ខាងក្រោមគឺការទស្សន៍ទាយ ជាតិកំណើត អត្តចរិត និស្ស័យ និង វាសនា នៃឆ្នាំ រោង ម្សាញ់ មមី មមែ ថោះ និង វក៖
មនុស្សកើតឆ្នាំរោង៖ ជាតិកំណើតជាទេវបុត្រទ្រង់គង់លើស្តេចនាគរាជជាពាហនៈ ជាមនុស្សមានជោគសំណាងល្អ និងមានសេចក្តីសុខកាយសប្បាយចិត្ត ចៅហ្វាយនាយចិញ្ចឹមបីបាច់ និងបានទៅជាអ្នកមានបុណ្យសក្តិ រហូតមានកិត្តិនាមល្បីល្បាញ។ ជាមនុស្សចិត្តបុណ្យសុន្ទរ៍ទានចូលចិត្តជួយអ្នកដទៃ អាចតាំងឱ្យធំដុំបានដោយខ្លួនឯង យូរៗទើបមានជោគលាភធំម្តង។ ជាមនុស្សមានព្រះកេតុតែរក្សា រីឯសត្រូវមិនអាចប៉ុនប៉ងពាធាបានទេ។ ជាមនុស្សគំនិតមុះមុត សតិបញ្ញាឈ្លាសវៃ ចិត្តស្រាល ឆាប់ខឹងឆាប់បាត់ ពេញចិត្តនឹងរស់កាមារណ៍ មិនចេះនឿយណាយ។ មនុស្សកើតឆ្នាំរោងនេះ ច្រើបានទទួលជោគលាភតែពីភេទផ្ទុយ បើឱ្យមនុស្សកើតឆ្នាំរោងនេះធ្វើការរួមជាមួយភេទផ្ទុយហើយ ច្រើនធ្វើការបានល្អប្រសើរ ប៉ុន្តែឱ្យប្រយ័ត្នកើតរឿង ព្រោះការមារមណ៍ដែលជាហេតុនាំឱ្យមានការខូចខាតកើតឡើងបាន។ មុខរបរដែលសក្តិសមបំផុតសម្រាប់មនុស្សកើតឆ្នាំរោងនេះគឺការ ទទួលយកអាសារគឺថាការណាដែលគេធ្វើមិនកើតហើយ ឱ្យមនុស្សឆ្នាំរោងទទួលធ្វើរមែងតែងបានទទួលលទ្ធផលល្អ ជាពិសេសនឹងបានទៅជាអ្នកមានស្តុកស្តម្ភកាលបើដល់វ័យជរា៕
មនុស្សកើតឆ្នាំថោះ៖ ជាតិកំណើតជាព្រះនាងទេពធីតាជិះលើខ្នងសត្វទន្សាយនិយាយស្តីច្រើនទទឹងទទែងពុំសូវសុភាពរាបសារ ប៉ុន្តែមានចិត្តស្មោះត្រង់ កតញ្ញូស្គាល់បុណ្យ ស្គាល់បាប។ ជាមនុស្សចូលចិត្តសិក្សា ខិតខំរកតម្រិះចេះដឹងដាក់ខ្លួន ឆ្លាតឈ្លាសវៃ ទាន់ល្បិច មនុស្សមានតណ្ហាខ្លំាងដូចទឹកពុះ។ ប្រាថ្នាទៅលើអ្វីហើយរមែងខិតខំព្យាយាមធ្វើទាល់តែបានសម្រេច។ ចិត្តស្រាលឆាប់ខឹងឆាប់ស្លាប់។ មុខរបរដែលសក្តិសមជាងគេសម្រាប់មនុស្សកើតឆ្នាំថោះនេះ គឺធ្វើគ្រូបាធ្យាយ មេធាវី សុភាចារ្យបុរស អ្នកឃោសនា ព្រោះគេជាមនុស្សបុិនប្រសប់កនុងការនិយាយ និងចូលចិត្តវែកញែក រកហេតុផលឱ្យអ្នកដទៃ។ បើធ្វើជាអ្នករកសុីដោយយកកម្លាំងកាយទៅប្តូរ ច្រើនតែពុំបានសមប្រកប។
មនុស្សកើតឆ្នាំម្សាញ់៖ ជាតិកំណើតជាទេវតាទ្រង់គង់លើខ្នងពស់ធំជាពាហនៈ ជាមនុស្សមានចូលចិត្តសិក្សា រកការ ចេះដឹងយកចិត្តទុកដាក់នឹងព្រឹត្តិការណ៍ទូទៅមិនថានៅជិតឬនៅឆ្ងាយ។ មានបុណ្យវាសនាខ្ពស់ មានអំណាចឥទ្ធិពលជាទីគោរពរាប់អាននៃជនទូទៅ។ មុខរបរការងារដែលនឹងនាំឱ្យខ្សែជីវិត មនុស្សឆ្នាំនេះបានរីកចម្រើនរុងរឿងលូតលាស់ ត្រូវនឹងសម្លោករបស់ខ្លួន នេះគឺមុខរបរធ្វើជំនួញជួញប្រែ នឹងបានទៅជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ បើធ្វើការរដ្ឋមិនសូវជាល្អប៉ុន្មានទេច្រើនតែត្រូវទទួលទោសទណ្ឌ ឬបានទទួលការឥច្ឆាឈ្នានីស ពុំសូវមានសេចក្តីសុខចម្រើនក្នុងជីវិត៕
