មានមនុស្សជាច្រើន តែងនិយាយថា ការរស់នៅជា ជីវិតគូស្រករមិនមែន ជារឿងដែលងាយស្រួលនោះទេ ។ មានគូខ្លះកាលនៅ ជាជីវិតយុវវ័យ (សង្សារ) ស្រលាញ់គ្នាស្ទើរបាត់មុខមិនបាន ។ ស្រាប់តែពេលរៀបការរួច អ្វីៗប្រែប្រួលអស់ ភាពផ្អែមល្ហែមប្រែក្លាយជាប្រៃល្វីងជូរចត់ ។ មិនដឹងថាខាងណាជាអ្នកខុសនោះទេ ។ ផ្ទុយមកវិញ, គូខ្លះរឹតតែស្រលាញ់គ្នាកាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ។ តើពួកគេមានអាថ៌កំបាំងអ្វីទៅ ? សំរាប់គូស្នេហាដែល មានសុភមង្គលពួកគេ តែងធ្វើរឿងជាច្រើនដូចជា៖
១. ត្រូវចេះដោះស្រាយទំនាស់ដោយសន្តិវិធី
មិនមានចំណង់មេត្រីភាពណា ដែលឥតខ្ចោះនោះទេ ។ ការរស់នៅជាមួយគ្នាតែងតែ ប៉ះទង្គិចគ្នាតិច ឬច្រើន គឺជៀសមិនរួចឡើយ ប៉ុន្តែអ្វីដែលសំខាន់គឺ ត្រូវចេះដោះស្រាយបញ្ហា នោះដោយរបៀបណា។ សម្រាប់គូស្វាមីភរិយាល្អ គេមិនយកកំហឹងទល់ និង កំហុលទេ ។ ពួកតែងតែដោះស្រាយបញ្ហាដោយសន្តិវិធីជានិច្ច ទោះរឿងធំក្តីតូចក្តី ។
២. ត្រូវចេះចំណាយពេលមានសេចក្តីសុខជាមួយគ្នា
ជីវិតរស់នៅប្រចាំថ្ងៃ របស់យើងគឺមានភាពមមាញឹកខ្លាំងណាស់ ។ អ្នករវល់ជាមួយនឹងការងាររបស់អ្នក, ទំលាប់របស់អ្នក, មិត្តរបស់អ្នក ហើយប្រសិនបើមានកូនទៀត រឹតតែមមាញឹកខ្លាំងណាស់ ។ សំរាប់គូស្វាមីភរិយា ដែលមានសុភមង្គល ពួកគេមិនអោយជីវិតបែបនេះ មកបំផ្លាញសុភមង្គល និង ចំណងមេត្រីភាពរបស់ពួកគេបានទេ ។ ពួកគេតែងរកពេលវេលាដ៏ល្អមួយ ដើម្បីបង្កើតអនុស្សាវរិ៍យដ៏ផ្អែមល្ហែម អោយកាន់តែច្រើន ។
៣. ត្រូវចេះជួយផ្តល់យោបល់ និង ណែនាំគ្នាទៅវិញទៅមក
គូស្វាមីដែលមានសុភមង្គល ពួកគេមិនចង់បានអ្វី ក្រៅពីចង់ឃើញមនុស្សដែលពួកគេស្រលាញ់មានការរីកចំរើន ។ ពួកគេចេះស្តាប់យោបល់ និង ផ្តល់ការណែនាំ ដែលអាចជួយអោយដៃគូរីកចំរើនលូតលាស់ ។
៤. ត្រូវចេះគោរព និងស្មោះត្រង់ចំពោះគ្នា
នៅក្នុងជីវិតគូ ការគោរព និង ភាពស្មោះត្រង់គឺជារឿងដែលសំខាន់ ។ គូស្វាមីភរិយាល្អតែងតែ ជឿទុកចិត្តគ្នាទៅវិញទៅមក និងមិនមានភាគីខាងណាមួយអាច ធ្វើអ្វីឱ្យប៉ះពាល់សុភមង្គលរប់សពួកគេទេ ។ ពួកគេរស់នៅដោយភាពស្មោះត្រង់ ទុកចិត្ដគ្នា និងគោរពគ្នាទៅវិញទៅមក ។
៥. ត្រូវរក្សាចំណងមេត្រីភាព
ចំណងមេត្រីភាពមិនគ្រាន់តែចំណាយពេលវេលាគ្រប់វិនាទីនៅជាមួយគ្នានោះទេ ។ ប៉ុន្តែ ទោះបីជាមិនបាននៅក្បែគ្នា ក៏សេចក្ដីស្មោះត្រង់នៅតែមិនងាករេដែរ ។
៦. ត្រូវចេះគោរពសិទ្ធិគ្នា
