ជំនឿ និង ហោរាសាស្ត្រ

បញ្ចៀស​រឿង​ទាំង ៧ យ៉ាង​ នេះ ផ្ទះ​របស់​អ្នក​នឹង​មាន​ហុង​ស៊ុយ​ល្អ​ប្រសើរ!


ការដាក់​ទូរទស្សន៍​នៅក្នុង​បន្ទប់ដេក​, គែម​គ្រែ​ជាប់​ជញ្ជាំង ឬ ទុក​ឲ្យ​ប្រព័ន្ធ​បំពង់​ទឹក​ធ្លុះធ្លាយ … គឺជា​រឿង​ដែល​ត្រូវ​បញ្ចៀស​នៅក្នុង​ហុងស៊ុយ ។​

​អ្នកណា​ក៏​ប្រាថ្នា​សុខភាព​ល្អ​, សំណាង​, ប្រាក់កាស​, សុភមង្គល និង សេចក្តីស្រឡាញ់​នៅក្នុង​ជីវិត​ដែរ ។ រឿង​នោះ​បកស្រាយ​ថា ហេតុអ្វី​បានជា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​មាន​មនុស្ស​កាន់តែ​ច្រើនឡើង​បាន​ជឿ​ទៅលើ​ហុងស៊ុយ ក្នុង​បំណង​មាន​ប្រភព​ថាមពល​ល្អ​, ការបំពេញបន្ថែម និង នាំ​សំណាងល្អ​មកដល់​ខ្លួន ។​

​ហុងស៊ុយ​នៅក្នុង​ជីវិត និង ការងារ​កំពុង​ជា​និន្នាការ​ដែល​ត្រូវបាន​មនុស្ស​ជាច្រើន​មាន​ជំនឿ ។ ប្រសិនបើ​ចេះ​ពី​របៀប​ប្រើ​ហុងស៊ុយ​ល្អ ម្ចាស់​នឹង​ទទួលបាន​ប្រភព​ឧស្ម័ន​បំពេញបន្ថែម​ល្អ ។ ក៏ប៉ុន្តែ ក៏មាន​ការងារ​ដែល​មិន​សមស្រប​ជាមួយ​ហុងស៊ុយ ដែល​ធ្វើ​ពួកគេ​មិន​ទទួលបាន​ប្រភព​ថាមពល​មាន ប្រយោជន៍​ដែរ ។ ខាងក្រោម​នេះ គឺជា​រឿង​៧​ដែល​ត្រូវ​បញ្ចៀស​នៅក្នុង​ហុងស៊ុយ ។​

១. គែម​គ្រែ​ម្ខាង​នៅជាប់​ជញ្ជាំង​
​នេះ​ត្រូវបាន​ចាត់ទុកថា​ជា​កំហុស​ទូទៅ​បំផុត​នៅក្នុង​របៀប​តុបតែង​បន្ទប់ដេក​របស់​មនុស្ស​ជាច្រើន ។ ការដែល​ដាក់​គែម​គ្រែ​នៅជាប់​ជញ្ជាំង​ផ្ទះ ឬ ស្ថិតនៅក្នុង​ជ្រុង​បន្ទប់​មួយ នឹង​ខ្ទប់​គ្រប់​ប្រភព​ថាមពល​រុងរឿង​ពេល​អ្នក​កំពុង​គេង​លក់​យ៉ាង​ស្កប់ស្កល់ ។ យើង​ដេក​រៀងរាល់ថ្ងៃ គឺ​ដើម្បី​សម្រាក​ឲ្យ​បាន​ធូរស្បើយ ហើយ​ការដាក់​គែម​គ្រែ​ខុស​នឹងធ្វើ​ឲ្យ​ដំណើរការ​ប្រាក់ចំណូល​ថ​យ​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ។ ទីតាំង​គ្រែ​នៅ​ជ្រុងផ្ទះ​នឹងធ្វើ​ឲ្យ​ម្ចាស់​លំបាក​គេច​ចេញពី​គ្រែ​ពេល​មាន​ស្ថានភាព​ប្រថុចញ៉ុច​កើតឡើង ។ បន្ថែម​ពីលើ​នោះ គ្រែ​មួយ​ដែល​មិនមាន​ប្រឡោះ​នៅ​សងខាង នឹង​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​គូ​ស្វាមីភរិយា ព្រោះ​ងាយ​បង្ក​ឲ្យ​ពួកគេ​មាន​ភាពមិន​ចុះសម្រុង​នឹង​គ្នា​បំផុត ។​

