ចំណេះដឹងថ្មីៗ

ស៊ែរ​ដេល់​មនុស្ស​ដែល​អ្នក​ស្រលាញ់ ដើម្បី​ចូលរួមបង្ការជំងឺទឹកនោមផ្អែមទាំងអស់គ្នា!!!



ចំណេះដឹងទូទៅចាំបាច់សំរាប់សាធារណៈជន អំពីជំងឺទឹកនោមផ្អែម (ភាគទី១)៖ អ្វីទៅជាជំងឺទឹកនោមផ្អែម? គួរបារម្មណ៍ដែរឬទេ? តើអាចជៀសបានឬទេ? យ៉ាងដូចម្តេច?



(ដកស្រង់ប្រសាសន៍លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត កុយ-វ៉ាន់នី សាស្ត្រាចារ្យឯកទេសជំងឺមនុស្សធំទូទៅ និងជំងឺទឹកនោមផ្អែម-ជំងឺក្រពេញ មន្ទីរពេទ្យកាល់ម៉ែតនៃកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជា)

១) អ្វីទៅជាជំងឺទឹកនោមផ្អែម? កើតឡើងយ៉ាងដូចម្តេច?

ជំងឺទឹកនោមផ្អែម ជាជំងឺដ៏ចំណាស់យូរលង់មួយរបស់មនុស្សជាតិយើង។ ភស្តុតាងដំបូងដែលគេបានស្រាវជ្រាវរកឃើញអំពីជំងឺនេះ ដែលសរសេរដោយដៃជាភាសាក្រិច គឺនៅកំឡុង ១៥៥០ឆ្នាំមុនគ្រឹះសករាជ (មានន័យថាជាង៣៥០០ឆ្នាំមកហើយដែលគេដឹងថាមានជំងឺនេះ)។

ជារួម និងដោយសង្ខេប ជំងឺទឹកនោមផ្អែមអាចចែកជាបីប្រភេទធំៗ:
- ប្រភេទទី១ (ធ្ងន់ធ្ងរខ្លាំង កើតលើក្មេងតូចៗ)
- ប្រភេទទី២ ភាគច្រើនលើសលប់កើតលើមនុស្សជំទង់ ពេញវ័យ និងមនុស្សចាស់ (ដែលជាចំណោទធំធេងលើសកលលោកបច្ចុប្បន្ន និងពេលអនាគត)
- និងប្រភេទជំងឺទឹកនោមផ្អែមកើតចំពេលស្ត្រីកំពុងពពោះ (មានផ្ទៃពោះ)។

ជំងឺទឹកនោមផ្អែម: គឺជាវិបត្តិដែលរាងកាយមនុស្សយើងបាត់បង់សមត្ថភាពក្នុងការប្រើប្រាស់និងគ្រប់គ្រងជាតិស្ករក្នុងខ្លួន បានល្អជាធម្មតា ដែលមកពីវិបត្តិអរ័ម៉ូនអាំងស៊ុយលីនជាដើមចម។ គ្រប់កោសិកានៃខ្លួនមនុស្សយើងត្រូវការជាតិស្ករដើម្បីអាចធំធាត់និងលូតលាស់បាន។



បញ្ជាក់៖

+ គ្មានស្ករ ស្មើនឹងគ្មានថាមពលសំរាប់កោសិកា ស្មើនឹងគ្មានជីវិត។ ក៏ប៉ុន្តែ ការលើសជាតិស្ករដែលកោសិកាមិនអាចប្រើប្រាស់បាន និងសល់ខ្ពស់រ៉ាំរ៉ៃក្នុងសរសៃឈាម (chronic hyperglycemia) នាំមកគ្រោះថ្នាក់គ្រប់សរីរាង្គទាំងអស់ ពិសេសសរសៃឈាមបេះដូង ខួរក្បាល តំរងនោម គំហើញ ប្រពន្ធ័សរសៃឈាមធំៗនៃអវៈយវៈ និងប្រព័ន្ធប្រសាទ។

+ ផលប៉ះពាល់ភាគច្រើន មិនអោយដឹងមុន និងមកជាលក្ខណៈស្ងៀមស្ងាត់ (silent killer disease)។

