ទីផ្សារជំនួញ

៥​យ៉ាង​​ដើម្បី​លក់​ផ្ទះ​​ឆាប់​​​ដាច់ ​ហើយ​បាន​តម្លៃ​​ខ្ពស់!


ជាទូទៅ នៅពេល​ដែល​​​ម្ចាស់​ផ្ទះ​ប្រញ៉ាប់​​​លក់​ផ្ទះ​​​ គេ​សង្កេត​ឃើញថា ​មិន​អាច​លក់​បាន​ថ្លៃ​ឡើយ​ ពោល​គឺ​ត្រូវ​តែ​បញ្ចុះតម្លៃ​ឲ្យ​ទាប​ជាង តម្លៃ​នៅ​លើ​ទីផ្សារ​ជាក់​ស្តែង ហើយ​អ្នក​ទិញ​ឱ្យ​ព្យាយាម​ឱ្យ​តម្លៃ​ទាប​ដែរ។ ​

នេះ​គឺ​ជា​រឿង​ធម្មតា​នៅ​លើ​ទីផ្សារ ព្រោះ​អ្នក​ទិញ​ ​ត្រូវ​ការ​ចំណាយពេល​វេលា​យូរ ក្នុង​ការ​ជ្រើស​រើស​ផ្ទះ​ដែល​គេ​ចង់​បាន។ ដូច្នេះហើយ បាន​ជា​អ្នក​ដែល​ចង់​លក់​ផ្ទះ​របស់​ខ្លួន​បន្ទាន់​ដើម្បី​ដោះស្រាយ​បញ្ហា​អ្វី​មួយ​នោះ មិន​អាច​ទាមទារ​តម្លៃ​ខ្ពស់​ពី​អ្នក​ទិញ​បាន។

យ៉ាងណាក៏ដោយ គេ​មាន​វិធីសាស្ត្រ​មួយចំនួន ដែល​អ្នកលក់​ផ្ទះ​គ្រប់​រូប​អាច​លក់​ផ្ទះ​បាន​យ៉ាង​រហ័ស ហើយ​ជៀសវាង​ការ​ទម្លាក់​តម្លៃ​ទាប៖

១) ធ្វើ​ឲ្យ​មាន​លក្ខណៈ​ប្លែក ឬ ពិសេស​ជាង​អ្នក​ជិតខាង

ដើម្បី​ទាក់ទាញ​ចិត្ត​ភ្ញៀវ​ឲ្យ​ទិញ​ផ្ទះ​របស់​យើង វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​បង្ហាញ​លក្ខណៈ​ពិសេស ឬ ប្លែក​ដល់​ពួកគេ ព្រោះ​បើ​យើង​ចង់​រក្សា​តម្លៃ​ខ្ពស់​ជាង​ផ្ទះ​អ្នក​ដទៃ​ ផ្ទះ​របស់​យើង​ក៏​ត្រូវ​តែ​មាន​លក្ខណៈ​ប្រសើរ​ជាង​គេ។

ក្នុង​ន័យ​នេះ ផ្ទះ​ដែល​ចង់​លក់​នោះ គួរ​តែ​តុប​តែង​ឲ្យ​មាន​ភាព​ទាក់​ទាញ ដូចជា​ការ​ផ្លាស់​ប្តូរ​របស់​ដែល​ចាស់ៗ​មួយចំនួន ឬ ប្តូរ​ពណ៌​នៅ​ចំណុច​ត្រង់​ណាមួយ​ដែល​មើល​​ទៅ​ដូចជា​ចាស់​ខ្លាំងពេក។

ម្យ៉ាងវិញទៀត ការ​ដាំ​ផ្កា​លំអ​នៅ​មុខ​ផ្ទះ ឬ​នៅ​ក្បែរ​បង្អួច​ក៏​ជា​ចំណុច​ទាក់ទាញ​មួយ​ផង​ដែរ។ និយាយ​រួម​ធ្វើ​យ៉ាងណា ឲ្យ​គេ​ឃើញ​ពី​ចម្ងាយ​មក ហើយ​ចង់​ទិញ​ផ្ទះ​តែ​ម្តង។

២) រៀបចំ​របស់របរ​ក្នុងផ្ទះ​ឲ្យ​មាន​របៀប​

យើង​ត្រូវ​តែ​រៀប​ចំ​អ្វីៗ​គ្រប់​យ៉ាង​ឲ្យ​មាន​សណ្ដាប់​ធ្នាប់ ព្រោះ​វា​ជា​រឿង​ចាំបាច់​បំផុត មុន​ពេល​ដែល​នាំ​ភ្ញៀវ​មក​ផ្ទះ​របស់​យើង​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ទិញ។

ក្នុង​ន័យ​នេះ របស់​ដែល​ចាស់ៗ​មិន​ចាំបាច់​មួយ​ចំនួន​ត្រូវ​គួរតែ​យក​ទៅ​បោះចោល ព្រោះ​អ្នកទិញ​តែង​ប្រាថ្នា​ចង់​បាន​ផ្ទះ​ដែល​មាន​លក្ខណៈ​ធំ​ទូលាយ បើ​ទោះ​បី​ជា​ មាន​តម្លៃ​ថោក​ក៏ដោយ។ ជាទូទៅ​ បើ​ភ្ញៀវ​ឃើញ​ផ្ទះ​របស់​យើង គ្មាន​របៀប​រៀបរយ ហើយ​មើល​ទៅ​មាន​លក្ខណៈ​រញ៉េរញ៉ៃ​ច្រើន​នោះ គេ​នឹង​ជ្រើសរើស​យក​ផ្ទះ​ដទៃទៀត។

