ខាងក្រោមនេះ ជាទម្លាប់១០យ៉ាងគួរឱ្យចាប់អារម្មណ៍ និងអាចផ្លាស់ប្តូរជីវិតអ្នក និងមានចំណុចលម្អិតមានដូចខាងក្រោម ៖
១-សិក្សា ៖ ទម្លាប់ដំបូងដែលសំខាន់បំផុតក្នុងការប្តូរជីវិត គឺការរៀនសូត្រជាប់ជានិច្ច និងគ្មានថ្ងៃបញ្ចប់ ។ ការរៀនសូត្រអាចកើតឡើងបានគ្របរូបភាពទាំងអស់ ។ អ្នកទទួលបានជោគជ័យ គឺពួកគេមានពេលវេលាសិក្សាយ៉ាងតិច ក៏១ម៉ោងដែរក្នុង១ថ្ងៃ មិនថាការអានសៀវភៅ និងមើលវីដេអូជាដើម ។ អ្នកអាចចាប់ផ្តើមដោយងាយៗដោយការអានសៀវភៅខ្លះៗដែលចាប់អារម្មណ៍នៅពេលនេះ ។
២-កំណត់គោលដៅ ៖ ជារៀងរាល់ថ្ងៃ អ្នកគួរតែធ្វើកិច្ចការតាមគោលដៅដែលបានកំណត់ទុក ។ អ្នកទទួលបានជោគជ័យ គឺត្រូវតែមានគោលដៅ ក្រៅពីនោះ ក៏ត្រូវកំណត់ពីភារកិច្ច និងសន្សំភាពជោគជ័យតាំងពីតូចតាចឡើងទៅជារៀងរាល់ថ្ងៃ បន្ទាប់មកជាសប្តាហ៍ ជាខែ ជាឆ្នាំ រហូតដល់ក្លាយជាទម្លាប់ជាប់ខ្លួន វានឹងធ្វើឱ្យអ្នកស្គាល់នូវការធ្វើផែនការ ការគិតរឿងធំៗ និងហ៊ានប្រឈមមុខនឹងបញ្ហាក្នុងជីវិត ។
៣-ធ្វើផែនការ ៖ ការធ្វើផែនការនេះ ព្រោះចង់ធ្វើឱ្យគ្រប់គោលដៅដែលកំណត់ទុកបានជោគជ័យ ចាំបាច់ត្រូវមានផែនការដើម្បីនាំផ្លូវទៅសម្រេចរឿងដែលតាំងចិត្តធ្វើ ហើយវាអាចជួយឱ្យជីវិតអ្នកមានទិសដៅច្បាស់លាស់ ដូច្នេះ គួរព្យាយាមបង្កើតទម្លាប់ជាមួយផែនការនេះ ។
៤-បង្កើតឱកាស ៖ ក្នុងសម័យនេះ វាងាយស្រួលក្នុងការស្វែងរកចំណេះដឹងថ្មីៗ ឬអ្នកទទួលបានជោគជ័យអាចទាក់ទងគ្នាបាន ហើយការទាក់ទងនោះជាការត្រឹមត្រូវ និងមានប្រសិទ្ធភាព ។ នៅទីបំផុត វាអាចប្តូរជីវិត និងបង្កើតទម្លាប់ដល់អ្នកឱ្យខិតទៅជិតចំណុចជោគជ័យ ។ អ្នកនឹងមានទម្លាប់បង្កើតច្រើនជាងប្រើប្រាស់ គឺហ៊ានធ្វើ ហ៊ានគិត ហ៊ានបង្កើតឱកាសច្រើនជាងការរង់ចាំឱកាស ។
៥-សន្សំទុកនូវគំនិត ៖ មនុស្សគ្រប់រូបត្រូវការពេលវេលាដើម្បីបង្កើតគំនិត ។ អ្នកទទួលបានជោគជ័យតែងធ្វើរហូតក្លាយទៅជាទម្លាប់ដោយមិនដឹងខ្លួន គឺការកត់ត្រា ការសន្សំនូវទុកទិន្នន័យផ្សេងៗ ឬអ្វីដែលចាប់អារម្មណ៍ មិនថាជារឿងរ៉ាវ គំនិត រឿងអស់សំណើច មេរៀន ពាក្យសម្តី ភាពជោគជ័យ និងបរាជ័យ ។ល។ អ្នកអាចដកស្រង់ពីសៀវភៅ ឬមនុស្ស ឬកន្លែងផ្សេងៗដែលធ្លាប់បានទៅ បន្ទាប់មកនៅពេលវាមានច្រើនគ្រប់គ្រាន់ និងដល់ពេលសមស្របហើយ ការសន្សំនោះនឹងអាចបណ្តុះគំនិតឡើងចេញពីក្នុងខ្លួនតែម្តង ។
