ខាងក្រោមនេះគឺជាចំណេះដឹងពាក់ព័ន្ធនឹងការមើលថែទាំផ្ទះសម្បែង របស់របរ និងកិច្ចការងារក្នុងចង្ក្រានជើងឆ្នាំងដែល យើងខ្ញុំសូមនាំយកមកជម្រាបជូនមិត្តអ្នកអាន ជាពិសេសបងៗដែលជាស្ត្រីមេផ្ទះ ព្រោះជួនកាលរឿងខ្លះអ្នកអាចនឹងមិនដឹងពីវិធីកែបញ្ហា ឬវិធីថែទាំទុកដាក់វាឱ្យប្រើប្រាស់បានយូរឡើយ បើចង់ដឹងថា តើមានអ្វីខ្លះនោះ សូមតាមដានដូចតទៅ៖
1. បើរោងឡាន ឬទីកន្លែងទុកដាក់របស់ប្រើប្រាស់ ឬសម្ភារជាងមានធំុក្លិនអាប់មិនគួរឱ្យបេតីនោះ គ្មានអ្វីពិបាកទេ យើងអាចកម្ចាត់ក្លិនអាប់អួនោះចេញ ដោយគ្រាន់តែរោយស្មៅដែលទើបនឹងកាត់ថ្មីៗនៅលើកម្រាលបន្ទប់ ឬរោងឡាននោះ ហើយទុកចោលមួយរយៈ ដើមស្មៅទាំងនោះនឹងបឺតយកក្លិនអាប់អួទាំងនោះចេញអស់មិនខាន។
2. បើត្រូវការពូតសម្ងួតខោអាវ1-2កំប្លេឱ្យកាន់តែឆាប់ស្ងួតលឿនឡើងនោះ បងៗស្ត្រីមេផ្ទះអាចធ្វើបានដោយការរកកន្សែងពោះ គោស្អាតមួយដាក់ចូលទៅក្នុងម៉ាស៊ីនជាមួយខោអាវដែលចង់ពូតសម្ងួតនោះ ព្រោះកន្សែងពោះគោនឹងជួយបឺតយកសំណើម ធ្វើឱ្យខោអាវនោះកាន់តែឆាប់ស្ងួតឡើងទៅទៀត។
3. វិធីធ្វើឱ្យស៊ុំកញ្ចក់រូបថត ឬកញ្ចក់ឆ្លុះមុខមើលទៅឃើញថ្មីជាប់ជានិច្ចនោះ អាចធ្វើបានដោយការយកក្រណាត់ជ្រលក់ប្រេងស្រល់ហើយលាបលើស៊ុំកញ្ចក់ដែលធ្វើអំពីឈើទាំងនោះ ហើយទុកឱ្យស្ងួតមែនទែន ស៊ុំកញ្ចក់ទាំងនោះនឹងមើលទៅឃើញថ្មីឡើងវិញភ្លាមជាមិនខាន។
4. វិធីលាងស្នាមកខ្វក់នៅលើកែវចរណៃ អាចធ្វើបានយ៉ាងងាយៗគឺរកសម្បកផ្លែត្របែក មកដាក់ចូលទៅក្នុងកែវចរណៃដែលប្រឡាក់នោះ ត្រាំទឹកទុកចោលប្រមាណជា2-3ម៉ោង ហើយលាងសម្អាតដោយទឹកស្អាត ត្រឹមតែប៉ុណ្ណឹងកែវនឹងមើលទៅឃើញស្អាតភ្លឺថ្លាមិនខាន។
5. វិធីសម្អាតឧបករណ៍ដែលធ្វើដោយស្ពាន់ឱ្យស្អាតភ្លឺរលោងឡើងវិញមិនមែនជារឿងពិបាកឡើយ បងៗស្ត្រីមេផ្ទះអាចធ្វើបានយ៉ាងងាយ គឺនាំយកមើមខ្ទឹមក្រហមមកស្ងោរក្នុងទឹកពុះ ហើយយកមកខាត់គ្រឿងស្ពាន់ទាំងនោះ ត្រឹមតែប៉ុណ្ណឹងគ្រឿងស្ពាន់ទាំងនោះនឹងថ្មីស្អាតហ្មត់ចត់ភ្លឺចាំងមិនខាន។
6. វិធីកម្ចាត់កំណកខ្លាញ់នៅក្នុងបំពង់លូអាងលាងចាន ដែលបើសិនជាទុកចោលយូរ វាអាចនឹងធ្វើឱ្យបំពង់លូនោះណែនស្ទះបានចំណែកវិធីសម្អាតនោះគឺ យកអំបិល2-3ស្លាបព្រាដាក់ចូលទៅ បន្ទាប់មកយកម្សៅប៊ែកគីងសូដាមកដាក់ស្ងោរជាមួយទឹកឱ្យពុះ ហើយចាក់ចូលទៅបំពង់លូដែលចង់សម្អាតនោះ កំណកខ្លាញ់ដែលណែនស្ទះនោះនឹងរបូតចេញអស់បាត់មិនខាន។