+ ស្ករអាចដឹកជញ្ជូនទៅប្រើប្រាស់ជាធម្មតាបាននៅកោសិកា ទាល់តែមានវត្តមានចាំបាច់មិនអាចខ្វះបាននៃអរ័ម៉ូនលំពែងឈ្មោះ«អាំងស៊ុយលីន» (ដែលដើរតួនាទីជាសោរបើកទ្វារកោសិកាអោយអាចទទួលយកស្ករទៅប្រើប្រាស់បាន)។ ដូច្នេះ វិបត្តិ«អាំងស៊ុយលីន» ជាតួឯកធំទីមួយ ចាំបាច់ក្នុងការបង្ករអោយមានការលើសជាតិស្ករក្នុងខ្លួន ដែលនាំដល់ការកើតជំងឺទឹកនោមផ្អែម (កម្រិតស្ករក្នុងសរសៃរឈាមដែលវាស់បាន មានសភាពលើសពីធម្មតាគឺលើសពី ១២៦ មីលីក្រាម/ដេស៊ីលីត្រឈាម នៅសភាពពោះទទេព្រឹកព្រហាមក្រោកពីដំណេក)។

- រាល់ថ្នាំគ្រាប់ និងចាក់ព្យាបាលជំងឺទឹកនោមផ្អែម ទោះជាតាមទំរង់បែបណាក៏ដោយ គឺសំដៅសង្គ្រោះ«អាំងស៊ុយលីន»។ មានអាំងស៊ុយលីនល្អ ទើបប្រើប្រាស់ស្ករបានល្អនិងសមស្របតាមតម្រូវការ និងមានជីវិតរស់រានជាធម្មតាបាន។



២) តើគួរបារម្មណ៍ដែរឬទេ?

ជំងឺទឹកនោមផ្អែមគឺជាការប្រឈមសំរាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារខ្លួន៖

- ការកើនឡើងនៃអ្នកកើតជំងឺទឹកនោមផ្អែមលើពិភពលោកមានលើសពី១០០លាននាក់ក្នុងរាល់១០ឆ្នាំម្តង (១០៨លានក្នុងឆ្នាំ១៩៨០ និង៤២២លានក្នុងឆ្នាំ២០១៤)។

- អត្រាមរណភាព និងពិការភាពមានកម្រិតខ្ពស់ (តួលេខពិភពលោកប៉ាន់ប្រមាណថា ក្នុងឆ្នាំ២០១២ ចំនួនអ្នកទទួលមរណភាពដោយទឹកនោមផ្អែមផ្ទាល់មាន១,៥លាននាក់ និង២,២លាននាក់ផ្សេងទៀតនៃមរណៈភាព បណ្តាលមកពីការលើសជាតិស្ករ)។

- បើទោះជាជំងឺទឹកនោមផ្អែមប្រភេទទី២ ជាទូទៅអាចមិនអោយជាសញ្ញាបង្ករជាទុក្ខអ្វីស្តែងចេញមកខាងក្រៅក្នុងរយះពេលនៃការកើត១០ឆ្នាំដំបូងក៏ដោយ ការមិនបានធ្វើរោគវិនិច្ឆ័យនិងទទួលព្យាបាលបាឆាប់រហ័ស អាចនាំមកនូវបញ្ហាសុខភាពធ្ងន់ធ្ងរដោយស្ងប់ស្ងាត់លើសពីការស្មាន៖

+ ជំងឺស្ទះសរសៃឈាមចិញ្ចឹមបេះដូង (គ្រោះថ្នាក់កើន២-៣ដង លើសមនុស្សធម្មតា)



+ ជំងឺខ្សោយមួយចំហៀងដងខ្លួន (គ្រោះថ្នាក់កើន២-៣ដង លើសមនុស្សធម្មតា)

+ ជំងឺខ្សោយតម្រងនោម (ជាមូលហេតុនាំដល់ការលាងឈាម នាំមុខបង្អស់)

+ ជំងឺសរសៃឈាមបាតភ្នែក (ជាមូលហេតុចំបងនាំដល់ភាពពិការភ្នែក)

+ ជំងឺបាត់បង់ការដឹងប្រសាទជើងដៃ(ដែលនាំការវះកាត់ផ្នែកណាមួយអវះយវះដែលឆ្លងរោគ) ជាដើម។




៣) តើអាចជៀសបានឫទេ? យ៉ាងដូចម្តេច?

ដំណឹងល្អ! ជំងឺទឹកនោមផ្អែមជាជំងឺដែលអាចជៀសវាងបាន ប្រសិនបើវិធានការមួយចំនួនដូចខាងក្រោមត្រូវបានប្រតិបត្តិខ្ជាប់ខ្ជួន។

“ សូមចូលរួមបង្ការជំងឺទឹកនោមផ្អែមទាំងអស់គ្នា ដោយនៅតែមានភាពសកម្មគ្រប់នាទីតាមការបញ្ចេញកំលាំងពលកម្ម រក្សាទម្ងន់ខ្លួនអោយបានល្អ បរិភោគត្រឹមត្រូវ និងមិនពិសារបារី! ”





ប្រភពពី៖ Calmette Hospital

0 comments:

Post a Comment

Powered by Blogger.