គ្មានអ្នកណាម្នាក់ ចង់មានបញ្ហាដូចជា បែកញើសក្លៀកខ្លាំង ឬធុំក្លិនក្លៀកអាក្រក់ឡើយ។ វាហាក់ដូចជារឿង ដែលគួរឲ្យអាម៉ាស់មួយដែរ ជាពិសេស នៅពេលដែលអ្នកត្រូវណាត់ជួប ជាមួយមនុស្សជាទីស្រលាញ់ ឬត្រូវចូលរួមកម្មវិធីតូចធំ ជាមួយគ្រួសារ និងមិត្តភក្តិរបស់អ្នកណាមួយ។
កត្តាដែលបង្កឲ្យមានបញ្ហាបែកញើស និងធុំក្លិនក្លៀកនេះ រួមមានដូចជា ការទទួលទានជាតិកាហ្វេអ៊ីន និងជាតិអាល់កុលច្រើនលើសលុប ចូលចិត្តអាហារមានរសជាតិហិល ស្លៀកពាក់តឹងពេក ខ្សោះជាតិទឹក ភាពតានតឹង របបអាហារមិនគ្រប់គ្រាន់ ការប្រែប្រួលអរម៉ូន ការធ្វើលំហាត់ប្រាណច្រើនហួស -ល-។
ការប្រើប្រាស់ទឹកអប់អាច ដោះស្រាយបានត្រឹមតែបណ្តោះអាសន្នប៉ុណ្ណោះ។ ហេតុនេះ អ្នកគួរតែជ្រើសរើសវីធីសាស្រ្តតាមបែបធម្មជាតិ មកកំចាត់បញ្ហាក្លៀកនេះចេញ ទើបជាការប្រសើរ! តោះតាមដានទាំងអស់គ្នា!

១. ក្រូចឆ្មារ
ក្រូចឆ្មារ គឺជាអ្នកជំនាញខាងដោះស្រាយបញ្ហាក្លៀកដ៏អស្ចារ្យ ដោយអាចបន្ថយកម្រិត pH ស្បែក និងរារាំងមិនឲ្យបាក់តេរី កកើតបានឡើយ។ អ្នកគ្រាន់តែកាត់ក្រូចឆ្មារ ជាពីរចំណិត រួចយកមកត្រដុស នៅមុនពេលចូលគេង រួចសឹមងូតទឹកសម្អាតខ្លួន នៅពេលព្រឹកជាការស្រេច។ ប៉ុន្តែប្រសិនបើស្បែក របស់អ្នកឆាប់ប្រតិកម្ម អ្នកគួរយកសំឡី មកផ្តិតយកទឹកក្រូចឆ្មារមកលាបលើក្លៀកថ្មមៗវិញ។ បន្ទាប់មក ទុកចោល ១០ នាទី សឹមលាងទឹកចេញ។ អនុវត្តមួយថ្ងៃតែម្តង គឺអាចដឹងពីប្រសិទ្ធភាពហើយ។
២. Baking soda
Baking soda អាចស្រូបយកញើស និងកាត់បន្ថយក្លិនក្លៀកបានទៀតផង។ ជាងនេះទៅទៀត វាអាចសម្លាប់បាក់តេរី ដែលកកើត ត្រង់ក្លៀកបានទៀតផង។ អ្នកគ្រាន់តែលាយ baking soda ជាមួយក្រូចឆ្មារ យកទៅលាបនៅលើក្លៀក រួចទុកចោលប្រមាណជា ២ នាទី (កុំត្រដុស ឬខាត់ឲ្យសោះ) សឹមលាងទឹក ឬងូតទឹកសម្អាតចេញ។ អ្នកអាចអនុវត្តមួយថ្ងៃម្តង ប្រហែលជា ២ ទៅ ៣ សប្តាហ៍ នោះអ្នកនឹងសង្កេតឃើញពីភាពខុសគ្នាជាមិនខាន។