២. ទុក​ច្រករបៀង​ឲ្យ​ងងឹត និង ទ្វារ​ចេញចូល​មិន​រស់​រវើក​
​កំហុស​មួយ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ដល់​ពី​ការតុបតែង​ផ្ទះ​នោះ​គឺ ការ​ទុក​ច្រករបៀង​ឲ្យ​ងងឹត មិនមាន​អំពូល​ភ្លើង​បំ​ភ្លី បូក​ជាមួយ​ការដែល​ម្ចាស់ផ្ទះ​ទុក​ឲ្យ​ទ្វារ​ចេញចូល​ខ្វះ​ពន្លឺ ឬ ខ្វះ​ពណ៌​ស្រស់ និង ភាពរស់រវើក ។ ទ្វារផ្ទះ​ពោរពេញ​ដោយ​ពន្លឺ និង រស់​រវើក នឹង​ជួយ​ឲ្យ​ផ្ទះ​ទាក់ទាញ​បាន​ប្រភព​ថាមពល​ល្អ នាំមក​នូវ​សុភមង្គល សេចក្តី​សប្បាយរីករាយ​ដល់​សមាជិក​នៅក្នុង​គ្រួសារ និង ភ្ញៀវ​មកលេង​ផ្ទះ ។ បន្ថែម​ពីលើ​នោះ ចូរ​ដំឡើង​ប្រព័ន្ធ​ពន្លឺ​ឲ្យ​បាន​គ្រប់គ្រាន់​, តុបតែង​រូបគំនូរ​សិល្ប​: ឬ ដាក់​ថូផ្កា … ដើម្បី​ឲ្យ​ច្រករបៀង​មាន​ពណ៌​ស្រស់​ខ្ចី​គួរ​ឲ្យ​ស្រឡាញ់ ។​

៣. ការដាក់​ទូរទស្សន៍​នៅក្នុង​បន្ទប់ដេក​
​នឹង​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ ប្រសិនបើ​គ្រួសារ​អ្នក​កំពុង​ដាក់​ទូរទស្សន៍​នៅក្នុង​បន្ទប់​គេង ។ នោះ​ត្រូវបាន​ចាត់ទុកជា​ជន​សម្លាប់​គ្រប់​ទំនាក់ទំនង​ប្តី​ប្រពន្ធ​យ៉ាង​ស្ងៀមស្ងាត់ ។ ទូរទស្សន៍​, ឧបករណ៍ អេឡិចត្រូនិក ឬ ម៉ាស៊ីន​លេង​ហ្គេម គឺជា​វត្ថុ​ដែល​ធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​ងាយ​ឃ្លាត​ចេញពី​គ្នា​នៅក្នុង​បន្ទប់ដេក របស់​អ្នក ។ ចូរ​ចងចាំ​ថា បន្ទប់ដេក​គឺជា​លំហ​ឯកជន​សម្រាប់​សម្រាកលំហែ​ពោរពេញ​ដោយ​មនោសញ្ចេតនា​របស់​មនុស្ស​ម្នាក់ៗ និង គ្រប់​គូ​ស្វាមីភរិយា ។ អាស្រ័យហេតុនេះ ចូរ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឲ្យ​បន្ទប់​គេង​មិនត្រូវ​រង​ឥទ្ធិពល ដោយសារ​របស់​ប្រើប្រាស់​ផ្សេងៗ ។​

៤. ការ​ទុក​ឲ្យ​ប្រព័ន្ធ​បំពង់​ទឹក​ធ្លុះធ្លាយ​
​ថ្វី​ត្បិត​មាន​មនុស្ស​តិចតួច​ណាស់​ដែល​ចាត់ទុកថា​សំខាន់ និង យកចិត្តទុកដាក់ ប៉ុន្តែ​ការ​ទុក​ឲ្យ​ប្រព័ន្ធ​បំពង់​ទឹក​ក្នុងផ្ទះ​របស់​អ្នក​ធ្លុះធ្លាយ​ដោយ​មិន​ជួសជុល​ភ្លាមៗ មានន័យថា សមត្ថភាព​ហិរញ្ញវត្ថុ​, ថាមពល​បុគ្គល និង សុខភាព​របស់​ម្ចាស់​កំពុងមាន​បញ្ហា ។ ប្រសិនបើ​ម្ចាស់ផ្ទះ​មិនមាន​បទពិសោធន៍​នោះ ចូរ​ហៅ​ក្រុម​ជាង​ឲ្យ​មក​ជួសជុល​កាន់តែ​ឆាប់​កាន់តែ​ល្អ ។ ទោះបី​វា​ជា​បញ្ហា​មួយ​តូច ប៉ុន្តែ​ការ​ទុក​យូរៗ​ទៅ នឹងមាន​ឥទ្ធិពល​ទៅដល់​គុណភាព​ជីវិត​របស់​គ្រួសារ​អ្នក និង ធ្វើ​ឲ្យ​ខ្ចាត់ខ្ចាយ​ប្រភព​ឧស្ម័ន​សកម្ម​របស់​ផ្ទះ ។​

