![]() |
ក្រុម អង្គការសង្គមស៊ីវិលធ្វើយុទ្ធនាការទាមទារឱ្យរដ្ឋសភាទម្លាក់ចោល សេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលកាលពីថ្ងៃទី៣០ ខែមិថុនា (រូបភាព៖ ទេព សូនី) |
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ក៏ដូចជាគណបក្សប្រឆាំងសុទ្ធតែអះអាងថា ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមិនទាន់ចាំបាច់នៅឡើយទេសម្រាប់កម្ពុជា ។ ជាក់ស្ដែង ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិគឺលោក សម រង្ស៊ី និងលោក កឹម សុខា បានអះអាងប្រាប់តំណាងសង្គមស៊ីវិលថា គណបក្សប្រឆាំងមិនគាំទ្រ ហើយនឹងមិនបោះឆ្នោតគាំទ្រសេចក្ដីព្រាងច្បាប់នេះទេ ។
ចំណែកកាលពីដើមខែមិថុនា ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិកដែលទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោក Scott Busby បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយលោកបានជួបជាមួយតំណាងអង្គការសង្គមស៊ីវិល និងមន្ត្រីរដ្ឋាភិបាល ។ លោកបានសម្ដែងការបារម្ភពីសេចក្តីព្រាងច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាល ដោយលោកគិតថាច្បាប់នេះនឹងរឹតត្បិតសិទ្ធិសេរីភាពរបស់សង្គមស៊ីវិល ។ លោកក៏បានអះអាងផងដែរថា ច្បាប់នេះមិនទាន់ចាំបាច់មានសម្រាប់កម្ពុជានៅពេលនេះនោះទេ ។
លើសពីនេះទៅទៀត ក្រុមអង្គការសង្គមស៊ីវិលបាននិងកំពុងធ្វើយុទ្ធនាការទាមទារឲ្យរដ្ឋសភាទម្លាក់ចោលសេចក្ដីព្រាងច្បាប់នេះ ដែលសភាគ្រោងនឹងអនុម័តនៅពេលខាងមុខ ដោយពួកគេអះអាងថា សេចក្ដីព្រាងច្បាប់នេះមានលក្ខណៈរឹតត្បិត ហើយនឹងធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការរបស់អង្គការសង្គមស៊ីវិល ។
មន្ត្រីសង្គមស៊ីវិលថា មាត្រា៥ មាត្រា១០ មាត្រា១៥ មាត្រា២២ មាត្រា៣០ និងមាត្រា៣២ នៃសេចក្ដីព្រាងច្បាប់នេះ សុទ្ធតែជាការបារម្ភខ្លាំង ដែលមាត្រា៣២នេះ បានចែងពីការផាកពិន័យធ្ងន់ធ្ងរដល់អង្គការ ឬសមាគមណាដែលមិនបានបំពេញលក្ខខណ្ឌតាមច្បាប់នោះ ហើយឈានទៅលុបឈ្មោះអង្គភាពនោះចោល ។
ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ច្បាប់នេះគឺចាំបាច់សម្រាប់កម្ពុជា ដើម្បីការពារទ្រទ្រង់សិទ្ធិសេរីភាព និងផលប្រយោជន៍របស់សមាគម អង្គការមិនមែនរដ្ឋាភិបាល និងផលប្រយោជន៍សាធារណៈ ព្រមទាំងធានាឲ្យកិច្ចសហប្រតិបត្តិការរបស់អង្គការសង្គមស៊ីវិល ។
ចំណែកអ្នកនាំពាក្យ និងជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានលើកឡើងក្រោយពីកិច្ចពិភាក្សាជាមួយគណៈកម្មការបីនៃរដ្ឋសភាថា គណៈកម្មការទាំងបីបានសម្រេចថាសេចក្តីព្រាងច្បាប់នេះត្រូវធ្វើនៅពេលនេះ ដោយនៅថ្ងៃទី០៦ ខែកក្កដា គណៈកម្មការនឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល ដើម្បីស្នើឲ្យកែលម្អអក្ខរាវិរុទ្ធមួយចំនួន ហើយនឹងជួបពិភាក្សាជាមួយអង្គការសង្គមស៊ីវិលនៅថ្ងៃទី៨ ខែកក្កដា ។
តើមូលហេតុអ្វីបានជារដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាពន្លឿនចង់ឱ្យមានច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅពេលនេះ? តើគណបក្សប្រជាជនកម្ពុជាទទួលបានផលប្រយោជន៍ និងខាតបង់អ្វីខ្លះពេលច្បាប់នេះត្រូវបានអនុម័ត?
