គតិបណ្ឌិត

ស្អែកខែថ្មី ខែមេសា + កំណាព្យ ក.ខ.



របៀបនិពន្ធកំណាព្យបទ កខ (ពាក្យ៧)
កំណាព្យ ទំពាំងស្នងឫស្សី


-ក,កើតកបកាយម្តាយជាខ្មែរ
ខ,ខំរាល់ខែស្នេហ៍ខ្លួនណា៎!
គ,គួរគេងគិតពិតថ្លៃថ្លា
ឃ,ឃាត់ចិន្តាកុំខុសផ្លូវ។

-ង,ងើបងាកមើលគេជិតខាង
ច,ចាំសំណាងពេកពុំត្រូវ
ឆ,ឆីបាយទឹកនឹកស្រែស្រូវ
ជ,ជាតិម៉ែឪគ្រប់ទិសទី។

ឈ,ឈប់ដៀមដាមដៀលអ្នកស្រែ
ញ,ញាតិញោមខ្មែរម្ចាស់ដីធ្លី
ដ,ដើរដកស្ទូងរែកសែងលី
ឋ,ឋិតមូលមីទីជិតឆ្ងាយ។

-ឌ,ឌឺឈឺចិត្តអាណិតគាត់
ឍ,ធាត់បានធំព្រោះដំបាយ
ណ,ណែនាំអ្នកផងទាំងឡាយ
ត,តោងស្គាល់កាយខ្មែរប្រុសស្រី។

-ថ,ថាថែខ្លួនកុំភ្លាត់ភ្លាំង
ទ,ទៀតទំពាំងស្នងឫស្សី
ធ,ធំការពារនាវាថ្មី
ន,នាំទឹកដីល្បីថ្កើងថ្កាន។

ប,បើបានបុណ្យស័ក្តិខ្ពង់ខ្ពស់
ផ,ផងកេរ្តិ៍ឈ្មោះជួសសន្តាន
ព,ពិតពូជពង្សវង្សសុខសាន្ត
ភ,ភ័ព្វខ្មែរបានប្រាណអ្នកជា។

-ម,មេមៀងមើលសម្លឹងឆ្ងាយ
យ,យិតយោងកាយខ្មែរគ្រប់គ្នា
រ,រាប់រករាស្ត្រផងនានា
ល,លែងចងពៀរទើបជាតិខ្លាំង។

-វ,វង្សវាងវៃច្នៃប្រឌិត
ស,សន្សំមិត្រពិតអស់ខ្មាំង
ហ,ហាមហួរហែកបែកកម្លាំង
ឡអ,ឱ្យឡាំងឡាក់ទំនាស់៕៚

ប្រភព ៖ និពន្ធដោយ វ៉ែន សុន - ថ្ងៃទី៤ ខែមេសា ឆ្នាំ២០០៥

0 comments:

Post a Comment

Powered by Blogger.