កាំរង្វង់នៃឆ្នាំចិនទាំង១២ គឺសំដៅដល់ឆ្នាំកំណើតនីមួយៗ ដូចជាឆ្នាំជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី មមែ វក រកា ច និង កុរ ។ មនុស្សកើតមួយគឺបានចងជោគជីតារបស់ខ្លួន ផ្អោបទៅនឹងកាំរង្វង់នៃឆ្នាំចិនណាមួយ ដែលជាហេតុនាំអោយពួកគាត់មានបុគ្គលិកលក្ខណៈក្នុងឆាកជីវិតរស់នៅខុសៗគ្នា ដូចតទៅនេះ៖
១. កាំរង្វង់ទី១ គឺឆ្នាំជូត៖
បុគ្គលកើតក្នុងជូតរាសីគឺជាមនុស្សស្វាហាប់ និង ម៉ឺងម៉ាត់, ចិត្តទូលាយនិងពូកែអត់ធ្មត់។ បុគ្គលនេះរមែងចូលចិត្តស្វែងយល់ស៊ីជម្រៅពីអត្ថន័យនៃជីវិត ពោលគឺគេតែងធ្វើការផ្លាស់ប្តូរ និងរកអ្វីដែលថ្មីនិងរីកចម្រើន។ ការផ្លាស់ប្តូរគឺជារឿងសំខាន់បំផុតសម្រាប់បុគ្គលនេះ ដោយសារតែបុគ្គលដែលកើតក្នុងឆ្នាំនេះតែងធ្វើអ្វីមួយប្រកបដោយការត្រិះរិះពិចារណា សុទិដ្ឋិនិយម និងស្ទុះស្ទា ។
- ចំណុចខ្លាំង : មានឧត្តមគតិខ្ពស់, ពូកែកំប្លែង និង មានចិត្តមេតា្តករុណា
- ចំណុចខ្សោយ : និយាយច្រើនមិនចេះលាក់លៀម, សន្យាច្រើនជាងអនុវត្តន៍ជាក់ស្តែង, ឈ្លើយនិង ឆេវឆាវ
- លក្ខណៈដែលមានពីធម្មជាតិ : ខ្ពស់ស្រឡះ, ជើងវែងៗ, ជាមនុស្សសាមញ្ញមិនចេះលេងខ្លួន និងប្រសិនបើជាមនុស្សស្រី គឺតែងមានចរិតប្រុស
- ចំណង់ចំណូលចិត្ត : ការធ្វើដំណើរ, ដើរបាត់ៗពីផ្ទះ, សេរីភាពនិងការបញ្ចេញទស្សនៈ
- ភាពមិនមែនជាចំណង់ចំណូលចិត្ត : ភាពធុញថប់, ទស្សនៈចាស់គំរឹល និងមនុស្សដែលពូកែប្រកាន់ច្រើន
- បរិយាកាសដែលល្អបំផុតសម្រាប់បុគ្គលនេះ : មិនចូលចិត្តនៅផ្ទះនោះទេ គឺចូលចិត្តដើរបាត់ៗពីផ្ទះ ។

២. កាំរង្វង់ទី២ គឺឆ្នាំឆ្លូវ៖
បុគ្គលកើតឆ្លូវរាសីគឺជាមនុស្សដែលពូកែតស៊ូពុះពារព្យាយាមក្នុងឆាកជីវិតណាស់ ។ បុគ្គលនេះតែងតែជម្នះ និងសម្រេចរាល់កិច្ចការទាំងពួងបានយ៉ាងងាយស្រួល ដោយសារតែភាពអំណត់អត់ធន់របស់ខ្លួន។ បុគ្គលកើតក្នុងឆ្នាំនេះរមែងជាមនុស្សឯករាជ្យ ចំណុចនេះហើយគឺជាលក្ខណៈពិសេសមួយអនុញ្ញាតឲ្យបុគ្គលនេះអាចបោះជំហានទៅមុខជានិច្ចពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួន និងការងារ ។
