ចំណេះដឹងថ្មីៗ

ទម្លាប់​​អាក្រក់​ ទាំង​៧ ​ដែល​នឹង​បំផ្លាញ​ស្នេហា​របស់​អ្នក!


បើ​អ្នក​មាន​ទម្លាប់​​មួយ​ណា​ដូច​ទម្លាប់​ទាំង​៧​ខាង​ក្រោម​នេះ សូម​កែប្រែ​ខ្លួន​ឯង​បើ​សិន​មិន​ចង់​បាត់បង់​ស្នេហា​ដែល​ខ្លួន​កំពុង​មាន។

១.ធ្វើ​ចរិត​ដូច​កូន​ក្មេង

អ្នក​តែង​តែ​ចង់​ឲ្យ​អ្វី​ៗ​ទៅ​តាម​ដែល​ខ្លួន​ចង់​បាន បើ​សិន​ជា​សង្សារ​មិន​ធ្វើ​តាម​អ្វី​ដែល​អ្នក​ចង់​បាន អ្នក​នឹង​ងងក់ សំឡក់​សំឡឹង​គេ​ភ្លាម។ ពេល​ស្រលាញ់​ដំបូង គេ​អាច​នឹង​ធ្វើ​តាម​អ្នក​គ្រប់​រឿង​រាវ ព្រម​ស្ដាប់​តាម​បញ្ជា​គ្មាន​ហេតុផល​របស់​អ្នក តែ​យូរ​ទៅ គ្មាន​អ្នក​ណា​អាច​ទ្រាំ​នឹង​ទង្វើ​ដូច​នេះ​រហូត​បាន​ទេ។

២. រក្សា​ភាព​ស្ងៀមស្ងាត់​រយៈ​ពេល​យូរ

រាល់​ពេល​ឈ្លោះ​គ្នា​ម្ដង​ៗ អ្នក​តែង​ប្រើ​ភាព​ស្ងៀមស្ងាត់​ប្រៀប​ដូច​ជា​វិធី​មួយ​ដើម្បី​ធ្វើ​ទារុណកម្ម​​សង្សារ​។ អ្នក​ដឹង​ច្បាស់​ថា គេ​នឹង​តឹង​ទ្រូង​នៅ​ពេល​អ្នក​មិន​ព្រម​និយាយ​អ្វី​សោះ ដូច​នេះ​អ្នក​ក៏​ធ្វើ​បាប​គេ​ដោយ​វិធី​នេះ។ តែ​អ្នក​ត្រូវ​ចាំ​ថា ភាព​ស្ងៀមស្ងាត់​មិន​អាច​ដោះ​ស្រាយ​បញ្ហា​បាន​នោះ​ឡើយ។

៣. ទម្លាក់​កំហុស

មនុស្ស​មួយ​ចំនួន​ចូលចិត្ត​ទម្លាក់​កំហុស​ឲ្យ​សង្សារ​ដោយ​គិត​ថា គេ​ស្រលាញ់​យើង​ហើយ ដូច​នេះ​គេ​មិន​តទល់​វិញ​នោះ​ទេ។ រឿង​នេះ​កើត​ឡើង​មួយ​ដង ឬ​២​ដង​វា​មិន​មែន​ជា​បញ្ហា​នោះ​ឡើយ តែ​បើ​រឿង​នេះ​កើត​ឡើង​ញឹកញាប់​ពេក សង្សារ​អ្នក​នឹង​ត្រូវ​គិត​ពី​ចំណង​ស្នេហា​នេះ​ឡើង​វិញ។



៤. និយាយ​ស្ដី​កំបុត

អឺ អឺម អូខេ គឺ​ជា​ចម្លើយ​ដែល​អ្នក​មិន​គួរ​ប្រើ​នៅ​ពេល​កំពុង​ជជែក​ជាមួយ​សង្សារ​ទេ។ វា​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​ជា​មនុស្ស​គ្មាន​សុជីវធម៌ និង​មិន​ឲ្យ​តម្លៃ​ដៃ​គូ​របស់​ខ្លួន។

៥. សាក​ល្បង​សង្សារ

ស្រី​ៗ​មួយ​ចំនួន ចូលចិត្ត​ពឹង​មិត្តភ័ក្ដិ​ដើម្បី​សាក​ល្បង ដើម្បី​ចង់​ដឹង​ច្បាស់​ថា​គេ​ស្រលាញ់​យើង​ពិត​ប្រាកដ​ឬ​អត់។ ប៉ុន្តែ​បើ​សង្សារ​អ្នក​ដឹង​ពី​រឿង​នេះ គេ​នឹង​ឈឺ​ចាប់​ដោយ​សារ គេ​គិត​ថា​អ្នក​មិន​ជឿ​ទុក​ចិត្ត​គេ​ទាំង​ស្រុង។ ម្យ៉ាង​ទៀត បើ​សំណាង​អាក្រក់ អ្នក​អាច​បាត់​បង់​សង្សារ ធ្លាក់​ចូល​ដៃ​មិត្តភ័ក្ដិ​ក៏​អាច​ថា​បាន។

៦. ឈ្លោះ​គ្នា​នៅ​ទី​សាធារណៈ

ដើម្បី​ឲ្យ​សង្សារ​ស្ដាប់​តាម​ខ្លួន អ្នក​ហ៊ាន​ស្រែក​គំហក​ដាក់​គេ យំ​ស្រែក​នៅ​កណ្ដាល​វាល​ដើម្បី​គម្រាម​គេ​ឲ្យ​គេ​ស្ដាប់​តាម។ បើ​ទោះ​បី​ជា​ខឹង​យ៉ាងណាក៏ដោយ ក៏​គួរ​តែ​និយាយ​គ្នា​ដោយ​សន្តិវិធី មិន​គួរ​ហែក​កេរ្តិ៍​ខ្លួន​ឯង​ឲ្យ​គេ​ដឹង​នោះ​ទេ។

៧. ត្រួត​ពិនិត្យ​ពេល​វេលា​ឯកជន

គេ​ទៅ​ណា ធ្វើ​អ្វី ដើរ​ជាមួយ​អ្នក​ណា ក៏​ត្រូវ​រាយការណ៍​ប្រាប់​អ្នក​ទាំង​អស់។ រហូត​ដល់​ថ្នាក់​អ្នក​ហាម​គេ​មិន​ឲ្យ​ដើរ​លេង​ជាមួយ​មិត្តភ័ក្ដិ​របស់​គេ​ដែល​អ្នក​មិន​ពេញ​ចិត្ត​ថែម​ទៀត។ សូម​ចង​ចាំ​ថា អ្នក​គឺ​ជា​សង្សារ​របស់​គេ មិន​មែន​ជា​ម្ដាយ​របស់​គេ​នោះ​ទេ ចូរ​ឲ្យ​តម្លៃ​ពេល​វេលា​ឯកជន​របស់​ដៃ​គូ​របស់​ខ្លួន​មុន​ពេល​ធុញ​ទ្រាន់​នឹង​ទង្វើ​របស់​យើង៕



ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel
អត្ថបទពី៖ Kanha

0 comments:

Post a Comment

Powered by Blogger.