មនុស្សកើតឆ្នាំមមី៖ ជាតិកំណើតជានារីជិះសេះជាពាហនៈ ជាមនុស្សមានឬកពារទ្រង់ក្រអើតក្រទមតែចិត្តល្អ ជាទីពឹងពាក់ពុំនាក់អាស្រ័យនៃញាតិមិត្តបាន។ វាចាហាស្តីច្រើនគ្រោធគ្រាត មិនសូវទន់ភ្លន់ សត្រូវកើតឡើងបានដោយសារតែសំដីរបស់ខ្លួន។ ប៉ុន្តែជាមនុស្សមានវាសនាខ្ពស់មិនអាចអ្នកពាធាបានទេ។ កាលពីនៅតូចច្រើនលំបាកវេទនា តែដល់វ័យជរានឹងក្លាយទៅជាអ្នកស្តុកស្តម្ភ ពីព្រោះជាមនុស្សមានសតិបញ្ញាឈ្លាសវៃ បុិនប្រសប់ ក្នុងការងាររកសុីយល់នូវជម្រៅគ្រប់ល្បិចកល់របស់មនុស្ស ពេញចិត្តរស់កាមារម្មណ៍មិនចេះស្កប់ស្កល់ មុខរបរដែលមនុស្សកើតឆ្នាំនេះគប្បីប្រកាន់យកគឺពេទ្យ បើធ្វើការងារដែលយកកម្លាំងទៅប្តូរ ដូចជាធ្វើស្រែចំការដាំដំណាំ នឹងបានផលជាមធ្យម។
មនុស្សកើតឆ្នាំមមែ៖ ជាមនុស្សមានវាសនាខ្ពស់ អ្នកផងទាំងឡាយចូលចិត្តស្រលាញ់រាប់អានជួបទុក្ខសោកអាសន្នអន្ធក្រ នឹងមានអ្នកធំជួយឧបត្ថម្ភការពារ។ មានឬកពារ សុភាពរាបសារ។ សំដីសំដៅទន់ភ្លន់ ផ្អែមពិរោះមានមិត្តភក្តិច្រើន មិនថាជានៅទីណា ប៉ុន្តែធ្វើគុណមិនកប ច្រើនតែមានទុក្ខព្រោះមិត្តភក្តិនាំមកឱ្យ។ ជាមនុស្សមានអារម្មណ៍ឆេវឆាវ ឆាប់ខឹងឆាប់បាត់ មិនចេះគំនុំុយូរ ជាមនុស្សមានតណ្ហាខ្លាំង ស្រើបស្រាវ នឹងរសកាមារម្មណ៍ ប្រៀបបាននឹងភ្លើងចំបើង មានមន្តស្នេហ៍ នៅជាគាប់ចិត្តដល់ភេទផ្ទុយទាំងឡាយ។ តាមធម្មតា មនុស្សកើតឆ្នាំមមែនេះ ច្រើនតែជាមនុស្សនិយាយតិច ប៉ុន្តែគិតច្រើន មុននឹងលូកដៃទៅកាន់ការងារ អ្វីមួយៗគេតែងប្រើគំនិតគិតយ៉ាងល្អិតល្អន់ហ្មត់ចត់ទើបសម្រេចចិត្តធ្វើ។ មុខរបរដែលសក្តិសមជាងគេ គឺការលក់ដូរ ធ្វើជំនួញជួញប្រែនិងបានទៅជាអ្នកមានស្តុកស្តម្ភ ពីព្រោះជាមនុស្សមានការត្រិះរិះ ពិចារណាល្អិតល្អន់។ បើធ្វើការរដ្ឋនឹងបានផលជាមធ្យមនិងតាំងខ្លួនឱ្យទៅជាអ្នកមានបាននៅពេលចូលដល់វ័យជរា៕
មនុស្សកើតឆ្នាំវក៖ ជាតិកំណើត ជាទេវតាជិះស្វាជាពាហនៈ ជាមនុស្សមាននិស្ស័យ រពិសនៅមិនស្ងៀមរហូតពាក្យនិយាយស្តីញាប់ស្អេកមិនសូវពិរោះពិសា។ ជាមនុស្សចូលចិត្តសិក្សារកការចេះដឹងយកចិត្តទុកដាក់នឹងព្រឹត្តិការណ៍ទូទៅមិនថាជានៅជិត ឬនៅឆ្ងាយពីខ្លួនជាមនុស្សមានបុណ្យវាសនាមានអំណាច ឥទ្ធិពលជាគោរពរាប់អានរបស់បងប្អូនញាតិមិត្ត។ មុខរបរដែលត្រូវនឹងសម្លោករបស់មនុស្សកើតឆ្នាំវកនេះគឺការលក់ដូរ បើធ្វើការក្របខ័ណ្ឌរដ្ឋការ មិនសូវល្អទេ ច្រើនតែមានទោស ឬបានទទួលការច្រណែនឈ្នានីសពីអ្នកដទៃ ជាហេតុដែលរកក្តីសុខមិនបានគ្រប់គ្រាន់។ ជាមនុស្សមានលំអៀង ទោរទន់រកផ្លូវកាមារម្មណ៍យ៉ាងខ្លាំងក្លា អ្នកដែលអាចយកជ័យជំនះលើដូងចិត្តរបស់មនុស្សកើតឆ្នាំនេះបានទាល់តែបំពេញនូវសេចក្តីត្រូវការ ឱ្យពេញចិត្តបើពុំដូច្នោះទេ អាចនឹងមានការក្បត់ចិត្តគ្នា ឬលែងលះគ្នាបាន៕
ប្រភពពី៖ KohThmey
រៀបរៀងឡើងវិញដោយ៖ Moha Sneha
0 comments:
Post a Comment