- ចំណុចខ្លាំង : មានការទទួលខុសត្រូវ, អ្នកគ្រប់គ្រងដ៏ពូកែ, មានវិន័យ, ចេះគ្រប់គ្រងខ្លួនឯង, និង ពូកែកំប្លែង
- ចំណុចខ្សោយ : ដឹងរឿងរ៉ាវគ្រប់យ៉ាងច្រើនពេក, មិនងាយអត់ឱនឲ្យអ្នកដទៃ និងពូកែខាងគិតតែពីរឿងអាក្រក់បំផុតជាមុន
- លក្ខណៈដែលមានពីធម្មជាតិ : មាឌធំល្មម, និងមានចរិតទន់ភ្លន់
- ចំណង់ចំណូលចិត្ត : គ្រួសារ, ប្រពៃណី, របស់ធ្វើដោយដៃមានគុណភាព, និយាយកាត់ៗខ្លីពិបាកយល់ និងតន្ត្រី
- ភាពមិនមែនជាចំណង់ចំណូលចិត្ត : មិនចូលចិត្តស្ទើរគ្រប់អ្វីៗទាំងអស់ផ្អែកលើកាលៈទេសៈ
- បរិយាកាសដែលល្អបំផុតសម្រាប់បុគ្គលនេះ : ចូលចិត្តស្ថានភាពការងារដែលមានភាពវិជ្ជមាន, ចូលចិត្តតំបន់ទីក្រុងឆើតឆាយ និងចូលចិត្តកន្លែងអ៊ូអរ

៣. កាំរង្វង់ទី៣ គឺឆ្នាំខាល៖
បុគ្គលកើតក្នុងខាលរាសីមានលក្ខណៈពីរខុសប្លែកពីគ្នា។ ទីមួយបុគ្គលនេះគឺជាមនុស្សដែលពូកែអៀនខ្មាសច្រើន និងស្ងប់ស្ងាត់។ ទីពីរបុគ្គលនេះគឺជាមនុស្សស្វាហាប់ រួសរាយ និងប្លែកខុសគេ។ បុគ្គលនេះជាមនុស្សចេះគិតពិចារណាវែងឆ្ងាយ និងចេះជួយអ្នកដទៃ។ បុគ្គលនេះរមែងកើតមកជាមនុស្សមានចំណេះដឹងលើសគេ និង ជាអ្នកពូកែដោះស្រាយបញ្ហាបំផុត ហើយដោះស្រាយបញ្ហាអ្វីមួយគឺគេមិនដែលលំអៀងនោះឡើយ។ មនុស្សកើតឆ្នាំនេះតែងតែមានក្តីស្រម័យឃើញអ្វីៗសុទ្ធតែអាចធ្វើទៅបានទាំងអស់ ពោលគឺគេមិនដែលគិតថាគ្មានអ្វីមួយមិនអាចធ្វើបាននោះឡើយ។
- ចំណុចខ្លាំង : បោះជំហានទៅមុខជានិច្ច, ធ្វើអ្វីមុនគេរហូត, មានចិត្តសប្បុរសធម៌, និងឯករាជ្យ
- ចំណុចខ្សោយ : ឆេវឆាវ, មិនងាយសម្របជាមួយអ្នកដទៃ, និងមិនសូវសេពគប់មិត្តភក្តិនោះទេ
- លក្ខណៈដែលមានពីធម្មជាតិ : មើលទៅសមសួនពីកំណើត, មានកែវភ្នែកស្រស់ស្អាត, មានមុខជ្រុង និង រាងស្តើង
- ចំណង់ចំណូលចិត្ត : រីករាយជាមួយមិត្តភក្តិ, តស៊ូដើម្បីបុព្វហេតុ, ជួយអ្នកដទៃ, សន្ទនាគ្នាបែបបញ្ញវន្ត និងពូកែស្តាប់ជាងនិយាយ
- ភាពមិនមែនជាចំណង់ចំណូលចិត្ត : ការដាក់កំហិត, ភាពឯកា, ស្ថានភាពធុញថប់ និងមនុស្សដែលមិនស្របនឹងខ្លួន
- បរិយាកាសដែលល្អបំផុតសម្រាប់បុគ្គលនេះ : ចូលចិត្តកន្លែងណាដែលមានការចែករំលែកគំនិតយោបល់។

