ជំនឿ និង ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃស្អែក ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧


សូមជូនហោរាសាស្រ្តសម្រាប់ ថ្ងៃស្អែក ថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០១៧៖

ឆ្នាំជូត រាសី​​ជា​មធ្យម​។​​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​បើ​ឃើញ​ថា​កំពុង​ដាំ​ក្បាល​ចុះ​ខ្លាំង​ហើយ​លោកអ្នក​ពុំ​មាន​ការ​គិតគូរ​ឱ្យ​ដិត​ដល់​ទេ​នោះ​គ្រោះ​រង្គោះរង្គើ​ទ្រព្យ​ពិតជា​កើត​ឡើង​ពុំខាន​។​ការធ្វើដំណើរ​ជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​ពិសេស​បញ្ហា​ចំណីចំណុក​តែម្តង​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ចូរ​កុំ​គប្បី​មាន​ការ​ផ្លែផ្កា​ដោយ​សម្តី​វាយប្រហារ​ឱ្យ​គ្នា​ឡើយ​ព្រោះ​វា​ជា​ទម្លាប់​អាក្រក់​មាន​តែ​ការ​កើត​ជម្លោះ​វិវាទ​ឥត​ឈប់ឈរ​ហើយ​អាច​នឹង​ឈាន​ដល់​ការបែកបាក់​ថែមទៀត ៕

ឆ្នាំឆ្លូវ រាសី​ខ្ពស់ត្រដែត​។​ ក្នុង​ថ្ងៃនេះ​លោក​អ្នក​អាច​សម្រុក​ការងារ​ពេញទី​បាន​ហើយ​ព្រោះ​ថា​បើកាលណា​ធ្វើ​ច្រើន​ប៉ុនណា​ផល​ល្អ​ក៏​ច្រើន​ទៅតាម​នោះ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មាន​ការហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យក​ទៅ​លេង​ល្បែងស៊ីសង​ទ្បើយ​នាំ​ជួប​បញ្ហា​អាក្រក់​ណាមួយ​ត្រូវអស់​ប្រាក់កាស​ពី​ខ្លួន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​ប្រសើរ​៕

ឆ្នាំខាល រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព​និង​អារម្មណ៍​ពី​ព្រោះថា​ងាយ​កើត​បញ្ហា​ប៉ះទង្គិច​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មាន​ការរីកលូតលាស់​យឺត​ហើយ​ផល​កម្រៃ​មាន​សភាព​តានតឹង​ណាស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ដោយ​ប្រការ​ណាមួយ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​រកាំចិត្ត​និង​ពាក់មុខយក្ស​ដាក់​គ្នា​ច្រើន​៕

ឆ្នាំថោះ ​រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​បញ្ហា​សុខភាព​របស់​លោក​អ្នក​ពុំ​ល្អ​បរិបូរ​ឡើយ​ដូច្នេះ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការថែរក្សា​សុខភាព​ឱ្យបាន​ខ្ជាប់ខ្ជួន​ពិសេស​ត្រូវ​យកចិត្តទុកដាក់​បញ្ហា​ជំងឺ​ចាស់​ព្រោះ​ងាយ​ផ្ទុះ​រើ​ឡើងវិញ​។​ក្រៅពីនេះ​នៅ​ផ្ទះសម្បែង​ពិសេស​ស្ត្រី​មេផ្ទះ​មិន​ត្រូវ​មាត់​រអ៊ូរទាំ​ច្រើន​ឡើយ​ព្រោះ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ជាមួយ​ស្វាមី​ណាស់ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​គួរ​សមតែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ខ្ចាត់ព្រាត់​បន្តិច​ព្រោះ​គេ​ងាយ​បង្ក​បញ្ហា​មក​ឱ្យ​រង​អំពល​ទុក្ខ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយ​ក្រោយ​ហើយ​ប្រឆាំង​គ្នា​ច្រើន​៕

ឆ្នាំរោង រាសី​​មធ្យម​។​ ការប្រកប​ការងារ​ថ្ងៃនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ការប៉ះទង្គិច​ព្រោះតែ​ពាក្យ​សម្តី​តែ​ម្តង​។​ក្រៅពីនេះ​លោក​អ្នក​មិន​ត្រូវ​ចាប់កំហុស​អ្នកដទៃ​ច្រើន​ទ្បើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​កើត​ជា​ជម្លោះ​វិវាទ​ជួប​ផល​លំបាក​ណាមួយ​មក​វិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ប្រាក់ចំណូល​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស​ចាប់​ពុំ​សូវ​ជាប់​ទេ​ហើយ​បើ​លោកអ្នក​ប្រលងប្រជែង​តម្លៃ​ទៀត​នោះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈាន​ពី​តូចតាច​ឡើង​ដល់​ធំ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​មាន​តែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕

