![]() |
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងនៅថ្ងៃអង្គារនេះ(រូបថតដោយទេព សូនី) |
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃអង្គារនេះ បានបញ្ជាឲ្យចាប់ខ្លួនឧកញ៉ា សុខ ប៊ុន ដែលជាប់ពាក់ព័ន្ធនឹងការប្រើហិង្សាលើអតីតពិធីការិនីទូរទស្សន៍កញ្ញា សាសា និងព្រមានអ្នកដែលហ៊ានចេញមុខកាងរឿងនេះ។
លោក សុខ ប៊ុន ជាប់ពាក់ព័ន្ធនឹងការប្រើហិង្សាមកលើកញ្ញាសាសា កាលពីយប់ថ្ងៃ១ឈានចូលព្រឹកថ្ងៃទី២ ខែកក្កដា។ ក្រោយពីហិង្សាកើតឡើងមានការបង្ហោះជាវីដេអូឃ្លីបលើបណ្តាញសង្គមហ្វេ សប៊ុកជាបន្តបន្ទាប់។
ក្នុងពិធីផ្សព្វផ្សាយ អំពីបញ្ហាព្រំដែន និងការបង្គោលខណ្ឌសីមា ជូនដល់អាជ្ញាធរខ្មែរទូទាំងប្រទេស លោក ស ខេង មានប្រសាសន៍ថាការប្រកាសលាលែងពីតំណែងរបស់ឧកញ៉ា សុខ ប៊ុន និងការបង់ថ្លៃជំងឺជិត មិនទាន់គ្រប់គ្រាន់នោះទេ ដែលលោកចាត់ទុកថាសំខាន់គឺតុលាការ។ លោកបន្តថាករណីនេះ លោកដឹងថាមានអ្នករារាំងនៅពីក្រោយ ប៉ុន្តែលោកថាកុំឲ្យកាងរឿងនេះ។
លោក ស ខេង បានបញ្ជាឲ្យអាជ្ញាធរចាប់ខ្លួនលោក សុខ ប៊ុន ឲ្យបាន ដោយលោកចាត់ទុកករណីវាយលើស្រ្តីនេះបានជះឥទ្ធិពលខ្លាំងដល់សង្គម ខ្មែរ និងប៉ះពាល់ដល់រដ្ឋាភិបាល ប្រសិនបើមិនមានការចាប់ខ្លួន។
លោក សុខ ប៊ុន នៅថ្ងៃអង្គារនេះ បានចេញលិខិតបំភ្លឺជាសាធារណៈមួយ ដោយសុំការអធ្យាស្រ័យពីក្រុមគ្រួសារកញ្ញាសាសា និងបានប្រកាសលាឈប់ពីតំណែងក្រុមហ៊ុនដែលលោកគ្រប់គ្រង ព្រមទាំងងារឧកញ៉ាដែលលោកបានទទួល។ លិខិតឲ្យដឹងថាលោកសោកស្តាយចំពោះជម្លោះរវាងរូបលោកនិងញ្ញាសាសា ដែលបានកើតឡើងកាលពីថ្ងៃទី០២ ខែកក្កដា និងបានបង្កឲ្យមានរបួសទាំងសងខាង។ លោកបន្តថាជម្លោះនោះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កញ្ញាសាសា និងរូបលោកផ្ទាល់។ ក្នុងលិខិតនោះ លោក សុខ ប៊ុន បានប្រកាសជាសាធារណៈថាលោកសុំលាឈប់ពីប្រធានសមាគមវាយតម្លៃ អចលនវត្ថុ និងផ្ទេរសិទ្ធិទាំងស្រុកទៅឲ្យក្រុមប្រឹក្សាភិបាលវិញ។ លោក សុខ ប៊ុន ក៏បានប្រកាសលាឈប់ពីនាយកក្រុមហ៊ុនTEHO-SBG Development Co.,Ltd. ផងដែរ។ លោកក៏បានប្រកាសសុំលាឈប់ពីងារឧកញ៉ាផងដែរ។
