ការរស់នៅក្នុងភាពមានបាន សុខុដុមរមនា និងមានយស់សក្តិខ្ពង់ខ្ពស់គឺជាអ្វីដែលនារីស្ទើតែទាំងអស់ប្រាថ្នា ចង់បាន រហូតទាល់តែមានបុរសមួយចំនួនបានប្រើប្រាស់មហិច្ឆិតាមួយនេះធ្វើ ជាអន្ទាក់ដើម្បីសម្រេចបំណងកាមគុណរបស់ខ្លួនទៅលើនារីក្រីក្រ ហើយដោយសារតែអន្ទាក់ទាំងនេះ បានរុញច្រាននារីក្មេងៗជាច្រើនអោយធ្លាក់ខ្លួនជាស្រីកំណាន់ (ជួនកាលដោយបំណង ជួនកាលដោយមិនដឹងខ្លួន) យ៉ាងច្រើន។ តើវាជាកំហុសមែនទេ? ហើយតើជាកំហុសរបស់អ្នកណា?
បញ្ជាក់៖ នេះជាអត្ថបទស្រាវជ្រាវលើទំនាក់ទំនងគ្រួសារ និងស្នេហាផិតក្បត់តែប៉ុណ្ណោះ...!
បើសិនជាយើងបដិសេធន៌ថា វាមិនមែនជាកំហុស វាទាល់តែមានអំណៈអំណាងច្បាស់លាស់សមរម្យមួយ ប៉ុន្តែជានិច្ចកាលគេតែងបានលឺការបែកបាក់គ្រួសារ ប្តីប្រពន្ធ ការចងអាឃាតគ្នា ការសម្លាប់ខ្លួន តែងកើតឡើងជាញឹកញ៉ាប់ បើទោះជាករណីជាច្រើនមិនត្រូវបានគេអះអាងអោយប្រាកដប្រជា តែវាច្បាស់ណាស់ថា បានកើតឡើងព្រោះតែផលនៃការប្រថ្នាកាមគុណហួសហេតុរបស់បុគ្គល (ប្រុសនិងស្រី)។

បើសិនជាយើងទទួលស្គាល់ថា មហិច្ឆិតា និងអន្ទាក់ទាំងនោះគឹជាកំហុស នោះយើងនឹងមើលឃើញផ្លូវគាំទ្រជាច្រើនដោយផ្អែកទៅលើស្ថានភាព ប្រពៃណី និងបរិយាកាសសង្គមដែលគេកំពុងរស់នៅ ប៉ុន្តែគេពុំបានអះអាងថា វាជាកំហុសរបស់សាម៉ីជននោះទេ ព្រោះវាជាច្បាប់ធម្មជាតិ ជួនកាលវាគ្រាន់តែជាការគូសវាសខុសឆ្គងរបស់ព្រះព្រហ្មលិខិត រឺគ្រាន់តែជាផលនៃកម្មរបស់បុគ្គលដែលបានសាងពីមុនមកប៉ុណ្ណោះ នេះបើផ្អែកទៅលើទស្សនៈសាសនា និងជំនឿ។ ព្រោះតែរឿងផ្តេកផ្ទួលទៅលើបាបនិងបុណ្យនេះហើយ ទើបបុគ្គលអ្នកប្រព្រឹត្តិផ្ទាល់ នៅពេលដែលបញ្ហាមកដល់ គេពុំដែលទទួលខុសត្រូវថាជាទង្វើពិតប្រាកដរបស់ខ្លួនទេ តែគេបែជាទំលាក់វាទៅលើទេវតា ព្រះឥន្ទ ព្រះព្រហ្ម យមយក្ស អ្នកតា ទៅវិញ។ ប្រការនេះហើយ ដែលធ្វើអោយអ្នកប្រព្រឹត្តិមួយចំនួនត្រូវបានលើកលែងទោសដោយស្ងាត់ៗ (ការមិនដេញដោយ) រឺត្រូវបានអធ្យាស្រ័យទាំងស្រុងពីជនរងអំពើ។
ហេតុ
