តាមក្បួនតម្រាបុរាណ តើបុរសល្អមានលក្ខណៈសម្បត្តិប៉ុន្មានយ៉ាង?
បុរសល្អ គឺជាទីប្រាថ្នារបស់ស្ត្រីគ្រប់រូបដែលប៉ងប្រាថ្នាចង់បានមកធ្វើជាដៃគូរជីវិត និងកសាងស្ពានសុភមង្គលគ្រួសារជាមួយគ្នាក្នុងនាមជាមិត្តមួយរយឆ្នាំ។ ទោះជាយ៉ាងណា មនុស្សប្រុសមានច្រើន ប៉ុន្តែមនុស្សប្រុសដែលល្អ ពិតជាកម្រមានណាស់ ជាពិសេសសង្គមមនុស្សបច្ចុប្បន្ន។ ហេតុនេះដើម្បីក្លាយខ្លួនជាបុរសល្អ ត្រូវមានលក្ខណៈសម្បត្តិបែបណាខ្លះ?
តាមក្បួនតម្រាបុរាណបានបញ្ជាក់ថា បុរសត្រូវលក្ខណៈល្អទាំងអស់ ២៦ ដូចជា៖ បុរសល្អ គឺជាមនុស្សឧស្សាហ៍ខ្នះខ្នែងធ្វើការងាររៀនសូត្រមិនប្រកាន់ខ្លួន, មិនចេះលួចប្លន់ កេងកិបឆរបោក, មិនឈ្លានពានចំពោះកូនប្រពន្ធអ្នកដទៃ, មិនរំភើបញាប់ញ័រ ភ័យអរផ្ដេសផ្ដាស, មិននិយាយត្រាប់ឲ្យគេអៀនខ្មាស់, មិននិយាយកុហកភូតភរឲ្យលើសពីការពិតជាដើម។
បន្ថែមពីនោះទៀត បុរសល្អ គឺជាមនុស្សធ្វើការងារមិនរួសរាន់ពេក តែមិនយឺតយូរពេក, បានឮដំណឹងអ្វីមួយហើយវិនិច្ឆ័យសិន ទើបជឿក្រោយ, មិនចេះនិយាយបំភ្លើសលេងសើច, ចេះទទួលភ្ញៀវពន្លឺមិនលាក់មុខ, មានថ្នាំកែរោគបម្រុងទុកមិនចេះខ្វះក្នុងពេលត្រូវការ, មិនប្រាប់ការសម្ងាត់ដល់អ្នកដទៃ, មិនផ្ញើរបស់ទុកជាមួយបុគ្គល់មិនគួរផ្ញើ, ព្រមទាំងមានចិត្តអត់ធន់ មិនញ៉ាក។
យ៉ាងណាមិញ បុរសល្អ ក៏ជាមនុស្សដែលមានស្វាមីភក្កិចំពោះចៅហ្វាយនាយ, មិនចេះឡឹកឡកចំពោះស្រីក្រមុំ, ស្គាល់ចំណេញស្គាល់ខាត, រកប្រដាប់តុបតែងខ្លួនឲ្យភរិយា, មិនទិញជឿនូវរបស់ប្រើប្រាស់គ្រប់យ៉ាង។ ជាមនុស្សដឹងគុណ តបគុណសរសើរដល់អ្នកមានគុណ, គោរពឱវាទមាតាបិតា ញាតិមិត្ត និងអ្នកប្រាជ្ញា, ចេះអត់ទ្រាំនូវពាក្យដែលគេស្ដីបន្ទោសប្រដៅ, មានកាយវិការសមរម្យ មិនឆ្គាំឆ្គង, ឲ្យដំណឹងដល់មនុស្សក្នុងផ្ទះហើយទើបចាកចេញទៅ, ចេះទូន្មានប្រដៅកូនដោយរំពាត់យ៉ាងតូច, និងចុងក្រោយ គឺខឹងឆាប់បាត់ មិនកំហឹងទុកជាដើម។
គ្រប់បុរសទាំងអស់ត្រូវតែធ្វើជាបុគ្គលដែលប្រពៃ ឲ្យតម្លៃលើស្ត្រី និងធ្វើជាជនដែលរឹងមាំសម្រាប់គ្រួសារ និងសង្គម៕
ដកស្រង់ពីសៀវភៅ៖ ដៃគូជីវិត,រៀបរៀងដោយ ភិក្ខុ សុនឌឿន
0 comments:
Post a Comment