៤. កាំរង្វង់ទី៤ គឺឆ្នាំថោះ៖
ពាក្យថា "ចេះសព្វគ្រប់" គឺជាពាក្យគន្លឹះមួយស័ក្តិសមបំផុតសម្រាប់បុគ្គលកើតក្នុងថោះរាសី ។ បុគ្គលដែលកើតឆ្នាំនេះគឺជាមនុស្សមិនសូវចេះគិតខ្វល់ខ្វាយច្រើននោះទេ ពោលគឺមិនចេះវាយឫកឆ្មើងឆ្មៃនោះទេ ហើយជាទូទៅតែងតែទទួលស្គាល់មនុស្សដែលនៅជុំវិញខ្លួនជានិច្ច ។ ថ្វីត្បិតតែបុគ្គលនេះជាមនុស្សស្ងប់ស្ងាត់ តែមនុស្សនេះពូកែយល់ចិត្តអ្នកដទៃខ្លាំងណាស់ ។ បើទោះបីជាបុគ្គលនេះទំនងមិនដូចជាអ្នកដឹកនាំក៏ដោយ ក៏បុគ្គលនេះរមែងតែងតែសម្តែងចេញនូវភាពខ្លាំងក្លា និង ឈ្មុសឈ្មុលគ្រប់បុព្វហេតុទាំងអស់ ហើយពេលធ្វើកិច្ចការអ្វីមួយបុគ្គលនេះតែងតែដាក់ចិត្តដាក់កាយធ្វើវាអស់ពីបេះដូងតែម្តង ។
- ចំណុចខ្លាំង : មានវិញ្ញាណទីប្រាំមួយ, មេតា្ត ករុណា, ពូកែខាងសិល្បៈ និងតន្ត្រី, ទន់ភ្លន់ និងឈ្លាសវៃ
- ចំណុចខ្សោយ : ធ្វើល្អដាក់គេតែងទទួលបានផលអាក្រក់តបមកវិញ, ឆាប់ភ័យខ្លាច, ជឿជាក់លើគេខ្លាំងពេក, សម្បូរទុក្ខព្រួយ, និង ចង់គេចវេះពីការពិត
- លក្ខណៈដែលមានពីធម្មជាតិ : ទន់ភ្លន់ និង ផ្ទៃមុខឆាប់បញ្ចេញនូវអារម្មណ៍ពិតប្រាកដឲ្យគេដឹង
- ចំណង់ចំណូលចិត្ត : នៅស្ងាត់តែម្នាក់ឯង, មើលនិងអានប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន, យកពេលដេកសម្រាក, តន្ត្រីបែបមនោសញ្ចេតនានិងហែលទឹក
- ភាពមិនមែនជាចំណង់ចំណូលចិត្ត : ដឹងរឿងរ៉ាវគ្រប់យ៉ាង, មិនចង់ឲ្យអតីតកាលមកលងបន្លាច, ការត្រូវគេរិះគន់និង ភាពឃោរឃៅគ្រប់ប្រភេទ
- បរិយាកាសដែលល្អបំផុតសម្រាប់បុគ្គលនេះ : នៅក្បែរទឹក ជាពិសេសសមុទ្រ និងមើលភាពយន្ត។

៥. កាំរង្វង់ទី៥ គឺឆ្នាំរោង៖
ក្នុងនាមជានិមិត្តសញ្ញានៃឆ្នាំដែលល្អជាងគេរបស់ប្រជាជនចិន អ្នកកើតក្នុងរោងរាសី ជានិច្ចកាលតែងតែចាប់ផ្តើមធ្វើអ្វីមួយពោរពេញដោយភាពស្វាហាប់ និង រវៀសរវៃ។ ពួកគេគឺជាមនុស្សដែលមានភាពឈ្មុសឈ្មុល រហ័សរហួន ពោរពេញដោយថាមពល និងភាពប្រកួតប្រជែង។ នៅពេលឱកាសមកដល់ បុគ្គលកើតឆ្នាំនេះតែងតែជាមនុស្សដែលចេះឆក់យកឱកាសបានយ៉ាងល្អប្រសើរបំផុត។ រាប់ចាប់ពីការធ្វើកិច្ចការអ្វីមួយរហូតដល់ការធ្វើពិធីជប់លៀង បុគ្គលនេះតែងតែចេញមុខដឹកនាំរហូត។
