មនុស្ស ដែលសម្រេចចិត្តបញ្ចប់ជីវិត ព្រោះគេយល់ថា គេគ្មានហេតុផល ដើម្បីរស់នៅបន្តទៀត ព្រោះហេតុផលដើម្បីរស់របស់គេត្រូវបានបំផ្លាញ ត្រូវបានជាន់ឈ្លី រឺត្រូវបានបំភ្លេចចោល ដោយបុគ្គល រឺក្រុម ពួកណាមួយ។ ដូច្នេះបើសិនជាអ្នកអាចធ្វើជាហេតុផលច្បាស់លាស់មួយ ដើម្បីអោយគេបន្តរស់នៅ ពេលនោះអ្នកនិងក្លាយជាព្រះរបស់គេ។
ចូរអ្នកចងចាំថា បញ្ហាក្នុងឆាកជិវីតប្រចាំថ្ងៃ គឺជាហេតុផលដែលយើងត្រូវតែរស់នៅ ព្រោះយើងមិនអាចបោះបង់បញ្ហាទាំងនោះចោលទេ អ្នកត្រូវតែជំនះដោះស្រាយវាអោយបាន។ ម្យ៉ាងទៀតក្នុងការដោះស្រាយបញ្ហា អ្នកត្រូវផ្តល់គំនិតសុឆន្ទៈអោយខ្លួនឯង ត្រូវផ្តល់តំលៃ និងលើកដំកើងខ្លួនឯង ផ្តល់មោទនភាពអោយខ្លួនឯង ទើបអ្នកមិនធុញទ្រាន់និងបញ្ហានោះៗ ហើយស្វែងរកដំណោះស្រាយឃើញក្នុងពេលវេលាណាមួយសមស្រប និងអាចទទួលយកបាន។
ហេតុផលមួយទៀតដែលអ្នកត្រូវតែរស់នៅគឺ លទ្ធផលនៃបញ្ហា ទោះជាវិជ្ជមានក្តី អវិជ្ជមានក្តី ក៏ជាហេតុផលដើម្បីរស់របស់អ្នកដែរ ព្រោះអ្នកត្រូវប្រឈមមុខជាមួយលទ្ធផលនេះជានិច្ច ទោះជាលទ្ធផលនោះ ធ្វើអោយអ្នកខកបំណង ខាតបង់ រឺចុះខ្សោយ ប៉ុន្តែលទ្ធផលនោះគឺជារបស់អ្នក អ្នកត្រូវតែទទួលហើយរក្សាទុក រួចស្វែងរកដំណោះស្រាយសារជាថ្មី ជំនះសារជាថ្មី ដើម្បីសមិទ្ធឹផលជីវិតរបស់អ្នក។
ពេលខ្លះ អ្នកពិតជាអស់សង្ឍឹមណាស់មែនទេ? អ្នកពិតជាឈឺចាប់ណាស់មែនទេ? អ្នកពិតជាឯកាណាស់មែនទេ? អ្នកពិតជាក្រណាស់មែនទេ? អ្នកពិតជាបរាជ័យណាស់មែនទេ? ដូច្នេះអ្នកត្រូវគិតជានិច្ចថា គ្មានអ្នកណាម្នាក់សប្បាយចិត្តរហូតនោះទេ គ្មានអ្នកណាម្នាក់សុខសុភមង្គលរហូតនោះទេ គ្មានអ្នកណាម្នាក់ផ្អែមល្ហែមរហូតនោះទេ គ្មានអ្នកណាក្ររហាមពេញមួយជីវិតនោះទេ គ្មានអ្នកណាម្នាក់ជោគជ័យគ្រប់តែរឿងនោះទេ... ព្រោះសំនួរ និងចំលើយទាំងនេះ គឺជាហេតុផលដែលអ្នកត្រូវតែបន្តរស់នៅរហូតអស់អាយុរបស់អ្នក....។ ប៉ុន្តែទន្ទឹមនឹងសំនួរ និងចំលើយនេះ អ្នកក៏ត្រូវធ្វើវាអោយប្រាកដប្រជាផងដែរ ព្រោះអ្នកមិនអាចដេករងចាំសំណាង រឺវាសនា ហើយទាញផលប្រយោជន៌ដើម្បីរស់នៅទេ ព្រោះការរស់នៅរបៀបនេះនឹងធ្វើអោយជីវិតរបស់គ្មានន័យខ្លឹមសារអ្វីទាំងអស់។
អ្នកអាចរស់នៅបានសុខ និងមានហេតុផលច្បាស់លាស់ដើម្បីរស់នៅ គឺត្រូវប្រកបដោយលក្ខខ័ណ្ឌដូចខាងក្រោមនេះ..៖
- ផ្តល់តំលៃអោយខ្លួនឯង (ស្វែងរកន័យក្នុងឆាកជីវិតដើម្បីបន្តការរស់នៅ)
- ផ្តល់តំលៃអោយបញ្ហា និងស្វែងរកដំណោះស្រាយដោយសុឆន្ទៈ (កុំអស់សង្ឃឹមពេលជួបបញ្ហា)
- បែងចែកការស្រលាញ់ជាមួយមនុស្សទូទៅ អោយបានកាន់តែច្រើន ព្រោះថា...
- អ្នកស្រលាញ់ខ្លួនឯងអោយខ្លាំង ដើម្បីមើលឃើញពីការស្រលាញ់របស់អ្នកដទៃ
- អ្នកលះបង់អោយច្រើន ដើម្បីមើលឃើញពីទំហំបរិច្ចាគរបស់អ្នកដទៃ
- អ្នកជឿអោយច្រើន ដើម្បីមើលឃើញពីមុសាវាទរបស់បុគ្គលដទៃ
- អ្នកធ្វើបុណ្យអោយច្រើន ដើម្បីស្វែងយល់ពីចិត្តបុណ្យរបស់អ្នកដទៃ
- ធ្វើការងារដែលផ្តល់ផលប្រយោជន៌វិជ្ជមាន (ការងារសុចរិត ទៀងត្រង់)
- រាប់អានបុគ្គលដែលស្គាល់ពីតំលៃនៃការរស់នៅ (សេពគប់កល្យាណមិត្ត)
ហេតុផលដែលអ្នកអាចរស់នៅដោយមានន័យ និងមានសេចក្តីសុខ..៖
- ព្រោះអ្នកមិនជំពាក់បំណុលគេ
- ព្រោះអ្នកមិនមានរោគ
- ព្រោះអ្នកជួបជុំវង្សត្រកូល
- ព្រោះអ្នកយល់ច្បាស់ពីហេតុផលពិតប្រាកដនៃការរស់នៅ
សរុបមក ការរស់នៅជាមនុស្សគឺទាមទារហេតុផលច្បាស់លាស់ដើម្បីរស់នៅ និងត្រូវរស់នៅដោយមានន័យ ដើម្បីកសាងសមិទ្ធឺផលនៃជីវិតរបស់ខ្លួន។ បញ្ហាដែលកើតមានឡើងក្នុងកំឡុងពេលរស់នៅគឺជាហេតុផលចំបងមួយ បើសិនជាអ្នកអាចជំនះបាននូវរាល់បញ្ហាទាំងនោះ គឺឈ្មោះថា អ្នកបានសម្រេចចិត្តរស់នៅបន្តទៀត៕
0 comments:
Post a Comment