី​ច្បាប់​ជូន​មេធាវី​របស់​លោក​​។ លោក​ក៏អំពាវនាវ​ឲ្យ​សាធារណជន​ និង​អាជ្ញាធរមាន​សមត្ថ​កិច្ច​ពិនិត្យ​ករណីនេះ​ដោយ​ប្រុងប្រយ័ត្ន​ និង​ផ្សះ​ផ្សារ​ដោយ​ស្មោះត្រង់​ចំពោះ​គូ​ជម្លោះទាំងពីរ​។​

ក្នុង​បទ​សម្ភាសន៍​​ជា​មួយ​VODតាម​ទូរស័ព្ទ​កាលពីថ្ងៃ​ចន្ទ កញ្ញាសាសា​​និយាយ​ថាស្ថានភាព​មុខ​របួសរបស់​នាង​​មិន​មាន​បញ្ហា​ស្នាក​ស្នាម​ ​លើ​ផ្ទៃ​​មុខ និង​ជាំ​រង្វង់​ភ្នែក​​ដូច​មុន​ទៀត​ទេ ប៉ុន្តែអ្វី​ដែល​នៅ​​ជា​​​​បញ្ហា​ចោទ គឺ​​​​​​​នៅ​ស្រវាំង​​ភ្នែក​ ​និង​​ហឹង​ត្រចៀក​នៅ​ឡើយ​។ ​​នាង​​គ្រោង​ទៅ​ជួប​ក្រុម​គ្រូពេទ្យ​ថៃ​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ពេល​ដ៏​ ខ្លី ប្រសិន​បើ​​ស្ថានភាព​​​នេះ​​នៅ​មាន​បញ្ហា​។ ​​អតីត​តារា​រូប​នេះ​និយាយ​ថា«​​អ្នក​ខ្លះ​ថា​ខ្ញុំ​ទៅ​​​ព្យាបាល​នៅ​ សិង្ហបុរី ​និង​ខ្លះ​​ថា​ខ្ញុំ​​​នៅ​ចរចាជា​សម្ងាត់ជា​មួយ​​​ម្នាក់​ហ្នឹង​(ឧកញ៉ា​សុខ ប៊ុន​) ប៉ុន្តែ​ខ្ញុំ​ទៅ​​បាង​កក​ទេ ហើយ​ខ្ញុំ​សូម​ជម្រាប​ថា​អត់​មាន​អី​​​ជា​សម្ងាត់​ទេ ​ទោះ​ជា​​គាត់​ត្រូវ​បង់​សំណង​ឲ្យ​ខ្ញុំ ក៏​​មិន​អាច​គេច​ផុត​ពី​​ទោស​ព្រហ្មណ្ឌ​បាន​ដែរ!»។ ​យ៉ាង​ណា​មិញ កញ្ញា​សារភាព​ថា​​ក្នុង​ការ​ទារ​សំណង​គឺ​ ​​​មិន​ក្រោម​ខ្ទង់​លាន​ដុល្លារ​នោះ​ទេ ដោយ​សារ​តែនាង​ចាត់​ទុក​ថា​​ការ​​វាយ​សម្រាត​​​​​ និង​​​អំពើ​​​ហិង្សាដែល​​លោក​ឧកញ៉ា សុខ ប៊ុន ​​និង​បក្ស​ពួក មក​លើ​នាង បាន​​​​​​​​​ធ្វើ​ឲ្យ​នាង​អាប់​ឱននិង​រង​នូវ​ភាព​អាម៉ាស់​ខ្លាំង​ក្លា​។ ​​​កញ្ញាសាសា​និយាយ​ថា«​​​​អ្នក​ណា​ក៏​ថា​​ម្នាក់​ហ្នឹង​​ជា​សេដ្ឋី និង​ជា​​​អ្នក​មាន​លុយ​ដែរ អញ្ចឹង​បើ​ខ្ញុំ​ទាតិច​ពេក ​ថ្ងៃ​ក្រោយ​​ប្រាកដ​ជា​​​​អាង​បោះ​លុយ​ហើយ​ធ្វើ​​​អញ្ចឹង​ដាក់​អ្នក​ផ្សេង​ ​ទៀត អញ្ចឹង​​សម្រាប់​ខ្ញុំ​គឺ​ចង់​ទា​​​៥​លាន(ដុល្លារ)​តែម្ដង ដើម្បី​​ឲ្យ​រាង​ចាល​ ​ ហើយ​កុំ​ថា​​​​​​​បង់​លុយ​ឲ្យ​​ខ្ញុំ​​ហើយ​រួច​ខ្លួន គឺ​អ្នក​ឯង​​​​ត្រូវ​ជាប់​ទោស​ព្រហ្មណ្ឌ​មួយ​ទៀត លើ​ករណី​ប្រើ​អំពើ​ហិង្សា​លើ​ខ្ញុំ​!»។

