ចំណេះដឹងថ្មីៗ

សួរ​ចិត្ត​ខ្លួនឯង​ច្បាស់​ហើយ​ឬ​នៅមុន​សម្រេចចិត្ត​រៀបការ?​



“ការរៀប​ការ” មិនបាន​មានន័យថា សេចក្តីស្នេហា​របស់​អ្នក​បាន ធ្វើដំណើរ​មកដល់​ចំណុច​ដែល​ទទួលបាន ជោគជ័យ​ហើយ​នោះទេ តែ​វា​គឺជា​ការចាប់ផ្តើម​ជីវិត​គូ​ទៅវិញ​ទេ។ សេចក្តីស្នេហា​មាន​តួនាទី​រុញច្រាន​ឱ្យ​មនុស្ស​ពីរ​នាក់​សម្រេចចិត្ត​រួមរស់​នៅ​ជា​គូ​នឹង​គ្នា តែ.. នឹងមាន​ប៉ុន្មាន​គូ​ទៅ​ដែល​នឹង​ថែ​ប្រគង​សម្ពន្ធភាព​ស្នេហ៍​ឱ្យ​រួច​ទៅដល់​ត្រើយ​នៃ​សេចក្តីសុខ​បាន​នោះ?

ដូច្នេះ​បើ​អ្នកជា​មនុស្ស​ម្នាក់​ដែល​កំពុង​សម្រេចចិត្ត​ចង់​រៀបការ​ក្នុងពេលឆាប់ៗនេះ ថា​តើ​មាន​ដែល​សាកល្បង​សួរ​ចិត្ត​ខ្លួនឯង​ឱ្យ​ប្រាកដ​ច្បាស់​ហើយ​ឬ​នៅ​ថា អ្នក​បាន​ត្រៀមខ្លួន​រួចហើយ និង​អាច​ទទួលយក​រឿងសំខាន់ៗទាំង​នោះបាន​ច្រើន​តិច​ខ្លាំង​ប៉ុនណា? ដូច្នេះ​ពេលនេះ​យើង​នឹង​បបួល​អ្នក​មក​គិត​ត្រិះរិះ​ដោយ​បេះដូង និង​សតិ​ស្មារតី​របស់​អ្នក​ម្តងទៀត ព្រោះ​បើ​ថ្ងៃ​ណាមួយ​សេចក្តីស្នេហា​របស់​អ្នក​មិន​បានល្អ​ស្រស់បំព្រង​ដូច​ការ​នឹក​សង្ឃឹម​នោះ តើ​អ្នក​អាច​ទទួលយក និង​ទប់ទល់​ជាមួយ​វា​បាន​ឬទេ? យើង​នាំគ្នា​មក​មើល​ដូចតទៅ ៖

នៅពេលដែល​គូស្នេហ៍​អាច​នឹង​ប្រែប្រួល​ខុសពី​មុន​នៅ​ថ្ងៃ​ណាមួយពិភព​របស់​សេចក្តីស្នេហា​មាន​ទាំង​សុខ និង​ទុក្ខ តែ​វា​ក៏​មិនបាន​សាហាវ​ឃោ​ឃៅ​រហូត​នោះដែរ បើ​យើង​ចេះ​ទទួលយកបាន​នៅលើ​លក្ខខណ្ឌ​នៃ​សេចក្តី​ពិត​បាន ហើយ​សង្គម​បច្ចុប្បន្ននេះ មនុស្ស​យើងម្នាក់ៗសុទ្ធតែ​ដង្ហោយ​រកតែ​សេចក្តីសុខ​មក​ដាក់ខ្លួន​ឯង ដោយ​បោះបង់​នូវ​មនុស្ស​ម្នាក់ទៀត​ចោល​បាន​យ៉ាង​ងាយ​ជានិច្ច ដូច្នេះ​បើ​ថ្ងៃនេះ​គេ​ប្រាប់ថា ស្រឡាញ់​អ្នកខ្លាំង​ណាស់ តែ​នៅពេល​រៀបការ​ហើយ ថ្ងៃមួយ​គេ​មាន​ទង្វើ​ខុសពី​មុន ព្រងើយកន្តើយ យកចិត្តទុកដាក់​រូប​អ្នក​កាន់តែ​តិច​ទៅ ឬ​អាច​លួច​មាន​អ្នកថ្មី​នោះ បែប​ហ្នឹង... តើ​អ្នក​មានបាន​ត្រៀម​ការណ៍​ទុក​ក្នុង​ចិត្ត​យ៉ាងស្ងាត់ៗហើយ​ឬ​នៅ​ថា នឹងត្រូវ​ទប់ទល់​យ៉ាងណា?

