ខូចចិត្ត ជាទូទៅត្រូវគេប្រើវាសំដៅតែលើជនដែលបាត់បង់ស្នេហា រឺខកបំណងក្នុងរឿងស្នេហា ប៉ុន្តែធាតុពិតនៃការខូចចិត្តមិនមែនព្រោះតែមូលហេតុមួយរឺពីរ ដែលចេញមកពីស្នេហានោះទេ។ វាគឺជាជំងឺដែលត្រូវការព្យាបាលជាចាំបាច់។
មានបុរសក្មេងម្នាក់បានសួរខ្ញុំថា "តើលោកធ្លាប់ខូចចិត្តព្រោះស្នេហាដែរទេ? ព្រោះខ្ញុំតែងសង្កេតឃើញថា លោកតែងនិយាយច្រើនពីរឿងខូចចិត្ត?"។ ខ្ញុំយល់ពីសំនួរមួយនេះ ហើយក៏យល់ពីអ្នកសួរដែរ ប៉ុន្តែបើខ្ញុំឆ្លើយ ខ្ញុំមិនប្រាកដថា តើអ្នកសួរនោះយល់រឺមិនយល់នោះទេ។
ខ្ញុំឆ្លើយថា "តើអ្នកធ្លាប់គិតថា ខ្ញុំខូចចិត្តមែនទេ?" ជាការពិត ខ្ញុំមិនដែលខូចចិត្តព្រោះតែរឿងស្នេហានោះទេ ព្រោះខ្ញុំគ្មានអ្វីត្រូវខូច គ្មានអ្វីត្រូវបាត់បង់។ ប៉ុន្តែខ្ញុំសូមឆ្លើយចំលើយត្រឹមត្រូវថា ខ្ញុំបានរៀន និងហ្វឹកហាត់យ៉ាងច្រើនអំពីរបៀបនៃការខូចចិត្តព្រោះរឿងស្នេហា ហើយក៏ហ្វឹកហាត់នៅពេលដែលរឿងនេះធ្វើអោយខ្ញុំឈឺចាប់ដែរ។
ហេតុផលខូចចិត្តគឺទំនងជាការបាត់បង់របស់សំខាន់ក្នុងឆាកជីវិត។ រឿងក្នុងជីវិតបានចាប់ផ្តើមឡើងបន្ទាប់ពីអ្នកជាទីស្រលាញ់បានស្លាប់ទៅ ពេលនោះអ្នកខូចចិត្តណាស់ គឺខូចចិត្តដោយគ្មានលក្ខខ័ណ្ឌ។ ហេតុផលគឺថា អ្នកទំនងជាមិនធ្លាប់បានសិក្សា រឺហ្វឹកហាត់អារម្មណ៌របស់អ្នក នៅពេលដែលអ្នកជួបការព្រាត់ប្រាស់ រឺការបែកបាក់។ ជាឧទហរណ៌ អ្នកច្បាស់ជាដឹងថា ជីវិតរបស់មនុស្ស "ស្លាប់" គឹជាការព្រាត់ប្រាស់មួយ ប៉ុន្តែអ្នកបែជាមិនធ្លាប់បានរៀនគ្រប់គ្រងអារម្មណ៌របស់អ្នកនៅពេលដែលវាមកដល់ទៅវិញ។ បើសិនជាអ្នកបានរៀន រឺបានហ្វឹកហាត់ អ្នកច្បាស់ជាយល់យ៉ាងច្បាស់ថា ការយំសោក ស្តាយស្រណោះ អាលោះអាល័យ គឺជាសភាវៈឥតប្រយោជន៌ ព្រោះនេះគឺជាអនិច្ចលក្ខណៈភាព ដែលបានត្រាស់សំដែងដោយព្រះសម្ពុទ្ធតាំងពីជាង២ពាន់ឆ្នាំមុនមកម្លេះ។
និយាយចំពោះការខូចចិត្តព្រោះស្នេហាវិញ មានពាក្យសុភាសិតមួយឃ្លាលើកឡើងថា "មានស្នេហ៌ មានទុក្ខ" ដូច្នេះមានន័យថា អ្នកដឹងមុនរួចហើយថា បើមានស្នេហា អ្នកនឹងត្រូវបានទុក្ខ តែហេតុអ្វីអ្នកមិនត្រៀមទប់ទល់ រឺហ្វឹកហាត់ការមានទុក្ខ រឺការខូចចិត្តនោះទុកមុនទៅ?។
ចុងក្រោយខ្ញុំប្រាប់អ្នកថា ខ្ញុំច្បាស់ជាខូចចិត្ត បើសិនជាខ្ញុំបែកបាក់ស្នេហា ប៉ុន្តែខ្ញុំនឹងមិនធ្វើអោយស្នេហាបំផ្លាញជីវិតរបស់ខ្ញុំនោះទេ។ លោក ស៊ីម៉ាអី អ្នកយុទ្ធសាស្រ្ត និងជាមេទ័ពសម័យនគរបី ក្នុងប្រវត្តិសាស្រ្តចិនបាននិយាយថា "ខ្ញុំឈឺចាប់អស់មួយជីវិត តែខ្ញុំអាចស្វែងរកភាពរីករាយនៅក្នុងការឈឺចាប់នោះ... ព្រោះហេតុផលនេះទើបខ្ញុំអាចរស់បានរហូត"។
សរុបមក អ្នកត្រូវរៀនគ្រប់គ្រងការខូចចិត្ត និងហ្វឹកហាត់វាអោយហើយ មុនពេលវាកើតឡើង... ពេលនេះអ្នកនឹងយល់ច្បាស់ពីវាមិនខាន៕
ប្រភពពី៖ NEAVEA
0 comments:
Post a Comment