គតិបណ្ឌិត

សញ្ញាណ​​​​ចំនួន ១០ បញ្ជាក់​ថា អ្នក​ជា​មនុស្ស​​​ដើរ​តាម​​តែ​គេ​ មិន​មាន​​ជំហរ​​ជា​អ្នក​ដឹកនាំ


នៅ​ពេល​និយាយ​ពី​ប្រធានបទ​នេះ លោក​អ្នក​ច្បាស់​ជា​ដឹង​យ៉ាង​ច្បាស់​ហើយ​ថា បច្ចុប្បន្ន​ លោក​អ្នក​ជា​មនុស្ស​ដឹកនាំ​គេ (Leader) ត្រូវ​បាន​គេ​ដឹកនាំ (Follower)។ បើ​លោក​អ្នក​នៅ​មាន​ភាព​ស្រពិចស្រពិល​លើ​បញ្ហា​នេះ សូម​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​នូវ​ចំណុច​ទាំង ១០ ខាងក្រោម​នេះ​​នឹង​ដឹង​ហើយ​ថា លោក​អ្នក​ជា​​បុគ្គល​ណាមួយ​​ក្នុង​ចំណោម​បុគ្គល​ចំនួន​ពី​រ​ប្រភេទ​នេះ។​

១) មិន​សូវ​ពូកែ​ស្ទាបស្ទង់​ចិត្ត​អ្នកដទៃ​
នេះ​ជា​សញ្ញាណ​ដំបូង​ដែល​បង្ហាញ​ពី​ចំណុច​អវិជ្ជមាន​​របស់​អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​ដឹកនាំ​គេ​បាន។ អ្នក​ត្រូវ​ដឹង​ថា បើ​ចង់​ក្លាយ​ជា​បុគ្គល​ដឹក​នាំ​គេ អ្នក​ត្រូវ​តែ​យល់​ច្បាស់ និង អាច​វាយ​តម្លៃ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​បាន​ដូច​ជា​ចំណុច​ខ្លាំង ឬ ចំណុច​ខ្សោយ​ជា​ដើម​របស់​​បុគ្គល​នោះ​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ​បំផុត​។ បើ​ពុំ​ដូច្នោះ​ទេ ​អ្នក​មិន​​អាច​ដឹកនាំ​ពួកគេ​ឲ្យ​​ឈាន​ទៅ​រក​ដំណាក់​កាល​មួយ​ល្អ​ប្រសើរ​បាន​ឡើយ។ ​​

២)​ងាយ​ទទួល​រង​​​ឥទ្ធិពល​ពី​គំនិត​អ្នកដទៃ​នៅ​ពេល​សម្រេច​ចិត្ត​អ្វី​មួយ
ការ​សម្រេចចិត្ត​គឺ​ជា​ភារកិច្ច​ចុងក្រោយ​របស់​អ្នកដឹកនាំ​ដែល​ត្រូវ​អារកាត់​គ្រប់​រឿង​ដោយ​មិន​ស្ទាក់ស្ទើរ និង មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ថា ការ​សម្រេចចិត្ត​នោះ​ពិត​ជា​ត្រឹមត្រូវ។ យ៉ាងណាមិញ​ក្នុង​កាលៈទេសៈ​នេះ ​គំនិត​របស់​អ្នក​ដែល​ថា ត្រូវ​សម្រេចចិត្ត​​ដឹកនាំ​ក្រុម​ការងារ​ដើរ​ទៅ​ផ្លូវ​ណា​មួយ​ហើយ​នោះ តែ​បែរ​ជា​ត្រូវ​ផ្លាស់ប្ដូរ​វិញ​ដោយ​សារ​តែ​​ឥទ្ធិពល​​គំនិត​របស់​អ្នកណា​ម្នាក់​ភ្លាមៗ នេះ​បញ្ជាក់​ថា អ្នក​មិន​ទាន់​មាន​សមត្ថភាព​ដឹកនាំ​គេ​នៅ​ឡើយ​ទេ។ ​​​