7. វិធីកម្ចាត់ពពួកសត្វស្រមោច និងសត្វល្អិតតោងឡើងធុងសំរាម អ្នកអាចធ្វើបានដោយងាយ ដោយគ្រាន់តែបន្តក់ទឹកអាម៉ូនីញ៉ាក់នៅក្បែរធុងសំរាមបន្តិច ក្លិនរបស់អាម៉ូនីញ៉ាក់នឹងធ្វើឱ្យស្រមោច និងសត្វល្អិតទាំងឡាយលែងហ៊ានមកជិតធុងសំរាមទៀតហើយ។
8. ការថែរក្សាឧបករណ៍ធ្វើចំការ ដូចជា កន្ត្រៃកាត់ស្មៅ ចបកាប់ និងចបជីកជាដើម មិនឱ្យច្រែះចាប់រហូតធ្លុះធ្លាយបាននោះ អាចធ្វើបានយ៉ាងងាយ ដោយគ្រាន់តែយកប្រេងវ៉ាស្ល៊ីនមកលាបលើលោហៈគ្រប់ពេលដែលប្រើប្រាស់វារួចជាការស្រេច។
9. ការប្រើប្រាស់ចង្ក្រានហ្កាស់បែបសន្សំសំចៃ អាចធ្វើបានដោយការមួលសេរេឱ្យអណ្តាតភ្លើងឡើងពណ៌ខៀវជានិច្ច និងមិនគួរបើកភ្លើងហ្កាស់ឱ្យខ្ពស់លិចគូថឆ្នាំងឡើយ ព្រោះនឹងធ្វើឱ្យឆ្នាំងក្រក្តៅគួរមួលសេរេឱ្យល្មមនឹងគូទឆ្នាំង ទើបជាការសន្សំសំចៃហ្កាស់។
10. វិធីបំបាត់ក្លិនស្អុយរបស់ធុងសំរាម មិនថាតែធុងសំរាមមុខផ្ទះ ឬនៅក្នុងផ្ទះនោះទេ បងៗស្ត្រីមេផ្ទះអាចធ្វើបានដោយការដាក់សម្បកផ្លែក្រូចឆ្មារ ឬសម្បកផ្លែក្រូចឃ្វិច ក្រូចពោធិ៍សត្វ ឬក្រូចថ្លុងក៏បាន ចូលទៅក្នុងធុងសំរាមនោះ ក្លិនសម្បកក្រូចទាំងនោះនឹងធ្វើឱ្យក្លិនស្អុយថយចុះ។
11. ការកម្ចាត់ស្នាមជើងសត្វរុយកខ្វក់នៅលើកញ្ចក់ អាចធ្វើបានដោយវិធីពិសេសដូចតទៅ យកម្សៅកាហ្វេលីងមួយស្លាបព្រា លាយជាមួយប្រេងកាត1លីត្រ ហើយយកក្រណាត់ផ្តិតៗមកជូតស្នាមជើងសត្វរុយដែលមានពណ៌អុចខ្មៅៗលើកញ្ចក់នោះ ស្នាមកខ្វក់ទាំងនោះនឹងរលាយបាត់អស់មិនខាន។
12. បើសិនត្រូវការលាបថ្នាំបន្ទប់ជាថ្មី តែខ្លាចថា បន្ទប់នឹងធុំក្លិនឈួលរបស់ថ្នាំជាច្រើនថ្ងៃនោះ យើងមានវិធីកម្ចាត់ក្លិនរបស់ថ្នាំលាបនោះ គឺមុននឹងលាប ចូរដាក់ទឹកក្រអូបវ៉ានីឡា1ស្លាបព្រាកាហ្វេទៅក្នុងទឹកថ្នាំលាបជញ្ជាំង1ធុង រួចកូរឱ្យចូលគ្នាសព្វ រួចហើយសឹមយកទៅលាបបន្ទប់ ធានាថា ថ្នាំដែលលាបហើយថ្មីៗនោះនឹងមិនមានធុំក្លិនជាដាច់ខាត។
