តើមហាសេដ្ឋីលេខ ៣៥ពិភពលោក Steve Ballmer មានប្រវត្តិរកស៊ីដូចម្តេចខ្លះក្នុងជីវិតរបស់លោក
លោក Steve Ballmer គឺជាមហាសេដ្ឋីពាណិជ្ជកម្មអាមេរិកដ៏ល្បីល្បាញមួយរូប ដោយលោកធ្លាប់កាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Microsoft ក្នុងនាមលោកជាសហស្ថាបនិកមួយរូប ពីខែមករា ឆ្នាំ ២០០០ ដល់ខែ កុម្ភៈឆ្នាំ ២០១៤។ បន្ថែមពីលើនេះលោកគឺជា ម្ចាស់ក្រុមបាល់បោះដ៏ល្បីមានឈ្មោះថា Los Angeles Clippers ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Los Angeles ។ មកដល់ដើមឆ្នាំ ២០១៦ នេះលោកត្រូវបានទស្សនាវដ្តី Forbes ចាត់ចំណាត់ថ្នាក់លោកថាជាមហាសេដ្ឋីមានជាងគេលើលោកលំដាប់លេខ ៣៥ ជាមួយនឹងទ្រព្យសម្បត្តិ ២១,៥ ពាន់លានដុល្លារ។ តើលោក Steve Ballmer មានប្រវត្តិរកស៊ីក្នុងវិស័យអាជីវកម្មយ៉ាងដូចម្តេចខ្លះទើបធ្វើឲ្យលោកក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោកដូច្នេះ?
លោក Steve Ballmer កើតនៅថ្ងៃទី ២៤ មិនា ឆ្នាំ ១៩៦៥ នៅក្នុងទីក្រុង Detroit រដ្ឋ Michigan។ លោក Steve Ballmer បានធំដឹងក្តីនៅក្នុងសង្គមដ៏សម្បូរបែបមួយគឺ Farmington Hill។ នៅក្នុងឆ្នាំ ១៩៧៣ លោកបានចូលរៀនថ្នាក់ត្រៀមមហាវិទ្យាល័យ ផ្នែកវិស្វករ នៅសាកលវិទ្យាល័យ Lawrence Technological University។ លោកបានបញ្ចប់ការសិក្សា ពីសាលា Detroit Country Day School និងបានរៀនត្រៀមបន្ថែមទៀតនៅសាលាឯកជនមួយក្នុងរដ្ឋដោយលោកទទួលបានពិន្ទុស្តង់ដារហៅ SAT ដល់ទៅ ៨០០ ពិន្ទុផ្នែកគណិតវិទ្យាដើម្បីត្រៀមចូលសាកលវិទ្យាល័យ។
លោក Steve Ballmer បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យ Harvard។ ក្នុងពេលកំពុងសិក្សានៅ Harvard លោកបានក្លាយជាអ្នកដឹកនាំក្រុមបាល់ទាត់ប្រចាំសាលាមានឈ្មោះថា Harvard Crimson និងធ្វើឲ្យកាសែត The Harvard Crimson និងធ្វើការឲ្យខាងសហគមន៍ Harvard Advocate។ ក្នុងពេលដំណាលគ្នានោះផងដែរលោកបានរស់នៅក្នុងអគារមួយរបស់សាលាជាមួយនឹងលោក Bill Gates ផងដែរ។
នៅក្នុងកម្មវិធីប្រកួតប្រជែងផ្នែកគណិតវិទ្យាមួយលោក Steve Ballmer ទទួលបានពិន្ទុខ្ពស់ជាងគេពោលគឺខ្ពស់ជាងលោក Bill Gates ទៅទៀត។ បន្ទាប់ពីនោះមកលោកបានទទួលការងារជាជំនួយការផលិតប្រចាំក្រុមហ៊ុន Procter & Gamble អស់រយៈពេលពីរ ឆ្នាំ ដែលពេលនោះហើយលោកបានជួបជាមួយនិងលោក Jeffrey R. Immelt ដែលក្រោយមក Jeffrey បានក្លាយជានាយកប្រតិបត្តិក្រុមហ៊ុន General Electric។
មកដល់ឆ្នាំ ១៩៨០ លោក Steve Ballmer បានបោះបង់ចោលការសិក្សារបស់លោកនៅសាលា Stanford Graduate School of Business ដើម្បីទៅចូលរួមជាមួយនឹង Microsoft។ លោកបានក្លាយជាបុគ្គលិករបស់ Microsoft ទី៣០ ដោយពេលនោះលោក Bill Gates ជាអ្នកគ្រប់គ្រង។ លោក Steve Ballmer ត្រូវបានគេផ្តល់ប្រាក់ខែជូន ៥០ ០០០ ដុល្លារ ដើម្បីធ្វើជាភាគរយក្នុងការក្លាយជាម្ចាស់កម្មសិទ្ធិរបស់ក្រុមហ៊ុន។ នៅពេលដែលក្រុមហ៊ុន Microsoft ត្រូវបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងឆ្នាំ ១៩៨១ លោក Steve Ballmer កាន់កាប់ភាគហ៊ុនចំនួន ៨% ។ នៅក្នុងឆ្នាំ ២០០៣ លោក Steve Ballmer បានលក់ភាគហ៊ុនរបស់លោកចំនួន ៨,៣% ហើយលោកសល់តែ ៤% នៃភាគហ៊ុនក្នុងក្រុមហ៊ុនប៉ុណ្ណោះ។
អស់រយៈពេល ២០ ឆ្នាំជាមួយនឹងក្រុមហ៊ុន Microsoft លោក Steve Ballmer កាន់តំណែងធំៗជាច្រើនក្នុងក្រុមហ៊ុន ដែលធ្លាប់កាន់តំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនពីចន្លោះឆ្នាំ ២០០០ ដល់ ២០១៤ ទៀតផង។ ប៉ុន្តែចាប់តាំងពីលោកបានកាន់តំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនលោក Steve Ballmer និង លោក Bill Gates ត្រូវកាសែត The Wall Street Journal រាយការណ៍ថាមានភាពរកាំរកូសគ្នាច្រើន។
ក្រោយពីប្រកាសចូលនិវត្តន៍ លោក Steve Ballmer នៅថ្ងៃទី ២៩ ឧសភា ឆ្នាំ ២០១៤ បានទិញយកក្រុមបាល់បោះសហរដ្ឋអាមេរិកមួយក្រុមមានឈ្មោះថា Los Angeles Clippers ក្នុងតម្លៃទឹកប្រាក់ ២ ពាន់លានដុល្លារ ដោយលោកបានក្លាយជាម្ចាស់ក្រុមបាល់បោះមួយនេះជាផ្លូវការនៅថ្ងៃ ១២ សីហា ឆ្នាំ ២០១៤។
Credit: BNEWS
Source: en.wikipedia.org, forbes.com
0 comments:
Post a Comment