- ចំណុចខ្លាំង : ក្លាហាន, ប្តេជ្ញាមោះមុត, មានភាពជឿជាក់លើខ្លួនឯង និង ឈ្មុសឈ្មុល
- ចំណុចខ្សោយ : ឆេវឆាវ, ចូលចិត្តបង្កជម្លោះ រប៉ិលរប៉ូច និង ចូលចិត្តឲ្យការភ័យខ្លាចមកកំណត់ការសម្រេចចិត្តរបស់ខ្លួន
- លក្ខណៈដែលមានពីធម្មជាតិ : ឥរិយាបថយុវវ័យ និងចូលចិត្តដឹកនាំគេ
- ចំណង់ចំណូលចិត្ត : សម្លៀកបំពាក់ស្អាត, ចេញមុខដឹកនាំគេ, ការប្រកួតប្រជែងដោយប្រើកម្លាំង និង កីឡាលក្ខណៈបុគ្គល
- ភាពមិនមែនជាចំណង់ចំណូលចិត្ត : ភាពអសកម្ម, ការអូសបន្លាយពេល និង ការងារដែលមិនប្រើភាពប៉ិនប្រសប់
- បរិយាកាសដែលល្អបំផុតសម្រាប់បុគ្គលនេះ : ស្ថានភាពណាក៏ដោយឲ្យតែតម្រូវឲ្យមានសកម្មភាព, ភាពក្លាហាន, ការប្រកួតប្រជែង និងសេរីភាពក្នុងការជ្រើសរើស។ បុគ្គលកើតក្នុងរោងរាសីចូលចិត្តបរិយាកាសនៅខាងក្រៅផ្ទះជាងនៅក្នុងផ្ទះ។

៦. កាំរង្វង់ទី៦ គឺឆ្នាំម្សាញ់៖
អ្នកកើតក្នុងម្សាញ់រាសី គឺជាមនុស្សខ្លាំងក្លា និងគួរឲ្យពឹងពាក់បាន។ បុគ្គលកើតឆ្នាំនេះតែងរួសរាន់ក្នុងការកើបយកផលប្រយោជន៍ពីការខិតខំប្រឹងប្រែងធ្វើការរបស់ខ្លួន ហើយបុគ្គលនេះស្រឡាញ់តែអ្វីៗដែលស្រស់ស្អាត និងល្អឯកប៉ុណ្ណោះ ពោលគឺជាមនុស្សសម្ភារៈនិយម។ បុគ្គលកើតឆ្នាំនេះជួនកាលត្រូវបានគេចាត់ទុកថាជាមនុស្សក្បាលរឹង និងចចេស ប៉ុន្តែមនុស្សនេះតែងតែបញ្ចប់រាល់កិច្ចទាំងឡាយរហូតចប់ចុងចប់ដើម មិនដែលទុកឲ្យនៅសេសសល់នោះទេ។ ពួកគេគឺជាមនុស្សដែលពូកែច្នៃប្រឌិតខ្ពស់ និងចូលចិត្តបង្កើតអ្វីៗដែលថ្មីដោយដៃខ្លួនឯង។
- ចំណុចខ្លាំង : អាចពឹងពាក់បាន, ពូកែអត់ធ្មត់, ពូកែខាងតន្ត្រី និងចូលចិត្តអនុវត្តន៍ជាក់ស្តែង ជាជាងផ្អែកលើទ្រឹស្តី
- ចំណុចខ្សោយ : ចចេសរឹងរូស, មិនងាយនឹងស្រុះស្រួលជាមួយនរណានោះទេ, និង វាយឫក
- លក្ខណៈដែលមានពីធម្មជាតិ : រឹងប៉ឹង, មានឆ្អឹងធំ, និងមានទំនោរចង់បានឡើងទម្ងន់
- ចំណង់ចំណូលចិត្ត : ថែសួន, ចម្អិនអាហារ, ធ្វើការងារដោយដៃ, ស្តាប់តន្ត្រីមនោសញ្ចេតនា, សម្លៀកបំពាក់ថ្លៃៗ