៣. ប៉េងប៉ោះ
ប៉េងប៉ោះ មានសារជាតិប្រឆាំងអុកស៊ីតកម្ម ដែលមានប្រយោជន៍សម្រាប់រាងកាយ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចយកមកប្រើប្រាស់ ដើម្បីកាត់បន្ថយបញ្ហាបែកញើស និងក្លិនក្លៀកបានផងដែរ។ អ្នកអាចជ្រើសរើស វិធីសាស្រ្តបានច្រើនខុសៗគ្នា។ អ្នកអាចយកប៉េងប៉ោះ ទៅក្រឡុកជាទឹកផ្លែឈើ ទុកសម្រាប់ទទួលទាន ២ ទៅ ៣ ថ្ងៃម្តង ឬមួយសប្តាហ៍ម្តង ក៏បាន។ មួយវិញទៀត អ្នកអាចកិន ឬចិញ្រ្ចាំវាឲ្យម៉ត់ រួចយកទៅបិទលើក្លៀក បានកាន់តែញឹកញាប់កាន់តែល្អ រយៈពេលពី ២ ទៅ ៣ សប្តាហ៍ជាការស្រេច។
៤. ស្ទីម
មនុស្សជាច្រើនតែងតែគិតថា ការងូតទឹក ជាលក្ខណៈធម្មតា ដូចដែលអ្នកអនុវត្តឲ្យបានញឹកញាប់ជារៀងរាល់ថ្ងៃ គឺជាវិធីបំបាត់ញើស និងក្លិនក្លៀក។ ប៉ុន្តែ ក្រៅពីការងូតទឹកនេះ “ស្ទីម” ជាវិធីសាស្រ្តមួយទៀត ដែលកាន់តែមានភាពងាយស្រួល និងអាចជួយឲ្យក្លៀក របស់អ្នកស្ងួតបានយ៉ាងយូរ។ អ្នកអាចស្ទីម មួយថ្ងៃ ២ ដង ប្រមាណជា ១៥ នាទី គឺគ្រប់គ្រាន់ហើយ។ លើសពីនេះទៅទៀត វាអាចកំចាត់ជាតិពុលចេញពីរាងកាយ និងកាត់បន្ថយស្រ្តេស បានថែមទៀតផង។

៥. ទឹកខ្មេះប៉ោម
ទឹកខ្មេះប៉ោម (មានលក់ នៅតាមបណ្តា ផ្សារទំនើប) គឺជាគ្រឿងផ្សំ ដែលអាចជួយប្រយុទ្ធប្រឆាំង ទៅនឹងបាក់តេរី។ ជាងនេះទៅទៀត វាជួយកម្ចាត់ក្លិនខ្លួន និងរក្សាកម្រិត pH របស់ស្បែកបានយ៉ាងល្អទៀតផង។ អ្នកគ្រាន់តែ យកសំឡី មកជ្រលក់ទឹកខ្មេះប៉ោម រួចយកជាទៅជូត នៅត្រង់បរិវេណក្លៀក បន្ទាប់មកទុកចោលប្រមាណជា ៣ នាទី សឹមទៅសម្អាត ឬងូតទឹកជាការស្រេច។ មួយថ្ងៃ អ្នកអាចធ្វើ ២ ដង (ពេលព្រឹក និងមុនពេលចូលគេង) នោះអ្នកនឹងសង្កេតឃើញពីប្រសិទ្ធភាពរបស់វាជាមិនខាន។ មួយវិញទៀត អ្នកអាចលាយទឹកខ្មេះប៉ោម ជាមួយទឹកឃ្មុំបន្តិច ក្នុងកែវទឹកក្តៅ និងធ្វើការទទួលទានមួយថ្ងៃ ៣ ដង មុនពេលញ៉ាំអាហារ ក៏បាន។
៦. អាល់កុល
អាល់កុល គឺជាវិធីសាស្រ្ត បែបងាយៗមួយបែបទៀត ដែលពិតជាមានសារៈប្រយោជន៍ សម្រាប់អ្នក ដែលចង់កម្ចាត់ញើស និងក្លិនក្លៀក។ ដើម្បីចង់បំបាត់បញ្ហា ពាក់ព័ន្ធនឹងក្លៀកបាន អ្នកគ្រាន់តែយកសំឡី ទៅជ្រលក់អាល់កុល រួចជូតនៅត្រង់បរិវេណក្លៀករបស់អ្នក។ អាល់កុល ងាយនឹងហួត និងមានសមត្ថភាពអាចជួយភ្ជិតរន្ធញើស និងកាត់បន្ថយក្លិន បានទៀតផង។ អ្នកក៏អាចលាយអាល់កុល ជាមួយទឹក ទុកសម្រាប់លាងជម្រះក្លៀករបស់អ្នកក៏បាន។

