ការងារដ៏ល្អមួយដែលបុគ្គលិកម្នាក់ធ្លាប់ធ្វើជាមួយក្រុមហ៊ុនមួយត្រូវបានបាត់បង់ ហើយទំនុកចិត្ត ឬ ទំនាក់ទំនងរវាងប្រធានក្រុមហ៊ុន និង បុគ្គលិកនោះក៏សាបរលាបតាមនោះដែរ។ ក្រុមហ៊ុនបានស្វាគមន៍បុគ្គលិកថ្មីដែលមានសមត្ថភាពចូលបម្រើការងារ តែអាចបណ្តេញចេញទៅវិញដោយហេតុផលណាមួយ។
បុគ្គលិកថ្មីជាទូទៅបង្ហាញទំនុកចិត្ត និង ភាពស្មោះត្រង់ចំពោះក្រុមហ៊ុនរបស់ខ្លួន ប៉ុន្តែនឹងចាកចេញភ្លាមៗប្រសិនបើដៃគូប្រកួតប្រជែងក្រុមហ៊ុនរបស់ខ្លួនផ្តល់ឱកាសការងារល្អប្រសើរជាងនេះឲ្យបុគ្គលិកថ្មីនោះ។
ទាំងនេះ ជាបញ្ហាកើតមានជារឿយៗ ដែលនឹងត្រូវបកស្រាយដោយលោក Reid Hoffman ស្ថាបនិករួមក្រុមហ៊ុន LinkedIn របស់អាមេរិក។ មានអាយុ ៤៧ឆ្នាំ មហាសេដ្ឋីនៃក្រុមហ៊ុនបណ្ដាញសង្គមដ៏មានប្រជាប្រិយភាពមួយនេះមានប្រាក់ក្នុងដៃចំនួន ៣,១ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៤ នេះ។
ប្រែក្លាយពីក្រុមហ៊ុនតូចទៅជាក្រុមហ៊ុនធំបានចំណូលរាប់រយលានដុល្លារនៅពេលនេះ មិនមែនជារឿងចៃដន្យនោះទេសម្រាប់លោក។ ហេតុដូច្នេះហើយ នេះជាអ្វីដែលសហគ្រិន ឬ ក្រុមហ៊ុននានាគួរស្វែងយល់ពីយុទ្ធសាស្ត្រគ្រប់គ្រងល្អៗមួយចំនួនរបស់លោកពីការកសាងទំនុកចិត្ត និងគុណតម្លៃទៅវិញទៅមករវាងបុគ្គលិក និងក្រុមហ៊ុន។ តើអ្វីទៅជាយុទ្ធសាស្ត្រល្អៗរបស់គាត់?
១. ភាពស្មោះត្រង់រវាងបុគ្គលិក និង ក្រុមហ៊ុន
ឧទាហរណ៍ថា បុគ្គលិកម្នាក់បានឈានជើងចូលទៅធ្វើការនៅក្រុមហ៊ុនថ្មីមួយ។ គេអាចសង្កេតឃើញថា អ្នកគ្រប់គ្រងនឹងសម្ដែងការស្វាគមន៍ការមកដល់របស់បុគ្គលិកថ្មីនោះក្នុងក្តីរំពឹងថា បុគ្គលិកម្នាក់នោះនឹងបម្រើការងារឲ្យខ្លួនជាច្រើនឆ្នាំទៅមុខឲ្យអស់ពីសមត្ថភាព។
ចំពោះបុគ្គលិកថ្មីវិញ ពិតជាច្បាស់ណាស់ដែលថា ត្រូវតែបង្ហាញទំនុកចិត្ត និងភាពស្មោះត្រង់ចំពោះអ្នកគ្រប់គ្រងរបស់ខ្លួន ដែរ។ ប៉ុន្តែ អ្នកគ្រប់គ្រងបានបញ្ជូនបុគ្គលិកម្នាក់នោះទៅជួបរដ្ឋបាល(HR) ដើម្បីចុះកិច្ចសន្យាសាកល្បងការងារ (Probation) ក្នុងរយៈពេល៣ខែជាមុនសិន។ បន្ទាប់ពី៣ ខែបានបញ្ចប់ បុគ្គលិកនោះនឹងក្លាយជាបុគ្គលិកពេញសិទ្ធិដែលអាចនឹងត្រូវបណ្តេញចេញគ្រប់ពេលដោយហេតុផលណាមួយ។