ឆ្នាំម្សាញ់ ​រាសី​ខ្ពស់ត្រដែត​។​ ក្នុង​ថ្ងៃ​នេះ​បើ​លោកអ្នក​ជួប​ផល​លំបាក​នឹង​មាន​ក្រុម​មន​សុ្សជួយ​ណែនាំ​និង​ផ្តល់​យោបល់​ដែល​នាំ​ឱ្យ​ជួប​ផល​ល្អៗ​មក​វិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវ​អាកាស​ក្តី​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ហើយក៏​មាន​ភាព​សុខដុម​ណាស់​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំមមី ​រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​និង​សម្រេច​ជោគជ័យ​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ផ្លាស់​ប្តូរ​មុខរបរ​ថ្មី​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជា​និច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​និង​ក្រុម​មនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំមមែ ​រាសី​​ជា​មធ្យម​។
 ​​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ការរក​ផល​កម្រៃ​ទោះ​មាន​ភាពជឿនលឿន​ទៅមុខ​ក្តី​តែ​ក៏​មាន​ភាព​ប្រទាំង​ប្រទើស​ជាមួយ​មនុស្ស​ជុំវិញខ្លួន​ច្រើន​ដូចនេះ​គប្បី​មាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ការធ្វើដំណើរ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​មាន​ការប្រយ័ត្នប្រយែង​ក្រុម​មនុស្ស​បៀតបៀន​យាយី​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ភាគី​ម្ខាង​ទៀត​អាច​កើត​មាន​ចិត្ត​រេ​និង​មាន​ការប្រែក្រឡាស់​ច្រើន​គប្បី​មាន​ការប្រយ័ត្នប្រយែង​៕

ឆ្នាំវក រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បើ​មាន​កិច្ចការ​អ្វី​លោក​អ្នក​អាច​សម្រុក​ពេញទី​បាន​ហើយ និង​ត្រូវ​បំពេញ​ការងារ​ណា​ដែល​សំខាន់​មុន​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាស​ល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​៕

ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​បើ​ទោះ​បី​ធ្វើ​អ្វី​គប្បី​រួសរាន់​ពី​ព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ផង​។​លោកអ្នក​អាច​ប្រកប​កិច្ចការ​អ្វី​ពេញដៃពេញជើង​និង​មាន​តែ​ក្រុម​មនុស្ស​អាណិត​ស្រឡាញ់​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវ​អាកាស​ក្តី​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូចជា​ទី​គាប់ចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំច រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មាន​រឿង​រាវ​បន្តិចបន្តួច​ចូល​មក​អុកឡុក​យាយី​ខ្លះៗ​នាំ​ឱ្យ​សៅហ្មង​ផ្លូវចិត្ត​។​ចំពោះ​ការប្រកប​ការងារ​សព្វ​បែបយ៉ាង​កើត​មាន​ការរាំងស្ទះ​ញឹកញាប់​ ​ធ្វើឱ្យ​មាន​ការ​រកាំចិត្ត​ច្រើន​។​បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​គួរ​អត់ធ្មត់​ក្នុង​មុខរបរ​។​ រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​កើត​តែ​ជំលោះ​វិវាទ​គ្មានអ្វី​ជឿនលឿន​ទៅ​មុខ​៕

ឆ្នាំកុរ រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​ដោយសារ​ដំណើរ​ជីវិត​មិន​ល្អ​ប្រសើរ​ម្ល៉ោះហើយ​ឱ្យ​ប្រយ័ត្ន​ការ​ទទួលរង​ឈឺ​ខ្លួនប្រាណ​ឬ​បាត់បង់​ប្រាក់កាស​ដោយ​ប្រការ​ណាមួយ ហេតុ​នេះ​ត្រូវ​គ្រប់គ្រង​ខ្លួន​ឱ្យបាន​ល្អ​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​បញ្ហា​ខ្សត់ខ្សោយ​អតិថិជន​ឯ​ផល​កម្រៃ​ទៀតសោត​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការ​បែរខ្នង​ដាក់​គ្នា​ច្រើន​ដោយសារ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ ៕

Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.