- ភាពមិនមែនជាចំណង់ចំណូលចិត្ត : ការផ្លាស់ប្តូរលឿនៗដូចផ្លេកបន្ទោរ, ភាពស្មុគស្មាញ, ភាពអសន្តិសុខ
- បរិយាកាសដែលល្អបំផុតសម្រាប់បុគ្គលនេះ : ផ្ទះប្រណីតដែលនៅជាប់នឹងធម្មជាតិ។ ចូលចិត្តអាហារឆ្ងាញ់ៗ ចំណែករឿងសម្ផស្ស និងភាពស្រណុកសុខស្រួលគឺជារឿងដែលមិនអាចខ្វះបាននោះឡើយ។

៧. កាំរង្វង់ទី៧ គឺឆ្នាំមមី៖
បុគ្គលកើតក្នុងមមីរាសីនេះគឺជាមនុស្សពូកែសព្វបែបយ៉ាង ពោលគឺជាមនុស្សប្រសប់ធ្វើគ្រប់កិច្ចការងារទាំងឡាយ។ ដោយសារតែនិមិត្តសញ្ញាឆ្នាំកំណើតនេះគឺជាសត្វសេះភ្លោះ បុគ្គលកើតឆ្នាំនេះបង្ហាញលក្ខណៈប្លែកៗគ្នាចំនួនពីរ។ ទីមួយ បុគ្គលនេះពូកែម្ញ៉ិកម្ញ៉ក់ រួសរាយ ពូកែទំនាក់ទំនង និងចូលចិត្តការសប្បាយ។ ទីពីរ បុគ្គលនេះគឺជាមនុស្សចេះគិតគូរពិចារណា, ហ្មត់ចត់, មមាញឹក, និងរារែក ។ សរុបជារួម សត្វសេះភ្លោះនេះគឺតំណាងឲ្យបុគ្គលដែលចេះបត់បែនគ្រប់កាលៈទេសៈ និង ជាមនុស្សដែលគេឯងចង់ប្រាស្រ័យទាក់ទងជាមួយ។
- ចំណុចខ្លាំង : ស្ទុះស្ទាចង់ដឹង ចង់ឃើញ, មានសមត្ថភាពក្នុងការចែករំលែកគំនិតយោបល់, ពូកែសម្របខ្លួន, ពោរពេញដោយក្តីស្រឡាញ់ និងចិត្តល្អ
- ចំណុចខ្សោយ : ចូលចិត្តចំណាយកម្លាំងទៅគ្រប់ទីកន្លែងក្នុងពេលតែមួយឥតប្រយោជន៍, សាវាក្នុងរឿងស្នេហា, ឆាប់ភ័យខ្លាច, និងពុំសូវចេះផ្តោតអារម្មណ៍នោះទេ
- លក្ខណៈដែលមានពីធម្មជាតិ : កែវភ្នែកពូកែទាក់ទាញ, រហ័សរហួន, និងភាគច្រើនមានឆ្អឹងតូច
- ចំណង់ចំណូលចិត្ត : តន្ត្រី, ទស្សនាវដ្តី, សៀវភៅ, វេបសាយ, ជជែកលេងជាមួយអ្នកដទៃ និង ចូលចិត្តដំណើរកម្សាន្ដនៅទីជិតៗ
- ភាពមិនមែនជាចំណង់ចំណូលចិត្ត : អ្វីៗដែលច្រំដែល, ភាពឯកា និងការដែលត្រូវគេគ្រប់គ្រង
- បរិយាកាសដែលល្អបំផុតសម្រាប់បុគ្គលនេះ : ចូលចិត្តកន្លែងដែលសម្បូរមនុស្សអ៊ូអរ និង មមាញឹក ជាពិសេសកន្លែងដែលមានមនុស្សចូលចិត្តនិយាយខ្សឹបខ្សៀវ ឬនិយាយដើមគេ។ ក្រៅពីនេះចូលចិត្តបណ្ណាគារ និងសារមន្ទីរ។

៨. កាំរង្វង់ទី៨ គឺឆ្នាំមមែ៖