នៅក្នុងករណីមួយដែលបុគ្គលិកម្នាក់នោះមានអារម្មណ៍ថា ខ្លួនហាក់មិនមានបទពិសោធន៍ជ្រៅជ្រះលើការងារថ្មីនេះទាល់តែសោះ បញ្ហាមួយនឹងកើតមានឡើង។ បន្ទាប់មក អ្នកគ្រប់គ្រងបានលើកឡើងថា ខ្លួនត្រូវការបុគ្គលិកដែលស្មោះត្រង់ និងមានការប្ដេជ្ញាខ្ពស់មិនទាមទារជំនាញវិជ្ជាជីវៈខ្ពស់នោះឡើយ។ បុគ្គលិកម្នាក់នោះក៏ឆ្លើយតបទៅវិញថា ខ្លួនជាបុគ្គលិកស្មោះត្រង់។
ប៉ុន្តែ ជាទូទៅគេសង្កេតឃើញថា ទាំងបុគ្គលិកមានសមត្ថភាព និង បុគ្គលិកអសមត្ថភាព អាចដើរចេញពីក្រុមហ៊ុននោះ នៅពេលការងារល្អថ្មីមួយបានមកដល់។ មកដល់ចំណុចនេះគេបានរកឃើញថា ការទំនាក់ទំនងរវាងបុគ្គលិក និង ក្រុមហ៊ុន ឬ អ្នកគ្រប់គ្រងមួយត្រូវបានបញ្ចប់ គឺបណ្តាលមកពីការទំនាក់ទំនងមួយដោយគ្មានភាពស្មោះត្រង់។ លទ្ធផលនេះនឹងធ្វើឲ្យក្រុមហ៊ុននោះបាត់បង់បុគ្គលិកល្អៗបន្តទៅទៀត។
ការងាររបស់បុគ្គលិកមានសមត្ថភាពក្តី អសមត្ថភាពក្តីចាប់ផ្តើមធ្លាក់ចុះ ត្បិតអីពួកគេបង្វែរចំណាប់អារម្មណ៍របស់ពួកគេទៅស្វែងរកការងារថ្មីមួយដែលមានឱកាសច្រើនជាងនេះ។ មកដល់ចំណុចនេះ អ្នកគ្រប់គ្រងចាប់ផ្តើមពិចារណាឡើងវិញដោយគិតថា គ្មានអ្នកណាម្នាក់ល្ងង់ខ្លៅអាចធ្វើការឲ្យខ្លួនរហូតនោះឡើយ។ នេះហើយជាមូលហេតុដែលទំនុកចិត្តនៅក្នុងអាជីវកម្មនានាត្រូវបាត់បង់។
អាជីវកម្មដែលគ្មានទំនុកចិត្ត និង គ្មានភាពស្មោះត្រង់ គឺជាអាជីវកម្មដែលគ្មានស្ថិរភាពមិនអាចធ្វើដំណើរក្នុងរយៈពេលវែងឆ្ងាយទៅមុខបានឡើយ ហើយអាជីវកម្មដែលមិនបានវិនិយោគសម្រាប់ថ្ងៃស្អែក គឺជាអាជីវកម្មដែលត្រៀមខ្លួនសម្រាប់ដួលរលំ។
២. ការជ្រើសរើសបុគ្គលិក គ្រប់គ្រង និង រក្សាបុគ្គលិកល្អ
ច្បាប់រើសបុគ្គលិក គ្រប់គ្រង និង រក្សាបុគ្គលិកល្អៗឲ្យនៅបម្រើការងារក្នុងក្រុមហ៊ុនមួយមានការប្រែប្រួលជានិច្ច ពីព្រោះថា ពិភពលោកក៏ប្រែប្រួលតាមនោះដែរពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏គ្មានក្រុមហ៊ុនណាមួយសព្វថ្ងៃនេះ អាចធ្វើឱ្យបុគ្គលិកណាម្នាក់ឲ្យរស់នៅអស់មួយជីវិតនោះដែរ។
ក្រុមហ៊ុនមិនមែនជាគ្រួសារមួយដែលមានសមាជិកគ្មានទីបញ្ចប់នោះឡើយ ហើយក្រុមហ៊ុននោះក៏មិនសុខចិត្តជួល ឬ រក្សាទុកបុគ្គលិកខ្ជិលច្រអូសមកធ្វើការឲ្យខ្លួនរហូតនោះដែរ។
ចុះអ្វីទៅជាដំណោះស្រាយ?
