បើវែកញែកពាក្យ "សុភមង្គល" គឺវាមកពីពាក្យផ្សំពីរគឺ "សុភៈ" + "មង្គល" ជាពាក្យបាលីសំស្រ្តឹត។
- "សុភៈ" មានន័យថា "ល្អ, ភាពប្រសើរ"
- "មង្គល" មានន័យថា "ភាពរុងរឿង, ភាពមិនមានមន្ទិល"។
- បូកបញ្ចូលពាក្យទាំងពីរបានជា "សុភមង្គល" មានន័យថា "ភាពសុខសាន្តរុងរឿង ដ៏ល្អប្រសើរ"។
តាមអត្ថបទខ្លឹមសារនៃសេចក្តីសុខដែលបានចុះផ្សាយដោយ ព្រះពុទ្ធសាសនា ៥០០០ បានបកស្រាយថា សេចក្តីសុខមាន ២ ប្រភេទ៖
- សេចក្តីសុខប្រភេទទី១ គឺជាសេចក្តីសុខជាប់ដោយ វត្ថុបម្រុងបម្រើខាងក្រៅ អាស្រ័យវត្ថុនោះៗមកជួយ ។ វត្ថុខាងក្រៅនោះមានច្រើន លោកហៅថា អាមិស រហូតដល់មនុស្សដែលនៅជុំវិញទាំងអស់ ។ បើមិនមាននូវ របស់ទាំងអស់នេះទេ ក៏មានសេចក្តីដឹងខ្លួនថាខ្វះខាត ហើយក៏កើតទុក្ខ ។ សុខទុក្ខរបស់មនុស្សយើងបែបនេះ ផ្ញើទុកនឹងរបស់ខាងក្រៅ គឺយើងមិនអាចរស់នៅជាសុខ ទៅបាន បើមិនមាននូវរបស់ទាំងអស់នេះទេ ។ សេចក្តី សុខនេះមិនបានមាំទាំយឺនយូរឡើយ ព្រោះដោយសារវា ជាប់ជាមួយនឹងរបស់ខាងក្រៅហ្នឹងឯង ។ គួរសង្កេតឱ្យ ឃើញថា នៅពេលខឹងក្តី ភ័យតក់ស្លុតក្តី ទោមនស្សអាក់អន់ចិត្តក្តី ក្តៅក្រហាយស្តាយក្រោយក្តី និងអ្វីផ្សេងៗទៀត ដែលមានលក្ខណៈមិនសប្បាយចិត្ត នៅពេលឃើញ ពេល ឮ ជាដើម នេះគឺជាការបញ្ជាក់ដល់សភាពដែលមិនមាននូវ ខ្លឹមសារនៃសេចក្តីសុខ បណ្តោយឱ្យអស់នូវសេចក្តីសុខ រលីងអំពីចិត្តសន្តាន ដូច្នេះទើបពុទ្ធបរិស័ទត្រូវព្យាយាម កំណត់ដឹងនូវសេចក្តីពិតក្នុងពេលនោះៗ ត្រូវឱ្យកើតមាន នូវសេចក្តីសុខប្រភេទទី ២ ។
- សេចក្តីសុខប្រភេទទី២ គឺសេចក្តីសុខដែលកើត ក្នុងចិត្តរបស់ខ្លួនឯង នៅដក់ក្នុងចិត្តជាប្រចាំ ដោយមិន បានអាស្រ័យរបស់ខាងក្រៅ ដូចជាលាភសក្ការៈ កិត្តិយស កេរ្តិឈ្មោះ ការគោរពរាប់អាន និងពាក្យសរសើរជាដើម ឡើយ ។
ប៉ុន្តែនៅទីនេះ ខ្ញុំចង់និយាយផ្តោតទៅលើ ការទាមទារយក សុភមង្គល របស់បុថុជ្ជន (ជនសាមញ្ញ) ដែលគេគ្រប់គ្នានោះ យល់ដឹង ក្នុងកម្រិតមួយថា សុភមង្គល គឺកើតឡើងពីកត្តាទំនាក់ទំនងស្នេហា និងកត្តាផលប្រយោជន៌ផ្នែកសេដ្ឋកិច្ច។ ដោយពឹងផ្អែកលើកត្តាទាំងពីរនេះ មនុស្សអាចស្វែងរកសុខសុភមង្គលក្នុងកម្រិតមួយដោយងាយស្រួលបំផុត បើសិនជាមនុស្សអាចកំណត់ការចង់បានរបស់ខ្លួនបានច្បាស់លាស់។