នៅពេលដែល​ឋានៈ​ជីវភាព និង​ភាពរឹងមាំ​ខាង​គ្រួសារ​ចាប់ផ្តើម​រង្គោះរង្គើ​នៅពេល​ជួប​ស្នេហ៍ថ្មីៗ ឬ​រៀបការ​រួច​បានថ្មីៗ ស្រីៗអាច​សម្រេចចិត្ត​យ៉ាងងាយៗ ដោយសារ​គ្រាន់តែ​ខាង​ប្រុស​មាន​ឋានៈ​ជីវភាព​ស្ថិតស្ថេរ​មាំមួន តែ... ចុះបើ​រៀបការ​នឹង​គ្នា​យូរ​ទៅ ជីវិត​ការធ្វើការងារ​របស់គេ​ដើរមក​ដល់​ចំណុច​បរាជ័យ គេ​លែងមាន​អ្វី​ឱ្យ​អ្នក​ពឹង​ពាក់បាន លែងមាន​ប្រាក់ចំណូលល្អៗដែល​ធ្លាប់តែ​មើលថែ​ប្រណិប័តន៍​រូបអ្នក​យ៉ាង​ល្អ បើ​គេ​បរាជ័យ​ខាង​ផ្នែក​ហិរញ្ញវត្ថុ និង​ការងារ តើ​អ្នក​មានបាន​ត្រៀម​ចិត្ត​រួចហើយ​ឬ​នៅ​ថា នឹងត្រូវ​ទប់ទល់​យ៉ាងណា?

នៅពេល​គូស្នេហ៍​មាន​បញ្ហា​សុខភាព​រហូត​ធ្វើឱ្យ​ជីវិត​គូ​លែងមាន​សេចក្តីសុខ​ដូច​កាលពីមុន​មនុស្ស​យើង​នៅពេលដែល​អាយុ​ច្រើនឡើង​ពេលវេលា​ពិតជា​នឹង​បំផ្លាញ​ភាពរឹងមាំ​ខាង​រាងកាយ​ឱ្យ​ចុះខ្សោយ​មិន​ខាន មិន​ថា​ដោយសារតែ​គេ​ត្រូវ​ប្រឈម​នឹង​ជំងឺ​ចង្រៃ​ណាមួយ ឬ​ជួបនឹង​គ្រោះថ្នាក់ផ្សេងៗរហូតដល់​ថ្នាក់​ពិការ ទុព្វលភាព ឬ​មិនថាតែ​រាល់​ឧបសគ្គ​ណាមួយ ក៏ដោយ ដែល​វា​ធ្វើឱ្យ​សុខភាព​គូស្នេហ៍​យ៉ាប់យ៉ឺន​នោះ ប្រាកដ​ណាស់​ថា សភាព​រាងកាយ និង​ផ្លូវចិត្ត​របស់គេ​នឹងត្រូវ​គ្រាំគ្រា​យ៉ាងធ្ងន់ធ្ងរ​មិន​ខាន ។ បើ​ថ្ងៃនោះ​មកដល់... តើ​អ្នកនឹង​នៅតែ​ស្រឡាញ់​និង ត្រៀម​ជាស្រេច​ក្នុងការ​ក្លាយខ្លួន​ទៅជា​មួយ​កំណាត់​ជីវិត​ទៀត​ដែល​នៅសល់​ដល់​រូបគេ​រហូត​តទៅ​បាន​ដែរឬទេ?



ដោយសារតែ​នៅលើ​ដំណើរ​ផ្លូវ​នៃ សេចក្តីស្នេហា មិនបាន​រោយ​ដោយ​ផ្កា​កុលាប​ជានិច្ច​នោះ ទើប​ការរៀប​ការមិន​បានកើត​ឡើង​ព្រម​ជាមួយនិង​សេចក្តីសុខ​ដែល​រលូន​នោះដែរ តែ​វា​នឹង​សណ្តោង​មកជា​មួយ​នូវ​ឧបសគ្គ និង​បញ្ហា​ជាច្រើន​ក្នុងការ​រស់នៅ​រួមគ្នា ធ្វើឱ្យ​អ្នក​ទាំងពីរ​នាក់​អាច​ឈឺក្បាល វិលមុខ​រហូត​នឿយណាយ​ក្នុង​សម្ពន្ធភាព និង​នៅពេលដែល​វា​កើតឡើង​ញឹកញាប់ទៅៗ បើ​អ្នក​មិន​រឹងមាំ និង​ស្ថិតស្ថេរ​ចំពោះ​គ្នា​គ្រប់គ្រាន់​ទេនោះ ផ្លូវបំបែក​នៃ​ស្នេហ៍​ច្បាស់​ជា​កើតឡើង​នៅ​ទីបំផុត​មិន​ខាន ដូច្នេះ ការសម្រេចចិត្ត​រៀបការ​នឹង​គ្នា ចូរ​កុំ​ភ្លេច​សួរ​ពី​ភាព​សំខាន់​នេះ​ទៅ​បេះដូង​របស់​អ្នក​ឱ្យបាន​ច្បាស់​ជាមុនសិន ទើប​ជីវិត​អាពាហ៍ពិពាហ៍​នឹងមិន​ខ​ក​បំណង​នៅពេល​ខាង​មុ​ខ៕

0 comments:

Post a Comment

Powered by Blogger.