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក រស់ រ៉ាវុធ យល់ថា មូលហេតុដែលរដ្ឋាភិបាលចង់ឲ្យមានច្បាប់អង្គការនៅពេលនេះ ដោយសាររដ្ឋាភិបាលមើលឃើញថា មានអង្គការសង្គមស៊ីវិលមួយចំនួនបានធ្វើសកម្មភាពមិនត្រឹមត្រូវដូចជាការលាងលុយកខ្វក់ និងចាយថវិកា ដោយមិនបានផ្ដល់ផលប្រយោជន៍ដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋជាដើម ។ លោកបន្តថា ករណីបដិវត្តន៍ព័ណ៌ដែលបានកើតឡើងនៅសហគមអារ៉ាប់ក៏ជាមូលហេតុជំរុញឲ្យរដ្ឋាភិបាលចង់ឲ្យបង្កើតច្បាប់នេះឡើងផងដែរ ។
លោកថា «ការអនុម័តច្បាប់នេះ ចំណុចសំខាន់គឺការពង្រឹង ដែលមានមួយរយៈកាលក្រោយមកគេហៅថា ការធ្វើបដិវត្តន៍ព័ណ៌នៅអឺរ៉ុប ដែលពាក់ព័ន្ធជាមួយនឹងអង្គការសង្គមស៊ីវិល ការលាងលុយកខ្វក់នៅអន្តរជាតិតាមសង្គមស៊ីវិល អញ្ចឹងការធ្វើនេះវាល្អម្យ៉ាង ដើម្បីកុំឱ្យគេយកប្រទេសកម្ពុជាដែលគេហៅថាប្រទេសកំពុងតែអភិវឌ្ឍនេះ ពាក់ព័ន្ធជាមួយនឹងបញ្ហានេះ» ។
យ៉ាងណាក៏ដោយ លោក រស់ រ៉ាវុធ លើកឡើងថា រដ្ឋាភិបាលមិនគួរណាប្រញ៉ាប់ប្រញ៉ាល់ក្នុងការអនុម័តច្បាប់នេះពេកទេ ដោយលោកថា គួរតែមានការពីគ្រោះគ្នាបន្ថែមទៀត រកចំណុចរួមមួយ ដើម្បីជាប្រយោជន៍ជាតិជារួម ។
លោក រស់ រ៉ាវុធ បន្តថា ប្រសិនបើរដ្ឋាភិបាលអនុម័តច្បាប់នេះនៅក្នុងទម្រង់ដែលមានការរឹតត្បិតទៅលើសង្គមស៊ីវិលដែលប្រតិបត្តិការដោយត្រឹមត្រូវ នោះនឹងធ្វើឲ្យមានការខាតបង់ដល់ប្រជាពលរដ្ឋ ។ លោកថា អង្គការអន្តរជាតិអាចកាត់បន្ថយជំនួសរបស់ខ្លួន ធ្វើឲ្យខាតបង់ថវិការក្នុងការអភិវឌ្ឍជាតិ ហើយរដ្ឋាភិបាលនឹងបាត់បង់ការទុកចិត្តពីក្រុមអង្គការសង្គមស៊ីវិល និងមជ្ឈដ្ឋានអន្តរជាតិ ។ លោកថា «គឺការមិនទុកចិត្តលើអង្គការសង្គមស៊ីវិលលើរដ្ឋាភិបាល យើងប្រើពាក្យសង្គមស៊ីវិលជារួមទៅព្រោះសង្គមស៊ីវិលវាមានថ្នាក់ជាតិ និងអន្តរជាតិ ។ អញ្ចឹង អ្វីដែលមិនធ្វើតាម គឺវាតែងតែមានការជះឥទ្ធិពលបន្តិចបន្តួច ឬមានការអាក់អន់ចិត្តបន្តិចហើយ អញ្ចឹងប្រសិនណាបើប៉ះពាល់ធ្ងន់ធ្ងរ អាហ្នឹងគេហៅថាវាមានការជះឥទ្ធិពលលើប្រជាពលរដ្ឋ» ។
លោក រស់ រ៉ាវុធ បន្តទៀតថា សង្គមស៊ីវិលមានតួនាទីសំខាន់ក្នុងការបំពេញចំណុចខ្វះខាតរបសរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ ក៏ដូចជាអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ពួកគេ ។