យោងតាមលិខិតដដែល លោក សុខ ប៊ុន បានស្នើសុំចូលរួមជាវិភាគទានជួយព្យាបាលដល់កញ្ញាសាសាចំនួន១សែន ដុល្លារ និងបានស្នើសុំការយោគយល់ឈប់ប្រកាន់ និងមិនសងសឹកពីក្រុមគ្រួសាររបស់កញ្ញាសាសា។ លោកក៏បានប្រកាសសុំអធ្យាស្រ័យពីស្ថាប័នតុលាការ ដើម្បីទុកពេលឲ្យលោកព្យាបាលជំងឺស្ត្រេស ដែលលោអះអាងថាលោកមានជំងឺនេះធ្ងន់ធ្ងរ និងទុករាល់ការងារនីតិវិធីច្បាប់ជូនមេធាវីរបស់លោក។
មេធាវីរបស់ឧកញ៉ា សុខ ប៊ុន លោក យិន សុភី ប្រាប់VODថាលោកមិនទាន់បានទទួលការពឹងពាក់ដោយផ្ទាល់ពីឧកញ៉ា សុខ ប៊ុន នៅឡើយទេ ក្រៅតែពីក្រុមគ្រួសារឧកញ៉ា។ លោកក៏មិនទាន់អាចបញ្ជាក់បានថាតើពេលណាលោក សុខ ប៊ុន នឹងវិលត្រឡប់មកកម្ពុជាវិញ ដើម្បីដោះស្រាយបញ្ហានេះតាមផ្លូវច្បាប់។
អតីតពិធីការិនីCTN នាង ឯក សុជាតា ហៅសាសា បានត្រឡប់មកពីពិនិត្យភ្នែក និងមើលស្នាមរបួសពីប្រទេសថៃវិញហើយ កាលពីថ្ងៃទី១៣ កក្កដា។ កញ្ញាបានប្រកាសថាចង់បានសំណងជំងឺចិត្តរហូតដល់៥លាន ដុល្លារ និងបានប្រកាសថាបើទោះជាខាងតុលាការសម្រេចនាងបានសំណង ប៉ុន្មានក៏ដោយ ក៏នឹងប្រគល់៥០ភាគរយដាច់ខាត ជួយដល់សង្គម និងមូលនិធិស្រ្តីរងគ្រោះ។ កញ្ញាបញ្ជាក់បន្ថែមថាមិត្តភ័ក្រ្តរបស់នាង គឺនារីជាជនជាតិជប៉ុន ដែលត្រូវលោកឧកញ៉ាបង្ខំឲ្យចេញទៅក្រៅជាមួយខ្លួនបានដាក់ ពាក្យប្ដឹងទៅលើឧកញ៉ារូបនេះពីបទរំលោភសេពសន្ធវៈ បន្ថែមលើពាក្យបណ្ដឹងរបស់នាងផងដែរ។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ កាលពីថ្ងៃចន្ទ បានស្នើទៅកាន់ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជាឲ្យជួយរាយការណ៍ ករណីនេះទៅអាជ្ញាធរសិង្ហបុរី។ លោកស្រីស្នើឲ្យអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសនេះជួយសហការជាមួយ អាជ្ញាធរកម្ពុជា ដើម្បីបញ្ជូនខ្លួនលោក សុខ ប៊ុន មកកម្ពុជា។
គួរបញ្ជាក់ផងដែរ ឧកញ៉ា សុខ ប៊ុន គឺជាប្រធានក្រុមហ៊ុនTEHO Development និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលត្រូវគេស្គាល់ថាជាម្ចាស់សណ្ឋាគារមួយកន្លែងចំណាយទុនអស់ កន្លះលានដុល្លារ និងបានបណ្តាក់ទុន៥០០លានដុល្លារលើគម្រោងសាងសង់ក្រុងរណបនៅជ្រោយ ចង្វា។ លោកក៏គេស្គាល់ថាជាដៃមុខជំនួញធំដុំជាមួយក្រុមហ៊ុន ធំៗនៅក្នុងប្រទេសសិង្ហបុរីផងដែរ៕
ប្រភព៖ VOD
សរសេរមកកាន់លោក យ៉ា រសាត់ តាមរយៈrorsart@vodhotnews.com
0 comments:
Post a Comment