ច្បាប់ស្រុកយើង

សហជីពថា​ច្បាប់ស្តីពីផ្ទះជួល​នឹង​ជួយច្រើន​​ដល់​កម្មកររោងចក្រ​កាត់ដេរ​​


សហជីព និង​កម្មករ​មួយ​ចំនួនបាន​​ស្វាគមន៍​ចំពោះ​សេចក្តីព្រាង​ច្បាប់​ភតិសន្យា​ពិសេស ឬ​ច្បាប់ជួល​ផ្ទះ ដោយ​ចាត់​ទុក​ថា​​ច្បាប់នេះ​​នឹង​ជួយ​ដល់​កម្មករ​រោងចក្រកាត់ដេរ។​

ច្បាប់​ភតិសន្យាពិសេស​នឹ​ង​មិនអនុញ្ញាត​​ឲ្យ​ម្ចាស់ផ្ទះជួល​ដំឡើង​ថ្លៃ​ផ្ទះសម្រាប់​កម្មករ និស្សិត និង​សិស្ស​ ដែល​​ជួលផ្ទះ ក្នុង​​អំឡុងពេល​​ពីរឆ្នាំនៃ​ការ​ជួល​ផ្ទះ​ និង​ផ្តល់សិទ្ធិ​ឲ្យ​អ្នក​ជួល​ផ្ទះអាច​ឈប់ជួល​ពេលណាក៏បាន។​

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី មានប្រសាសន៍ថា​លោក​គាំ​ទ្រ​ទៅ​នឹង​ច្បាប់​ទាំងឡា​យ​ណា​ដែលបម្រើ​​ផល​ប្រ​យោជន៍​របស់​កម្មករ។ លោក​ថា​ច្បាប់​ភតិសន្យានេះ​នឹង​ផ្តល់​ប្រយោជន៍សម្រាប់​កម្មករ ប៉ុន្តែ​លោក​ថា​ច្បាប់នេះ​ក៏​ត្រូវ​​តែ​ផ្តល់​ឱកាស​ទទួល​បាន​ផល​ចំណេញ​ទាំង​ភាគី​ម្ចាស់​ផ្ទះ​ជួល និង​កម្មករ។​

លោក​បន្ថែម​ថា«ការ​ធ្វើ​ច្បាប់​ទាំង​ឡាយ​ដែល​ធ្វើ​តម្រូវ​ឲ្យ​កម្មករ​យើងគាំ​ទ្រ នៅ​ពេលដែល​យើង​គិត​ថា​ជា​ផល​ប្រ​យោជន៍​ឲ្យ​កម្មករ ហើយ​ក៏ជាប្រយោជន៍ចំពោះម្ចាស់​ផ្ទះ​ផង​ ​សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា​ការ​ធ្វើ​ច្បាប់​ចំពោះ​កម្មករកម្មការិនី​ក្នុង​ការ​ជួល​ផ្ទះ​ហ្នឹង​វា​ល្អ​ហើយ ប៉ុន្តែ​យើង​ត្រូវ​ទុក​ឱកាសសម្រាប់​ឲ្យ​ម្ចាស់​ផ្ទះ​ហ្នឹង​ទទួល​បាន​​ផល​ពី​ការ​ជួល​ផ្ទះ​ហ្នឹង​ផង​ដែរ»។​

លោក ជា​ មុនី ឲ្យ​ដឹង​ដែរ​ថា​ក្នុង​ច្បាប់​នេះ​គួរតែ​មាន​បញ្ជាក់​ពីការ​វាយ​តម្លៃ​ប្រ​ភេទ​បន្ទប់​ជួល​ឲ្យ​សម​ទៅ​នឹង​តម្លៃ​របស់​បន្ទប់​ជួល​នោះផង​ដែរ។​

