បើមិនអាចបំភ្លេចគេបានទេ គ្រាន់តែចាំថា គេឈប់ស្រឡាញ់យើងទៅបានហើយ
គឺជារឿងធម្មតារបស់ "ស្នេហា" ដែលត្រូវតែប្រសព្វជួបនឹង "ក្តីសមបំណង" និង "ក្តីខកបំណង" ... "សេចក្តីសុខ" និង "ក្តីទុក្ខសោក" បើបានជួបនឹងស្នេហាដែលល្អៗ គឺបានន័យថា អ្នកសំណាងល្អណាស់ ចុះបើជួបនឹងស្នេហាដែលខកបំណង ដែលចង់ "បំភ្លេច" តែទោះជាខំប្រឹងបំភ្លេចយ៉ាងណា ក៏មិនអាចបំភ្លេចបាន ព្រោះវានៅតែដក់ដឹតជាប់នៅក្នុងបេះដូងវិញនោះ តើអ្នកត្រូវធ្វើយ៉ាងណា? តើអ្នកធ្លាប់ដាក់សំណួរបែបនេះចំពោះខ្លួនឯងដែរឬទេ?
ពិតហើយ ដែលការចងចាំរបស់មនុស្សយើងម្នាក់ៗវាខុសគ្នា អ្នកខ្លះឆាប់ភ្លេច អ្នកខ្លះក្រភ្លេច និងអ្នកខ្លះមិនងាយភ្លេច ទោះជាខំព្យាយាមបំភ្លេចយ៉ាងណា ក៏មិនអាចបំភ្លេចបាន ក្នុងខួរក្បាលនៅតែវឹលវល់នឹកឃើញតែរូបភាពចាស់ៗ រឿងរ៉ាវកាលពីអតីត អារម្មណ៍ចាស់ៗពីមុនដែលរូបអ្នក ឬគេធ្លាប់បានប្រគល់ឲ្យគ្នាទៅវិញទៅមក ទីកន្លែងដែលធ្លាប់ដើរដឹកដៃគ្នាកាលគ្រាដំបូង បាយក្នុងហាងនេះដែលយើងធ្លាប់ញ៉ាំជាមួយគ្នាជាប្រចាំ កុនរឿងនោះដែលគេ ឬនាងចូលចិត្តមើល ។ ល ។
ពិតមែនហើយថា "ពេលវេលាមិនអាចធ្វើឲ្យនរណាភ្លេចនរណាបានឡើយ" តែវិធីដែលល្អគឺ បើនៅតែមិនអាចបំភ្លេចគេបាន ក៏ចាំតែថា គេលែងស្រឡាញ់យើងទៅបានហើយ និងវិធីមួយទៀតគឺ តើហេតុអ្វីបានជាអ្នកមិនព្រមប្រមូលការចងចាំចាស់ៗ អនុស្សាវរីយ៍ចាស់ៗដែលអ្នក និងគេធ្លាប់បានធ្វើរួមគ្នាទាំងនោះ ដាក់ចូលទៅក្នុងទីជម្រៅនៃបេះដូង រួចចាក់សោរបិទវាឲ្យជិត ឈប់រំលឹក ហើយរង់ចាំដល់ថ្ងៃណាមួយដែលអ្នកមានអារម្មណ៍ថា ត្រៀមខ្លួនរួចរាល់ជាថ្មីម្តងទៀតហើយ ស្នាមរបួសដែលធ្លាប់មាននោះជាសះស្រួលបួលហើយ សឹមបើកទ្វាបេះដូងជាថ្មីម្តងទៀតក៏មិនមែនជារឿងអីប្លែកដែរ ។
ចូរសាកល្បងសួរបេះដូងខ្លួនឯងទៅមើលថា តើចង់មានសេចក្តីសុខជាមួយនឹងបច្ចុប្បន្នថ្ងៃនេះ ឬចង់មានសេចក្តីសុខជាមួយនឹងអតីតកាលដែលកន្លងហួសទៅហើយ ដែលមិនអាចនឹងវឹលត្រឡប់មកឲ្យយើងកែកុនជាថ្មីទៀតបាននោះ? ចូរកុំភ្លេចថា ជីវិតត្រូវតែឈានទៅមុខជានិច្ច ហើយដែលសំខាន់នោះគឺ...ការចងចាំគ្រាន់តែជាចំណែកមួយតូចក្នុងជីវិតប៉ុណ្ណោះ មិនមែនក្នុងជីវិតទាំងមូលរបស់យើងនោះទេ ៕
ប្រភពពី៖ Lareine
0 comments:
Post a Comment