ជឿ ឬជំនឿ មានឥទ្ធិពលខ្លាំងណាស់សម្រាប់សង្គមរស់នៅរបស់មនុស្ស។ ការជឿមានច្រើនបែបច្រើនយ៉ាងណាស់ ដូចជា ការជឿទៅលើសាសនា, ការជឿទៅលើព្រះ, ការជឿទៅលើនរណាម្នាក់, ការជឿទៅលើខ្លួនឯង ឬការជឿទៅលើរបស់អ្វីមួយ។
ថ្ងៃនេះដែរ យើងនឹងលើកយកការជឿខុស ១០ យ៉ាង ដែលមាននិយាយនៅក្នុងព្រះពុទ្ធសាសនា ឲ្យអ្នកទាំងអស់គ្នាបានដឹង។ ដែលក្នុងនោះមានដូចជា ៖
១. កុំជឿដោយឮតៗគ្នា ៖ ចូរកុំជឿទៅលើរឿងរ៉ាវអ្វីមួយដោយមិនបានឃើញផ្ទាល់នឹងភ្នែក។ ក្នុងសុភាសិតខ្មែរ គេតែងលើកឡើងថា លឺមួយរយដង មិនស្មើនឹងឃើញមួយដងទេ។
២. កុំជឿតាមភាពល្បីល្បាញ ៖ ភាពល្បីល្បាញរបស់មនុស្សម្នាក់ អាចធ្វើឲ្យអ្នកជឿទៅលើរឿងនោះ។ តែផ្ទុយមកវិញ អ្នកពុំគួរជឿឡើយ ព្រោះពេលខ្លះ រឿងនោះអាចនឹងមិនមែនជាអ្វីដូចដែលគេល្បីឡើយ។ ចាំបានឃើញផ្ទាល់ភ្នែក ចាំជឿ។
៣. កុំជឿដំណឹងពីមាត់មួយទៅមាត់មួយ ៖ ទោះបីដំណឹងនោះ ជាដំណឹងល្អ ឬដំណឹងអាក្រក់ក៏ដោយ សូមកុំជឿឲ្យសោះ។ អ្នកត្រូវចាំថា ពាក្យដែលលឺតៗគ្នានោះ គឺ ក្អែកមួយ ជាក្អែកដប់។
៤. កុំជឿដោយផ្អែកតាមតម្រាក្បួនខ្នាត ៖ ក្បួនតម្រាផ្សេងៗមនុស្សជាអ្នកបង្កើត ហើយការបង្កើតនោះ ភាគច្រើនផ្អែកលើការចំណាំតៗគ្នាមកពីដើមតែប៉ុណ្ណោះ។ ដូច្នេះកុំជឿលើក្បួនតម្រាពេកអី។
៥. កុំជឿដោយគូសដៅខ្លួនឯង ៖ ចូរកុំជឿជាក់លើមិទ្ធិផលរបស់ខ្លួនឯងខ្លាំងពេក។ ពេលខ្លះអ្នកត្រូវរកជំនួយ និងស្ដាប់តាមការណែនាំរបស់អ្នកដទៃ។
៦. កុំជឿដោយគ្នាន់គ្នេគិតប៉ាន់ស្មាន ៖ ការប៉ាន់ស្មាន អាចនឹងត្រូវ តែក៏អាចនឹងខុសដែរ។ ដូច្នេះហើយ កុំចូលចិត្តជឿជាក់ទៅលើការប៉ាន់ស្មានពេក។
៧. កុំជឿដោយត្រិះរិះគយគន់តាមអាការៈប្រហាក់ប្រហែល ៖ ដាច់ខាត កុំប៉ាន់ស្មាន ឬវាយតម្លៃទៅលើអ្វីមួយ ដោយគ្មាន់តែមើលលក្ខណៈសម្បត្តិខាងក្រៅ។
៨. កុំជឿដោយសំអាងថាសម ឬស្របតាមគំហើញ ៖ ពេលខ្លះយើងគិតថាបែបនោះ ហើយការរកឃើញ គឺបែបនោះមែន។ តែសូមកុំជឿទៅលើរឿងនោះ មួយរយភាគរយពេក ព្រោះវានៅតែអាចខុស។
៩. កុំជឿដោយអាង ឬឃើញថា អ្នកឲ្យយោបល់ធ្លាប់មានកេរ្តិ៍ឈ្មោះគួរជឿជាក់ ៖ មិនត្រូវជឿជាក់លើនរណាម្នាក់ដែលអ្នកស្គាល់ឡើយ ទោះបីម្នាក់នោះជាមនុស្សគួរឲ្យទុកចិត្ត ឬជាមនុស្សដែលធ្លាប់បានទទួលស្គាល់ និងលើកតម្កើងពីអ្នកដទៃក៏ដោយ។
១០. កុំជឿដោយសារអ្នកនោះជាគ្រូរបស់អ្នក ៖ គ្រូយើងជាមនុស្ស យើងក៏ជាមនុស្ស។ ដូច្នេះ យើងអាចគិតខុស គ្រូយើងក៏អាចគិតខុសដូចជាយើងដែរ។ កុំជឿគ្រូរបស់អ្នក តែត្រូវជឿលើការពិត៕
0 comments:
Post a Comment