៧. ជីវ៉ាន់ស៊ុយ
អ្នកប្រហែលជាមិនដឹងទេថា ជីវ៉ាន់ស៊ុយ មានលក្ខណៈសម្បត្តិពិសេស ដែលអាចកំចាត់ក្លិនក្លៀកបាន យ៉ាងមានប្រសិទ្ធភាព។ វិធីងាយៗ ដោយអ្នកគ្រាន់តែដាំទឹកប្រមាណជាស្មើនឹងមួយកែវ ឲ្យពុះ រួចហាន់ ស្លឹកជីវ៉ាន់ស៊ុយ ឲ្យល្អិត ដាក់ចូល រយៈពេល ៥ នាទី។ បន្ទាប់មកបិទភ្លើង រួចទុកវាឲ្យត្រជាក់ សឹមយកមកទទួលទាន។ អ្នកអាចទទួលទាន ញឹកញាប់ ទៅតាមចំណង់ចំណូលចិត្ត។
៨. ម្សៅលាបខ្លួនកូនក្មេង
ជាការពិតណាស់ ម្សៅកូនក្មេង ក៏អាចយកមកប្រើប្រាស់ ដើម្បីកំចាត់បញ្ហាក្លិនក្លៀកបានដែរ។ នេះក៏ដោយសារតែ ម្សៅលាបខ្លួនកូនក្មេង មានក្លិនក្រអូបស្រាល ប៉ុន្តែមាន ក្លិនជាប់បានយូរ។ អ្នកអាចលាបម្សៅកូនក្មេង នៅពេលណាក៏បាន មិនថាក្រោយងូតទឹក ឬមុនចេញទៅខាងក្រៅនោះទេ។ ដើម្បីភាពងាយស្រួល អ្នកអាចដាក់តាមខ្លួនក៏បាន។

*** អ្វីដែលអ្នកត្រូវធ្វើ ដើម្បីការពារបញ្ហាក្លិនក្លៀក ***
- _ ទទួលទានទឹកឲ្យបានច្រើន
- _ ទទួលទានអាហារឲ្យមានតុល្យ រួមមានដូចជាបន្លែ និងផ្លែឈើ
- _ ប្រើសាប៊ូដុសខ្លួន ដែលប្រឆាំងនឹងបាក់តេរី
- _ ផ្លាស់ប្តូរ និងបោកសម្លៀកបំពាក់ របស់អ្នកឱ្យបានទៀងទាត់
- _ ធ្វើលំហាត់ប្រាណបែបធម្មតាៗ មិនបង្ខំ
- _ ដករោមក្លៀកចេញ ឲ្យបានញឹកញាប់
- _ ទុកសម្លៀកបំពាក់ នៅក្នុងទូខោអាវ ដែលមានខ្យល់ចេញចូល
*** អ្វីដែលអ្នកមិនត្រូវធ្វើ ដើម្បីការពារបញ្ហាក្លិនក្លៀក ***
- _ ចៀសវាងទទួលទានអាហារមួយចំនួនច្រើនលើសលុប ដូចជា ខ្ទឹមស ខ្ទឹមបារាំង ម្រេច ត្រី -ល-
- _ មិនត្រូវសេពគ្រឿងស្រវឹង និងទទួលទានជាតិកាហ្វេអ៊ីន ហួសហេតុពេកទេ
- _ ចៀសវាងពី ភាពតានតឹង
- _ ចៀសវាង ការជក់បារី៕

ប្រភព៖ Beauty Health Tips | Home Remedy Hacks | Top 10 Home Remedies
0 comments:
Post a Comment