៣)​ អនុវត្ត​​អ្វីៗ​តាម​តែ​គេ​ប្រាប់​ឬ ​ការ​បញ្ជា​ មិន​មាន​គំនិត​ច្នៃប្រឌិត​ថ្មី
នៅ​ក្នុង​បរិបទ​អាជីវកម្ម​ក្តី ឬ កិច្ចការ​នយោបាយ​ក្តី គេ​សង្កេត​ឃើញ​ថា បុគ្គល​ដែល​ដើរ​តាម​គេ មិន​សូវ​ហ៊ាន​ធ្វើ​អ្វី​មួយ​ដែល​ដើរ​​ប្រាសចាក​ទៅ​នឹង​វិន័យ និង បទបញ្ជា​ដែល​​​អ្នកដឹកនាំ​របស់​ខ្លួន​ដាក់​ឲ្យ​​នោះ​ឡើយ។ នេះ​វា​ខុស​ពី​បុគ្គល​មួយ​ចំនួន​ដែល​មាន​ចរិត​ជា​អ្នក​ដឹកនាំ ចូលចិត្ត​​ស្រាវជ្រាវ​ ​ផ្លាស់ប្ដូរ​ទម្លាប់​បែប​បញ្ជា​ ឬ ការ​បង្ខិតបង្ខំ​ មក​ជា​ទម្លាប់​បង្កើត​គំនិត​​​​​ច្នៃប្រឌិត​ថ្មីៗ​​​នៅ​​ក្នុង​បរិយាកាស​ការងារ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ទៅ​មុខ​ជានិច្ច​​។ ​​

៤)​ ជា​មនុស្ស​ដែល​ចូលចិត្ត​គេច​ចេញ​ពី​បញ្ហា​
អ្នក​ធ្លាប់​បាន​ដឹង​រួច​ហើយ​ថា ​អ្នក​ដឹក​នាំ​ឆ្នើម​​ជា​គំរូ​សម្រាប់​អ្នក​ដទៃ ត្រូវ​តែ​ជា​បុគ្គល​ដែល​មាន​ទំនួល​​​ខុសត្រូវ​ខ្ពស់​ ក្រាញ​ននៀល​មិន​ចុះចាញ់​បញ្ហា និង ស្វែង​រក​ដំណោះស្រាយ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជូន​មនុស្ស​គ្រាប់​គ្នា​។ បុគ្គល​ប្រភេទ​នេះ ស្វាគមន៍​ជានិច្ច​រាល់​បញ្ហា​នានា ជា​ពិសេស​​ការ​ទទួល​យក​ការ​រិះគន់ និង ភាព​បរាជ័យ​របស់​ខ្លួន​ដែល​វា​ខុស​ទៅ​នឹង​បុគ្គល​មួយ​ចំនួន​ដែល​​មិន​មាន​​អត្តចរិត​ជា​អ្នកដឹកនាំ បាន​ត្រឹមតែ​​ភ័យខ្លាច​​មិន​ហ៊ាន​ប្រឈមមុខ​ទៅ​នឹង​បញ្ហា ​ធ្វើ​អ្វី​តាម​តែ​គេ​ប្រាប់។