ការស្រលាញ់ និងស្នេហា គឺជារបស់ពិសិដ្ឋមួយដែលមនុស្សគ្រប់រូបត្រូវតែទទួលបាន និងត្រូវចែករំលែកអោយគ្នាអោយបានគ្រប់គ្រាន់ ប៉ុន្តែស្ថានភាពបុគ្គល និងបរិយាកាសនៅជុំវិញខ្លួន បានធ្វើអោយមនុស្សបង្កើតបំណងប្រាថ្នានានា ដែលជួនកាលបំណងប្រាថ្នាទាំងនោះគឺពិតជាធំណាស់ ធំរហូតខ្លួនឯងមិនអាចសម្រេចបាន។ ចំពោះមនុស្សស្រី អំណោយទានគឺជារតនៈសម្បត្តិប្រចាំជីវិត (អំណោយទាន៖ សម្រស់ទាំង៥ប្រការរបស់មនុស្សស្រីមាន សក់ ភ្នែក ស្បែក ឆ្អឹង និង វ័យ) ព្រោះអំណោយទានទាំងនោះ មិនមាននៅលើខ្លួនបុរសនោះទេ ជាហេតុធ្វើអោយបុរសជាច្រើនកាប់សម្លាប់គ្នាដើម្បីដណ្តើមយកអំណោយទាន ទាំងនោះមកជាកម្មសិទ្ធឹផ្ទាល់របស់ខ្លួន ហើយដោយភាពលោភលន់ និងចំណង់កាមគុណ គេមិនត្រឹមតែដណ្តើមអោយឈ្នះទេ គឺនៅត្រូវដណ្តើមយកអោយបានច្រើនទៀតផង។ អ្វីដែលគេត្រូវយកមកធ្វើជាអាវុធ និងសមរភូមិប្រយុទ្ធនោះមានដូចជា ទ្រព្យសម្បត្តិ រូបសម្បត្តិ បុណ្យសក្តិ និងអំណាច ព្រោះរបស់ទាំងនោះគឺជាមហិច្ឆិតកម្មវត្ថុរបស់មនុស្សស្រីគ្រប់ៗរូប។ ខ្ញុំនិយាយបែបនេះ នារីៗមួយចំនួនទំនងជាមិនសុខចិត្ត ប៉ុន្តែចូរសួរខ្លួនឯងត្រឡប់វិញ សារចុះសារឡើង និងអង្កេតមើលខ្លួនឯងអោយច្បាស់ថាតើខ្លួនចង់បានអ្វីអោយពិតប្រាកដ ហើយអ្វីដែលខ្លួនចង់បាននោះមកពីណា កើតឡើងដោយសារអ្វី។
បើយោងតាមស្ថានភាពជាក់ស្តែង ជួនការអំពើផិតក្បត់ និងការគេងប្រវ័ញ្ជលើកាមគុណ វាមិនកើតឡើងដោយសារតែទ្រព្យសម្បត្តិ រូបសម្បត្តិ រឺបុណ្យសក្តិនោះទេ ប៉ុន្តែវាបានកើតឡើងដោយសារតែឧបការៈរបស់បុគ្គលទាំងពីរ មានដូចជា ការធ្វើការជាមួយគ្នា ការរស់នៅផ្ទះតែមួយ ការយកអាសារគ្នាយប់ថ្ងៃ និងការចែករំលែកពត៌មានផ្ទាល់ខ្លួនអោយគ្នាទៅវិញទៅមកដោយមិនដឹងខ្លួន។ ប្រការទាំងនេះគេហៅថា «ស្នេហាលួចលាក់» ចំពោះបុគ្គលដែលមានដៃគូពន្ធុរួចហើយ។
ដោយឡែក ការសន្យា (ភាគច្រើនត្រូវបានធ្វើឡើងដោយបុរស) ក៏ជាមូលហេតុនៃអំពើផិតក្បត់ និងជំរុញអោយមានស្នេហាលួចលាក់បានដែរ។ ជាការពិត ការសន្យា ត្រូវបានគេបែកចែកទៅតាមកម្រិតមហិច្ឆិតារបស់មនុស្សស្រី រឺប្រុស ដែលមានដូចជា ការផ្តល់កម្មសិទ្ធឹលើផ្ទះសំបែង ក្រុមហ៊ុន រឺទ្រព្យសម្បត្តិគ្រួសារ រឺការរៀបការពេញច្បាប់ ចូលក្នុងវង្សត្រកូលជាដើម.... តែក័នៅមានការផ្តល់ទំនុកចិត្ត ការសន្យាចំពោះសុវត្ថិភាព និងហិរញ្ញវត្ថុផងដែរ។
ផល
ព្រះពុទ្ធបានសំដែងថា «នៅពេលបុគ្គលមើលមិនទាន់ឃើញផលនៃអំពើបាប បុគ្គលនោះយល់ថា អំពើបាបគឺជាទឹកឃ្មុំ រឺជាផ្កា លុះត្រាណាតែ អំពើបានហុចផល ទើបបុគ្គលដឹងថា វាគឺជាលាមក៌យ៉ាងពិតប្រាកដ»។ ចំនែកពាក្យទំនៀមខ្មែរបុរាណបានពោលដែរថា «មិនឃើញក្តារមឈូល មិនស្រក់ទឹកភ្នែក»។