៣) ផ្តល់​លក្ខណៈ​ពិសេស​ក្នុង​តម្លៃ​លក់ (ថែម​ជូន​ការ​ដូរ ឬ បញ្ចុះ​តម្លៃ​ពិសេស)

អ្នក​ស្វែង​រក​ទិញ​ផ្ទះ តែង​តែ​សម្លឹង​រក​មើល​អ្វីៗ​ដែល​ពិសេស ពោល​គឺ​មិន​ត្រឹម​តែ​គុណ​ភាព​ផ្ទះ​តែ​ម្យ៉ាង​ទេ ប៉ុន្តែ​ក៏​រួមបញ្ចូល​ទាំង​ផ្តល់​លក្ខណៈ​ពិសេស​ផ្សេងទៀត​ដែល​ពួក​គេ​យល់​ឃើញ​ថា មាន​ផល​ចំណេញ។ ត្រង់​ចំណុច​នេះ យើង​អាច​ប្រើ​យុទ្ធសាស្ត្រ​ក្នុង​ការ​បន្ថែម​ជូន​សម្ភារៈ ឬ​គ្រឿង​សង្ហារិម ឬ ការ​បញ្ចុះ​តម្លៃ​ត្រង់​កំរិត​ណាមួយ ដែល​អាច​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នកទិញ។ ការ​ពិត​ទៅ​វា​មិនមែន​ជា​ការ​ខាតបង់​នោះ​ទេ​ចំពោះ ការ​ថែម​ជូន​គ្រឿង​សង្ហារិម ឬ ការ​បញ្ចុះ​តម្លៃ ព្រោះ​ តម្លៃ​នៅ​តែ​លក់​ក្នុង​រង្វង់​ទឹក​ប្រាក់​ដែល​យើង​ចង់​បាន​ដដែល។ ​ប្រការ​នេះ អាច​ទាក់​ចិត្ត​អ្នក​ដែល​ស្វែង​រក​ទិញ​ផ្ទះ​នោះ បាន​យ៉ាង​រហ័ស។

៤) ពិនិត្យ​មើល​រាល់​សម្ភារៈ ឬ ឧបករណ៍​អេឡិចត្រូនិក​ក្នុងផ្ទះ

ក្នុង​ពេល​ដែល​យើង​រស់នៅ​នោះ មាន​សំភារៈ ឬ ឧបករណ៍​ប្រើប្រាស់​មួយចំនួន​បាន​ខូច ដូច្នេះ​យើង​ត្រូវ​តែ​ធ្វើការ​ជួសជុល ឬ​ ផ្លាស់ប្ដូរ​វា​ទៅ​តាម​លទ្ធភាព​ដើម្បី​ផ្តល់​លក្ខណៈ ងាយ​ស្រួល​ដល់​ម្ចាស់​ថ្មី។ ជាក់ស្តែង ប្រសិនបើ មាន​អំពូលភ្លើង​នៅ​កន្លែង​ណា​មួយ​មាន​ការ​ខូចខាត យើង​ត្រូវ​ផ្លាស់​ប្តូរ​វា ព្រោះ​អ្នក​ទិញ​ត្រូវ​ចង់​ទិញ​ផ្ទះ​របស់​យើង​ដើម្បី​មក​រស់​នៅ តែ​មិនមែន​ដើម្បី​មក​ជួសជុល​របស់របរ​ខូចខាត​ក្នុង​ផ្ទះ​យើង​នោះ​ទេ។

៥) ដាក់​តម្លៃ​យ៉ាង​សមរម្យ

ថ្វីត្បិតតែ​យើង ចង់​លក់​ផ្ទះ​ឲ្យ​បាន​រហ័ស ហើយ​រក្សា​តម្លៃ​ខ្ពស់ តែ​មិនមែន​មាន​ន័យ​ថា យើង​ដាក់​តម្លៃ​ខ្ពស់​ហួស​ហេតុ​ពេក​នោះ​ទេ ពោល​គឺ​សមស្រប​ទៅ​តាម​ភាព​ជាក់ស្តែង។​ ​ដើម្បី​អាច​ដាក់​តម្លៃ​យ៉ាង​សមស្រប​បំផុត​នោះ គឺ​ត្រូវ​តែ​ជា​មនុស្ស​​ដែល​យល់​ដឹង​ច្រើន​ពី​ទីផ្សារ ពោល​គឺ​ចាំ​បាច់​ត្រូវ​តែ​អាន កាសែត ទស្សនាវដី្ត ឬ ព័ត៌មាន​ទាំងឡាយ​ណា​ដែល​ទាក់ទង​នឹង​អចលនទ្រព្យ ដោយ​ប្រៀបធៀប និង វាយតម្លៃ​ចំពោះ​តម្លៃ​ដែល​អាច​ទាក់​ទាញ​ចិត្ត​អ្នកទិញ៕

ប្រភព៖​ investopedia & Newpaloaltohouse

0 comments:

Post a Comment

Powered by Blogger.