អ្វីជា“ហុងស៊ុយ?”
បើបកស្រាយតាមភាសាចិនពាក្យ “ហុង ស៊ុយ” ពីរម៉ាត់នេះមានន័យពិតថា ខ្យល់ និងទឹក តែតាមការពិតពាក្យនេះបាន បង្កប់ន័យដ៏ទូលំទូលាយ និងអរូបីច្រើនជាងនេះ ដោយមិនសំដៅទៅនឹងន័យដើមរបស់វានោះទេ ។
ហុងស៊ុយត្រូវបានគេនិយាយសំដៅទៅលើថាមពលរបស់បរិស្ថានជុំវិញទៅលើជីវិតរបស់មនុស្ស ។ ហេតុនេះការសិក្សាពីហុងស៊ុយ គឺជាការសិក្សាពីថាមពលរបស់បរិស្ថានជុំវិញទៅលើគ្រប់ទម្រង់នៃជីវិត ឬជោគវាសនារបស់មនុស្សនេះឯង ។
និមិត្តសញ្ញា ហុងស៊ុយ តាមទស្សនៈចិន
ចុះថាមពលនោះគឺជាអ្វី ? ថាមពលនោះគឺជាកម្លាំងអរូបីម្យ៉ាង ដែលគេមិនបានកំណត់ន័យឱ្យបានច្បាស់លាស់ថា ជាថាមពលម៉ាញ៉េទិច ជាពន្លឺ ជាខ្យល់ ជារលក ធាតុអាកាស ជាសំឡេង ឬជាអ្វីផ្សេងឱ្យបានជាក់លាក់ឡើយ នៅក្នុងក្បួនបុរាណចិន ។ ថាមពលអរូបីនេះអាចកើតចេញពីអ្វីៗគ្រប់យ៉ាងដែលនៅជុំវិញខ្លួនមនុស្សយើង សូម្បីតែវត្ថុគ្មានជីវិតក៏អាចមានឥទ្ធិពលទៅលើមនុស្ស និងបរិស្ថាន ជុំវិញដែរ ។ ថាមពលទាំងនោះអាចជះលទ្ធផលពីរបែប គឺអាក្រក់ និងល្អ ទៅលើដំណើរប្រព្រឹត្តទៅនៃជីវិតសត្វលោក ។ ឧទាហរណ៍ជាក់ស្តែង និង ងាយយល់បំផុតមួយសម្រាប់លោកអ្នកពិចារណាគឺ នៅពេលដែលកន្លែងរស់នៅមួយពោរពេញទៅដោយក្លិនស្អុយ និងខ្យល់អាកាសអាប់អួ គេអាចនិយាយបានថា កន្លែងនោះគ្មានហុងស៊ុយល្អ ហើយអ្នករស់នៅទីនោះនឹងជួបប្រទះបញ្ហាផ្សេងៗច្រើន រួមទាំងបញ្ហាសុខភាព ហេតុនេះគេត្រូវ តែប្រែទីកន្លែងរស់នៅនោះដើម្បីធ្វើឱ្យស្ថានភាពជីវិតប្រចាំថៃ្ងមានលក្ខណៈល្អប្រសើរឡើងវិញ ។
ថាមពលទាំងអស់នោះប្រែប្រួលទៅតាមពេលវេលា ទីកន្លែង និង សកម្មភាពនានា ដោយមានឥទ្ធិពលទៅលើផែនដី ទៅលើទីកន្លែងមួយ ទៅលើអ្វីមួយ និងទៅលើមនុស្សម្នាក់ៗ ដោយឡែកៗពីគ្នា ។ បើនិយាយចំពោះតែមនុស្ស ថាមពលអរូបីទាំង នោះជះឥទ្ធិពលទៅលើវាសនាមនុស្សនីមួយៗខុសៗ គ្នា ទៅតាមពេលវេលាដែលមនុស្សកើត ។ នេះមានន័យថា ពេលដែល មនុស្សម្នាក់ៗចាប់កំណើតឡើង គេមានជោគវាសនាកំណត់រួចជាស្រេចនៅក្នុង វេលាកាលបរិច្ឆេទដែលគេកើត ដោយ សារតែឥទ្ធិពលរបស់ថាមពលអរូបីនោះ ។ ដោយហេតុផលបែបនេះ ការសិក្សាពីហុងស៊ុយមិនត្រឹមតែអាចជាការសិក្សារៀបចំបរិស្ថានជុំវិញមនុស្ស ដើម្បីឱ្យមានថាមពលប្រសើរកើតឡើងចំពោះមនុស្សនោះទេ តែថែមទាំងជាការទស្សន៍ទាយដឹងអំពីសភាពប្រចាំឆ្នាំនីមួយៗ ដោយសារតែឥទ្ធិពលរបស់ថាមពលមើលមិនឃើញចំពោះពិភពលោក និងអាចដឹងអំពីជោគជតារាសីប្រចាំជីវិតរបស់មនុស្សម្នាក់ៗ និងប្រចាំឆ្នាំ ប្រចាំខែ ប្រចាំថៃ្ង សូម្បីតែប្រចាំនាទី និងវិនាទីសម្រាប់មនុស្សម្នាក់នោះថែមទៀតផង ។