បុគ្គលកើតក្នុងមមែរាសីនេះគឺជាមនុស្សពូកែដាក់មនោសញ្ចេតនាជ្រាលជ្រៅ។ បុគ្គលនេះពេលនិយាយដល់រឿងគ្រួសារ គឺគេមិនខ្វល់អ្វីក្រៅតែពីការយកចិត្តទុកដាក់លើគ្រួសាររបស់ខ្លួននោះឡើយ។ មនុស្សនេះតែងមានចិត្តសន្តោសប្រណី និង អធ្យាស្រ័យខ្ពស់ចំពោះមនុស្សដែលនៅក្បែរខ្លួន។ ការចេះលះបង់ខ្ពស់ដើម្បីមនុស្សដែលខ្លួនស្រឡាញ់គឺជាចំណុចដ៏ពិសេសសម្រាប់បុគ្គលកើតឆ្នាំនេះ។
- ចំណុចខ្លាំង : មានមេត្តាធម៌, មានមនោសញ្ចេតនាខ្ពស់, ការពារមនុស្សជាទីស្រឡាញ់ដល់ទីបំផុត
- ចំណុចខ្សោយ : ចូលចិត្តធ្វើត្រាប់តាមគេ, បង្កជម្លោះដោយប្រយោល, ចូលចិត្តរំឭករឿងអតីតកាល និង ចូលចិត្តរំខានអ្នកដទៃ
- លក្ខណៈដែលមានពីធម្មជាតិ : មានមាឌល្មម, មុខពេញដូចដួងខែ, មានទ្រូងពើង, និងចូលចិត្តគ្រប់គ្រងអ្នកដទៃ
- ចំណង់ចំណូលចិត្ត : សម្រាកនៅក្បែរ ឬនៅក្នុងទឹក, កម្សាន្តនៅផ្ទះជាជាងដើរឆ្ងាយ, ញ៉ាំអាហារជាមួយមិត្តភក្តិ និងជួយមនុស្សដែលខ្លួនស្រឡាញ់
- ភាពមិនមែនជាចំណង់ចំណូលចិត្ត : មនុស្សប្លែក, ការលាតត្រដាងពីជីវិតផ្ទាល់ខ្លួន, និង ការមាក់ងាយមកលើឪពុកម្តាយខ្លួន
- បរិយាកាសដែលល្អបំផុតសម្រាប់បុគ្គលនេះ : បុគ្គលកើតក្នុងមមែរាសី តែងតែចូលចិត្តស្ថិតនៅកន្លែងងាយស្រួល ជាពិសេសផ្ទះសម្បែងខ្លួនឯង និងនៅក្បែរគ្រួសារ និង មិត្តភក្តិជិតស្និទ្ធ។

៩. កាំរង្វង់ទី៩ គឺឆ្នាំវក៖
នៅពេលដែលបុគ្គលកើតក្នុងវករាសីដែលមាននិមិត្តសញ្ញាជាសត្វស្វាបង្ហាញវត្តមានឡើង នរណាៗក៏មានការកត់សម្គាល់ និងចាប់អារម្មណ៍ដែរ។ បុគ្គលនេះគឺជាមនុស្សដែលមានភាពច្នៃប្រឌិត និងរួសរាយនិងជាមនុស្សដែលជឿជាក់លើខ្លួនឯង និងក្លាហាន ។ នៅពេលដែលបានចំណាយពេលនៅជាមួយគ្រួសារ និង មិត្តភក្តិ ឬ ចំណាយពេលធ្វើកិច្ចការអ្វីមួយនៅកន្លែងការងារ បុគ្គលនេះតែងតែចេះចែករំលែកគំនិតយោបល់ និងជួយជ្រោមជ្រែងគេឯងដល់ទីបំផុត។
- ចំណុចខ្លាំង : ចេះផ្តល់ភាពកក់ក្តៅ, កំប្លែង, ពោរពេញដោយមោទនភាព, រីករាយ, ពូកែច្នៃប្រឌិត, ងប់ងល់នឹងសេចក្តីស្រឡាញ់, និងចិត្តទូលាយ
- ចំណុចខ្សោយ : ក្រអឺតក្រទម, ក្បាលរឹង, មិនចេះបត់បែន, អាត្មានិយម, និងខ្ជិលច្រអូស
- លក្ខណៈដែលមានពីធម្មជាតិ : ឫកដូចស្តេច, មានអំណាច, និងខ្លាំងក្លា
