បុគ្គលទី ១
ការត្រាស់ដឹងធម៌ តែងមានដល់បុគ្គលណា ព្រមដោយពេលដែលព្រះពុទ្ធ ទ្រង់លើកយកគោលធម៌មកសម្តែង បុគ្គលប្រភេទនេះហៅថា ឧគ្ឃដិតញ្ញូបុគ្គល គឺបុគ្គលដែលមានបញ្ញាចាស់ក្លាគឺគ្រាន់តែបានស្តាប់នូវគោលធម៌ ដែលព្រះពុទ្ធទ្រង់សម្តែង តែប៉ុណ្ណោះ ក៏អាចត្រាស់ដឹងធម៌ ក្លាយជាព្រះអរហន្តបានយ៉ាងរហ័ស ។ ឧទាហរណ៍ ដូចជា ព្រះពាហិយទារុចិរិយ ជាដើម ។ បុគ្គលពួកនេះប្រៀបដូចផ្កាឈូកដែលដុះលូតផុត មាត់ទឹក ដែលនឹងរីកនៅថ្ងៃនេះ ។
បុគ្គលទី ២
គឺ វិបច្ចិត្តញ្ញូ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្តែងថា ការត្រាស់ដឹងធម៌ តែង មានដល់បុគ្គលណា នៅពេលដែលព្រះអង្គទ្រង់ធ្វើឲ្យភាសិតដែលទ្រង់សម្តែងដោយ សង្ខេប ឲ្យពិស្តារ បុគ្គលពួកនេះហៅថា វិបច្ចិត្តញ្ញូបុគ្គល ។ បុគ្គលប្រភេទទី ២នេះ បាន ស្តាប់នូវគោលធម៌
ហើយ មិនអាចត្រាស់ដឹងធម៌ក្លាយជាព្រះអរហន្តបាន ប៉ុន្តែនៅពេល បានស្តាប់នូវសេចក្តីអធិប្បាយបន្ថែមយ៉ាងពិស្តារ លើគោលធម៌នោះ ទើបអាចត្រាស់ដឹង ធម៌ក្លាយជាព្រះអរហន្ត
បាន ។ បុគ្គលពួកនេះប្រៀបដូចផ្កាឈូកដែលដុះលូតដល់ មាត់ទឹកដែលនឹងរីកនៅថ្ងៃស្អែក ។
បុគ្គលទី ៣
បានដល់នេយ្យបុគ្គល ព្រះដ៏មានព្រះភាគទ្រង់សម្តែងថា ការត្រាស់ដឹងធម៌ តាមលំដាប់ជាន់ថ្នាក់ តែងមានដល់បុគ្គលណា ដោយហេតុយ៉ាងនេះ គឺដោយឧទេស ដោយសាកសួរ ដោយធ្វើទុក្ខក្នុងចិត្តដោយល្អ ដោយការគប់មិត្តល្អ បុគ្គលប្រភេទនេះ ហៅថា នេយ្យបុគ្គល ។ បានសេចក្តីថា បុគ្គលប្រភេទនេះមិនអាចត្រាស់ដឹងធម៌បានដោយគ្រាន់ តែស្តាប់នូវគោលធម៌តែប៉ុណ្ណោះ គឺត្រូវអាស្រ័យសេចក្តីព្យាយាមខ្លាំងណាស់ ដោយការចាប់អារម្មណ៍និងសាកសួរ
និងត្រិះរិះពិចារណ៍ឲ្យបានល្អ ទោះបីយ៉ាងនេះក៏ដោយក៏នៅតែ មិនអាចត្រាស់ដឹងបាន ត្រូវអាស្រ័យការគប់រកនិងជិតស្និតជាមួយនិង កល្យាណមិត្តនិងបានធ្វើតាមការណែនាំ
របស់កល្យាណមិត្តនោះតាមលំដាប់ ទើបអាចសម្រេចធម៌ តាមលំដាប់រហូតក្លាយជាព្រះអរហន្តបាន ។ បុគ្គលពួកនេះប្រៀបដូចផ្កាឈូក ដែលដុះលូតក្នុងទឹក នឹងរីកក្នុងថ្ងៃទី ៣ ។
បុគ្គលទី ៤
បានដល់បទបរមបុគ្គល ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្តែងថា បុគ្គលណា ដែលបានស្តាប់់ពុទ្ធវចនៈយ៉ាងច្រើន ពោលច្រើន ចាំបានក៏ច្រើន បង្រៀនក៏ច្រើន ប៉ុន្តែមិនអាចត្រាស់
ដឹងធម៌ក្នុងជាតិនេះទេ បុគ្គលពួកនេះហៅថា បទបរមបុគ្គល គឺបុគ្គលពួកនេះ ទោះបីបានស្តាប់ធម៌មកច្រើន ទន្ទេញចាំបានច្រើន ទាំងអាចមានសមត្ថភាពបង្រៀន អ្នកដទៃបាន
ច្រើន ក៏នៅតែមិនសម្រេចធម៌ ។ បុគ្គលពួកនេះប្រៀបដូចផ្កាឈូកដែលដុះ លូតនៅបាតទឹក ដែលមិនដឹងថាថ្ងៃណានឹងរីក ព្រោះអាចនិងត្រូវបានអណ្តើត និងត្រីស៊ី ។
ដកស្រង់ចេញពី អភិធម្មបិដក បុគ្គលបញ្ញតិ
0 comments:
Post a Comment