ព័ត៌មានជាតិ

រឿង«ក្រមុំសៅកែ» ជាប់ក្នុងពិព័រណ៌ភាពយន្តអន្តរជាតិនៅចិន​


ប្រភពផ្លូវការពីក្រុមហ៊ុនមហាហង្សបានអះអាងថាខ្សែរឿង«ក្រមុំសៅកែ» ដែលទើបនឹងដាក់បញ្ចាំងផ្លូវការនៅខេត្តសៀមរាប បានជាប់ជាផ្លូវការហើយជាភាពយន្តខ្មែរលើកដំបូងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៌ភាពយន្តអន្តរជាតិរបស់ប្រទេសចិន សម្រាប់ឆ្នាំ២០១៥នេះ។ ផលិតកម្មមហាហង្សបានប្រកាសពីគម្រោងធ្វើសន្និសីទពាក់ព័ន្ធនឹងបញ្ហានេះ នៅពេលគណៈកម្មការវាយតម្លៃភាពយន្តអន្តរជាតិរបស់ចិនដែលជាគណៈកម្មការវាយតម្លៃឲ្យជាប់ បញ្ជូនតំណាងឲ្យចូលរួម។

លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សបានថ្លែងបែបនេះក្នុងឱកាសដាក់សម្ពោធរឿង«ក្រមុំសៅកែ» នៅខេត្តសៀមរាប កាលពីថ្ងៃទី១៧ កក្កដាថាលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលគណៈកម្មការវាយតម្លៃភាពយន្តរបស់ប្រទេសចិនបានជូនដំណឹងមកកាន់ផលិតកម្មមហាហង្សថាខ្សែរឿង«ក្រមុំសៅកែ»បានក្លាយជាភាពយន្តលើកដំបូងរបស់ខ្មែរ ដែលត្រូវបានអនុញ្ញាតឲ្យចូលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍«China Golden Rooster and Hundred Flowers Film International Festival 2015» របស់ចិនក្នុងទីក្រុងJi Lin។ លោកបន្តថាការសិក្សាវាយតម្លៃត្រូវបានធ្វើឡើងតាំងពីពាក់កណ្ដាលខែមិថុនាម្ល៉េះ បន្ទាប់ពីខាងគណៈកម្មការវាយតម្លៃភាពយន្តរបស់ចិនស្នើសុំឆ្អឹងរឿង«ក្រមុំសៅកែ» និងឯកសារពាក់ព័ន្ធយកទៅវិច្ឆ័យខ្លឹមសារ ការសម្ដែង និងគុណភាពរឿងទាំងមូល។

លោកនិយាយថា៖"ខ្ញុំអត់ដឹងថាពួកគាត់បានមើលរឿងហ្នឹងតាំងពីអង្កាល់ទេ ប៉ុន្តែគ្រាន់តែរឿង<ក្រមុំសៅកែ>ដាក់បញ្ចាំង(នៅភ្នំពេញ)បាន២-៣ថ្ងៃ ពួកគាត់បានទាក់ទងមកយើង ដោយយកឆ្អឹងរឿងយើងទៅបាត់ឈឹង និយាយរួមទើបតែប៉ុន្មានថ្ងៃហ្នឹងទេ ដែលពួកគាត់បានផ្ញើម៉េលមកប្រាប់យើងថារឿងហ្នឹងបានជាប់ហើយ ក្នុងការអនុញ្ញាតឲ្យដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ពិព័រណ៌ភាពយន្តអន្តរជាតិហ្នឹង!"

ឯកសារដែលក្រុមការងារវាយតម្លៃភាពយន្តរបស់ប្រទេសចិនផ្ញើមកកាន់ផលិតកម្មមហាហង្សបានបញ្ជាក់ថាព្រឹត្តិការណ៍«China Golden Rooster and Hundred Flowers Film International Festival 2015» នឹងកំណត់ធ្វើឡើងនៅទីក្រុងJi Lin ប្រទេសចិន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា ក្នុងឆ្នាំ២០១៥ ដោយមានភាពយន្តមកពីបណ្ដាប្រទេសទាំងអស់ចូលរួម។ ព្រឹត្តិការណ៍នេះនឹងកំណត់យកភាពយន្តចំនួន១០ដែលល្អផ្ដាច់គេ ឲ្យទទួលបានពានរង្វាន់នៅវគ្គចុងក្រោយ ដោយខ្សែរឿងភាគច្រើន គឺគេតម្រូវឲ្យមានចំណុចពិសេសត្រង់មានភាពបែបស៊ីវិល័យ ប៉ុន្តែឆ្លុះបញ្ចាំងពីសង្គមពិតនៃប្រទេសនីមួយៗ និងមានស្ដង់ដារគ្រប់គ្រាន់ក្នុងការផលិត។