- ចំណង់ចំណូលចិត្ត : មើលកុន, ចូលចិត្តឲ្យគេសរសើរ, ដើរលំហែកម្សាន្ត, លេងសើចជាមួយមិត្តភក្តិ, ចូលចិត្តរបស់ថ្លៃៗ និងចូលចិត្តពណ៌ឆើតៗ
- ភាពមិនមែនជាចំណង់ចំណូលចិត្ត : ការដែលគេមិនអើពើ, ការប្រឈមនឹងបញ្ហា, និង ការមិនត្រូវបានគេចាត់ទុកដូចជាស្តេច
- បរិយាកាសដែលល្អបំផុតសម្រាប់បុគ្គលនេះ : ទីកន្លែងណាដែលខ្លួនអាចបញ្ចេញសមត្ថភាពឲ្យអ្នកដទៃបានឃើញ ។

១០. កាំរង្វង់ទី១០ គឺឆ្នាំរកា៖
បុគ្គលកើតក្នុងរការាសី ជាទូទៅជាមនុស្សទន់ភ្លន់ សុភាពរាបសា និងចេះយកចិត្តទុកដាក់ និងហ្មត់ចត់គ្មាននរណាធ្វើដូចនោះទេ ។ បុគ្គលនេះមុនពេលធ្វើអ្វីមួយតែងតែគិតហ្មត់ចត់ និងវិភាគច្រើនមុននឹងសម្រេចចិត្ត។
- ចំណុចខ្លាំង : ចូលចិត្តអនុវត្តន៍ជាក់ស្តែងជាងទ្រឹស្តី, ស្មោះត្រង់, ប្រឹងប្រែងធ្វើការ, ពូកែវិភាគ, និងចិត្តល្អ
- ចំណុចខ្សោយ : ព្រួយបារម្ភច្រើន, អៀនខ្មាសច្រើន, រិះគន់ខ្លួនឯង និង អ្នកដទៃហួសហេតុពេក, និង ចូលចិត្តធ្វើការឲ្យគេ តែមិនចង់ទទួលប្រាក់កម្រៃ
- លក្ខណៈដែលមានពីធម្មជាតិ : មានរាងស្តើងទៅមធ្យមពីកំណើត
- ចំណង់ចំណូលចិត្ត : ភាពស្អាត, សត្វ, អាហារមានសុខភាពល្អ, សៀវភៅ, និង ធម្មជាតិ
- ភាពមិនមែនជាចំណង់ចំណូលចិត្ត : ភាពចេញមុខមាត់ក្នុងសង្គម, ចរិតឈ្លើយ, អ្នកដែលចូលចិត្តសុំគេជួយ
- បរិយាកាសដែលល្អបំផុតសម្រាប់បុគ្គលនេះ : បុគ្គលកើតឆ្នាំនេះតែងចូលចិត្តនៅផ្ទះក្បែរសត្វ និង ធម្មជាតិ។

១១. កាំរង្វង់ទី១១ គឺឆ្នាំច៖
ដោយសារតែមានចិត្តស្រឡាញ់សន្តិភាព និង យុត្តិធម៌ បុគ្គលកើតក្នុងចរាសីស្អប់ខ្ពើមបំផុតគឺភាពឯកា។ មិត្តភាព និង ភាពជាដៃគូគឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់បុគ្គលនេះ ជាពិសេសទំនាក់ទំនងដៃគូជាលក្ខណៈបុគ្គល។ ដោយសារតែបុគ្គលិកលក្ខណៈចូលចិត្តការសហការ និង ទាក់ទងជាមួយមនុស្សម្នា បុគ្គលនេះនឹងមិនដែលមានភាពឯកានោះឡើយ។
- ចំណុចខ្លាំង : ចិត្តទូលាយ, រួសរាយរាក់ទាក់, ពោរពេញដោយភាពប្រកួតប្រជែង, និងយល់ការខុសត្រូវ