បើអ្នកជាបុគ្គលិកចម្លើយដ៏ត្រឹមត្រូវបំផុតនោះគឺឈប់គិតថា ក្រុមហ៊ុនជាគ្រួសាររបស់អ្នក ហើយកុំព្យាយាមធ្វើខ្លួនជាបុគ្គលិកមួយដែលឯករាជ្យមិនគោរពតួនាទីរបស់ខ្លួន។ ត្រូវកសាងទំនាក់ទំនងធ្វើការងារជាក្រុម(Team Work) និង បំពេញតួនាទីរបស់អ្នកជាបុគ្គលិកល្អធ្វើដំណើរជាមួយក្រុមហ៊ុនរបស់អ្នក។
៣. ទំនាក់ទំនងរវាងបុគ្គលិក និងក្រុមហ៊ុនត្រូវកសាងឡើងតាមរយៈការឲ្យតម្លៃគ្នាទៅវិញទៅមក
ការឲ្យតម្លៃរវាងបុគ្គលិក និង ក្រុមហ៊ុនអាចកើតមានឡើងតាមរយៈសមិទ្ធផលដែលទទួលបាន។ បុគ្គលិកដែលមានតម្លៃ គឺជាបុគ្គលិកដែលខិតខំធ្វើការ ដែលជាកូនសោដ៏សំខាន់ជួយឲ្យក្រុមហ៊ុនមួយទទួលបានជោគជ័យ ហើយក្រុមហ៊ុនមួយដែលមានតម្លៃ គឺជាក្រុមហ៊ុនដែលមើលឃើញពីគុណសម្បត្តិរបស់បុគ្គលិក។ ជាលទ្ធផល ទាំងក្រុមហ៊ុន និង បុគ្គលិកមានសម្ព័ន្ធភាពកាន់តែរឹងមាំឡើង។ តើសម្ព័ន្ធភាពរឹងមាំនេះត្រូវធ្វើឡើងដោយរបៀបណា?
ក្រុមហ៊ុនមានគោលដៅរួមមួយរបស់ខ្លួនដែលមនុស្សគ្រប់គ្នានៅក្នុងក្រុមហ៊ុននោះត្រូវតែធ្វើដំណើរជាមួយគ្នា ដែលនោះគឺជាការសម្រេចដល់គោលដៅរបស់ខ្លួន។ នៅក្នុងអាជីវកម្ម បុគ្គលិក អ្នកគ្រប់គ្រង និងក្រុមហ៊ុន ត្រូវតែប្ដេជ្ញាចិត្តបំពេញបេសកកម្មការងាររបស់ខ្លួនឲ្យអស់ពីលទ្ធភាព និងមានមហិច្ឆតាខ្ពស់បាញ់ឆ្ពោះទៅរកគោលដៅតែមួយនោះ។ តែទន្ទឹមនឹងនេះ ពេលវេលាដ៏ជាក់លាក់មួយក៏ត្រូវកំណត់ធ្វើឡើងផងដែរ ហើយវានឹងបញ្ជាក់ថា អ្នកណាខ្លះនៅក្នុងក្រុមហ៊ុននោះបានបំពេញបេសកកម្មបានយ៉ាងល្អ និងមានគុណសម្បត្តិច្រើនជាងគេ?
មកដល់ចំណុចនេះ មិនមែនមានន័យថា ក្រុមហ៊ុនមួយត្រូវលើកតម្កើងតែបុគ្គលិកឆ្នើម ហើយទម្លាក់បន្តុះបង្អាប់បុគ្គលិកអន់នោះទេ តែការសន្យាឲ្យច្បាស់លាស់ក្នុងការជួយបណ្តុះបណ្តាលជំនាញ អប់រំពីគន្លឹះក្នុងការបំពេញការងារកែលំអឲ្យបានប្រសើរជាងមុន នឹងឆ្លុះបញ្ចាំងពីតុល្យភាពការងាររបស់ក្រុមហ៊ុន ដែលនោះគឺ ក្រុមហ៊ុនក៏ជោគជ័យ បុគ្គលិកគ្រប់គ្នាក៏ជោគជ័យ។
លោក Reid Hoffman បានបញ្ជាក់ចុងក្រោយថា ក្រុមហ៊ុនមួយមិនអាចឃាត់បុគ្គលិករបស់ខ្លួនឲ្យនៅធ្វើការជារៀងរហូតនោះទេ តែការចែករំលែករបស់ក្រុមហ៊ុនដោយការទទួលខុសត្រូវតាមរយៈការ ជួយជ្រោមជ្រែងបណ្តុះបណ្តាលពួកគេឲ្យកាន់តែមានពន្លឺក្នុងអាជីពការងារ នឹងធ្វើឲ្យក្រុមហ៊ុននោះមានតម្លៃពិតៗជាអមតៈ៕
ប្រភព៖ Businessinsider និង The BNews
0 comments:
Post a Comment