មួយនាទី នៃសាច់រឿង នៅក្នុងខ្សែភាពយន្តប្រហែលស្មើនឹងដប់ឆ្នាំ នៃជីវិតពិតរបស់មនុស្ស នៅក្នុងសង្គមជាក់ស្តែង។ ក្តីស្រឡាញ់ដែលមានភាពអស្ចារ្យ គឺមានតែក្នុងរឿងនិទានតែប៉ុណ្ណោះ ដែលតួឯកស្រី និងតួឯកប្រុសភាគច្រើន គឺទទួលបាននូវភាពសមប្រកបតាមបំណងប្រាថ្នា បើទោះបីជាតួឯកស្រី ឬតួឯកប្រុស ជាមនុស្សមានសម្រស់មិនស្អាត គ្មានទ្រព្យធនបុណ្យស័ក្តិយ៉ាងណាក៏ដោយ ក៏គង់តែមានអភិនីហារណាមួយដែលអាចធ្វើឱ្យពួកគេក្លាយទៅជាល្អ និងជាមនុស្សដែលប្រកប ទៅដោយគុណសម្បត្តិ ព្រោះតែគេជា មនុស្សមានចិត្តស្មោះត្រង់ និងភក្តីភាព ចំពោះគ្នាយ៉ាងប្តូរផ្តាច់។
ជាមួយគ្នានេះដែរ បើនិយាយពីភាពពិតនៃជីវិតស្នេហា របស់មនុស្សជាក់ស្តែង បើសិនជាមានត្រឹមតែចិត្តស្មោះ និងភាពបរិសុទ្ធ ប្រហែលជាភាគរយនៃការជួបស្នេហាពិតនោះ មានតិចណាស់។ តើមានដែរ ឬទេ មនុស្សដែលស្រឡាញ់មនុស្សម្នាក់ មិនគិតពីសម្ភារៈនិយម ភាពហ៊ឺហា ទ្រព្យសម្បត្តិ កិត្តិយស និងរូបសម្រស់ ជាចម្លើយពិតនោះ ប្រហែលមានតិចណាស់ ហើយក៏ពិបាកនឹងរកឃើញទៀតផង។
ស្នេហានៅក្នុងជីវិតពិត គ្មានអ្វីល្អឥតខ្ចោះនោះទេ បើសិនជាមានត្រឹមចិត្តស្មោះប្រហែលជាគ្មាននិស្ស័យបានជួបស្នេហាពិតនោះឡើយ ព្រោះវាមិនអាចមានអ្វីមួយ មកបំពេញឱ្យមានគុណសម្បត្តិដូចជា ស្នេហាក្នុងរឿងនិទាន ឬភាពយន្តឡើយ គឺមានតែការតស៊ូ និងប្រឹងប្រែងតែប៉ុណ្ណោះ ក្រែងល មានសំណាងល្អអាចជួបមនុស្សដែលសមនឹងខ្លួន។ តែទោះជាយ៉ាងណា ក៏ដោយ បើបានជាជួបគ្នា ហើយសូមរក្សាស្នេហាមួយនោះឱ្យប្រកបដោយភាពសុខសាន្តជានិរន្តរ៍តទៅទោះបីជាវាមិនឥតខ្ចោះ ក៏ដោយតែវាជាស្នេហាមួយរវាងចិត្ត និងចិត្ត កើតពីក្តីស្រឡាញ់ ដោយមិនរំពឹងលើតែទ្រព្យសម្បត្តិមាសប្រាក់ ឬកិត្តិយស តែមួយមុខនោះទេ៕
0 comments:
Post a Comment