​មេធាវី​របស់​ឧកញ៉ា សុខ ប៊ុន លោក យិន សុភី ប្រាប់​VODថាលោកមិនទាន់បានទទួលការពឹងពាក់ដោយផ្ទាល់ពីឧកញ៉ា សុខ ប៊ុន នៅឡើយទេ ក្រៅ​តែ​ពីក្រុមគ្រួសារឧកញ៉ា។ លោក​ក៏មិនទាន់អាចបញ្ជាក់បានថាតើពេលណាលោក​ សុខ ប៊ុន នឹង​វិលត្រឡប់មកកម្ពុជា​វិញ ដើម្បី​ដោះស្រាយបញ្ហា​នេះ​តាម​ផ្លូវ​ច្បាប់។​

ទាក់ទងនឹងការប្តឹងទាមទារសំណង៥លានដុល្លារពីសំណាក់កញ្ញា សាសា លោកមេធាវី យិន សុភី មានប្រសាសន៍​ថាជាសិទ្ធិរបស់កញ្ញាសាសា។ លោក​បញ្ជាក់​ថា«នេះជាសិទ្ធិរបស់គាត់ទេក្នុងការដាក់ប្តឹង នេះជាសិទ្ធិរបស់គាត់ទេ ប៉ុន្តែដំណឹងនេះខ្ញុំមិនទាន់បានទទួលជាក់លាក់នៅឡើយ»។

កញ្ញា​​សាសា​បាន​ឲ្យ​ដឹ​ង​ថា​មិត្ត​ភ័ក្រ្ត​របស់​​នាង គឺ​នារីជា​​ជន​ជាតិ​ជប៉ុន ដែល​ត្រូវ​​​​​​លោក​ឧកញ៉ា​​បង្ខំ​​ឲ្យ​ចេញ​ទៅ​​ក្រៅ​ជា​មួយ​ខ្លួនបាន​ដាក់​ ពាក្យ​ប្ដឹង​​​​​​ទៅ​លើ​ឧកញ៉ា​រូប​នេះពី​បទ​រំលោភសេពសន្ធវៈ បន្ថែម​លើ​ពាក្យ​បណ្ដឹង​របស់​នាង​​ផងដែរ​។

ការប្រើ​ហិង្សា​មក​លើ​កញ្ញាសាសាបាន​​កើត​ឡើង​​​តាំង​ពី​​យប់​ថ្ងៃ​​១ឈាន​ ចូល​​​ព្រឹក​ថ្ងៃ​ទី​​២ ខែ​កក្កដា​​ ប៉ុន្តែ​​សាសា​អះអះ​អាង​មក​ពីការ​ដាក់​ពាក្យ​បណ្ដឹង​មិន​ទទួល​បាន​​​​ ប្រតិកម្ម​​តប​តាម​ការ​ចង់​បាន ​ទើប​នាំ​ឲ្យ​មាន​ការបង្ហោះជា​​​វីដេអូឃ្លីបធ្វើ​​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ​តែ​ម្ដង​។

គួរបញ្ជាក់​ផងដែរ ឧកញ៉ា សុខ ប៊ុន គឺជា​ប្រធាន​ក្រុមហ៊ុនTEHO Development និង​ជា​ប្រធាន​​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ម្ចាស់​សណ្ឋាគារ​មួយ​កន្លែង​​ចំណាយ​ទុន​អស់​​ កន្លះ​លាន​ដុល្លារ និង​បាន​​បណ្តាក់ទុន​៥០០​លាន​ដុល្លារ​ លើ​គម្រោង​សាងសង់​​ក្រុង​រណប​នៅ​ជ្រោយចង្វា​។ លោក​ក៏​គេ​ស្គាល់​​ថា​​​​ជា​​​ដៃ​មុខ​ជំនួញ​ធំ​ដុំ​​​​​ជា​មួយ​ក្រុម​ហ៊ុន​ ធំៗ​នៅ​​​ក្នុង​ប្រទេស​សិង្ហបុរី​ផង​ដែរ​៕​

ប្រភព៖ VOD
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com ​

0 comments:

Post a Comment

Powered by Blogger.