កាលពីព្រេងនាយ មានក្រុមគ្រួសារកណ្ដុរមួយ រស់នៅក្រោមដើមឈើធំមួយ។ ដោយសារកម្ដៅថ្ងៃក្ដៅខ្លាំង ដំរីធំមួយ បានធ្វើដំណើរកាត់តាមទីលំនៅរបស់សត្វកណ្ដុរ។ ដោយអាងថា ខ្លួនឯងមានមាឌធំនោះ សត្វដំរីបានបំផ្លាញលំនៅ និងសម្លាប់សត្វកណ្ដុរអស់មួយចំនួនផងដែរ។ ឃើញបែបនេះហើយ កណ្ដុរបាននាំយករឿងហេតុទាំងនេះទៅទូលប្រាប់ស្ដេចកណ្ដុរ។
ស្ដេចកណ្ដុរបានដឹងដំណឹងទាំងអស់នេះហើយ គេក៏បានទៅជួបនឹងមេក្រុម របស់សត្វដំរីទាំងនោះ ហើយប្រាប់ដំរី ឲ្យដើរតាមផ្លូវមួយផ្សេងទៀត ដែលគ្មានការរំខានដល់សត្វកណ្ដុរ។ មេក្រុមដំរីក៏យល់ព្រម។ ពេលនោះ ស្ដេចកណ្ដុរបានអរគុណពួកគេ និងបាននិយាយថា បើថ្ងៃណាមួយសត្វដំរីទាំងនោះជួបគ្រោះអាសន្នផ្សេងៗ គេនឹងជួយដំរីនោះវិញ។ ដំរីសើច ព្រោះគិតថា តើកណ្ដុរនោះ អាចជួយខ្លួនបានដោយរបៀបណា បើវាមានមាឌតូចៗមើលតែចៃបែបនេះ។
ពីរបីខែក្រោយមក សត្វកណ្ដុរបានឮសូរសម្លេងសត្វដំរី ចេញពីតំបន់មាត់ស្រះ។ ពួកគេបានដឹងច្បាស់ថា ដំរីកំពុងជួបគ្រោះអាសន្ន។ ស្ដេចកណ្ដុរ បានចាត់ឲ្យកូនចៅរបស់ខ្លួន ធ្វើដំណើរទៅតំបន់ស្រះទឹក ដែលមានសម្លេងស្រែករបស់សត្វដំរី។
នៅក្បែរស្រះទឹក ពួកគេបានឃើញដំរីកំពុងជាប់អន្ទាក់របស់ព្រានព្រៃ។ មិនបង្អង់យូរ កណ្ដុរបានចាប់ផ្ដើមខំកកេរអន្ទាក់ទាំងនោះ រហូតអាចរំដោះសត្វដំរីចេញពីអន្ទាក់បាន។ ដំរីក៏សម្ដែងនូវសេខចក្ដីអរគុណចំពោះកណ្ដុរយ៉ាងខ្លាំង និងសូមទោសចំពោះកណ្ដុរ ដែលខ្លួនបានសើចចំអកគេ កាលពីមុន។
អត្ថរស ៖ កុំវាយតម្លៃនរណាម្នាក់ ដោយគ្រាន់តែមើលលើរូបរាងខាងក្រៅ៕

ប្រភព៖ K-Tees
0 comments:
Post a Comment