កីឡាសុខភាព

គួ​ច សុ​កុម្ភៈ ជា​កីឡាករ​ទី​2 ក្លាយជា​ទូត​សុច្ឆន្ទៈ​ឱ្យ​ផលិតផល​កីឡា Puma ប្រចាំ​កម្ពុជា

ថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០១៥ ម៉ោង ១៥:១១

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជួយ​លើកកម្ពស់ និង​ផ្តល់​តម្លៃ​ដល់​កីឡាករ​បាល់ទាត់​ខ្មែរ ព្រមទាំង​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​ប្រទេស​កម្ពុជា ក្រុមហ៊ុន META SPORT ដែល​ជា​អ្នក​នាំ​ចូល​ផលិតផល​កីឡា​ម៉ាក Puma ផ្តាច់មុខ​នៅ​ប្រទេស​កម្ពុជា បាន​សម្រេច​ចុះ​កុងត្រា​រយៈពេល​២​ឆ្នាំ ជាមួយ​កីឡាបាល់ទាត់​ដ៏​ល្បី​របស់​ក្លិប​ណា​ហ្គា​វើ​ល គឺ​កីឡាករ​គួ​ច សុ​កុម្ភៈ ដើម្បី​ធ្វើ​ជា​តំណាង​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន ។

លោក​កុក កាន់​រតនា ប្រធាន​ក្រុមហ៊ុន META SPORT តំណាង​ផលិតផល Puma ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា លោក​មានចិត្ត​សប្បាយ​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ចំណែក​ជួយ​ដល់​កីឡាករ​បាល់ទាត់​ខ្មែរ និង​ជួយ​បង្កើន​ការ​អភិវឌ្ឍ​វិស័យ​កីឡា​ក្នុង​ប្រទេស​កម្ពុជា​។ នា​ពេល​ខាង​មុខ លោក​នឹង​បន្ត​ចុះ​កុងត្រា​ជាមួយ​កីឡាករ​ផ្សេង​ទៀត និង​ធ្វើ​សកម្មភាព​ជា​ច្រើន​ដើម្បី​ជួយ​បណ្តុះបណ្តាល​កីឡាករ​ខ្មែរ​ជំនាន់​ក្រោយ ។

លោក​លើក​ឡើង​ថា យើង​ដឹង​ហើយ​ថា អ្នកកីឡា​មិនសូវ​គេ​ចាប់អារម្មណ៍​ច្រើន​ដូច​អ្នកសិល្បៈ​ទេ ពោល​គឺ​ភាគច្រើន​គេ​យក​អ្នកសិល្បៈ​ធ្វើ​ជា​តំណាង​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​របស់​គេ ប៉ុន្តែ​សម្រាប់ Puma គឺ​ផ្តោត​លើ​កីឡា ដូច្នេះ​ហើយ​ទើប​យើង​បន្ត​ចុះ​កុងត្រា​ជាមួយ​កីឡាករ គួ​ច សុ​កុម្ភៈ ម្នាក់​ទៀត​បន្ទាប់​ពី​យើង​បាន​ចុះ​កុងត្រា​ជាមួយ​កីឡាករ​ឃួ​ន ឡា​បូ​រ៉ា​វី កាលពី​ដើមខែ​នេះ ។

កីឡាករ​គួ​ច សុ​កុម្ភៈ បាន​និយាយ​ថា រូបគេ​ពិតជា​រំភើប​ខ្លាំង​ណាស់ ដោយ​ក្រុមហ៊ុន​ផលិតផល​កីឡា​ម៉ាក​ល្បី Puma សម្រេច​ជ្រើសរើស​រូបគេ​ក្នុង​ការ​ផ្សព្វផ្សាយ ។ អ្វី​ដែល​ក្រុមហ៊ុន​ខាងលើ​ផ្តល់​ជូន​នេះ គឺជា​ការ​លើកទឹកចិត្ត​ដល់​កីឡាករ​ផ្សេង​ទៀត​ឱ្យ​ខិតខំ​ប្រឹងប្រែង​ដើម្បី​មានឱកាស​ក្លាយជា​កីឡាករ​ដ៏​ល្បី និង​ទទួល​បាន​ឱកាស​ដូច​រូបគេ​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​៨ មិថុនា​ឆ្នាំ​២០១៥ កន្លង​ទៅ Puma ប្រចាំ​នៅ​កម្ពុជា​បាន​ចុះ​កុងត្រា​រយៈពេល​ពីរ​ឆ្នាំ​ជាមួយ​កីឡាករ​ដ៏​ល្បី​របស់​ក្លិប​បឹង​កេ​ត អង្គរ ឃួ​ន ឡា​បូ​រ៉ា​វី ដើម្បី​ធ្វើ​ជា​តំណាង​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន ហើយ​ពេល​នេះ​បន្ត​ចុះ​កុងត្រា​ជាមួយ​កីឡាករ​ឆ្នើម គួ​ច សុ​កុម្ភៈ ថែម​ទៀត​ដែល​អ្នក​ទាំង​ពីរ​សុទ្ធតែ​ជា​សមាជិក​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ។

Puma ជា​ផលិតផល​កីឡា​មួយ​ដែល​ជាប់​ចំណាត់ថ្នាក់​ពិភពលោក​ក្នុង​ចំណោម​ផលិតផល​កីឡា​ម៉ាក​ល្បី​ៗ​កំពុង​ទទួល​បានការ​ពេញ​និយម​ជា​ខ្លាំង ។ ផលិតផល​កីឡា Puma មាន​៤​ប្រភេទ​ផ្សេង​គ្នា គឺ​សម្ភារ​សម្រាប់​រត់ប្រណាំង សម្ភារ​សម្រាប់​បាល់ទាត់ សម្ភារ​សម្រាប់​ដើរ​កម្សាន្ត (Life style) និង​សម្ភារ​សម្រាប់​ប្រណាំង​យានយន្ត ។ សព្វថ្ងៃ Puma បាន​កំពុង​ឧបត្ថម្ភ​ដល់​ក្រុមបាល់ទាត់​កំពូល​នៅ​អង់គ្លេស គឺ​ក្រុម​កាំភ្លើង​ធំ Arsenal និង​កីឡាករ​ល្បី​ៗ​ជា​ច្រើន​ទៀត ។ ក្រៅពី​វិស័យ​បាល់ទាត់ Puma ក៏​ឧបត្ថម្ភ​ដល់​កំពូល​អ្នក​រត់ប្រណាំង​លេខ​១​លើ​លោក​គឺ Usain Bolt ផង​ដែរ ។ កីឡាករ​ទាំង​២​រូប​នេះ​ជា​កីឡាករ​ឆ្នើម​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​កម្ពុជា ដូច្នេះ​ការ​សម្រេចចិត្ត​របស់​ក្រុមហ៊ុន​ក្នុង​ការ​ជ្រើសរើស​យក​កីឡាករ​គួ​ច សុ​កុម្ភៈ និង​កីឡាករ​ឃួ​ន ឡា​បូ​រ៉ា​វី ជា​ទូត​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុន គឺជា​កិ​តិ្ត​យស​ណាស់​សម្រាប់​កីឡាករ​ជម្រើសជាតិ​កម្ពុជា ហើយ​សង្ឃឹមថា នឹង​មាន​កីឡា​ឆ្នើម​ជា​ច្រើន​រូប​ទៀត​នឹង​ដើរ​តាម​គន្លង​កីឡាករ​ទាំង​២​រូប​នេះ ៕


អត្ថបទដើមពី៖ កោះសន្តិភាព

0 comments:

Post a Comment

Powered by Blogger.