ចំណេះដឹងថ្មីៗ

ស្ត្រីមានផ្ទៃពោះទម្រង់កូនបញ្ច្រាស (កូនបញ្ច្រាសជើង)៖ តើគួរធ្វើដូចម្តេច?



មាតាបិតាគ្រប់រូប តែងរំពឹងប្រាថ្នាបុត្រធីតាឲ្យមានសុខភាពល្អ ដោយបានឆ្លងកាត់ការសម្រាលកូនដែលប្រកបដោយសុវត្ថិភាពទាំងម្តាយ និងកូន។ ម្តាយតែងតែមានការបារម្ភនៅពេលដែលគាត់ត្រៀមខ្លួនជិតដល់ពេលសម្រាល ជាពិសេសអ្នកដែលមានកូនទម្រង់បញ្ច្រាស និងមានចម្ងល់ជាច្រើនទាក់ទងនឹងបញ្ហានេះ។

ក) តើអ្វីទៅជាការសម្រាលកូនទម្រង់បញ្ច្រាស?
ការសម្រាលកូនទម្រង់បញ្ច្រាស ជាការសម្រាលកូនដោយផ្នែក ដែលកើតចេញមកមុនគេគឺជាទម្រង់គូទ ឬជើង ហើយផ្នែកក្បាលចេញមកក្រោយទៅវិញ។ ទម្រង់នេះមានពី ៣% ទៅ ៤% នៃស្ត្រីមានផ្ទៃពោះទាំងអស់។



ខ) តើមូលហេតុអ្វីបានជាកូនមានទម្រង់បញ្ច្រាស?
មូលហេតុទាំងនោះមានដូចជា៖
- កូនមិនគ្រប់ខែ
- កូនភ្លោះ
- កូនមិនគ្រប់លក្ខណៈ
- ទឹកភ្លោះមានច្រើនលើសលប់ ឬតិចតួច
- សុកពាំងមាត់ស្បូន
- ទងសុកខ្លី ឬទងសុករុំ ក
- ម្តាយមានដុំស្បូន ឬដុំដៃស្បូន
- ម្តាយធ្លាប់មានកូនច្រើនដងរួចហើយ
- ម្តាយមានឆ្អឹងត្រគាកមិនប្រក្រតី
- ករណីខ្លះគ្មានមូលហេតុ។



គ) តើធ្វើដូចម្តេចទើបដឹងថាកូននៅទម្រង់បញ្ច្រាស?
យើងអាចដឹងបានតាមរយៈ៖
- ការស្ទាបពោះម្តាយ
- ការស្តាប់បេះដូងកូនដែលស្ថិតនៅផ្នែកលើនៃផ្ចិតម្តាយ
- ការពិនិត្យអេកូសាស្ត្រ
- ការលូកមើលតាមមាត់ស្បូនម្តាយ ដែលអាចធ្វើឡើងនៅពេលដែលមាត់ស្បូនបើកបានធំបន្តិចហើយ

ឃ) តើស្ត្រីដែលមានទម្រង់កូនបញ្ច្រាសគួរធ្វើការវះកាត់ ឬអាចសម្រាលតាមធម្មជាតិបាន?
ស្ត្រីទាំងឡាយអាចធ្វើការសម្រាលតាមធម្មជាតិបានចំពោះទម្រង់កូនបញ្ច្រាសលុះត្រាតែ៖
- ម្តាយមានអាងត្រគាកទូលាយល្អ និងមិនធាត់ខ្លាំង
- ម្តាយមិនធ្លាប់ធ្វើការវះកាត់យកកូនពីមុន
- ម្តាយគ្មានជំងឺផ្ទាល់ខ្លួន ដែលមិនអាចប្រឹងក្នុងសម្រាលកូនបាន
- គ្មានសុកពាំងមាត់ស្បូន
- ម្តាយគ្មានបញ្ហាក្នុងការសម្រាលកូនមុនៗ
- កូនមានទំងន់ចន្លោះ 2500g ទៅ 3800g
- ក្បាលកូនមិនមានទំហំធំខ្លាំង និងមិនងើយ
- កូននៅក្នុងពោះមិនមានសញ្ញាថាខ្សោយ
- កូនមិនមែនមិនគ្រប់ខែខ្លាំង
- មិនមានការបែកទឹកភ្លោះមុនឈឺពោះសម្រាលរយៈពេលយូរ
- មានការយល់ព្រមអំពីម្តាយ និងក្រុមគ្រួសារក្នុងការសម្រាលកូនបញ្ច្រាសតាមបែបធម្មជាតិ



បញ្ជាក់៖ ក្រុមការងារឯកទេសជំនាញផ្នែកសម្ភព និងថែទាំទារកនៃមន្ទីរពេទ្យកាល់ម៉ែត ស្វាគមន៍និងត្រៀមរួចជាស្រេច ផ្តល់ជូនបន្ថែមអំពីព័ត៌មានលំអិតអំពីប្រធានបទនេះ ជូនដល់មាតាគ្រប់រូប នៅមន្ទីរពេទ្យកាល់ម៉ែតដោយផ្ទាល់។

«ការពិនិត្យផ្ទៃពោះឲ្យបានទៀតទាត់ និងត្រឹមត្រូវ គឺជាកត្តាចំបងដែលនាំមកនូវសុខភាពល្អដល់ម្តាយ និងទារក!»



ប្រភពពី៖ Calmette Hospital

0 comments:

Post a Comment

Powered by Blogger.