នៅពេលសប្បាយចិត្ត មនុស្សម្នាក់អាចនឹងញញឹម ឬសើច ទោះបីជាមិនបានស្ដាប់រឿងកំប្លែង។ នៅពេលដែលជួបនឹងរឿងពិបាកចិត្ត មនុស្សម្នាក់អាចនឹងយំ ទោះបីមិនបានទស្សនារឿងរ៉ាវកំសត់ណាមួយ។ នេះជាអារម្មណ៍ដែលបញ្ចេញមកខាងក្រៅដោយគ្មានការលាក់បាំងឡើយ។ អារម្មណ៍ដែលស្ដែងៗចេញមកខាងក្រៅបែបនេះ មិនមែនជារឿងល្អប៉ុន្មានឡើយ ព្រោះវាអាចនឹងធ្វើឲ្យមនុស្សដែលនៅជុំវិញខ្លួនរបស់អ្នកទាំងអស់គ្នា អាចនឹងដឹងចិត្ត ឬរឿងរ៉ាវគ្រប់យ៉ាងរបស់អ្នក។
ថ្ងៃនេះគេហទំព័រយើង នឹងនាំអ្នកទាំងអស់គ្នាឲ្យក្លាយជាមនុស្សដែលពូកែលាក់អារម្មណ៍បំផុត អាចធ្វើឲ្យអ្នកផ្សេងមិនអាចយល់បាន។
១. កុំសើច គ្រាន់តែញញឹមបានហើយ ៖ ពេលដែលអ្នកទាំងអស់គ្នាជួបនឹងរឿងសប្បាយចិត្តណាមួយ សូមកុំសើចក្អាកក្អាយអី ព្រោះវានឹងអាចក្លាយជាទម្លាប់។ ទម្លាប់ពិតជាពិបាកកែណាស់។ បើមានទម្លាប់សើច អ្នកប្រាកដជាសើច នៅពេលជួបរឿងសប្បាយចិត្ត។ ដូច្នេះហើយ យើងសូមណែនាំឲ្យអ្នក ញញឹម តែមិនត្រូវសើចឮៗខ្លាំងទេ។
២. ទឹកមុខស្មើ ទោះជួបនឹងរឿងអ្វីក៏ដោយ ៖ មនុស្សជាច្រើន តែងខឹង ឬមុខក្រញ៉ូវ នៅពេលដែលមាននរណាម្នាក់ អង្គុយក្បែរមនុស្សដែលគេលួចស្រឡាញ់។ អារម្មណ៍ខឹងដែលបង្ហាញចេញមកនោះ នឹងអាចឲ្យគេទាយដឹងថា អ្នកកំពុងតែចាប់ចិត្តលើនរណាម្នាក់បាត់ទៅហើយ។ ជម្រើសដ៏ល្អ គឺត្រូវទប់ខ្លួនឲ្យនឹង, អង្គុយឲ្យស្ងៀម និងធ្វើទឹកមុខរាបស្មើ។
៣. ប្រុងប្រយ័ត្នចំពោះភ្នែក ៖ ភ្នែកជារបស់ដ៏សំខាន់មួយដែរ ព្រោះពេលខ្លះអារម្មណ៍របស់អ្នកអាចនៅនឹងភ្នែក។ បើចង់លាក់អារម្មណ៍ សូមកុំព្យាយាមសម្លឹងរបស់ណាមួយដែលអ្នកចាប់អារម្មណ៍ រហូតមិនដាក់ភ្នែក។ សម្លឹងវាយូរៗម្ដងបានហើយ។
៤. ចៀសវាងសកម្មភាពប្លែកៗ ៖ អ្នកទាំងអស់គ្នាអាចមើលកុននៅក្នុងរោងកុន ឬអានសៀវភៅនៅពេលចូលក្នុងបណ្ណាល័យ។ អ្វីដែលអ្នកត្រូវធ្វើ គឺចៀសវាងធ្វើអ្វីៗប្លែកពីគេ ដែលមានន័យថា បើអ្នកផ្សេងមើលកុន អ្នកគប្បីមើលកុន, បើគេចូលបណ្ណាល័យអានសៀវភៅ អ្នកគួរអានសៀវភៅ...។ សកម្មភាពខុសគេ នឹងអាចឲ្យអ្នកក្លាយជាតួឯក ហើយក៏ជាទីចាប់អារម្មណ៍របស់អ្នកដទៃដែរ។
៥. សកម្មភាពជាក់ស្ដែង ៖ ជាចំណុចសំខាន់មួយដែរ។ រឿងដែលមិនគួរធ្វើនោះគឺ មិនត្រូវធ្វើសកម្មភាពណាមួយភ្លាមៗ ទៅតាមអ្វីដែលជាអារម្មណ៍របស់ខ្លួនបញ្ជាទេ។ នឹកឃើញភ្លាម ធ្វើភ្លាម នោះអារម្មណ៍របស់អ្នក ប្រាកដជាលាតត្រដាងមកក្រៅទាំងស្រុងមិនខានឡើយ។
តើអ្នកអាចក្លាយជាមនុស្សដែលពូកែលាក់អារម្មណ៍ហើយ ឬនៅ? សូមសាកល្បងវិធីសាស្ត្រងាយៗដែលយើងបានរៀបរាប់ខាងលើ ដែលវាអាចជួយជាចំណែកមួយបាន៕
ប្រភពអត្ថបទពី៖ ROSE
0 comments:
Post a Comment