សម្រាប់អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោក កែម ឡី យល់ថា នេះជានយោបាយទាល់ច្រករបស់គណបក្សប្រជាជនកម្ពុជា ដោយលោកថា មធ្យោបាយរបស់គណបក្សនេះក្នុងការទាក់ទាញប្រជាប្រិយភាពពីប្រជាពលរដ្ឋគឺអស់ប្រសិទ្ធភាព បើទោះជាមានការធ្វើកំណែទម្រង់ក៏ដោយ ។ លោកថា គណបក្សកាន់អំណាចព្យាយាមរៀបចំច្បាប់មួយចំនួនដូចជាច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មលើប្រព័ន្ធបច្ចេកវិទ្យា ច្បាប់សហជីព និងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ដើម្បីរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ ហើយឈានទៅដល់ការឈ្នះឆ្នោត ។
លោក កែម ឡី លើកឡើងថា «ជារួមយើងមើលទៅ គាត់មិនខ្វល់ពីរឿងប្រជាប្រិយភាព គាត់មិនខ្វល់ពីរឿងការគាំទ្រឬមិនគាំទ្ររបស់ប្រជាពលរដ្ឋ គាត់ធ្វើយ៉ាងណាឱ្យតែយុត្តិសាស្ត្រនៃការបោះឆ្នោតហ្នឹងគាត់អាចរកសំឡេងបានតាមរយៈការរឹតត្បិតសិទ្ធិសេរីភាពអញ្ចឹង តាមរយៈការគំរាមកំហែង ការទិញទឹកចិត្ត» ។
លោក កែម ឡី លើកឡើងថា គណបក្សប្រឆាំងអាចនឹងឆ្លៀតឱកាសនេះ ដើម្បីទាញការគាំទ្រពីប្រជាពលរដ្ឋ ប៉ុន្តែលោកថា គណបក្សសង្គ្រោះជាតិត្រូវមានត្រូវមានជំហររឹងមាំផងដែរ ។ លោកថា «កាលណាប៉ូលក្នុងរដ្ឋាភិបាលមានការរឹតបន្តឹងគំរាមកំហែងរៀបចំច្បាប់ដើម្បីត្រួតត្រា អាប៉ូលមួយទៀតវាត្រូវលេចឡើងហើយ ប៉ូលបក្សក្រៅរដ្ឋាភិបាល ។ អញ្ចឹងបើប៉ូលមួយទៀតលេចឡើង ចង់មិនចង់ស្អីក៏ជារឿងនយោបាយដែរ ទោះបីគណបក្សប្រជាជនធ្វើក៏ជារឿងនយោបាយ ដើម្បីឈ្នះ ទោះបីគបណបក្សសង្គ្រោះជាតិធ្វើក៏ជារឿងនយោបាយ ដើម្បីទាញប្រជាប្រិយភាព ជាកត្តាសត្យានុម័ត» ។
យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០១៤ ឲ្យដឹងថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីនៅក្រសួងមានចំនួនសរុប ៤៣៧៨ ក្នុងនោះ សមាគមចំនួន១៧០៦ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន២៦៧២ ។
អ្នកវិភាគបានលើកឡើងជាយោបល់ថា ដើម្បីធានាថា ច្បាប់នេះមិនមានផលប៉ះពាល់ជាអវិជ្ជមានទៅលើប្រជាពលរដ្ឋក៏ដូចជាការអភិវឌ្ឍជាតិ ច្បាប់នេះគួរត្រូវបានពិភាក្សាពិគ្រោះយោបល់ឲ្យបានទូលាយ ចៀសវាងការរឹតត្បិតដល់អង្គការសង្គមស៊ីវិលដែលមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍ ៕
ប្រភព៖ ដោយ៖ អុិត សូធឿត | ថ្ងៃសុក្រ ទី3 កក្កដា 2015, 05:57 PM
http://vodhotnews.com
សូមសរសេរមកលោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com
0 comments:
Post a Comment