១. កត្តាទំនាក់ទំនងស្នេហា៖ មនុស្សអាចប្រើប្រាស់ទំនាក់ទំនងស្នេហា (ការស្រលាញ់ជាប់ស្អិត - នឹងបកស្រាយនៅអត្ថបទក្រោយ) ដើម្បីត្រួសត្រាយផ្លូវជីវិតរបស់គេអោយដល់គោលដៅសុភមង្គលពិតប្រាកដ។ បុគ្គលពីរនាក់ នឹងត្រូវធ្វើដំណើរលើផ្លូវនោះ តែបុគ្គលទាំងពីរត្រូវមាន...៖
- ចំណេះដឹងប្រហាក់ប្រហែលគ្នា (សមសីលា រឺ សមបញ្ញា)
- ជំនឿ ប្រហាក់ប្រហែលគ្នា (សមសទ្ធា)
- ការលះបង់ និងទទួលប្រហាក់ប្រហែលគ្នា (សមចាគា)
- ការមានជីវិត (វង្សត្រកូល) ប្រហាក់ប្រហែលគ្នា (សមជីវិតា)
- បុគ្គលពីរនាក់ កាលចាប់ដៃគ្នាដើរលើផ្លូវរួមមួយ ហើយប្រកបដោយអង្គទាំង៤ខាងលើ គេនឹងអាចពុះពាររួមគ្នាដោយភាពយោគយល់ (ចេះស្តាប់គ្នា) និងការអត់អោន (កែតម្រូវបើមានកំហុស)។
ឧទាហរណ៌ងាយយល់បំផុតគឺ ពេលដេកជាមួយគ្នា តើអ្នកអាចទ្រាំនិងការដេកស្រមុករបស់គេបានទេ? ពេលញ៉ាំអាហារ តើអ្នកអាចទ្រាំនិងភាពស្មោគគ្រោករបស់គេបានទេ? ពេលរួមភេទ តើអ្នកអាចទ្រាំ និងក្លិន រឺភាពកំរោលចូលរបស់គេបានទេ?
២. កត្តាផលប្រយោជន៌ផ្នែកសេដ្ឋកិច្ច៖ ជាការពិត ការទំនាក់ទំនងគ្នាក្នុងផ្លូវស្នេហា បើទោះជាវាគ្រាន់តែជាអារម្មណ៌ជក់ចិត្តមួយ តែវាក៏ទាមទារនូវភាពផ្អែមល្ហែម ដែលកើតបានដោយសារតែការប្រើប្រាស់ធនធានដែរ ដូច្នេះតិចរឺច្រើន ពេលជួបគ្នាដំបូង មនុស្សច្បាស់ណាស់ថា នឹងសំលឹងមើលស្ថានភាពសេដ្ឋកិច្ចរវាងគ្នានិងគ្នាមិនខាន។ ចំនុចរួមដែលមនុស្សអាចស្វែងរកសុខសុភមង្គលក្នុងផ្លូវនេះបានគឺផ្អែកលើកត្តា២យ៉ាងគឺ..៖
- កត្តាវេទនា៖ វាសំខាន់ណាស់ ព្រោះមនុស្សម្នាក់ៗតែងមានឧត្តមគតិ និងគោលដៅជីវិតរបស់គេ។ ជួនកាលគោលដៅជីវិតរបស់អ្នក អាចជាគោលដៅជីវិតរបស់ដៃគូអ្នកដែរ ដូចនេះទោះមានក្តី មិនមានក្តី ទ្រព្យសម្បត្តិគ្រាន់តែជារបស់ក្រៅខ្លួនប៉ុណ្ណោះ ព្រោះអ្នកទាំងពីរអាចនឹងខិតខំប្រឹងប្រែងដើម្បីគោលដៅតែមួយ ឧត្តមគតិតែមួយ។
- កត្តាផលប្រយោជន៌៖ ទ្រព្យសម្បត្តិ ជួនកាលធ្វើអោយអ្នកភ្លេចដល់ឧត្តមគតិ។ អ្នកអាចនឹងយល់ព្រមបំភ្លេចគោលដៅជីវិតចាស់ដែលអ្នកមិនរំពឹងថានឹងមកដល់ ហើយចាប់យកទ្រព្យសម្បត្តិដើម្បីបង្កើតគោលដៅជីវិតថ្មី ដែលយល់ថាវាងាយជាង ប៉ុន្តែធាតុពិតអ្នកនៅតែយល់ព្រមលើកត្តាវេទនារបស់អ្នក ព្រោះនៅទីបំផុតអ្នកនៅតែពុះពារដើម្បីគោលដៅដដែល។
ដូច្នេះ សូមឈប់ជឿលើការសន្យាណា ដែលប្រើប្រាស់ពាក្យ សុភមង្គល មកធ្វើជាលែងលះទៀតទៅ។ នៅទីនេះ ខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាថា សុភមង្គល គឺជាស្ថិតក្នុងកណ្តាប់ដៃយើងស្រាប់ទៅហើយ៕
0 comments:
Post a Comment