ជាទូទៅ ជនជាតិចិនក៏ជឿលើវាសនាដែរ មានន័យថា វាសនាគឺជាការកំណត់អ្វីៗទាំងអស់នៅក្នុងជីវិតរបស់គេ ប៉ុន្តែក្រៅពីនោះគេនៅជឿទៅលើហុងស៊ុយ និងសកម្មភាពរបស់គេ ក្នុងការកំណត់ជីវិតរបស់គេដែរ នេះគឺជាការគិតបែបវិជ្ជមានមួយដែលធ្វើ ឱ្យគេខិតខំជម្នះលើឧបសគ្គនានាដើម្បីជីវិតដ៏ប្រសើរ ។ នៅក្នុងនោះហុង ស៊ុយ អាចឱ្យគេដឹងអំពីជោគជតារាសី វាសនាគេ ប៉ុន្តែគេក៏អាចប្រើប្រាស់ការសិក្សាពីហុងស៊ុយនេះ ដើម្បីកែប្រែវាសនារបស់គេឱ្យល្អប្រសើរបានដែរ ទាំងផ្នែកទ្រព្យ សំណាង សុខភាព គ្រួសារ ជីវិត ការងារ និងរឿងរ៉ាវជាច្រើនទៀត ដោយការបង្កើតនិងកែប្រែ ឱ្យមានថាមពលល្អប្រសើរទៅតាមការចង់បាន ។
តាមទស្សនៈហុងស៊ុយ ការរៀបចំដំណើរជីវិតបានល្អ និងប្រកបដោយប្រសិទ្ធភាព វាមិនអាស្រ័យទៅលើតែសមត្ថភាពចំណេះ ដឹងឬទេពកោសល្យតែប៉ុណ្ណោះទេ ប៉ុន្តែ ថាមពលផ្លូវចិត្ត ឬយើងហៅដោយសាមញ្ញថា កម្លាំងចិត្ត ពិតជាកត្តាដែលពុំអាចកាត់ ផ្តាច់ និងខ្វះបានឡើយ សម្រាប់មនុស្សម្នាក់ៗក្នុងលំនាំជីវិតនៃការរស់នៅ ។
ក្នុងចក្ររាសីនៃសត្វទាំង១២ វាពិតជាមានទំនាក់ទំនង នឹងហុងស៊ុយ ឧបមាថាឆ្នាំខាល ២០១០ខាងមុខ គឺជារយៈពេលដ៏តានតឹង និងអស្ថិរភាពបំផុត ។ រាល់មុខរបរ ជួញដូរ និងការប្រកបការងារទាំងឡាយនឹងជួបប្រទះនូវឧបសគ្គច្រើន ក៏ប៉ុន្តែ លក្ខណៈទាំងអស់នេះមិនមែនកើត មានឡើងចំពោះមនុស្សទូទៅនោះទេ ។ មានបុគ្គលដែលកើតក្នុងចក្ររាសីសត្វទាំង១២ខ្លះ ដែលនឹងទទួលបាននូវ ឱកាសទទួលបាននូវលាភសំណាងដល់កំពូល ពីព្រោះតែឆ្នាំខាល២០១០ ខាងមុខមានបង្កប់នូវឱកាសមាសជាច្រើនសម្រាប់ពួកគេ ។
ប៉ុន្តែចំពោះបុគ្គលក្នុងចក្ររាសីសត្វខ្លះទៀតដែលមានរាសីមិនសូវល្អ នៅក្នុងឆ្នាំខាលខាងមុខនេះគេអាចប្រើ ប្រាស់នូវក្បួនហុងស៊ុយ ដើម្បីជម្នះនិងបញ្ចៀសឧបសគ្គ ឬសំណាងអាក្រក់ទាំងឡាយនិងបញ្ហាផ្សេងៗដែលអាចកើតមាន និងការបង្កើននូវជោគសំណាងរបស់គេទៅ តាមអាយុនិងប្រភេទចក្ររាសីសត្វរបស់គេរៀងៗខ្លួនបានយ៉ាងប្រសើរ៕
ដកស្រង់ពី:CEN
0 comments:
Post a Comment