អាពាហ៌ពិពាហ៌ មិនត្រឹមតែផ្សារភ្ជាប់ចំណងនៃវង្សត្រកូលពីរអោយមកជាមួយវង្ស ត្រកូននោះទេ តែវាក៏ជាចំណងជាតិពន្ធុរាប់រយតំណរទៅមុខទៀតដែរ ដូច្នេះបើអ្នកណាមួយចូលទៅផ្តាច់ចំណងជាតិពន្ធុនោះ គឺឈ្មោះថាជាមារដែលមានចិត្តបាប។ តែដរាបណាចំណងអាពាហ៌ពិពាហ៌ត្រូវបានកាត់ផ្តាច់ជាស្ថាពរ ទើបជាតិពន្ធត្រូវបានកាត់ផ្តាច់ ដូច្នេះបើអ្នកណាចូលទៅសាងកម្មបន្ទាប់នោះ គឺមិនឈ្មោះថាជាមារទេ។
ក្នុងកំឡុងពេលបុគ្គលពីរនាក់កំពុងមានទំនាក់ទំនងលួចលាក់ មិនមានអ្នកណាដឹង គេពិតជាសប្បាយរីករាយណាស់ ពេញចិត្តណាស់ ផ្អែមល្ហែមណាស់ និងស្រណុកសុខកាយណាស់។ គេយល់ថា អ្វីៗពិតជាស្រស់ស្អាត អ្វីៗពិតជាសមតាមបំណង ប៉ុន្តែពួកគេពិតជាភ្លេចគិតថា គេកំពុងដើរលើផ្លូវអាបាយ ផ្លូវមរណៈ ផ្លូវដែលមនុស្ស និងទេវតាស្អប់ខ្ពើម។ ពិតហើយ នៅពេលដែលរឿងរ៉ាវទាំងឡាយត្រូវបានបែកធ្លាយ អ្នកទាំងពីរ បើទោះជាចំណងស្នេហារឹងម៉ាំ រឺចំណងអ្វីផ្សេងទៀតមានដូចជាកូនចៅ គ្រួសារ និងទ្រព្យជាដើម រ៉ឺងម៉ាំ តែភាពរីករាយរបស់គេពិតជាបាត់បង់អស់ទៅហើយ ដោយបានមកវិញនូវការមិនទុកចិត្ត និងការឈឺចាប់រហូតថ្ងៃស្លាប់។ ខ្លាំងជាងនេះ បើសិនជាម្ខាងៗមិនព្រមដោះលែងអោយគ្នាទៅវិញទៅមក គឺគេច្បាស់ណាស់ថា គេកំពុងធ្វើសង្គ្រាមសម្លាប់ជាមួយខ្លួនឯងដោយពិត... តើបានប្រយោជនអ្វី?
កំហុស
ការល្មោភកាមតណ្ហារបស់បុរសគឺជាដើមហេតុ ការប្រាថ្នាធំ ភាពស្តុកស្តម្ភរបស់នារីគឺជាផ្លូវ ការសន្យាផ្តល់អោយដោយសន្ធឹកសន្ធាប់គឹជាអន្ទាក់ ហើយលទ្ធផលចុងក្រោយ អ្នកដែលដើរចូលអន្ទាក់ជីវិតគឺបុគ្គល៣នាក់ រឺ៤នាក់ រឺ៥នាក់ រឺ៦នាក់...... រឺ៣វង្សត្រកូល។
កាមេសុមិច្ឆាចារៈ ___ ការប្រព្រឹត្តិខុសក្នុងកាម មានការលួចលាក់សាហាយស្មន់ គូកំណាន់ លើកូន ប្រពន្ធ ប្តីគេគឺជាអំពើបាប នេះជាចំណុចមួយក្នុងសីល៥ក្នុងព្រះពុទ្ធសាសនា។
សូមអ្នកកុំយកលេសថា ព្រោះតែអ្នកស្រលាញ់ទើបអ្នកក្បត់ ព្រោះតែស្នេហាទើបអ្នកព្រម ព្រោះតែអាណិតទើបអ្នកអោយ អោយសោះ ព្រោះអ្នកដែលលួចលាក់កូនប្រពន្ធ ប្តី គេ មិនសមនិងប្រើប្រាស់ពាក្យទាំងនេះមកដោះសារនោះទេ.... អ្នកកុំយកស្នេហាមកលាបពណ៌អោយខ្មៅកខ្វក់ដូចជាចិត្តផិតក្បត់របស់អ្នក។
0 comments:
Post a Comment