៥. ការដាក់​តាំង​រូបគំនូរ​មិន​សមស្រប​
​ប្រសិនបើ​ម្ចាស់ផ្ទះ​ជា​មនុស្ស​ចូលចិត្ត​គំរូ​សិល្ប​:​ដែល​ពាក់ព័ន្ធ​ដល់​សង្គ្រាម​, សាសនា​, វត្ថុ​បុរាណ ចម្លែកៗ … នោះ ចូរ​ព្យួរ​វា​នៅក្នុង​បន្ទប់​មួយ​ដាច់ដោយឡែក ដោយសារ​វា​មាន​ឥទ្ធិពល​យ៉ាង​ធំ​ទៅដល់​ចិត្តសាស្ត្រ​របស់​សមាជិក​ដែល​នៅសល់​របស់​គ្រួសារ និង ភ្ញៀវ​មកលេង​ផ្ទះ ។ នៅក្នុង​បន្ទប់ទទួលភ្ញៀវ បន្ទប់​គេង បន្ទប់​ក្មេង … អ្នក​គួរ​ព្យួរ​រូប​ភាពរស់រវើក​, មាន​ពណ៌​ចម្រុះ​, ស្រស់ និង គួរ​ឲ្យ​ស្រឡាញ់ ដើម្បី នាំមក​នូវ​អារម្មណ៍​ស្វាគមន៍​, កក់ក្តៅ និង រីករាយ​ដល់​មនុស្ស​គ្រប់គ្នា ។​

៦. ការដាក់​គ្រែ​ធំ​ពីរ​ឈម​គ្នា​
​នៅក្នុង​ហុងស៊ុយ ការដាក់​គ្រែ​ពីរ​ផ្ទុយគ្នា​នៅជាប់​ជញ្ជាំង​ទាំងសងខាង គឺជា​រឿង​អាក្រក់​បំផុត ។ ដោយសារ​ពេលនោះ តំបន់​ចន្លោះ​នៅ​កណ្តាល​គ្រែ​ទាំងពីរ​នឹង​ជា​ប្រភព​ថាមពល​ឆ្លុះបញ្ចាំង និង ទល់មុខ​គ្នា ដែល​ធ្វើ​ឲ្យ​ម្ចាស់ និង សាច់ញាតិ​ជួប​ប្រភព​ឧស្ម័ន​មិនមាន​ប្រយោជន៍ ។ ជំនួស​ទៅក្នុង​នោះ ម្ចាស់ផ្ទះ​អាចដាក់​ថូផ្កា​តូច​ដ៏​ស្រស់ស្អាត ឬ កែវ​ចិញ្ចឹម​ត្រី ដើម្បី​ធ្វើ​ឲ្យ​ល្អ​ដល់​ម្ចាស់ផ្ទះ ដោយ​មិន​នៅ​ធ្វើ​ឲ្យ​ចន្លោះ​នោះ​កាន់តែ​អាក្រក់ និង គ្មាន​អំណោយផល ។​

៧. ការ​ទុក​រុក្ខជាតិ​ងាប់​នៅក្នុង​ផ្ទះ ឬ រានហាល​
​ប្រសិនបើ​មិន​ចង់​ឲ្យ​មនុស្ស​ផ្សេង​យល់ថា ប្រភព​ឧស្ម័ន​នៅក្នុង​ផ្ទះ​របស់​អ្នក​កំពុង​ស្វិត​ស្រពោន និង ងាប់​សន្សឹមៗ​នោះ អ្នក​មិន​ត្រូវដាក់​រុក្ខជាតិ និង ថូផ្កា​ដែល​ស្វិត​ស្រពោន និង ងាប់​បណ្តើរៗ​នៅក្នុង​ផ្ទះ ឬ រានហាល​ឡើយ ។ ប្រការ​ដែល​ត្រូវ​យកចិត្តទុកដាក់​ជា​មូលដ្ឋាន​បំផុត​របស់​ម្ចាស់ផ្ទះ គឺ​បង្កើត​ឲ្យ​ផ្ទះ មាន​សម្រស់​ពោរពេញ​ដោយ​ថាមពល​រស់ និង ស្រស់​ថ្មី ។ អាស្រ័យ​ហេតុ​នោះ ចូរ​យកចិត្តទុកដាក់ ដល់​ពូជ​រុក្ខជាតិ​ដែល​ដាំ​នៅក្នុង​ផ្ទះ ។ ត្រូវ​ថែទាំ​វា​ឲ្យ​ល្អ ដោយ​ការលាង​សម្អាត​ធូលី​ដី​, ប្តូរ​ទឹក និង ប្តូរ​ផ្កា​ឲ្យ បាន​ទៀត​ទាត់ ។ ចូរ​ទុក​ផ្កា និង រុក្ខជាតិ ដែលមាន​ថាមពល​រស់ ស្រស់​ថ្មី និង រស់​រវើក​ឲ្យ​បាន​ត្រឹមត្រូវ​អត្ថន័យ​របស់​វា ៕

ប្រភពពី៖ CEN.com.kh

0 comments:

Post a Comment

Powered by Blogger.