ចំណេះដឹងថ្មីៗ

ជំងឺ​បាក់​ទឹកចិត្ត ក្រោយ​សម្រាលកូន​


ការ​សម្រាលកូន អាច​ជា​ដើមហេតុ ដែល​នាំឲ្យ​មាន​ការ​រំជួល​អារម្មណ៍​ដ៏​ខ្លាំងក្លា​មួយ​ដែរ ចាប់ពី​អារម្មណ៍​នៃ​ភាព​ភ្ញាក់ផ្អើល និង​រីករាយ រហូត​ដល់​អារម្មណ៍​ភ័យខ្លាច និង​ថប់​បារម្ភ​។ ប៉ុន្តែ វា​ក៏​អាច​បណ្តាល​មកពី​បញ្ហា​អ្វីមួយ ដែល​អ្នក​មិន​ដែល​រំពឹង​ទុក​ដែរ នោះ​គឺ​ការបាក់​ទឹកចិត្ត​តែម្តង​។ ​មាន​ម្តាយ​ច្រើនណាស់ ដែល​ធ្លាប់មាន​បញ្ហា​មិន​សប្បាយចិត្ត ក្រោយ​ពី​សម្រាលកូន​រួច ដែល​មាន​សញ្ញា​ដូចជា អារម្មណ៍​មិន​ល្អ ចេះ​តែ​យំ ថប់​បារម្ភ និង​ពិបាក​គេង​។ អារម្មណ៍​បែប​នេះ ជាធម្មតា ចាប់ផ្តើម​កើតមាន ក្នុង​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ ក្រោយពេល​សម្រាល​រួច ហើយ​វា​ក៏​អាច​បាត់​ទៅ​វិញ យ៉ាង​យូរ​បំផុត​នៅ​រយៈពេល ២ សប្តាហ៍​ក្រោយ​។ ​ប៉ុន្តែ ម្តាយ​ថ្មោងថ្មី​មួយចំនួន បែរជា​មាន​អា​ការៈបាក់​ទឹកចិត្ត ក្រោយ​សម្រាល​កាន់តែ​ធ្ងន់ធ្ងរ និង​មាន​រយៈពេល​យូរ​ទៅវិញ​។ អ្វី​ដែល​កម្រ​នោះ​គឺថា អារម្មណ៍​ខូចចិត្ត ឬ​ហៅ​ថា​ជំងឺ​ផ្លូវចិត្ត ក្រោយ​សម្រាលកូន​រួច​ក៏​អាច​កើត​ដែរ​។​

​ការបាក់​ទឹកចិត្ត​ក្រោយ​សម្រាល ពេលខ្លះ វា​អាច​ជា​ផលវិបាក នៃ​ការ​សម្រាលកូន​ទៅវិញ​ទេ​។ បើសិន​ជា​អ្នក មាន​បញ្ហា​បាក់​ទឹកចិត្ត​ក្រោយ​សម្រាល ចូរ​ស្វែងរក​ការព្យាបាល​ឲ្យបាន​លឿន ព្រោះ​វា​អាច​ជួយ​អ្នក​គ្រប់គ្រង​រោគសញ្ញា និង​ការស្រឡាញ់​កូន​វិញ​។ ​ការបាក់​ទឹកចិត្ត​ក្រោយ​សម្រាលកូន​រួច មិន​មាន​មូលហេតុ​អ្វី​ឡើយ ប៉ុន្តែ កត្តា​ផ្លូវកាយ និង​ផ្លូវចិត្ត អាច​ដើរតួ​សំខាន់​ក្នុង​រឿងនេះ​។

​ការប្រែប្រួល​រាងកាយ​
​ក្រោយ​សម្រាលកូន​រួច ការថយចុះ​យ៉ាង​ខ្លាំង​របស់​អ័រម៉ូន​ភេទ​ក្នុង​ខ្លួន អាច​នឹង​ធ្វើឲ្យមាន​បញ្ហា​បាក់ទឹកចិត្ត ក្រោយ​សម្រាលកូន​ដែរ​។ អ័រម៉ូន​ផ្សេងៗ​ទៀត ដែល​ផលិត​ចេញពី​ក្រ​ពេញទី​រ៉ូ​អ៊ីត ក៏​ប្រហែលជា​ត្រូវ​ថយចុះ​យ៉ាង​ស្រួចស្រាវ ដូច្នេះ វា​នឹង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា អស់កម្លាំង និង​បាក់​ទឹកចិត្ត​ជាមិនខាន​។

​បញ្ហា​ផ្លូវចិត្ត​
​នៅ​ពេល​អ្នក​គេង​មិន​បាន​គ្រប់គ្រាន់ និង​តក់ស្លុត​ពេក អ្នក​ប្រហែលជា​មាន​បញ្ហា ក្នុង​ការដោះស្រាយ​លើ​បញ្ហា​តិចតួច​ដែរ​។ អ្នក​ប្រហែលជា​ភ័យខ្លាច អំពី​សមត្ថភាព​ក្នុង​ការថែរក្សា​កូន ដែល​ទើបនឹង​កើត​។ អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា ខ្លួនឯង​មិន​មាន​ភាព​ទាក់ទាញ ធុញទ្រាន់​នឹង​ក្លិន​ខ្លួន ឬ​យល់​ថា​ខ្លួនឯង បាត់បង់​នូវ​ការគ្រប់គ្រង​ជីវិត​។ រាល់​បញ្ហា​អស់ទាំង​នេះ សុទ្ធ​តែ​អាច​នាំឲ្យមាន​បញ្ហា​បាក់ទឹកចិត្ត ក្រោយ​សម្រាល​បាន​ទាំងអស់​៕

ប្រភព៖ Health Cambodia

0 comments:

Post a Comment

Powered by Blogger.