​​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រ​សាសន៍​ថា ច្បាប់​នេះ​នឹង​អាច​ទប់​ស្កាត់​ម្ចាស់​ផ្ទះ​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ​តាម​អំពើ​ចិត្ត។ លោក​ថាទោះ​បី​ជា​ច្បាប់​នេះហាក់​មា​នការ​ប៉ះ​ពាល់​ទៅ​ដល់​ទី​ផ្សារសេរី​ក្តី លោក​ថារដ្ឋ​មាន​សិទ្ធិ​​អន្តរាគមន៍នៅ​ពេលតម្លស​ណាមួយ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​មាន​ចំណូលទាប។លោក​បន្ថែម​ថា«ជា​ទូទៅ​យើង​គាំ​ទ្រ​ឲ្យ​មាន​ច្បាប់​ហ្នឹង​ដើម្បី​ឲ្យអ្នក​ម្ចាស់​ផ្ទះ​ហ្នឹង​កំណត់​តម្លៃ​ចេះ​តែ​តាម​ការ​នឹក​ឃើញ ហើយ​គាត់(ម្ចាស់​ផ្ទះ)​ក៏​ត្រូវ​រៀប​ចំ​បន្ទប់​ រៀប​ចំកន្លែង​ឲ្យ​មាន​ស្តង់ដារ​អីត្រឹម​ត្រូវ​ដែរ កុំឲ្យ​កន្លែង​ខ្លះរាល់​ថ្ងៃ​ហ្នឹង ផ្ទះ​ជួល​មាន​ប៉ុន្តែ​អត់​មាន​ផ្លូវ​សុវត្ថិភាព ហើយ​កន្លែង​អនាម័យ​អត់​ល្អ ពេល​មាន​ភ្លើង​ឆេះ​អី​ទៅ​ធ្វើ​ឲ្យ​ស្លាប់​ដល់​កម្មករ»។​

កម្មការិនីនៅ​រោង​ចក្រអឹម​វេ កញ្ញា ឈួន ណែត មាន​ប្រ​សាសន៍​ថាកញ្ញាពេញ​ចិត្ត​ទៅ​នឹង​សេចក្តី​ស្នើ​ច្បាប់​នេះ ដោយកញ្ញា​លើក​ឡើង​ថាសព្វ​ថ្ងៃ​ទំនិញ​នៅ​លើ​ទី​ផ្សារ​កំពុង​តែ​ឡើង​ថ្លៃ​ខ្ពស់ ហើយ​បើ​តម្លៃ​​ផ្ទះ​ជួល​ឡើង​ថ្លៃ​ទៀត នឹង​ធ្វើ​ឲ្យ​កម្មករ​កាត់​ដេរ​ចំណាយ​ប្រាក់​កាន់​តែ​ច្រើន។ កញ្ញា​បន្ថែម​ថា«​ល្អ​ត្រង់​ថាឥឡូវ​ទំនិញ​វា​ឡើង​​ថ្លៃ​ច្រើន​អញ្ចឹង​ ហើយ​កម្មករ​បាន​ប្រាក់​ខែតិចៗ​ដែរ បើ​សិន​ជាផ្ទះ​ជួល​ឡើង​ថ្លៃ​អីអញ្ចឹង​ទៅគ្នាចំណាយច្រើ​អី​ច្រើ​នអញ្ចឹងទៅ គ្នា​មិនបាន​ផ្គត់​ផ្គង់​គ្រួសារច្រើនអញ្ចឹង​»។

សេចក្តីស្នើច្បាប់ភតិសន្យាពិសេស មាន៤ជំពូក ចែកចេញ១១មាត្រា។​ មាត្រា១នៃសេចក្តីស្នើ​ច្បាប់នេះ​ចែង​ថា​ច្បាប់នេះ​មាន​គោល​បំណង​ធានា​ការពារ ​សិទ្ធិ​ និង​ផលប្រយោជន៍​របស់ភតិបតី(ម្ចាស់ផ្ទះជួល​) និង​ភតិកៈ​(អ្នកជួលផ្ទះ) ដើម្បីស្ថិរភាព​ក្នុង​ជីវភាពរស់នៅ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយសាធារណៈ។ ច្បាប់ភតិសន្យាពិសេសនេះ​អនុវត្តចំពោះភតិកៈ​ជាកម្មករ សិស្ស និង​និស្សិត ដែល​ជួល​អចលនវត្ថុ​ក្នុង​គោល​បំណង​​​ស្នាក់​នៅ​​តែប៉ុណ្ណោះ ហើយ​អចលនវត្ថុ​ដែល​ជា​កម្មសិទ្ធិ​នៃ​ភតិ​សន្យា​ គឺ​ជា​បន្ទប់​ជួល​ស្នាក់នៅ។​

