ដឹង​ទុកជា​ចំណេះ…សុជីវធម៌​ក្នុង​ការឱ្យ​លុយ​ធិ​ប​នៅក្រៅ​ប្រទេស​


អ្នកណា​ដែល​និយម​ចូល​ចិត្តការ​ទៅ​ដើរលេង​កម្សាន្ត​នៅ​បរទេស ធ្លាប់​នឹក​សង្ស័យ​ដែរឬទេ​ថា តើ​ត្រូវ​ចាយលុយ​ធិ​ប​តបស្នង​ថ្លៃ​សេវាកម្ម​ប៉ុន្មាន​ល្អ និង​មិនត្រូវ​អ្នករត់​តុ​សម្លឹងមុខ​ចោទថា​អត់​សុជីវធម៌ ឬ​គិតថា​ភ្ញៀវ​ចង់​អួតខ្លួន​ថា​មាន​ជ្រុល​ពេក(ករណី​ឱ្យ​លុយ​ធិ​ប​ច្រើន​ជ្រុល) ដូច្នេះ​បើ​អ្នកណា​ដែល​កំពុង​នឹក​ឆ្ងល់​នោះ ថ្ងៃនេះ ឡា​រ៉ែ​ន​មាន​ចម្លើយ​សម្រាប់ចម្ងល់​ក្នុង​ការឱ្យ​លុយ​ធិ​ប​នៅតាម​ហាង​ក្នុង​បណ្តា​ប្រទេសល្បីៗមក​ជម្រាបជូន​ដូចខាងក្រោម។



1 . ប្រទេស​អាល្លឺម៉ង់

ភោជនីយដ្ឋាន​នៅក្នុង​ប្រទេស​នេះ ទោះជា​រួម​ថ្លៃ​លុយ​ធិ​ប​នៅក្នុង​វិក្កយបត្រ​ហើយក៏​ពិតមែន តែ​ទំនៀមទម្លាប់​របស់​អាល្លឺម៉ង់​គឺ អតិថិជន​ត្រូវតែ​ចាយ​បន្ថែមទៀត 5 – 10 % នៃ​ថ្លៃ​អាហារ និង​ដែល​សំខាន់​នោះ​គឺ ត្រូវឱ្យ​ដោយផ្ទាល់​ដៃ​ទៅ​បុគ្គលិក​ដោយ​ត្រង់​តែប៉ុណ្ណោះ មិន​ដូច្នោះ​ទេ​អាច​នឹង​ត្រូវគេ​សម្លឹងមុខ។

2 . ប្រទេស ប្រេ​ស៊ី​ល

ភោជនីយដ្ឋាន​ក្នុងប្រទេស​ប្រេ​ស៊ី​ល​បាន​គិតថ្លៃ​បម្រើ​សេវាកម្ម ឬ​សឺ​វី​ស ឆា​ច 10 %រួមជាមួយ​ថ្លៃ​អាហារ និង​ភេសជ្ជៈ​ស្រាប់​ហើយ ដូច្នេះ​បើ​អ្នកណា​ចង់​មិន​ចាយលុយ​ធិ​ប​ក៏​មិនមែន​ជាការ​អត់​សុជីវធម៌​អ្វី​ដែរ តែ​បើសិនជា​យើង​មាន​អារម្មណ៍​ពេញចិត្ត​នឹង​ការបម្រើ​សេវាកម្ម​របស់​ហាង​នោះ អាច​ចាយ​ថែម 5 – 10 % នៃ​តម្លៃ​ទាំងអស់​បាន ត្រឹមតែ​ប៉ុណ្ណឹង​បុគ្គលិក​បម្រើ​តុ​ក៏​ញញឹម​ចង់​ប្រេះ​ថ្ពាល់​បាត់ទៅហើយ។

3 . ប្រទេស អ៊ីស្រាអែល

ជា​ប្រទេស​ដែល​គិតថ្លៃ​សឺ​វី​ស ឆា​ច​សាហាវ​ខ្លាំងណាស់ ព្រោះ​ហាង​ខ្លះ​គិត​ច្រើន​ដល់​ទៅ 18 % ឯណោះ តែ​ជាទូទៅ​ហាង​នឹង​គិតថ្លៃ​នេះ​ប្រមាណ 10 – 13 % មុន​ស្រេច​ហើយ ដូច្នេះ​យើង​មិនចាំបាច់​ឱ្យ​លុយ​ធិ​ប​ថែមទៀត​ក៏​មិន​អី​ដែរ។