៦-ហាត់ប្រាណ ៖ ប្រសិនបើអ្នកចង់ទទួលបានជោគជ័យក្នុងជីវិត អ្នកត្រូវត្រៀមខ្លួនជានិច្ចតាមអ្វីដែលបានគិតគ្រប់ពេលវេលា ពេលខ្លះគំនិតទាំងនោះអាចនឹងឱ្យរាងកាយរបស់អ្នកធ្វើរឿងដែលលើសពីការរំពឹងទុកក៏មាន មានន័យថា អ្នកត្រូវមានរូបកាយដែលគាំទ្រដល់គំនិតជានិច្ច ហើយវិធីល្អបំផុតក្នុងការត្រៀមខ្លួន គឺការហាត់ប្រាណ ។ អ្នកនឹងឃើញថា អ្នកជោគជ័យ គឺចូលចិត្តហាត់ប្រាណ ព្រោះអាចជួយបំបាត់ភាពតានតឹង បង្កើតគំនិតល្អៗ និងមានសុខភាពល្អផងដែរ ។
៧-សម្រាក ៖ មនុស្សម្នាក់ៗត្រូវការសម្រាកដើម្បីឱ្យមានកម្លាំងធ្វើការងារបន្ត ព្រោះនៅពេលហត់នឿយ ហើយនៅតែធ្វើការងារបន្តទៀត អ្នកនឹងមានអារម្មណ៍ស្ត្រេស ឬបាត់បង់ការផ្តោតអារម្មណ៍ ហើយលទ្ធផលការងារចេញមកក៏មិនល្អដែរ ។ អ្នកដែលមិនរៀនសូត្រពីការសម្រាកនោះ អាចនឹងបញ្ចប់ដោយការខាតបង់ពេលវេលាដ៏មានតម្លៃ និងប្រសិទ្ធភាពការងារ។ ដូច្នេះ ការបង្កើតទម្លាប់ដើម្បីទទួលបានជោគជ័យ អាចកំណត់ពេលវេលាជាសប្តាហ៍ ឬជាខែ ដើម្បីឱ្យពេលវេលា និងរាងកាយស្រស់ថ្លាឡើងដូចជា ការដើរកម្សាន្ត ការធ្វើម្ហូបជាមួយគ្រួសារជាដើម ។
៨-ដាស់តឿន ក្រើនរំឭកខ្លួនឯង ៖ ចំណុចនេះអ្នកអាចដាស់តឿនខ្លួនឯងឲ្យបានច្រើនដង ។ ជាមធ្យមអ្នកជោគជ័យដាស់តឿនខ្លួនឯងយ៉ាងតិចណាស់ក៏១២.០០០ដងក្នុង១ថ្ងៃដែរ គិតជាមធ្យម ។
៩-ការងារសិប្បកម្ម ៖ អាចសាកល្បងធ្វើការងារដោយដៃខ្លះៗ មនុស្សម្នាក់ៗមានទេពកោសល្យខុសៗគ្នា ប្រសិនបើអ្នកមិនសាកល្បងស្វែងរក និងប្រើវាទេ អ្នកនឹងបាត់បង់ទៅវិញ។ ចំណុចល្អនៃការងារធ្វើដោយដៃ គឺការហាត់ផ្ចង់អារម្មណ៍ ទើបអាចធ្វើការងារនោះបាន ។ វានឹងជួយអ្នកឱ្យស្គាល់នូវគោលដៅ ចេះអត់ធ្មត់ធ្វើរហូតដល់សម្រេច និងជម្នះនូវភាពធុញទ្រាន់ នេះហើយជាគោលការណ៍បង្កើតទម្លាប់ទទួលបានជោគជ័យ ។
១០-ទំនាក់ទំនង ៖ អ្នកទទួលជោគជ័យបានរៀនសូត្រពីការរៀបចំទំនាក់ទំនងដែលត្រឹមត្រូវក្នុងជីវិត មានន័យថា អ្នកដែលជិតស្និទ្ធជាមួយគ្នា នឹងមានចិត្តគំនិត អារម្មណ៍ ឬអ្វីដែលស្រដៀងគ្នា ។ វាអាចកើតឡើងបានតាមធម្មជាតិ និងដោយការបង្កើតទម្លាប់ជាថ្មី ។ ចូរព្យាយាមនាំខ្លួនឯងចូលទៅកន្លែងដែលខ្លួនត្រូវការ ឬចង់ក្លាយជាអ្នកណាម្នាក់ ។ អ្នកអាចប្រើពេលវេលាក្នុងការរកអ្នកដែលស័ក្តិសមដើម្បីបង្កើតទំនាក់ទំនង និងចាប់ផ្តើមរៀនសូត្រពីវិធីគិត និងវិធីធ្វើរបស់គេ ៕
Credit: Kohsantepheapdaily
0 comments:
Post a Comment