មាត្រា៣ចែងថាច្បាប់នេះមានវិសាលភាព​អនុវត្តចំពោះ​ភតិសន្យា​ពិសេស​ដែល​មាន​ ម្ចាស់ផ្ទះយក​ថ្លៃ​ឈ្នួល​ក្នុង​លក្ខណៈ​អាជីព។ ភតិសន្យា​ពិសេស​ត្រូវ​ធ្វើ​ជា​លាយ​លក្ខណ៍អក្សរ និង​មាន​សេចក្តីបញ្ជាក់​របស់មេឃុំ ឬ​ចៅសង្កាត់ ហើយ​ម្ចាស់ផ្ទះ​​មាន​ករណីយកិច្ច​ធ្វើ​កិច្ច​ការ​នេះ​ចាំបាច់។

នាយក​ប្រ​តិបត្តិ​សហព័ន្ធនិស្សិត​បញ្ញវន្តកម្ពុជា លោក ទិប ទាវ ​មាន​ប្រ​សាសន៍​ថាច្បាប់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បីតែ​ទាញ​យក​ផល​ប្រ​យោជន៍​នយោ​បាយ​តែ​ប៉ុណ្ណោះ។ លោក​ថាបើ​រដ្ឋា​ភិ​បាល​គិត​គូ​ដល់​សិស្ស និស្សិត រដ្ឋា​ភិ​បាល​គួរតែ​គិត​គូ​ពី​ការ​បញ្ជុះ​តម្លៃ​​ទំនិញ និង​ប្រេង​សាំង​ល្អ​ជាង។ លោក​ថា បើ​តាម​ការ​សង្កេតរបស់​លោកផ្ទះ​ដែល​សិស្ស និស្សិត​ជួលស្នាក់​នៅមិន​ងាយ​នឹង​ឡើង​ថ្លៃ​នោះ​ទេ ហើយ​​បើ​ឡើងថ្លៃ ​ក៏​ឡើង​តិច​តួច​ប៉ុណ្ណោះ។​ លោក​បន្ថែមថា«ប៉ុន្តែ​បើ​គិត​ថា​ចង់​ជួយ​ដល់​សិស្ស​ និស្សិតគឺ​ទម្លាក់​តម្លៃ​ទំនិញ​ទី​ផ្សារ​ទៅ ជាពិសេស​តម្លៃ​សាំង​ ទម្លាក់​តម្លៃ​​សាំងមួយ អ្វីៗ​នឹង​ធ្លាក់​មក​ឯង​ហើយ អញ្ចឹង​ជិវិត​សិក្សារបស់​សិស្ស និស្សិត​ដែល​មក​ពី​តា​ម​បណ្តាខេត្ត​ម​ក​រស់​នៅ​ភ្នំពេញ​ហ្នឹង​មាន​ភាព​ងាយ​ស្រួល​ហើយ»។​

បើ​តាម​ការ​សាក​សួរ​របស់​VOD ម្ចាស់​ផ្ទះ​ជួល​មួយ​ចំនួនបាន​លើក​ឡើង​ថា​ពួកគាត់​មិន​ជំ​ទាស់ទៅ​នឹង​ច្បាប់​នេះ​​នោះ​ទេ ប៉ុន្តែ​ពួកគាត់ចង់​ឲ្យ​​រដ្ឋាភិ​បាលក៏​គួរ​គិត​គូ​ពី​ការ​ទប់​ស្កាត់​មិន​ឲ្យ​ដំឡើង​​ថ្លៃ​ម្ហូប​អាហារ និង​ថ្លៃ​ប្រេង​​សាំង​ផង​ដែរ។

