ការតាំងតម្កល់ខ្ទមព្រះភូមិឬរានទេវតាជាជំនឿមានតាំងពីបុរាណ មកម្ល៉េះ តែកាលពីដើមឡើយមានលក្ខណៈគ្រាន់តែ ជាកូនខ្ទមតូចមួយបន្តុបនៅលើសសរតែប៉ុណ្ណោះ ។ តែក្រោយមកក៏មានការវិវឌ្ឍន៍ក្លាយទៅជាកូនផ្ទះតូចមួយផលិតចេញពី ស៊ីម៉ងត៍មានក្បូរក្បាច់រចនាយ៉ាងល្អប្រណីត ។
រានទេវតានេះគេនិយមដំឡើងទុកនៅជ្រុងណាមួយនៃទីធ្លាខាងមុខផ្ទះ ដើម្បីទុកជាទីសណ្ឋិតរបស់វត្ថុស័ក្តិសិទ្ធិឬ បារមីណាមួយដែលគេជឿថា ជាអ្នកឃ្លាំចាំថែរក្សានៅទីនោះ ។ ក៏ប៉ុន្តែការដំឡើងរានទេវតាទុកនៅទីណាមួយនោះមានចំណុច គួរប្រុងប្រយ័ត្នដូចខាងក្រោមនេះ
ហាមឱ្យស្រមោលផ្ទះសង្កត់លើរានទេវតាឬស្រមោលរានទេវតាសង្កត់លើផ្ទះ
បើតាមជំនឿគេថា នឹងធ្វើឱ្យផ្ទះសម្បែងនេះមានវិញ្ញាណជ្រៀតជ្រែកស្រដៀងៗគ្នាទៅនឹង គោលការណ៍ហុងស៊ុយ របស់ចិន ដែលមិនឱ្យមានស្រះទឹកនៅក្បែរផ្ទះដែរ ព្រោះនៅពេលណាព្រះអាទិត្យចាំងចំទឹកធ្វើឱ្យមានពន្លឺផ្លាតចូលទៅ ក្នុងផ្ទះ ជាហេតុនាំឱ្យជីវិតជួបតែបញ្ហាទុក្ខព្រួយ ។
ហាមមុខរានទេវតាបែរមកចំទល់មុខគ្នានឹងតួផ្ទះ
ព្រោះនឹងនាំមកនូវវិបត្តិស្របគ្នានឹងហុងស៊ុយចិន ដែលមិនឱ្យមានដើម ឈើធំនៅចំពីមុខផ្ទះគេចាត់ទុកថាស្មើនឹង ធូបមួយដើមធំដុតឱ្យខ្មោចនាំឱ្យកើតមានបញ្ហាដល់ផ្ទះសម្បែងរស់នៅឬ រកស៊ីមិនចម្រើន ។ ក៏ប៉ុន្តែចិនគេមានវិធីការពារគឺនាំយក យ័ន្តទៅបិទទល់មុខនឹងតួផ្ទះ ។
មិនដំឡើងរានទេវតាចំថ្ងៃមិនល្អនៃរាសីម្ចាស់ផ្ទះ
តាមជំនឿគេឱ្យជ្រើសយកថ្ងៃលាភថ្ងៃជ័យថ្ងៃសេចក្តីសុខក្នុងរាសី របស់ម្ចាស់ផ្ទះទើបក្រោយពេលដំឡើងរួចរកស៊ីមាន បានសមទៅតាមបំណងប្រាថ្នា ។
តាមជំនឿគេឱ្យជ្រើសយកថ្ងៃលាភថ្ងៃជ័យថ្ងៃសេចក្តីសុខក្នុងរាសី របស់ម្ចាស់ផ្ទះទើបក្រោយពេលដំឡើងរួចរកស៊ីមាន បានសមទៅតាមបំណងប្រាថ្នា ។
ពេលដំឡើងគួរមានអាចារ្យ
ដើម្បីប្រារឰពិធីអញ្ជើញបារមីវិញ្ញាណមកសណ្ឋិតគ្រប់គ្រងនៅទីនោះ។ គួរដាក់ឱ្យមានកម្ពស់ខ្ពង់ជាងក្បាលបន្តិចបន្តួច។
ការធ្វើពិធីអញ្ជើញវិញ្ញាណឱ្យមកគ្រប់គ្រងនិងរស់នៅក្នុងរានទេវតា នេះចាត់ទុកថា ជាការហៅវិញ្ញាណដែលត្រឹមត្រូវ តាមច្បាប់ធម្មជាតិ ព្រោះត្រូវបានម្ចាស់ផ្ទះជាអ្នកអញ្ជើញឱ្យមកជួយថែរក្សាផ្ទះសម្បែង ចាំហាមឃាត់រារាំងពពួកវិញ្ញាណអាក្រក់មិន ឱ្យចូលមកឆាឆៅអ្នករស់នៅក្នុងផ្ទះនោះ ។
តាមជំនឿបរមបុរាណគេជឿថា គ្រប់ផ្ទះសម្បែងភូមិករទាំងអស់សុទ្ធតែមានវិញ្ញាណគ្រប់គ្រងរក្សា ប្រសិនបើផ្ទះណា គ្មានរានទេវតានៅចាំទេនោះនឹងធ្វើឱ្យពួកវិញ្ញាណរសាត់អណ្តែតចូលមក សណ្ឋិតនៅក្នុងផ្ទះ ។ លក្ខណៈបែបនេះបើបណ្តោយទុកកាន់ តែយូរកំណើននៃវិញ្ញាណនោះកើនឡើងកាន់តែច្រើនធ្វើឱ្យការងាររកស៊ី វិបត្តិមិនចេះអស់មិនចេះហើយ ។
ឧទាហរណ៍ដូចជាកន្លងមកយើងធ្លាប់ដឹងឮរួចមកហើយថា ផ្ទះទុកចោលគ្មានមនុស្សរស់នៅគ្មានរានទេវតាចាំគ្រប់គ្រង រក្សារមែងកើតមានរឿងរ៉ាវចម្លែកៗ ព្រោះជាឱកាសដែលបណ្តោយឱ្យពពួកវិញ្ញាណរសាត់អណ្តែតចូលទៅកក ផ្តុំគ្នានៅក្នុងនោះ ហើយកាន់កាប់កន្លែងនោះតែម្តង ។ ប្រសិនបើមានមនុស្សចូលទៅរស់នៅ ហើយពុំបានធ្វើពិធីអញ្ជើញវិញ្ញាណឱ្យមកគ្រប់គ្រងទេនោះ ភាគច្រើនរស់នៅមិនបានសុខ ជួបរឿងប្លែកៗ យូរៗទៅលែងមានមនុស្សហ៊ាននៅទីបំផុតក៏ក្លាយទៅជាផ្ទះបោះបង់ទាំងអស់ ៕
ប្រភពពី៖ Domneng Hora
0 comments:
Post a Comment