13. វិធីការពារមិនឱ្យថង់ផ្ទុកធូលីដីនៅក្នុងម៉ាស៊ីនបូមធូលីដីត្រូវសត្វល្អិតខាំចោះឡើងធ្លុះជារន្ធៗនោះ គឺត្រូវយកគ្រាប់ថ្នាំការពារសត្វកន្លាត 1គ្រាប់ទៅដាក់នៅក្នុងថង់ផ្ទុកធូលីដីនោះ ក្រៅពីការពារមិនឱ្យសត្វល្អិតខាំចោះហើយនោះ នៅការពារក្លិនអាប់បានទៀតផង។
14. វិធីកែបញ្ហាសត្វមូសចូលទៅពងនៅក្នុងធុងស្តុកទឹក ធ្វើឱ្យកើតមានដង្កូវទឹកនោះ យើងអាចធ្វើបានដោយការយកឥដ្ឋតាន់ពណ៌ក្រហម (ឥដ្ឋដែលគេប្រើក្នុងការងារសំណង់) មកដុតភ្លើងឱ្យក្តៅ ហើយយកទៅដាក់ក្នុងធុងស្តុកទឹកនោះភ្លាម តែប៉ុណ្ណឹង មូសនឹងលែងហ៊ានចូលទៅសម្ងំពងនៅក្នុងទីនោះទៀតហើយ។
15. វិធីកម្ចាត់ដើមស្មៅដែលដុះឡើងតែពីសតែពាស អាចធ្វើបានដោយការយកអំបិលទៅរោយនៅលើកន្លែងដែលមានស្មៅដុះឡើងនោះ ព្រោះថាអំបិលនឹងទៅធ្វើឱ្យដីនៅត្រង់នោះឡើងប្រៃ នឹងធ្វើឱ្យស្មៅងាប់ និងលែងដុះមកទៀតនៅទីបំផុត។
16. ទឹកម៉ាស៊ីន (ទឹករបស់រដ្ឋាករទឹក) ដែលមានធុំក្លិនជាតិក្ល័រខ្លាំង យើងអាចកម្ចាត់ក្លិននេះឱ្យអស់ទៅបាន ដោយចិតផ្លែក្រូចឆ្មារជាបន្ទះស្តើងៗដាក់ចូលទៅក្នុងទឹកក្រូចឆា្មរនឹងជួយបឺតយកក្លិនជាតិក្ល័រនោះបាត់អស់ ហើយអាចធ្វើឱ្យទឹកនោះទទួលទានបានទៀតផង។
17. ជ័រគែមទ្វារទូទឹកកកមានមេរោគផ្សិតកខ្វក់ដុះឡើងខ្មៅៗនោះ យើងមានវិធីសម្អាតចេញបាន ដោយប្រើក្រណាត់ជ្រលក់ទឹកខ្មេះ ហើយយកទៅដុសជូតលើជ័រគែមទ្វារទូទឹកកកដែលមានមេរោគផ្សិតដុះឡើងនោះ មេរោគផ្សិតកខ្វក់ទាំងនោះនឹងរលាយបាត់អស់មិនខាន។
18. យើងអាចកម្ចាត់បញ្ហាសត្វចិញ្ចឹម ដូចជា ឆ្កែ និងឆ្មារជាដើម ដើរនោម និងជុះមិនដឹងកន្លែងនោះបាន ដោយការរោយម្រេចបុកនៅលើកន្លែងដែលវាធ្លាប់មកនោម ឬជុះនោះ តែប៉ុណ្ណឹង ឆ្កែ និងឆ្មារនឹងលែងមកនោម និងជុះនៅទីនោះទៀតហើយ តែវិធីដែលល្អបំផុត អ្នកគួរតែបង្ហាត់ឱ្យវាចេះនោមក្នុងបន្ទប់ទឹក និងជុះនៅលើក្រដាសដែលអ្នកដាក់ទុកឱ្យវាជុះ រហូតទាល់តែវាមានទម្លាប់វិញទើបជាការប្រសើរ។
19. ការថែរក្សាឈើអំបោសដែលធ្វើពីផ្កាត្រែង ដែលទើបទិញមកថ្មីៗឱ្យទុកប្រើការបានយូរនោះ យើងអាចធ្វើបានដោយការជ្រលក់ឈើអំបោសទៅក្នុងទឹកអំបិលក្តៅៗ ផ្កាត្រែងរបស់អំបោសនោះនឹងតោងស្អិតជាប់គ្នា ធ្វើឱ្យយើងអាចប្រើការបានយូរ មិនដាច់របូតនាំឱ្យរំខានអារម្មណ៍ឡើយ។
ប្រភព៖ lareine
0 comments:
Post a Comment