មាត្រា​៧នៃ​សេចក្តីព្រាងច្បាប់​ភតិសន្យាពិសេសនេះ​ចែង​ថា​ម្ចាស់ផ្ទះជួល​មាន​សិទ្ធិរំលាយភតិសន្យាពិសេស​​បាន​តែ​ករណី ដូចជា​អ្នក​ជួល​ផ្ទះ​​មិន​បង់ថ្លៃ​ឈ្នួល​២ដង ជា​បន្ត​បន្ទាប់ ដោយ​គ្មានមូលហេតុ​សមស្រប អ្នក​ជួលផ្ទះ​ប្រើប្រាស់ និង​អាស្រ័យ​ផល​លើ​វត្ថុ​​ជួល​ខុស​ពីគោលបំណង​នៃ​ការ​ជួល និង​អ្នក​ជួលផ្ទះ​​ដោយ​ចេតនាធ្វើ​ឲ្យ​ប៉ះពាល់​ដល់សណ្តាប់ធ្នាប់​ច្រើនលើក​ និង​បង្ក​ឲ្យ​មានឥទ្ធិ​ពល​ធ្ងន់​ធ្ងរ​ដល់ជីវភាព​រស់នៅ​ជា​ប្រក្រតី​របស់អ្នក ​រស់នៅជុំវិញ។ មាត្រា​៧​បន្ត​ថា​បន្ទប់​ជួលស្នាក់​នៅ​ ត្រូវជួលស្នាក់នៅ​ ត្រូវជួស​ជុល​ធំៗ ឬ​សាងសង់​ជាថ្មី​តាម​បញ្ជា​របស់​អាជ្ញាធរ​ធម្មានុរូប។

រដ្ឋសភា​នឹង​បើក​ឲ្យ​មាន​ការ​ពិនិត្យ និង​អនុម័តសេចក្តី​ស្នើ​ច្បាប់​ភតិសន្យាពិសេស​នេះ នៅថ្ងៃ​ចន្ទសប្តាហ៍ក្រោយ។​

គួរ​បញ្ជាក់​ថា​សេចក្តីស្នើ​ច្បាប់នេះត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​​លោក ​នាយក​រដ្ឋ​មន្ដ្រី​ ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី បានឯកភាព​គ្នា​ឲ្យ​បង្កើត​ច្បាប់​មួយ​ដែល​អាចបញ្ចៀស​ការ​​ដំឡើង​ ថ្លៃផ្ទះជួលនានា​​ស្រេច​តែ​ចិត្ត ដែល​នាំឲ្យ​ប្រជា​ពលរដ្ឋ​រអ៊ូ​​រទាំ។

កន្លងទៅ កម្មករ​រោងចក្រកាត់ដេរ​តែងតែ​រអ៊ូរទាំថាម្ចាស់ផ្ទះជួល​ មួយចំនួនបានដំឡើងថ្លៃឈ្នួល​ស្រេចតែចិត្ត ខណៈ​ប្រាក់ឈ្នួល​របស់កម្មករ​ត្រូវ​បាន​ដំឡើង​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថាកម្មករ​ប្រមាណ​១៥០០០០​នាក់ដែល​បាន​ជួល​ផ្ទះ ​ដើម្បី​ស្នាក់​នៅ​ពេល​បំពេញ​ការងារ​ក្នុង​វិស័យ​កាត់ដេរ៕ រាយការណ៍បន្ថែម​ដោយ​លោក ស៊ុន ណារិន



ប្រភព៖ ដោយ៖​ ទូច សុខា​ | ថ្ងៃសុក្រ ទី3 កក្កដា 2015, 06:16 PM​ http://vodhotnews.com

សរសេរមកកាន់លោកទូច សុខា តាមរយៈsokha@vodhotnews.com

0 comments:

Post a Comment

Powered by Blogger.