- ចំណុចខ្សោយ : រួញរា, គុំកួន, ឫស្យា, គេចវេះពីការប្រឈមមុខគ្នា និង ពូកែតូចចិត្តខ្លួនឯង
- លក្ខណៈដែលមានពីធម្មជាតិ : មានភាពទាក់ទាញ, សង្ហាសមសួន, រាងល្មម
- ចំណង់ចំណូលចិត្ត : ភាពសុខុម, ចេះចែករំលែកជាមួយអ្នកដទៃ, ភាពទន់ភ្លន់ និង ដើរកម្សាន្ត
- ភាពមិនមែនជាចំណង់ចំណូលចិត្ត : ភាពអយុត្តិធម៌, អំពើហិង្សា, ការស្របតាមគំនិតគេ និងអ្នកនិយាយច្រើន
- បរិយាកាសដែលល្អបំផុតសម្រាប់បុគ្គលនេះ : ទីកន្លែងណាក៏ដោយឲ្យតែស្រស់ស្អាត និងអាចធ្វើឲ្យដៃគូមានសុភមង្គល។

១២. កាំរង្វង់ទី១២ គឺឆ្នាំកុរ៖
បុគ្គលកើតក្នុងកុររាសីគឺជាមនុស្សដែលប្រកបដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ, មោះមុត និងប្តេជ្ញាតស៊ូជានិច្ច ។ មុននឹងជឿអ្វីមួយបុគ្គលនេះតែងតែស្វែងយល់ឲ្យដឹងពីការពិតឲ្យបានច្បាស់លាស់ ទើបបុគ្គលនេះជឿ។ បុគ្គលនេះមិនងាយបង្ហាញអារម្មណ៍ ឬទឹកមុខរបស់ខ្លួនឲ្យគេដឹងនោះឡើយ និងជាមនុស្សពុំសូវនិយាយច្រើននោះទេ តែនិយាយមួយម៉ាត់ៗគឺសុទ្ធតែសាច់ការទាំងអស់។ បុគ្គលកើតឆ្នាំនេះតែងអនុវត្តន៍ជាក់ស្តែង ជាជាងសន្យាចោលឥតប្រយោជន៍។ ប្រសិនបើជាអ្នកដឹកនាំ បុគ្គលនេះនឹងក្លាយជាមនុស្សដ៏ល្អឥតខ្ចោះ ព្រោះមនុស្សនេះតែងត្រៀមខ្លួនស្រេចបាច់ជានិច្ចចំពោះហេតុការណ៍ដែលនឹងកើតឡើង។ ជាពិសេសមនុស្សនេះតែងចេះលៃលក និង ទុកដាក់ទ្រព្យ និងធនធានបានល្អណាស់។
- ចំណុចខ្លាំង : ពោរពេញដោយក្តីស្រឡាញ់, ចចេស, សម្បូរធនធាន, ក្លាហាន, និង ជាមិត្តពិតប្រាកដ
- ចំណុចខ្សោយ : ប្រច័ណ្ឌ, ពិបាកទុកចិត្ត, លាក់លៀម, ចូលចិត្តបង្កហិង្សា និង ពូកែរិះគន់គេ
- លក្ខណៈដែលមានពីធម្មជាតិ : មនុស្សភ្នែកមុតពីកំណើត និងខ្លាំងក្លា ស្វាហាប់
- ចំណង់ចំណូលចិត្ត : អ្វីដែលជាការពិត និងត្រឹមត្រូវ, ញ៉េះញ៉ោះ, ចូលចិត្តមិត្តចាស់
- ភាពមិនមែនជាចំណង់ចំណូលចិត្ត : ភាពមិនស្មោះត្រង់, មនុស្សអសកម្ម, និងការលាតត្រដាងពីការពិតឲ្យគេដឹង
- បរិយាកាសដែលល្អបំផុតសម្រាប់បុគ្គលនេះ : ទីងងឹតអាថ៍កំបាំង និងទីដែលផ្តល់នូវអារម្មណ៍ពុះកញ្ជ្រោល។
រក្សាសិទ្ធិដោយ: Moha Sneha
0 comments:
Post a Comment