ផ្នែកមួយនៃចំណងមេត្រីភាពគឺត្រូវចាំថាដៃគូររបស់អ្នកគឺជាសាច់ឈាមនិងក្តីសង្ឃឹមរបស់អ្នក។ ការគោរពគ្នាគឺជាការសំខាន់ណាស់ សម្រាប់ភាពជាមនុស្ស និង ប្តីប្រពន្ធ ។
៧. ត្រូវចេះជួយគ្នាក្នុងគ្រាលំបាក
មិនថាក្នុងគ្រាក្រលំបាក ឬ មានបានយ៉ាងណាក៏ដោយ ជីវិតប្តីប្រពន្ធ គឺតែមួយ ។ ត្រូវចងចាំពាក្យនេះ “មិនថាក្រលំបាក ឬមានបាន” ត្រូវតែរក្សាចំណងមេត្រីភាពរបស់អ្នកគ្រប់ពេលវេលា ។ មនុស្សមួយចំនួនពេលមានបាន ស្រលាញ់គ្នាស្ទើរលេបទុក គ្រាន់តែគ្នាមានទុក្ខ ដោះដៃចោលគ្នា គ្មានស្រណោះ ។
៨. ត្រូវចេះយកចិត្តទុកដាក់ស្តាប់គ្នា
ពេលខ្លះយើងពិបាកស្តាប់យល់ពីគោលបំណងអ្នកនិយាយណាស់ ។ ដូច្នេះអ្នកត្រូវតែយកចិត្តទុកស្តាប់ ដើម្បីចាប់ឲ្យបាននូវគោលបំណង និងគំនិតរបស់ដៃគូរបស់អ្នក ។
៩. ត្រូវចេះមានគំនិតបង្កើនរសជាតិជីវិតថ្មី
ជីវិតប្រៀបដូចជាសិល្បះ ដែលមើលឆាប់សុំា ។ ហេតុនេះអ្នកត្រូវចេះបង្កើតនូវអ្វីដែលថ្មី ។ បន្ថែមពណ៌ និង រសជាតិថ្មីប្លែក អោយចំណងមេត្រីភាពរបស់អ្នក ។ ធ្វើអោយដៃគូរបស់អ្នក មានភាពភ្ញាក់ផ្អើល ពេញចិត្តរំភើប និង មានសុភមង្គល ។
១០. ត្រូវចេះរំលឹកខ្លួនឯងថា រាល់ចំណងមេត្រីភាពគឺ មិនដូចគ្នាទេ
ចំណងមេត្រីភាពគឺមិនដូចគ្នាទេសម្រាប់ជីវិតមនុស្សម្នាក់ៗ ។ ដូច្នេះអ្នកត្រូវតែចាំថាចំណងមេត្រីភាពជាមួយអ្នកចាស់ គឺខុសពីអ្នកថ្មី ដូច្នេះកុំយក គោលការណាមួយ ឬ រឿងពីអតីតកាលមកអនុវត្តជាមួយអ្នកបច្ចុប្បន្ន ។ ជាពិសេសប្រៀបធៀបនឹងជីវិតអ្នកដទៃ ។
១១. ត្រូវចេះផ្លាស់ប្តូរពីអាក្រក់ទៅល្អ
ការផ្លាស់ប្តូពីរឿងធំមកតូច ពីអវិជ្ជមានមកវិជ្ជមាន ពីអាក្រក់មកល្អ ជាការពិបាកណាស់ ។ ប៉ុន្តែគូស្វាមីភរិយាដែលមានសុភមង្គលត្រូវចេះផ្លាស់ប្តូរស្ថានការណ៍នេះ ទៅជាប្រយោជន៍ដើម្បីធ្វើឲ្យជីវិតកាន់ប្រសើរឡើង ។
១២. ទទួលស្គាល់ការពិត ពីគ្នាទៅវិញទៅមក
ទោះបីជាស្ថិតនៅក្នុងស្ថានភាពបែបណាក៍ដោយ អ្នកត្រូវចេះយល់ពីស្ថានការណ៍ ។ អ្នកមិនត្រូវរំពឹងលើគ្នាខ្ពស់ពេក និង ប្រាថ្នាចង់បានអ្វីពីគ្នាហួសហេតុពេកទេ។ ព្រោះវាអាចនឹងធ្វើអោយអ្នកខកចិត្ត និង មិនការអន់ចិត្តនៅពេលភាគគីណាមួយមិនអាចធ្វើ ទៅតាមអ្វីដែលអ្នកចង់បានទាំងស្រុង ។
ទាំងនេះជាគន្លឹះមួយចំនួន ដែលអាចនាំអោយអ្នកទាំងពីរ មានសុភមង្គល និង នៅជាមួយគ្នាបានយូរអង្វែង ៕
Home / ទស្សនៈប្លែកៗ /
ស្នេហា
/ ដើម្បីមានសុភមង្គល នៅក្នុងក្រុមគ្រួសារ គូស្វាមីភរិយាគួរធ្វើរឿងមួយចំនួន...
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment