តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិជាង១០រូប គ្រោងនឹងស្នើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យដកតំណែងប្រធានគណៈកម្មាធិការកិច្ចការព្រំដែន លោក វ៉ា គឹមហុង ក្រោមហេតុផលថាលោកបានប្រើប្រាស់ផែនទីក្លែងក្លាយ និងពុំមានសមត្ថភាពដោះស្រាយបញ្ហាព្រំដែន។
លោក អ៊ុំ សំអាន បញ្ជាក់ថាលោកច្បាស់១០០ភាគរយថាផែនទីដែលលោក វ៉ា គឹមហុង ប្រើប្រាស់ជាផែនទីក្លែងក្លាយ។ លោកមានប្រសាសន៍ថា "ផែនទីផ្ទៀងផ្ទាត់ជាមួយផែនទីរបស់លោកវ៉ា គឹមហុង គឺប្រាកដជាក្លែងក្លាយហើយ១០០ភាគរយ ព្រោះយើងរកឃើញចំណុចផែនទីក្លែងក្លាយហ្នឹងហើយ"។
លោកបន្តថាលោក វ៉ា គឹមហុង បានកុហកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីការប្រើប្រាស់ផែនទីទាំងនោះ។ លោកបញ្ជាក់ថា "គាត់[វ៉ា គឹមហុង]អាចទៅកុហកសម្តេចនាយករដ្ឋមន្រ្តីថាផែនទីហ្នឹង ដែលព្រះករុណាតម្កល់នៅអង្គការសហប្រជាជាតិ ហើយសម្តេចហ៊ុន សែន គាត់មានបច្ចេកទេសខាងព្រំដែនណា។ លោក វ៉ា គឹមហុង កុហកម៉េច គាត់ជឿទៅតាមហ្នឹងហើយ"។
VODមិនទាន់អាចសុំការឆ្លើយតបពីលោកវ៉ា គឹមហុង បាននៅឡើយទេ។ កាលពីថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរលិខិតមួយច្បាប់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ដោយស្នើសុំផែនទីកម្ពុជាដែលតម្កល់នៅអង្គការប្រជាជាតិ មកពិនិត្យផ្ទៀងផ្ទាត់ជាមួយផែនទីដែលរដ្ឋាភិបាលបានប្រើប្រាស់ដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។ លិខិតរបស់លោក ហ៊ុន សែន ជាភាសាខ្មែរ និងភាសាអង់គ្លេស ឲ្យដឹងថា "ខ្ញុំសរសេរលិខិតនេះជូនឯកឧត្តម ដើម្បីស្នើសុំកិច្ចសហការពីសំណាក់អង្គការសហប្រជាជាតិលើកិច្ចការមួយដែលមានសារៈសំខាន់ជាទីបំផុត សម្រាប់អធិបតេយ្យ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ"។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បន្តថាមជ្ឈដ្ឋានក្នុងប្រទេសកម្ពុជាមួយចំនួនកំពុងញុះញង់បង្កើតស្មារតីជាតិនិយមជ្រុល បំភាន់មតិជាតិ និងអន្តរជាតិ ដើម្បីកេងចំណេញនយោបាយលើបញ្ហាកំណត់ និងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង។ លិខិតបញ្ជាក់ថា "ខ្ញុំសូមស្នើឯកឧត្តមអគ្គលេខាធិការមេត្តាអនុញ្ញាតឲ្យរាជរដ្ឋាភិបាលកម្ពុជាខ្ចីផែនទីដើមទាំងអស់ ដែលកម្ពុជាបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ មកប្រើប្រាស់ដើម្បីផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវពិតប្រាកដជាមួយផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងប្រើប្រាស់សម្រាប់កំណត់ព្រំដែនគោក និងព្រំដែនទឹករវាងព្រះរាជាណាចក្រកម្ពុជាជាមួយនឹងប្រទេសជិតខាង"។
កាលពីសប្តាហ៍មុន លោក វ៉ា គឹមហុង បានរៀបចំសន្និសីទសារព័ត៌មានមួយតាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីបង្ហាញផែនទីកំណត់បង្គោលព្រំដែន ដែលបក្សប្រឆាំងចោទថារដ្ឋាភិបាលប្រើផែនទីក្លែងក្លាយ។ លោក វ៉ា គឹមហុង បានទទួលស្គាល់ថាដីខ្មែរនៅតាមព្រំដែនច្រើនកន្លែងត្រូវបានវៀតណាមកំពុងធ្វើស្រែឬចម្ការ ប៉ុន្តែលោកថាដីទាំងនោះនឹងបានមកលើកម្ពុជាវិញនៅពេលភាគីទាំងពីរសម្រេចបោះបង្គោលព្រំដែនចប់សព្វគ្រប់៕
ប្រភព៖ VOD
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
0 comments:
Post a Comment