៥) ​មាន​បញ្ញា​អន់ មិន​សូវ​​បាន​បញ្ចេញ​មតិយោបល់​ក្នុង​ចំណោម​អ្នកដទៃ​​​​
មនុស្ស​ដែល​មាន​ទេពកោសល្យ​ខ្ពស់ គេ​ត្រូវ​ការ​ចាំបាច់​បំផុត​នៅ​ក្នុង​បរិយាការ​ការងារ​នូវ​អ្វី​ដែល​គេ​អាច​មើល​ឃើញ​ថា អាច​ជួយ​ឲ្យ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នៅ​ក្នុង​​ពេល​អនាគត​ដ៏​វែង​ឆ្ងាយ​មួយ។ ម្ល៉ោះហើយ​ បុគ្គល​ដែល​ជា​អ្នក​ដឹក​នាំ​ គេ​ជា​មនុស្ស​ដែល​​​ឆ្លាត​​មាន​ជំនាញ​ភាព​ជា​អ្នកដឹកនាំ​ និង មាន​ភាព​ទាក់ទាញ​ពី​អ្នកដទៃ​ច្រើន​ជាង​បុគ្គល​មួយ​ចំនួន​ទៀត។ ផ្ទុយទៅវិញ បុគ្គល​មួយ​ចំនួន​ចូលចិត្ត​ដើរ​តាម​អ្នកដទៃ​ មិន​សូវ​ពូកែ គំនិត​នៅ​មាន​កម្រិត ខ្វះ​ទំនុក​ចិត្ត​​ និង ស្ថិត​នៅ​ក្នុង​​ភាព​មិន​ប្រាកដប្រជា​មក​លើ​ខ្លួន​ឯង​នៅ​ពេល​ដែល​មាន​បុគ្គល​ឆ្លាតៗ​នៅ​ជុំវិញ​ខ្លួន។​​

៦) ទទួល​បាន​លទ្ធផល​មិន​សូវ​ប្រសើរ
​​បើ​អ្នក​បាន​បណ្ដាល​​ឲ្យ​គោលដៅ​​ក្រុម​ការងារ​របស់​​អ្នក​​មិន​ទទួល​បាន​ជោគជ័យ​ ហើយ​ត្រូវ​ដួល​នៅ​ពាក់​កណ្ដោល​ទី​ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា អ្នក​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ម្នាក់​។ ក្នុង​នាម​ជា​អ្នកដឹកនាំ​​ក្រៅ​ពី​ការ​ជំរុញ​លើក​ទឹកចិត្ត ដាក់​ផែនការ យុទ្ធសាស្ត្រ និង ដំណោះស្រាយ​ជូន​ក្រុម​ការងារ ត្រូវ​តែ​​ផ្ដោត​លើ​សមិទ្ធផល​ការងារ​ជា​​ធំ​បាញ់​ឆ្ពោះ​ទៅ​រក​គោលដៅ​នោះ​ជា​មួយ​នឹង​ប្រព័ន្ធ​ត្រួតពិនិត្យ​ និង ការ​វាយតម្លៃ​ការងារ​មួយ​យ៉ាង​ជាក់លាក់​បំផុត។

៧) ខ្វះ​ជំនាញ​គ្រប់គ្រង​ពេលវេលា
តើ​អ្នក​​ចំណាយ​ពេល​ធ្វើ​អ្វី​ខ្លះ​ក្នុង​មួយ​ថ្ងៃ? តើ​អ្នក​​​បាន​ចំណាយ​ពេល​ប៉ុន្មាន​សម្រាប់​​ផែន​ការងារ? តើ​អ្នក​​ត្រូវ​ធ្វើ​អ្វី​មុន​គេ? ​តើ​អ្នក​ជា​អ្នក​កំណត់​ពេលវេលា​ដោយ​ខ្លួន​ឯង ឬ គេ​មក​កំណត់​ឲ្យ​អ្នក? ចម្លើយ​ទាំង​នេះ​បើ​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់​ហើយ​នោះ បញ្ជាក់​ថា ​អ្នក​ស្ថិត​នៅ​កម្រិត​មួយ​អន់​បំផុត ​​ក្នុង​​ដែល​មិន​អាច​ក្លាយ​​ជា​អ្នកដឹកនាំ​​ដ៏​ល្អ​​​នៅ​ពេល​អនាគត​បាន​ឡើយ​។