ទោះមិនច្បាស់ពីលទ្ធផលចុងក្រោយ ប៉ុន្តែលោកអ៊ិន សុភិន មើលឃើញពីមោទនភាពដែលរឿងរបស់លោកបានជាប់ជារឿងតំណាងឲ្យភាពយន្តខ្មែរ ទៅបង្ហាញខ្លួនលើឆាកអន្តរជាតិក្នុងប្រទេសចិន។ លោកនិយាយថា៖”ដ្បិតតែរឿងហ្នឹងបានជាប់ដើម្បីដាក់បង្ហាញក្នុងពិព័រណ៌ប្រចាំឆ្នាំនៅចិន ប៉ុន្តែខ្ញុំអត់ហ៊ានសង្ឃឹមក្នុងការប្រកួតប្រជែងនោះទេ គឺសង្ឃឹមត្រឹមតែបានបង្ហាញស្នាដៃភាពយន្តរបស់យើងឲ្យពិភពលោកបានឃើញតែប៉ុណ្ណោះ!”។ តាមការបញ្ជាក់ ព្រឹត្តិការណ៍នេះនឹងបង្ហាញពីឈ្មោះប្រទេស ឈ្មោះផលិតកម្ម និងផលិតករ ក្នុងពេលពិព័រណ៌ភាពយន្តត្រូវបានដំណើរការ ពិសេសក្នុងពេលភាពយន្តត្រូវបានដាក់បញ្ចាំងជាសាធារណៈឲ្យធ្វើការវាយតម្លៃ។

លោក សៅ យឿន ប្រធានផ្នែកផលិតរបស់ផលិតកម្មមហាហង្សបញ្ជាក់ថាគណៈកម្មការវាយតម្លៃរបស់ចិន បានយករឿង«ក្រមុំសៅកែ»ទៅបកប្រែជាភាសាចិនជិតរួចរាល់ហើយ ដើម្បីដាក់បង្ហាញខ្សែរឿងមួយនេះ នៅក្នុងព្រឹត្តិការណ៍ប្រចាំ«China Golden Rooster and Hundred Flowers Film International Festival 2015» ។ លោកមិនច្បាស់ពីការអញ្ជើញចំនួនផលិតករ និងតួសម្ដែង ដើម្បីឲ្យចូលរួមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៌នេះនៅឡើយទេ ដោយស្នើឲ្យរង់ចាំវេទិកាសន្និសីទកាសែត ដែលខាងគណៈកម្មការរបស់ចិននិងមហាហង្សត្រូវបានអនុញ្ញាតិឲ្យរៀបចំជាផ្លូវការសិន។ លោកថានេះជាមុខមាត់របស់ខ្មែរដែលមានភាពយន្តផលិតដោយផលិតករក្នុងស្រុក ហើយទទួលបានការអនុញ្ញាតឲ្យចូលរួមក្នុងពិព័រណ៌ភាពយន្តអន្តរជាតិរបស់ចិន។

លោក សៅ សុខនី នាយកគ្រប់គ្រងរោងកុនPlatinum បានអះអាងថាធៀបនឹងរឿងខ្មែរដែលផ្ដោតលើភាពកំប្លែងបែបខ្មោចនិងភ័យរន្ធត់ រឿង<ក្រមុំសៅកែ>មិនសូវស្រូបទាញអ្នកទស្សនាដូចការរំពឹងទុកប៉ុន្មានទេ។ ប៉ុន្តែសម្រាប់អ្នកបានទស្សនា បានសរសើរពីគុណសម្បត្តិនៅក្នុងរឿងនេះ ត្រង់មានតម្លៃសង្គម មានការអប់រំខ្ពស់ ភាពកំប្លុកកំប្លែងប្រកបដោយថ្លៃថ្នូរនិងមានឈុតឆាកសម្ដែងអាចទទួលយកបាន។ លោកថារឿងនេះទម្លាក់ផ្លាកចេញពីរោងភាពយន្តនៅភ្នំពេញហើយ ប៉ុន្តែកំពុងដំណើរការដាក់បញ្ចាំងនៅរោងPlatinumដែលទើបបើកថ្មីនៅខេត្តសៀមរាប ដោយរំពឹងយ៉ាងមុខមាំថា នឹងមានអ្នកទស្សនាចាប់អារម្មណ៍ បន្ទាប់ពីមានដំណឹងថារឿងនេះទទួលបានសិទ្ធិផ្លូវការឲ្យដាក់បង្ហាញនៅព្រឹត្តិការណ៍<China Golden Rooster and Hundred Flowers Film International Festival 2015> របស់ចិន៕ 



Source: VOD
សរសេរមកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com

0 comments:

Post a Comment

Powered by Blogger.