4 . ទីក្រុង ឌូ​បៃ ប្រទេស​អារ៉ាប់​រួម

បុគ្គលិក​បម្រើសេវា​កម្ម (អ្នករត់​តុ)នៅ​ឌូ​បៃ​បាន​ប្រាក់ខែ​មិនជា​ច្រើន​ប៉ុន្មាន​ទេ ដូច្នេះ​ប្រហែលជា​មិន​គួរឱ្យ​អាក្រក់​មើល​ឡើយ​បើសិនជា​អ្នកណា​ចង់ឱ្យ​លុយ​ធិ​ប​ថែម​ទៅ​ពួកគេ ទោះជា​ខាង​ហាង​បាន​គិតថ្លៃ​សេវាកម្ម 10 %រួចហើយ​ក៏ដោយ។

5 . សាធារណរដ្ឋ ឆេ​ក

ភោជនីយដ្ឋាន​នៅ​ទីនោះ​មិន​និយម​គិតថ្លៃ​សឺ​វី​ស ឆា​ច តែ​ក៏​មិនបាន​មានន័យថា​យើង​នឹងមិន​ចាំបាច់​ឱ្យ​លុយ​ធិ​ប​ដែរ ព្រោះ​អ្នកទេសចរ​ត្រូវបាន​សង្ឃឹមថានឹង​ឱ្យ​លុយ​ធិ​ប​ទៅ​អ្នកបម្រើ​តុ​បន្ថែម​ប្រមាណ​ជា 5 – 10 % នៃ​ថ្លៃ​អាហារ​ទាំងអស់ តែបើ​ភ្ញៀវ​មិនឱ្យ​លុយ​ធិ​ប​អាច​នឹងត្រូវ​អ្នកបម្រើ​តុ​សម្លឹងមុខ ធ្វើ​រាងប្លែកៗដាក់​មិន​ខាន។

6 . ប្រទេស ឥណ្ឌា

អ្នកណា​ដែល​ត្រូវចិត្ត និង​រីករាយ​នឹង​ការបម្រើ​របស់​បុគ្គលិក​ក្នុង​ហាង គួរតែ​ឱ្យ​ធិ​ប​ផ្ទាល់ដៃ​ទៅ​បុគ្គលិក​ម្នាក់​នោះ​តែម្តង ដោយ​គណនា​ពី​តម្លៃ​អាហារ​ទាំងអស់​ទាប​បំផុត 5% តែបើ​ថ្លៃ​សរុប​ទាំងអស់​មិន​លើស 500 រូពី​នោះ ក៏​ឱ្យ​ធិ​បច្រើនៗតែម្តងទៅ 10 %។

7 . ប្រទេស​ដែល​មិន​ខ្វល់​ពី​រឿង​លុយ​ធិ​ប

មិនមែន​ថា​ទៅ​បរទេស​ហើយ​ត្រូវតែ​អស់​លុយ​ធិ​ប​គ្រប់​ប្រទេស​នោះទេ នៅមាន​ប្រទេស​ដែល​មិន​ខ្វល់​នឹង​រឿង​លុយ​ធិ​ប​សោះ​ក៏មានដែរ ដូចជា ប្រទេស អ៊ីតាលី ជប៉ុន វៀតណាម នី​វ​ហ្ស៊ី​លែ​ន អូស្ត្រាលី បែ​ល​យៀម បារាំង សិង្ហ​បុរី​ម៉ា​ឡេ​សៀ ចិន និង​កោះ​ហុងកុង ដែល​ទោះជា​មិនឱ្យ ក៏​មើល​ទៅជា​រឿង​ធម្មតា​និង​មិនមែន​ជាការ​អត់​សុជីវធម៌​បន្តិច​ណា​ឡើយ តែបើ​ពេញ​ចិត្តនឹង​ការបម្រើ​សេវាកម្ម​របស់​បុគ្គលិក អាច​តបស្នង​ទៅវិញ​ដោយ​លុយ​ធិ​ប​បន្តិចបន្តួច​ក៏​ជា​ការល្អ​សម្រាប់​ពួកគេ​ខ្លាំងណាស់ និង​ទោះជា​មិនមែនជា​ទំនៀមទម្លាប់​របស់​ប្រទេស​នោះ​ក៏ដោយ តែ​វា​អាចជា​ការលើកទឹកចិត្ត​ដល់​បុគ្គលិក​បម្រើ​តុ​ឱ្យ​ខំប្រឹង​ធ្វើការ​យូរ​តទៅទៀតបាន៕

ប្រភពពី៖ Lareine Magazine

0 comments:

Post a Comment

Powered by Blogger.