៨) ខ្វះ​វិន័យ​​សម្រាប់​គ្រប់គ្រង​ខ្លួន​ឯង
យោង​តាម​​អ្នកនិពន្ធ​សៀវភៅ​​អាមេរិក​លោក​ Jim Rohn បាន​​​លើក​ឡើង​​ដូច្នេះ​ថា៖« វិន័យ​ គឺ​ជា​ស្ពាន​​ផ្សារភ្ជាប់​រ​ទៅ​នឹង​​គោលដៅ និង សមិទ្ធផល​​»។ នេះ​ជា​ការពិត​ដោយ​ហេតុ​ថា ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ម្នាក់ ​អ្នក​ត្រូវ​មាន​វិន័យ​សម្រាប់​គ្រប់គ្រង​ខ្លួន​ឯង ហើយ​បើ​អ្នក​​​មាន​វិន័យ​​ល្អ​ មានន័យ​ថា​លទ្ធផល​របស់​អ្នក​ក៏​ទទួល​បាន​​​ជោគជ័យ​ដែរ​​។ ប៉ុន្តែ បើ​អ្នក​មិន​​មាន​វិន័យ​អាច​គ្រប់គ្រង​ខ្លួន​ឯង​​​បាន​ទេ​នោះ​ តើ​អាច​ធ្វើ​ជា​អ្នក​គ្រប់គ្រង​ដឹកនាំ​គេ​ដូចម្ដេច​ទៅ? ​​

៩) មាន​ភាព​កម្សោយ​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​
នៅ​ក្នុង​បរិយាការ​ការងារ​របស់​សព្វថ្ងៃ អ្នក​អាច​យល់​បាន​ពី​អ្នក​គ្រប់គ្រង​របស់​អ្នក​ជា​​មនុស្ស​ប្រភេទ​ណា។ អ្នក​គ្រប់គ្រង​ខ្លះ ​មាន​ចរិត​ឆេវឆាវ​មិន​សូវ​ស្ដាប់​ហេតុផល ឆាប់​ខឹង និង​មាន​ប្រតិកម្ម​ភ្លាមៗ ទៅ​កាន់​បុគ្គលិក​ក្រោម​បង្គាប់។ ប៉ុន្តែ​ក៏​មាន​អ្នក​គ្រប់គ្រង​ខ្លះ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​ល្អ មាន​ភាព​អត់ធ្មត់​ ចេះ​ប្រើ​វិធី​ត្រជាក់​ជះ​មក​លើ​ភ្លើង​ដែល​កំពុង​ឆេះ ដែល​នេះ​ជា​គុណសម្បត្តិ​ពិសេស​មួយ​ដែល​អ្នក​ដឹកនាំ​ល្បីៗ​នៅ​លើ​ពិភពលោក​មាន។

១០) ខ្វះ​ចក្ខុវិស័យ​ច្បាស់​លាស់​ និង មិន​ស្ថិតស្ថេរ
ជា​ការ​ពិត អ្នកដឹកនាំ​ត្រូវ​ដឹង​ថា តើ​ខ្លួន​កំពុង​ធ្វើ​អ្វី? ចង់​ដឹកនាំ​មនុស្ស​ជា​ច្រើន​​​ទៅ​កន្លែង​ណា? នៅ​ពេល​ណា? ដោយ​មធ្យោបាយ​ណា? ចំណុច​ទាំង​នេះ អ្នក​ដឹក​នាំ​ត្រូវ​មាន​ភាព​ច្បាស់លាស់​លើ​ទស្សនវិស័យ​​រឹងមាំ និង ការ​​ប្រមើល​មើល​ដ៏​សុទិដ្ឋិនិយម​មួយ ពោល​គឺ​ការ​លះបង់​​សម្រាប់​ប្រយោជន៍​ទូទៅ​មួយ​នៅ​ថ្ងៃ​ខាងមុខ។ ចំណុច​​​នេះ បើ​អ្នក​មិន​ទាន់​មាន​ទេ​នោះ បញ្ជាក់​ថា អ្នក​បាន​ត្រឹមតែ​ធ្វើ​​​អ្វី​តាម​តែ​គំនិត​របស់​គេ​តែប៉ុណ្ណោះ៕


ប្រភព៖​ Lifehack and The BNews

0 comments:

Post a Comment

Powered by Blogger.